
តើលោកដូណាល់ ត្រាំនឹងសម្រេចមហិច្ឆតាចូលកាន់កាប់ហ្កាហ្សា របស់ខ្លួនបានដែឬទេ?
ប៉ុន្មានថ្ងៃមកនេះ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាននិយាយចំ្រដែលៗដោយថា អាមេរិកនឹងចូលគ្រប់គ្រងហ្កាហ្សា នៅក្រោយចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិកFox News លោកដូណាល់ ត្រាំបានបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនទាំងជាង២លាននាក់នឹងត្រូវផ្លាស់ទី រើចេញពីហ្កាហ្សា ដើម្បីឲ្យអាមេរិកអាចសាងសង់ ប្រែក្លាយហ្កាហ្សាទៅជាកូនទីក្រុងជាប់មាត់សមុទ្រដ៏ស្រស់ស្អាតមួយនៅតំបន់ដើមបូព៌ា។ លោកដូណាល់ ត្រាំបានបញ្ជាក់ច្បាស់ៗថា ប្រជាជនប៉ាឡេស្ទីននឹងមិនអាចវិលត្រលប់ទៅហ្កាហ្សាវិញបានទេ។ នៅក្នុងជំនួបជាមួយព្រះចៅហ្សកដានីកាលពីថ្ងៃអង្គារទី១១កុម្ភៈ នៅសេតវិមាន លោកដូណាល់ ត្រាំបានទទូចប្រាប់ឲ្យហ្សកដានី ក៏ដូចជាអេហ្ស៊ីប ទទួលយកប្រជាជនប៉ាឡេស្ទីន ដែលត្រូវផ្ទេរចេញពីហ្កាហ្សា។ តើលោកដូណាល់ ត្រាំអាចសម្រេចមហិច្ឆតាបណ្តេញប្រជាជនប៉ាឡេស្ទីន ដើម្បីចូលកាន់កាប់ទឹកដីហ្កាហ្សាដែរឬទេ?
សង្រ្គាមវាយប្រហាររបស់អ៊ីស្រាអែលទៅលើក្រុមហាម៉ាសប៉ាឡេស្ទីននៅ១៥ខែមកនេះ បានបំផ្លាញទីក្រុងហ្កាហ្សាឲ្យរាបដល់ដី។ ធ្លាប់ជាកូនក្រុងជាប់មាត់សមុទ្រតែមួយគត់របស់ប្រជាជនប៉ាឡេស្ទីនដែលបានទៅរស់នៅកកកុញនៅមុនសង្រ្គាម ហ្កាហ្សានៅក្រោយការវាយប្រហារទម្លាក់គ្រាប់បែកសឹងមិនលស់ថ្ងៃរបស់អ៊ីស្រាអែលនៅសល់តែគំនរថ្មអគារបាក់បែក។ យោងតាមអង្គការសហប្រជាជាតិ បើប្រៀបធៀបនឹងការវាយប្រហារ៣លើកកន្លងមករបស់អ៊ីស្រាអែលទៅលើហ្កាហ្សា គំនរថ្មរបស់អគារដែលរងការបំផ្លាញមានចំនួនច្រើនលើសលុបដល់ទៅ១៧ដង ស្មើនឹងជាង៥០លានតោន។ សំណង់ហេដ្ឋារចនាសម្ព័ន្ធខូចខាតយ៉ាងធ្ងន់ធ្ងរត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថា គេត្រូវការទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ និងពេលវេលាយ៉ាងហោចជាង១០ឆ្នាំ ដើម្បីសាងសង់ហ្កាហ្សាឡើងវិញ។
លោកដូណាល់ ត្រាំមានចក្ខុវិស័យ និងសំណើដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ហួសចិត្តនឹកមិនស្មានដល់
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលដែលជាប្រមុខដឹកនាំបរទេសលើកដំបូងគេនៅសេតវិមាន លោកដូណាល់ ត្រាំបាននិយាយបែបថា អាមេរិកនឹងចូលគ្រប់គ្រងហ្កាហ្សា ហើយប្រជាជនប៉ាឡេស្ទីននឹងត្រូវរើផ្លាស់ទីចេញពីហ្កាហ្សាទៅកាន់ទីកន្លែងផ្សេងនៅតាមប្រទេសអារ៉ាប់ជិតខាង ដូចជាអេហ្ស៊ីប និងហ្សកដានី។ សំណើរបស់លោកដូណាល់ ត្រាំបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ លើកលែងតែអ៊ីស្រាអែល ភាគីពាក់ព័ន្ធដូចជាប្រជាជនប៉ាឡេស្ទីនផ្ទាល់ ក្រុមហាម៉ាស អាជ្ញាធរប៉ាឡេស្ទីន អេហ្ស៊ីប ហ្សកដានី និងសហគមន៍អន្តរជាតិទាត់ចោល និងមិនគាំទ្រសំណើដែលគ្មានលក្ខណៈមនុស្សធម៌។
ប្រវត្តិផ្លាស់ទីប្រជាជនប៉ាឡេស្ទីន
ចំពោះប្រជាជនប៉ាឡេស្ទីន គំនិតរបស់លោកដូណាល់ ត្រាំដែលចង់ឲ្យរើផ្លាស់ទីប្រជាជនប៉ាឡេស្ទីនចេញពីហ្កាហ្សា បានធ្វើឲ្យគេនឹកភ្លាមទៅដល់ « Nakba » ដែលជាពាក្យអារ៉ាប់មានន័យថា មហន្តរាយ ដើម្បីនិយាយពីការផ្លាស់ទីប្រជាជនប៉ាឡេស្ទីន ដោយបង្ខំក្នុងទ្រង់ទ្រាយធំ។ ប្រជាជនប៉ាឡេស្ទីនដែលរស់នៅហ្កាហ្សាសព្វថ្ងៃជាកូនចៅរបស់ប្រជាជនប៉ាឡេស្ទីនដែលត្រូវបានគេបណ្តេញចេញពីភូមិឋានរបស់ខ្លួន ដោយសារតែការបង្កើតរដ្ឋអ៊ីស្រាអែលកាលពីឆ្នាំ ១៩៤៨។ នៅមុន ការកកើតរដ្ឋអ៊ីស្រាអែលដែលទទួលយកជនជាតិជ្វីហ្វពីអឺរ៉ុប និងអាមេរិកនៅឆ្នាំ ១៩៤៨ ហ្កាហ្សាធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេស។ នៅក្រោយអង់គ្លេសចាកចេញពីហ្កាហ្សា អ៊ីស្រាអែលបានធ្វើសង្រ្គាមយកឈ្នះសម្ព័ន្ធអារ៉ាប់។ កងទ័ពអេហ្ស៊ីបបានដកខ្លួនមកគ្រប់គ្រងដែនដីតូចមួយ គឺហ្កាហ្សាសព្វថ្ងៃដែលស្ថិតនៅចន្លោះ សមុទ្រមេឌីទែរ៉ាណេ អ៊ីស្រាអែល និងទឹកដីអេហ្ស៊ីប។
ដោយសារសង្រ្គាមរវាងអ៊ីស្រាអែល និងសម្ព័ន្ធអារ៉ាប់ ប្រជាជនប៉ាឡេស្ទីនប្រមាណ៧សែននាក់ត្រូវរត់ភៀសខ្លួន ចាកចេញពីភូមិផ្ទះសម្បែងរបស់ខ្លួនដែលបានក្លាយជាដីអ៊ីស្រាអែលសព្វថ្ងៃ ដើម្បីទៅប្រមូលផ្តុំរស់នៅទឹកដីហ្កាហ្សាដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអេហ្ស៊ីប។ បន្ទាប់ពីឈ្នះសង្រ្គាម៧ថ្ងៃទៅលើប្រទេសអារ៉ាប់ នៅឆ្នាំ ១៩៦៧ អ៊ីស្រាអែលបានចូលកាន់កាប់ហ្កាហ្សា និងរឹបអូសយកដែនដីផ្សេងទៀតរបស់ប្រជាជនប៉ាឡេស្ទីន ដូចជាស៊ីហ្សកដានី និងហ្សេរ៉ុយសាឡឹម
Information
- Show
- Channel
- FrequencyUpdated daily
- Published12 February 2025 at 13:52 UTC
- Length10 min
- RatingClean