បទសម្ភាស

ឧកញ៉ា ឡាយ ឈុនហួ៖ កម្ពុជាអាចនឹងនាំអង្ករចេញជាង ៧០ម៉ឺនតោនក្នុងឆ្នាំ ២០២៥

ការលើករបស់ ASEAN urbanist ក៏ដូចជាការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួនទៀតបង្ហាញថា ការនាំអង្ករចេញរបស់កម្ពុជាបានរំកិលពីចំណាត់ថ្នាក់លេខ៧​ មក​ដល់​លេខ ១០ ក្នុងចំណោមប្រទេសដែលមានសក្តានុពលនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន១០។ តែសហព័ន្ធស្រូវអង្ករកម្ពុជាថា ការដាក់ចំណាត់ថ្នាក់នោះមិនទាន់ផ្លូវការទេ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា លោកមិនទាន់មានស្ថិតិស្តីពីការនាំចេញអង្កររបស់ពិភពលោកឆ្នាំ២០២៥ នៅឡើយទេ។ ផ្ទុយទៅវិញ និងបើតាមលោកឧកញ៉ា ឡាយ ឈុនហួ ការនាំចេញអង្ករកម្ពុជារយៈពេល៨ខែ ឆ្នាំ២០២៥ ទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងជាង ៦ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងអាចឈានដល់ជាង ៧០ម៉ឺនតោន ក្នុងឆ្នាំ​២០២៥។