នាទីសុខភាពនិងអនាម័យ

ទទួលទានអាហារ​ពេលល្ងាច កាន់​តែ​ឆាប់​កាន់​តែ​ល្អ​សម្រាប់​សុខភាព

ជម្រើស​ម្ហូបអាហារមានសារៈ​​សំខាន់ណាស់​សម្រាប់​សុខភាព។ ពេលម៉ោង​ទទួល​ទានអាហារ​​ក៏​សំខាន់ដែរ។  តើអ្នកដឹង​ទេ ថា​ម៉ោង​ទទួល​ទានអាហារ​ អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព? អ្នក​វិទ្យាសាស្ត្រ​ផ្តល់​សេចក្តី​បំភ្លឺ​ថា​ហេតុ​អ្វី​​ត្រូវ​ឆាប់​ទទួល​ទាន​អាហារល្ងាច។

មនុស្ស​ភាគ​ច្រើន​ប្រុង​ប្រយ័ត្ន​ខ្លាំងណាស់​នៅពេល​ហូបចុក​ម្តងៗ។ មិនហ៊ាន​ហូប​នេះ តម​អាហារ​នោះ​ ឬ​សុខចិត្ត​អត់​ផង​ក៏​មាន ដើម្បី​រក្សា​រាង និង​ក្នុងបំណង​ថែ​រក្សា​សុខភាពឱ្យ​បាន​ល្អ​។ ការ​ហូប​ចុក​ពិត​ជា​សំខាន់​មែនហើយ ប៉ុន្តែពេលម៉ោង​ទទួល​ទានអាហារ​ក៏​សំខាន់​ខ្លាំង​ដែរ ជា​ពិសេស​អាហារ​ពេល​ល្ងាច​តែម្តង។ លោក​អ្នកប្រាកដ​ជា​ធ្លាប់ឮ​​សេចក្តីណែនាំ​របស់​គ្រូពេទ្យ កុំ​ឱ្យ​ទទួលទានអាហារ​ច្រើន​នៅ​ល្ងាច និង​ ឆាប់​ទទួល​ទានអាហារ​ពេល​ល្ងាច ហើយ​មែន​ទេ?

ហេតុ​អ្វី​ត្រូវ​ឆាប់​ទទួល​ទាន​អាហារ​ពេល​ល្ងាច?

គុណប្រយោជន៍​មួយ​ក្នុង​ចំណោមគុណប្រយោជន៍​ជាច្រើន​នៃ​ការឆាប់ទទួល​ទាន​អាហារ​ល្ងាច​ គឺ​ជួយ​សម្រួល​ដំណេក នៅ​ពេល​យប់។ នៅ​ពេល​បរិភោគអាហារ​ពេល​ល្ងាច យប់​ខ្លាំងពេក អ្នក​នឹង​រុញ​ពន្យឺត​ពេល​ម៉ោង​ចូល​សំរាន្ត​ និង​រារាំង​យន្តការ​រំលាយ​អាហារ។ នៅពេល​ក្រពះ​កំពុង​កិន​រំលាយ​អាហារ  ខ្លួន​ប្រាណ​នឹង​ឡើង​កម្តៅ។ ការ​ឡើង​កម្តៅសីតុណ្ហភាព​ ជា​កត្តា​មួយ​នាំ​ឱ្យ​​រំខានដល់​​ដំណើរ​ងោយងុយ​។ ដើម្បី​មាន​អារម្មណ៍​ងុយ​គេង និង​អាច​សំរាន្ត​លក់​ស្រួល​ សីតុណ្ហភាព​ខ្លួន​ប្រាណ​ត្រូវ​ចុះ​ត្រជាក់​ជាង​ពេល​ធម្មតា​បន្តិច។

ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​មាន​បញ្ហា​ក្រពះ ឧស្សាហ៍​ភើ ច្រាល​ឡើងជាតិ​​អាស៊ីត​ផង នោះ​អ្នក​ត្រូវ​តែ​ទទួល​ទានអាហារ​ល្ងាច​ឱ្យ​បាន​យ៉ាង​ហោច​បីម៉ោង​មុន​ចូល​សំរាន្ត​​ទើប​ល្អ។ ការ​ទទួល​ទានអាហារ​ល្ងាច​ច្រើន​ពេក បូក​ផ្សំ​នឹង​អាហារ​​​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ច្រើនទៀត នោះ​ក្រពះច្បាស់​ជា​​ត្រូវ​ពេល​វេលា​ច្រើន​សម្រាប់​រំលាយ។ គ្រោះ​​ហានិភ័យ​កើត​រោគ​ច្រាល​ទឹក​អាស៊ីត នឹង​កើន​ឡើង ព្រោះ​ការ​ទំរេត​ខ្លួន​ដេក ក្រោយ​បាយហើយភ្លាម ជា​ពិសេស​បើ​ដេក​ផ្អៀង​ទៅ​ខាង​ស្តាំ ប្រៀប​ដូច​ជា​ផ្កាប់​ក្រពះ​ចាក់​អាហារ​ឱ្យ​ចេញ​មក​វិញ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​​អាការៈ​ឡើង​ច្រាល​អាស៊ីត និង​រលាក​ក្រពះ។

ជាងនេះ​ទៅ​ទៀត បើ​តាមអ្នក​ស្រាវជ្រាវ​ ការ​ឆាប់​ទទួល​ទាន​អាហារ​ពេលល្ងាច អាច​ជា​ឱកាស​អត់​អាហារ​បាន​យូរ​ម៉ោង​ គ្រប់​គ្រាន់ល្អ​សម្រាប់​សុខភាព។ ការ​អត់​អាហារ យ៉ាង​ហោច​១២ម៉ោង​ជាប់​គ្នា ឬ​ច្រើន​ជាង​នេះ អាច​ជះ​ឥទ្ធិពល​វិជ្ជមាន ដល់​ប្រព័ន្ធ​មេតាបូលិក ជាពិសេស​មេតាបូលិក​ខាង​ចាត់​ចែង​ជាតិ​ស្ករ និង​សម្ពាធឈាម។ អត់​អាហារ​រយៈ​ពេល​វែង​​​ជា​អន្ទាក់​ចង​ភ្ជាប់​នាំ​ទៅ​រក​ការ​ជួយ​បញ្ចុះ​ហានិភ័យ​នៃគ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល។

ទម្លាប់​ល្អ​នេះ​អាច​ជួយ​កាត់បន្ថយ​គ្រោះ​កើត​ជំងឺ​សរសៃឈាម​បេះ​ដូង​ទៀត។ បើ​តាម​ការ​សិក្សា​ថ្មី ដឹកនាំ​ដោយ​វិទ្យាស្ថានស្រាវជ្រាវ​វេជ្ជសាស្ត្រ​បារាំង អ្នក​ដែល​បរិភោគអាហារ​ល្ងាច​នៅ​ក្រោយ​ម៉ោង​៩យប់ មាន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះ​ដូង ២៨%​លើស​អ្នក​ដែល​ទទួល​ទាន​អាហារ​ល្ងាច​នៅមុន​ម៉ោង​៨ល្ងាច។ ភាព​ខុស​គ្នា​មាន​កាន់​តែ​ច្បាស់​ខ្លាំង​សម្រាប់​ស្ត្រីភេទ។​ ឆាប់បាយល្ងាច​ ទំនង​អាច​ចូលរួម​ចំណែក​ជួយ​គ្រប់គ្រងទម្ងន់​មិន​ឱ្យឡើង​គីឡូ​បាន​​ទៀត​ផង។

តើ​ត្រូវ​ទទួល​ទានអាហារ​ល្ងាច​នៅ​ម៉ោង​ប៉ុន្មាន ដែល​ល្អ​បំផុតនោះ ?

សរីរាង្គកាយ​មនុស្ស​ធ្វើ​សកម្មភាព​បំប្លែង​អាហារ​មិន​ដូច​គ្នាទេ រវាង​អាហារ​ពេល​ព្រឹក ពេល​ថ្ងៃ និង​ពេល​ល្ងាច។ មាន​ន័យ​ថា​ អាហារ​មួយ​ចានក្នុង​បរិមាណ​និង​គុណភាព​​ដូច​គ្នា តែ​ទទួល​ទានខុស​ពេលម៉ោង​​គ្នា​ ​ជា​បាយ​ថ្ងៃ​​ត្រង់​និង​បាយ​​ល្ងាច​ នឹង​​ជះឥទ្ធិពល​ទៅ​លើ​​សុខភាព​ខុស​គ្នា​ស្រលះ ជា​ពិសេសការ​បំប្លែង​​ជាតិ​ស្ករ​។ សកម្មភាព​ធ្វើ​មេតាបូលិក​របស់​សរីរាង្គកាយ​ មាន​សក្តិសិទ្ធភាព​ ធ្លាក់​ចុះ​​ទៅ​តាមពេលវេលា​។ ​ឧទាហរណ៍ ការចាត់ចែងបំប្លែង​អត្រាជាតិ​ស្ករ​ក្នុង​ឈាម បាន​ល្អ ប្រកប​ដោយប្រសិទ្ធភាព​​ខ្លាំងនៅ​ពេល​ព្រឹក ​ជាង​នៅ​ពេល​ល្ងាច និងជាង​នៅ​ពេលយប់ ដែល​​អរមូន​មេឡាតូនីន ចាប់​ផ្តើម​ចេញ​សាយភាព ពោល​គឺ​យើង​ចាប់​ផ្តើមងងុយគេង។ គ្មានការ​បំប្លែង គ្មានសកម្មភាព​មេតាបូលិក​ត្រឹម​ត្រូវ​ ខ្លាញ់​នឹង​កកស្តុកក្នុង​ពោះ។ នេះ​បើ​តាម​កា