ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ RFI ខេមរភាសា / RFI Khmer
-
- News
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
-
តើកំណើនអ្នកជាប់ឃុំជាសញ្ញាអាសន្ននៃបញ្ហាគ្រឿងញៀន?
ក្រុមអ្នកឃ្លាំមើលទាញសញ្ញាអាសន្ននៃបញ្ហាគ្រឿងញៀននៅកម្ពុជា គ្រាដែលចំនួនអ្នកជាប់ឃុំកើនឡើងដល់ជិត៥ម៉ឺនដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ក្នុងនោះមានជិតពាក់កណ្តាលគឺពាក់ព័ន្ធនឹងគ្រឿងញៀន។ មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារបានចាត់ទុកកំណើនអ្នកជាប់ឃុំនេះគឺជាបញ្ហា ដែលទាមទារឲ្យមានដំណោះស្រាយរួមគ្នា តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។
-
ហេតុអ្វីការផ្សព្វផ្សាយគ្រឿងស្រវឹងកំពុងបន្តមានយ៉ាងគគ្រឹកគគ្រេង និងហាក់កើនខ្លាំង?
ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ និងតាមបណ្តាញសង្គមហាក់នៅតែមានភាពគគ្រឹកគគ្រេង និងមានកំណើនខ្លាំងនាពេលសព្វថ្ងៃ។ កំណើនបែបនេះធ្វើឱ្យអ្នកជំនាញជាច្រើនព្រួយបារម្ភពីគ្រោះថ្នាក់ចំពោះសង្គម ពិសេសផលប៉ះពាល់ដល់សុខមាលភាពរបស់ពលរដ្ឋ។ អ្នកសិក្សាស្រាវជ្រាវផ្នែកសង្គមហាក់លែងមានជំនឿលើរដ្ឋាភិបាលក្នុងការទប់ស្កាត់បញ្ហានេះ។ ចំណែកអ្នកវិភាគសង្គមហ៊ានទាំងនិយាយថា កំណើននៃការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ គឺដោយសារតែអំពើពុករលួយ និងលាភសក្ការៈ។
-
តើកំណែទម្រង់រដ្ឋបាលសាធារណៈនៅតាមក្រសួង-ស្ថាប័នអាចធ្វើទៅរួចបានកម្រិតណា?
នៅថ្ងៃទី១២ ខែមិថុនា ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែតបានចេញសារាចរណែនាំកំណត់ការរៀបចំកែសម្រួលរចនាសម្ព័ន្ធទាំងអស់នៅតាមក្រសួង និងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ តាមរយៈកំណែទម្រង់ថ្មីមួយនេះ រដ្ឋាភិបាលមិនឱ្យមានការដំឡើងឋានៈតួនាទី និងបង្កើតអង្គភាពថ្មីចំណុះនៅតាមក្រសួង-ស្ថាប័ននានា ពោលត្រូវប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ដើម្បីកាត់បន្ថយការប្រើប្រាស់ថវិកាជាតិ។ អ្នកតាមដានសង្គម និងអ្នកនយោបាយបានគាំទ្រលើកំណែទម្រង់នេះ។ តែទន្ទឹមនឹងគាំទ្រ ពួកគេក៏ព្រួយបារម្ភពីភាពអាចជាប់គាំងដោយសារការប្រកាន់បក្សពួកនិយម និងអំពើពុករលួយ។
-
តើកម្ពុជាបានធ្វើអ្វីខ្លះក្នុងរយៈពេល ២៣ឆ្នាំកន្លងទៅដើម្បីប្រឆាំងពលកម្មកុមារ?
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះជាខួបលើកទី២៣ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ។ កម្ពុជាចូលរួមអបអរទិវាមួយនេះក្រោមប្រធានបទ « រួមគ្នាអនុវត្តការប្ដេជ្ញាចិត្ត ដើម្បីបញ្ចាប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ »។ នៅកម្ពុជា ពិសេសក្នុងទីក្រុងភ្នំពេញ គេបានឃើញកុមារដើរលក់របស់របរនៅតាមភ្លើងស្តុប ដើរសុំទានតាមផ្លូវ និងតាមតំបន់កម្សាន្ដ ឬធ្វើការនៅតាមសិប្បកម្មឡឥដ្ឋជាដើម។ ក្នុងនាមជាប្រទេសឲ្យសច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្ដរជាតិកាលពីខែតុលា ឆ្នាំ២០០៥ តើកម្ពុជាបានធ្វើអ្វីខ្លះដើម្បីប្រឆាំងនឹងពលកម្មកុមារក្នុងរយៈពេល ២៣ឆ្នាំកន្លងទៅ?
-
ហេតុអ្វីករណីជីក កាយផ្លូវដើម្បីដាក់លូនៅតែបន្តកើតមាន?
ប៉ុន្មានថ្ងៃកន្លងមកនេះ មានការរិះគន់សាជាថ្មីចំពោះការជីកកាយផ្លូវដែលចាក់បេតុងរួចដើម្បីដាក់លូតាមក្រោយ។ ករណីបែបនេះបានកើតមានជាយូរឆ្នាំដោយពលរដ្ឋមួយចំនួនបានស្តីបន្ទោសអាជ្ញាធរក្នុងរឿងខ្ជះខ្ជាយថវិកាជាតិ និងបង្កផលប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងអ្នកធ្វើដំណើរ។ តែមន្ត្រីរដ្ឋាភិបាលចេញមុខបកស្រាយថា ពលរដ្ឋបានរិះគន់លើអ្វីដែលពួកគេបានមើលឃើញតែនឹងភ្នែក ពោលមិនបានដឹងពីប្រវត្តិរបស់ផ្លូវនីមួយៗដែលចាំបាច់ត្រូវការដាក់លូថ្មីដែលធំជាងមុន៕
-
តើការប្រលងជ្រើសរើសមន្ត្រីរាជការមានតម្លាភាព និងយុត្តិធម៌កំរិតណា?
នៅក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលសិស្សសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣-២០២៤ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា បេក្ខជនដែលប្រលងធ្លាក់ចូលបំរើការងាររដ្ឋរាប់ម៉ឺននាក់នឹងមិននៅស្ងៀមទេ ប្រសិនបើការប្រលងមានភាពមិនប្រក្រតី។ គួរជម្រាបថា តាំងពីកម្ពុជាមានរដ្ឋាភិបាលថ្មីមក ការប្រលងជ្រើសរើសមន្ត្រីបានធ្វើឡើងចំនួន៦លើកក្រោមយន្តការ «អ្នកចេះគឺជាប់»។ អ្នកឃ្លាំមើលបញ្ហាសង្គម និងរដ្ឋបាលបានសាទរចំពោះការរៀបចំប្រលងប្រកបដោយតម្លាភាព និងយុត្តិធម៌។ តែសំណួរ និងមន្ទិលសង្ស័យទាក់ទងទៅនឹងភាពស្អាតស្អំ និងយុត្តិធម៌កំពុងបន្តមាន ខណៈការប្រលងនេះធ្លាប់មានឈ្មោះមិនល្អនៅក្នុងអតីតកាល។