ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើសង្គ្រាម​ពាណិជ្ជកម្ម​របស់​លោកដូណាល់ ត្រាំ នឹងជះផលវិបាកអ្វីខ្លះ​ដល់សេដ្ឋកិច្ចពិភពលោក

ដូចអ្វីដែលគេបានព្រួយបារម្ភ សង្គ្រាមពាណិជ្ជកម្ម​ដែល​លោក​ដូណាល់ ត្រាំបានគម្រាម នឹង​ចាប់​ផ្ដើម​ជាផ្លូវការហើយ នៅថ្ងៃអង្គារទី​៤កុម្ភៈនេះ។ សហរដ្ឋអាមេរិក​នឹងដំឡើងពន្ធចំនួន​ ២៥% លើទំនិញនាំចូល​ពីកាណាដា និងពីម៉ិកស៊ិក សម្រាប់ទំនិញចិន​ អត្រាពន្ធនាំចូលនឹងឡើងបន្ថែម​១០% ពីលើអត្រាពន្ធដែលមានស្រាប់។ លោកត្រាំអះអាងទៀតថា ទំនិញ​អឺរ៉ុប​ក៏នឹងមិន​រួចខ្លួនដែរ។ តើសង្គ្រាម​ពាណិជ្ជកម្មរបស់​លោកដូណាល់ ត្រាំ នឹងបង្កឲ្យ​មានផលវិបាកអ្វីខ្លះ ដល់សេដ្ឋកិច្ចពិភពលោក​ដែលកំពុងតែយ៉ាប់យ៉ឺនខ្លាំង​ទៅហើយ​នោះ?

ចាប់ពីថ្ងៃអង្គារទី​៤កុម្ភៈទៅ អត្រាពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក​​​នឹងចូលជាធរមាន។ សម្រាប់​ទំនិញ​​នាំចូលពី​កាណាដា ​និងពី​ម៉ិកស៊ិក អត្រាពន្ធថ្មីនឹងមានខ្ទង់​២៥% លើកលែងតែ​ទំនិញ​ប្រេងឥន្ធនៈដែល​មានអត្រាពន្ធ​១០%។ ចំណែក​ទំនិញនាំចូលពីចិនវិញ អត្រាពន្ធថ្មីនឹងត្រូវ​បន្ថែម​១០% ពីលើអត្រាពន្ធដែលមានរួចហើយ​​។ លោកដូណាល់ ត្រាំ បានគំរាមប្រាប់ថាឲ្យអឺរ៉ុបត្រៀមខ្លួនដែរទៅ ព្រោះលោក​នឹងដំឡើងពន្ធនាំចូលលើទំនិញអឺរ៉ុបដែរ​។

ជាការកត់សំគាល់ វិធានការថ្នាំខ្លាំងរបស់​លោក​ដូណាល់ ត្រាំ ដើម្បី​​​សង្កត់កទំនិញ​នាំចូល​ពីបរទេសនេះ បានធ្វើ​ឲ្យរញ្ជួយទីផ្សារមូលបត្រ ទាំងនៅអាស៊ីនិង​នៅអឺរ៉ុប​ ជាពិសេសគឺក្នុងវិស័យទំនិញ​រថយន្ត​។ តម្លៃប្រាក់ដុល្លារ បានឡើងថ្លៃខ្លាំង ធ្វើ​ឲ្យមានការព្រួយបារម្ភទៅដល់អនាគតសេដ្ឋកិច្ចពិភពលោក​ ដែល​អាចធ្លាក់ទៅក្នុងភាព​មិន​ប្រាកដប្រជា​។ តើវិស័យពាណិជ្ជកម្ម​ពិភពលោក​នឹងជួបបញ្ហាលំបាកឬ?

លើកនេះធ្ងន់ជាងលើកមុនទៀត!

គួររំលឹកថា អាណត្តិទីមួយរបស់​លោកដូណាល់ ត្រាំ ឆ្នាំ​២០១៧-២០២១ បានចារជាប់ក្នុងការចងចាំរួចមកហើយ ជាមួយនឹងការ​ដំឡើង​​អត្រាពន្ធច្រើនខ្លាំង ពិន័យ​លើទំនិញនាំចូលពីបរទេស។ តែលើកនេះ កម្លាំងកណ្តាប់ដៃ​ពន្ធរបស់​លោក​ដូណាល់ ត្រាំ គឺកាន់តែខ្លាំងជាងមុនទៀត។ ក្នុង​ពេល​ឃោសនាបោះឆ្នោត  លោកត្រាំបាន​អះអាងថាលោកនឹងយក​ពន្ធនាំចូលពីទំនិញចិន ចំនួន​៦០% ។​

ជាការពិតណាស់ អត្រាពន្ធនាំចូលខ្ពស់កប់ពពក នឹងប្រាកដជា​វាយ​បំបាក់​ពាណិជ្ជកម្មពិភពលោក។ ប្រសិន​បើចិន​ និងសហភាព​អឺរ៉ុប សម្រេចដាក់វិធានការពន្ធសងសិកទៅ​លើទំនិញអាមេរិក​វិញ នោះបញ្ហា​នេះ​នឹងធ្វើ​ឲ្យ​អឺរ៉ុប​ខាតប្រាក់ចំណូលប្រមាណ​៥៣៣ពាន់​លានដុល្លារ ពីពេលនេះដល់ឆ្នាំ​២០២៩។​ ហើយ​ចិន​នឹងខាតប្រាក់ប្រមាណ​ ៨២៧ពាន់​លានដុល្លារ។ ចំណែកសេដ្ឋកិច្ច​អាមេរិក​វិញ នឹងខាតខ្ទង់៧៤៩ពាន់​លានដុល្លារ។ នេះបើផ្អែក​តាម​តួលេខវាយ​តម្លៃព្យាករដោយ ការិយាល័យ​ប្រឹក្សា​ Roland Berger។

"អ្នកណាខ្លាំង អ្នកនោះឈ្នះ"

លើសពី​បញ្ហា​​សេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោក សង្គ្រាមពាណិជ្ជកម្ម​របស់​លោកដូណាល់ ត្រាំ កំពុង​តែធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យ​សហប្រតិបត្តិការអន្តរជាតិ​។ លោកស្រី Tara Varma អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Brookings បានលើកឡើងថា ពិភពលោក​ដើរដោយទ្រឹស្តីពហុភាគីនិយមប្រមាណ​៣០ឆ្នាំកន្លងមកនេះ គឺនឹងលែងមានជីវិតទៀតហើយ។ លោក​ដូណាល់ ត្រាំ នឹងកំទេចទ្រឹស្តីនេះ ហើយ​ពិភពលោក​នឹងឈានចូលទៅក្នុងស្ថានការណ៍ហិង្សា​ "អ្នកណាខ្លាំងអ្នកនោះឈ្នះ​"។

អាមេរិក​ខ្លួនឯងនឹងជួបការលំបាក​​

តែទន្ទឹមគ្នានេះ ស្ថានការណ៍ថ្មី​នេះ​ក៏នឹងធ្វើបាបសេដ្ឋកិច្ច ក៏ដូចជា​ជីវភាពរបស់ប្រជាជនអាមេរិក​ដែរ​។​ យ៉ាងណាមិញ លោកដូណាល់ ត្រាំខ្លួន​ឯងក៏បានទទួលស្គាល់ដែរ ថា​វិធានការ​អត្រាពន្ធពិន័យរបស់​លោក​ទៅលើទំនិញ​បរទេស នឹងបង្កកាលំបាកមួយចំនួន​មកលើសេដ្ឋកិច្ចអាមេរិក​។ ផ្អែក​តាម​វិទ្យាស្ថាន Peterson កម្មវិធី​នយោបាយ​សេដ្ឋកិច្ច​ដ៏សែនហិង្សារបស់​លោក​ដូណាល់ ត្រាំ នេះ នឹងធ្វើ​ឲ្យ​អត្រាអតិផរណារបស់អាមេរិក​ឡើងខ្ពស់ ពោលគឺខ្ទង់ប្រមាណ​៧ពិន្ទុភាគរយ នៅក្នុងឆ្នាំ​២០២៥នេះ​។ ចំណែក​ចិន​វិញ អត្រាអតិផរណា​អាចនឹងឡើង ខ្ទង់ ៤,៥ពិន្ទុ ហើយម៉ិកស៊ិកវិញ ប្រមាណ ២,៥ពិន្ទុ។

អត្រាពន្ធនាំចូលខ្ពស់ និងធ្វើ​ឲ្យ​តម្លៃទំនិញឡើងថ្លៃ។ ហើយ​បន្ថែមពីនេះ វិធានការ​បណ្តេញជនអន្តោប្រវេសន៍​ ដែលលោកដូណាល់ ត្រាំបានប្រកាសនោះ ក៏អាចជាកត្តាធ្វើ​ឲ្យ​អត្រាអតិផរណា​នៅអាមេរិក​កាន់តែឡើងខ្ពស់ដែរ​។ ផ្អែកតាម​ Pew Research Center យ៉ាងហោច​ណាស់ គឺមាន​ពលករកម្មករឬនយោជិកបរទេសដែល​គ្មានក្រដាសស្នាម ចំនួន​៨លាន​៣សែននាក់ ដែលអាចប្រឈមនឹង​ការចាប់បញ្ជូនចេញពីទឹកដីអាមេរិក​។ ដូច្នេះមានន័យថា ក្រុមហ៊ុនសហគ្រាសអាមេរិក នឹងត្រូវបង្ខំច