ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឃាតកម្មលោកបណ្ឌិត កែម ឡី៖ សម្រែកដង្ហោយរកយុត្តិធម៌នៅតែឮសូររងំ

ថ្ងៃ​ទី​១០​ខែ​កក្កដាម្សិលមិញ​នេះ គឺ​ជា​ខួប​គម្រប់​៦​ឆ្នាំ​គត់ នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏​ល្បី​ល្បាញ​។ នៅ​ក្នុង​សំណុំ​រឿង​នេះ តុលាការ​កម្ពុជា​ចាប់​តាំង​ពី​ថ្នាក់​ដំបូង​​ដល់​ថ្នាក់​កំពូល ​មាន​សេចក្ដី​សម្រេច​ដូច​គ្នា គឺ​​ផ្ដន្ទាទោស​ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ សម្រាប់អ្នក​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី ការ​ផ្ដន្ទាទោស​ឃាតករ​ឈ្មោះ ​ជួប សម្លាប់ គឺ​ជា​យុត្តិធម៌​សម្រាប់​តែ​​​ខ្មាន់​កាំភ្លើងប៉ុណ្ណោះ មិន​មែន​​សម្រាប់​​លោក កែម ឡី ឡើយ ហើយ​ពួក​គេ​នៅ​តែ​បន្ត​​ដង្ហោយ​រក​យុត្តធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ជា​រៀង​រាល់​ឆ្នាំ​​​​​។

គិត​រហូត​មក​ទល់​ខែ​កក្កដា​ឆ្នាំ​២០២២​នេះ លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​ឈ្មោះ បាន​លា​ចាក​ពី​លើ​លោក​នេះ​អស់​រយៈ​ពេល៦​ឆ្នាំ​មក​ហើយ​។ ៦​​ឆ្នាំ​កន្លង​មក​នេះ សម្រែក​ទាមទារ​រក​យុត្តិធម៌​នៅ​តែ​បន្លឺ​ឡើងជាប់​​ជា​ប្រចាំ បើ​ទោះ​បី​ជា​តុលាការ បាន​សម្រេច​ផ្ដន្ទាទោស​ខ្មាន់​កាំភ្លើង​ដែល​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី រួច​ហើយ​ក៏​ដោយ​។

ជួប សម្លាប់ ឬ អឿត អាង ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ រហូត​ដល់​តុលាការ​កំពូល ចេញ​សាល​ដីកា​​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​បទ​កាន់​កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​។

ចំពោះ​​សំណុំ​រឿង​ទូទៅ សាលដីកា​​គឺ​ជា​សេចក្ដី​ប្រកាស​ពី​យុត្តិធម៌​។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​កត់​សម្គាល់​ថា យុត្តិធម៌​ដែលត្រូវ​បាន​ប្រកាស​ក្នុង​សាលដីកា​របស់​តុលាការ​កំពូល គឺ​សម្រាប់ ​​ជួប ​សម្លាប់ ប៉ុណ្ណោះ​ មិនមែន​​​សម្រាប់​លោក កែម ឡី ទេ​។ នោះ​ក៏​ព្រោះ​តែ​ដំណើរការ​កាត់​សេចក្ដី​ក្នុង​សំណុំ​រឿង​នេះ តាំង​ពី​តុលាការ​ជាន់​ទាប រហូត​ដល់​តុលាការ​ជាន់​ខ្ពស់ ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ភាគី​តែ​ម្ខាង គឺ​ភាគី​ជន​ជាប់​ចោទ​និង​មេធាវី​ការពារ​ក្ដី​។​ ខណៈ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពិសេស​ភរិយា គឺ​លោក​ស្រី ប៊ូ រចនា បោះ​បង់​ចោល​សិទ្ធិ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​ចូល​តតាំង​ស្វែង​រក​យុត្តិធម៌​នៅ​តុលាការ​ឡើយ​។

សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​អ្នក​សង្កេតការណ៍ អវត្តមាន​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​លោកស្រី ប៊ូ រចនា ឬ​មេធាវី​ការពារ​ក្ដី ធ្វើ​ឲ្យបាត់​បង់​យុត្តិធម៌​មួយ​ផ្នែក​សម្រាប់​លោក​បណ្ឌិត កែម ឡី​។

មែន​ទែន​ទៅ វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​នៅ​ពេល​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី មិន​ចូល​រួម​នៅ​ក្នុង​សវនាការ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​បន្ទោស​ពួក​គាត់​ណាស់​។ ពិបាក​បន្ទោស​ព្រោះ​​ហេតុផល​ពីរ​សំខាន់៖ ទី​១ ក្រោយ​ការ​បាត់​បង់​លោក​កែម ឡី វា​ជា​រឿង​ធម្មតា​ដែល​ក្រុម​គ្រួសារ​​បារម្ភ​ពី​​សុវត្ថិភាព​ផ្ទាល់​ខ្លួន​​។ និង​ទី​២ ភរិយា​លោក កែម ឡី គឺ​លោក​ស្រី ប៊ូ រចនា ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ហើយ​ថា លោក​ស្រី​គ្មាន​សង្ឃឹម​នឹង​ទទួល​បាន​យុត្តិធម៌​។ ដូច្នេះ វា​មិន​ចម្លែក​ទាល់​តែ​សោះ​ដែល​លោក​ស្រី​មិន​ចូល​រួម​សវនាការ ឬ​មិន​ចាត់​ចែង​មេធាវី​​ដើម្បី​ធ្វើ​ការងារ​ជំនួស​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​អវត្តមាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​មែន​មាន​ន័យ​ថា យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ទាំង​ស្រុង​ដែរ​។ នៅ​ក្នុង​សំណុំ​រឿងព្រហ្មទណ្ឌ នៅ​មាន​អង្គ​អយ្យការ​ ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​​ចោទ​ប្រកាន់​បទ​ល្មើស ព្រម​ទាំង​​ដឹក​នាំ​ការ​ស៊ើប​អង្កេត​​។

កន្លង​មក នៅ​ក្នុង​សំណុំ​រឿង​លោក​បណ្ឌិតកែម ឡី គេ​កត់​សម្គាល់​ឃើញ​ថា អង្គ​អយ្យការ រួម​សហការ​ជាមួយ​សមត្ថកិច្ច​និងអាជ្ញាធរ​ពាក់ព័ន្ធ បាន​ធ្វើ​ការងារ​ច្រើន​ណាស់ ក្នុង​គោលដៅ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។ គ្រាន់​តែ​ការងារ​ដែល​បាន​ធ្វើ​កន្លង​មក​នោះ សង្គម​ស៊ីវិល​ដែល​តាម​ដាន​សវនាការ​យល់​ថា នៅមិន​ទាន់​គ្រប់​គ្រាន់ និង​នៅ​មាន​មន្ទិល​។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល មាន​តែ​ការ​គាស់​កកាយ ស្រាវ​ជ្រាវ ស្វែង​រក និង​ដាក់​ទោស​ទណ្ឌ​លើ​​អ្នក​ពាក់ព័ន្ធ ឬ​អ្នក​នៅ​ពីក្រោយ​​សំណុំ​រឿង​​នេះ​ទេ ទើប​អាចផ្ដល់​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី បាន​។ បច្ចុប្បន្ន ការ​ស៊ើប​អង្កេត​បន្ត ដើម្បី​រក​អ្នក​លក់​កាំភ្ល