ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្រ្គាមពាណិជ្ជកម្មជាមួយកាណាដា៖ លោកដូណាល់ ត្រាំកំពុងធ្វើឲ្យអាមេរិកក្លាយជាប្រទេសទ្រុស្

ការដំឡើងពន្ធលើទំនិញកាណាដា ម៉ិកស៊ិក និងចិន​នាំចូលទៅ​អាមេរិក​បានចូលជា​ធរមាន​នៅថ្ងៃអង្គារ ទី​៤មីនា។ ប៉ុន្តែ នៅមួយថ្ងៃក្រោយ លោក​ដូណាល់ ត្រាំ​បាន​ប្រកាសជាបន្តបន្ទាប់គ្នា​​ថា លោក​សម្រេច​លើកលែង​មុខទំនិញកាណាដា និងម៉ិកស៊ិកមួយចំនួនវិញ ចំណែក ទំនិញចិនទាំងអស់នៅតែ​ត្រូវ​បង់ពន្ធបន្ថែមនៅ​ក្នុងកម្រិត​២០%ដដែល។ លោក​ដូណាល់ ត្រាំ​បានពន្យល់​ការប្តូរជំហរ ថយមួយជំហាន​មកវិញក្នុងរឿងដំឡើងពន្ធ​លើទំនិញកាណាដា និងម៉ិកស៊ិកថា មកពីលោក​ចង់ជួយប្រទេស​ជិតខាងទាំងពីរដែលធ្វើពាណិជ្ជកម្ម​ជារៀងរហូតមកជាមួយអាមេរិក។ ចង់ជួយប្រទេស​ជិតខាង របស់លោកដូណាល់ ត្រាំ ជាពាក្យពិតដែរឬទេ? តើ​អ្វីទៅជា​ហេតុផលពិតប្រាកដដែលធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ​ថយមួយជំហាន​ក្នុងជម្លោះពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង ជាពិសេស​កាណាដា? 

នយោបាយរបស់លោកដូណាល់ ត្រាំ​បត់បែនលឿនពិបាក​នឹង​តាមទាន់។ ក្នុងរយៈពេលតែ​១ថ្ងៃ​ បន្ទាប់ពី​អត្រាពន្ធថ្មី ចំនួន​២៥%លើ​ទំនិញកាណាដា និងម៉ិកស៊ិក​ចូលជាធរមាន កាលពីថ្ងៃអង្គារ​ទី ៤​មីនា រដ្ឋបាល ត្រាំ​បាន​ចេញមក​កែតម្រូវ ពីរលើកបន្តបន្ទាប់គ្នា។  បន្ទាប់ពីយល់ព្រម​ព្យួរ​អត្រាពន្ធថ្មី​លើទំនិញម៉ិកស៊ិក​រហូត​ដល់​ដើម​ខែ​មេសា ក្រោយពីបានជួបសន្ទនាតាមទូរស័ព្ទ​ជាមួយ​ប្រធានាធិបតីម៉ិកស៊ិក លោកដូណាល់ ត្រាំ នៅថ្ងៃពុធទី ៥មីនាដដែលបាន​ប្រកាស​ថា លោក​យល់ព្រម​អនុគ្រោះទំនិញកាណាដា​មួយចំនួន​ ដែលមាន​ចែង​នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកកាណាដា និងម៉ិកស៊ិកដែលលោកដូណាល់​ត្រាំ​បាន​បង្កើតឡើងនៅអាណត្តិទី១របស់លោក។

ខណៈដែល​​៦០%​នៃទំនិញកាណាដា​នៅតែ​បន្តជាប់​រនាំងពន្ធគយថ្មី​របស់អាមេរិក ទំនិញកាណាដា​ ដូចជា ទូរទស្សន៍ សាច់គោ ម៉ាស៊ីនត្រជាក់ សារធាតុសម្រាប់ផលិតជីគីមីដែល​កសិករអាមេរិកត្រូវការប្រើច្រើន នឹងរួចផុត​ពីរនាំងពន្ធគយរបស់​លោកដូណាល់ ត្រាំមួយគ្រាទៀត រហូត​ដល់ដើមខែមេសា

 ​គ្រឿងបន្លាស់ដែល​ឧស្សាហកម្មផលិតរថយន្ត​អាមេរិក​ត្រូវការចាំបាច់ នៅក្នុងខ្សែចង្វាក់ផលិតកម្ម​ ក៏ទទួលបានការអនុគ្រោះជាបណ្តោះអាសន្នដែរ។ អ្នកនាំពាក្យ​របស់សេតវិមាន​និយាយ​ថា លោកដូណាល់ ត្រាំ​ប្តូរចិត្ត​ ដោយ​បន្តផ្អាកការដំឡើងពន្ធលើទំនិញប៉ុន្មានមុខខាងលើ ក៏ដោយសារ​ក្រុមហ៊ុន​ផលិតរថយន្តអាមេរិក​​បាន​សំណូមពរ​ឲ្យអនុគ្រោះ និងសន្យា​រើរោងចក្រ​ផលិត​គ្រឿងផ្គុំមក​តាំងទីនៅទឹកដីអាមេរិក​នាពេលខាងមុខ។

នៅលើ​បណ្តាញ​សង្គម​របស់លោកឈ្មោះ Truth Social លោកដូណាល់ ត្រាំ​បាន​ពន្យល់​ថា លោក​ផ្អាកការអនុវត្តពន្ធ​ថ្មី​លើទំនិញកាណាដា និង​ម៉ិកស៊ិក​ដោយសារមកពីលោកចង់​ជួយប្រទេស​ជិតខាង​ដែល​រងប៉ះពាល់ខ្លាំងដោយសារ​នយោបាយដំឡើងពន្ធរបស់លោក​នៅដើមខែមីនានេះ។ លោកដូណាល់ ត្រាំនិយាយថា ចង់ជួយប្រទេស​ជិតខាង ប៉ុន្តែ ហេតុអ្វីលោក​ចេញក្រឹត្យ​ដំឡើងពន្ធថ្មីទៅលើ​ប្រទេស​ជិតខាងជាពិសេស​កាណាដា​ដែលជាសម្ព័ន្ធមិត្ត​ស្លាប់រស់ជាមួយគ្នា​រហូតមកយ៉ាងដូច្នេះ?

តាំងពីមិនទាន់ចូលកាន់តំណែងជាផ្លូវការម្ល៉េះ លោកដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធ​លើ​ប្រទេស​ដែល​យកប្រៀប ដើរខ្សែលើអាមេរិក។ លោកដូណាល់ ត្រាំចង់​ប្រើនយោបាយ​ដំឡើងពន្ធលើ​ទំនិញនាំចូលអាមេរិក ដើម្បី​ការពារ​ផលិតផល​ក្នុងស្រុក បង្កើតការងារ​តាមរយៈការរើរោងចក្រ​ឧស្សាហកម្ម​មកតាំងទីនៅអាមេរិកដើម្បីជៀសវាង​ការបង់ពន្ធ។

លោកដូណាល់ ត្រាំ​បាន​ប្រកាស​នយោបាយ​ដំឡើងពន្ធថ្មី ដែលមានន័យស្មើការប្រកាស​សង្រ្គាមពាណិជ្ជកម្ម ដោយមិនលើកលែង មិនថា គូប្រជែង​ដូចជា​ចិន ឬ សម្ព័ន្ធមិត្ត ហើយកាន់តែ​ហួសចិត្ត គឺកាណាដា ដែលជា​មិត្តស្លាប់រស់ ដៃគូពាណិជ្ជកម្ម​ដែលមិនអាច​ខ្វះបាន។​

លោកដូណាល់ ត្រាំ​បាននិយាយការពារ​នយោបាយ​ដំឡើងពន្ធ​លើទំនិញកាណាដា ថា ជានុយ ទាក់ទាញឲ្យ​កាណាដា​ត្រូវ​តែចូលរួមបង្រ្កាប ទប់ស្កាត់កុំ​ឲ្យ​​​គ្រឿងញៀន ហ្វង់តានីល និង​ជនអន្តោប្រវេសន៍ខុសច្បាប់ហូរចូលទៅ​ទឹកដីអាមេរិក។ ចំពោះលោកដូណាល់ ត្រាំ អត្រាពន្ធថ្មី​២៥%​លើទំនិញនាំចូលមកពីកាណាដា ត្រូវ​ចូលជាធរមាន តាមកាលកំណត់​ថ្ងៃទី ៤​មីនា ព្រោះថា កាណាដា​មិនបាន​ប្រឹងប្រែង​ដោះស្រាយ​បទល្មើសគ្រឿងញៀន​តាមការចង់បាន​ពីភាគីអាមេរិក។ នៅក្នុង​សុន្ទរកថា​វាយបកខ្លាំងៗ​ទៅកាន់រដ្ឋបាលលោកត្រាំ លោកនាយករដ្ឋមន្រ្តី​កាណាដា ហ្សូសទីន ទ្រុយដូ​បាន​និយាយ​ថា អាមេរិក​បានសម្រេចដំឡើងពន្ធ​ដោយ​ឯកតោភាគី ទោះបីជា​កាណាដាប្រឹងប្រយុទ្ធប្រឆាំង​ការជួញដូរគ្រឿងញៀន​ឆ្លងចូលទៅអាមេរិក​រហូត