ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី៖ ក្រុមឧទ្ទាម​សំរុកចូលដល់រដ្ឋធានីដាម៉ាស ខណៈលោកបាស្ហា អាល់អាសាដ រត់គេចខ្លួនបាត់

នៅស៊ីរី ក្រុមឧទ្ទាមដែលបាន​វាយសំរុក​យ៉ាងខ្លាំងនិងដ៏លឿនរហ័សប្រមាណ​១០ថ្ងៃមកនេះ ពេលនេះ​បានចូលទៅដល់រដ្ឋធានីដាម៉ាសហើយ នៅថ្ងៃទី​៨ធ្នូ។ ក្រុមឧទ្ទាម ​បានប្រកាសថា របបដឹកនាំរបស់លោកបាស្ហា អាល់អាសាដ បានដួលរលំ។ គួរបញ្ជាក់ថា​ នេះគឺជាការ​ដួលរលំនៃរបបផ្តាច់ការត្រកូស អាសាដ ដែលបាន​ដឹកនាំ​ប្រទេសស៊ីរី តាំងតែពីឆ្នាំ​១៩៧១ តពីជំនាន់ឪពុក រហូតដល់កូន។

“របបផ្តាច់ការបាស្ហាដួលរលំហើយ!”

យោងតាមព័ត៌មានចុងក្រោយ​ដែលយើងទទួលបាន​ នៅព្រឹកថ្ងៃអាទិត្យទី​៨ធ្នូ គឺក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី បានសំរុកចូលដល់ក្នុងរដ្ឋធានីដាម៉ាសហើយ គឺចូលសឹងតែដោយគ្មានការប្រយុទ្ធតែម្តង ព្រោះថាកងទ័ពស៊ីរីបាននាំគ្នា​ដកថយ ខ្លះរត់គេច ខ្លះទៀតបានទម្លាក់អាវុធមិនប្រយុទ្ធ​។ ប្រជាជនស៊ីរីជាច្រើនរយនាក់ បាននាំគ្នាមកជួបជុំនៅតាមផ្លូវ តាមទីសាធារណៈ ស្រែកហ៊ោរកញ្ជ្រៀវអបអរសាទរ អមដោយ​សំឡេងកំាំភ្លើងបាញ់រះទៅលើ បន្លឺពីជោគជ័យនេះផង។

រូបសំណាករបស់ លោក Hafez al Assad អតីតមេដឹកនាំស៊ីរី នឹងដែលជាឪពុល​លោកបាស្ហា អាល់អាសាដ ត្រូវបានប្រជាជនស៊ីរី វាយផ្តួលរំលំ នៅទីលានអូម៉ាយ៉ាដ កណ្តាកក្រុងដាម៉ាស។ ក្រុមឧទ្ទាម បានថែមទាំងចូលទៅ​វាយ​កម្ទេច ស្ថានទូតអ៊ីរ៉ង់ ប្រចាំនៅទីក្រុងដាម៉ាសថែមទៀតផង ព្រោះថាគឺអ៊ីរ៉ង់ដែលជាអ្នកជួយការពារ​របបផ្តាច់ការ​​បាស្ហា អាល់អាសាដ ជាច្រើនឆ្នាំមកនេះ​។​

ក្រុមឧទ្ទាម បានប្រកាសផ្សាយ​តាមបណ្តាញទូរទស្សន៍ជាតិស៊ីរី ថាពេលនេះ របបដឹកនាំផ្តាច់ការ បាស្ហា អាល់អាសាដ បានដួលរលំជាស្ថាពរហើយ ហើយ​ទីក្រុងដាម៉ាស ត្រូវបានរំដោះ​បាន​ទាំងស្រុង​។ ក្រុមឧទ្ទាមបានអះអាងទៀតថា មុននឹងចូល​ដល់កណ្តាលក្រុងដាម៉ាស គេបាន​ចូលទៅ​បើកទ្វារគុក​ជាច្រើនកន្លែង​ ដើម្បីដោះលែងអ្នកទោសនយោបាយ ជាច្រើនពាន់នាក់ ដែលពួកគេសុទ្ធតែត្រូវបាន​របបផ្តាច់ការបាស្ហា អាល់អាសាដ ចាប់ដាក់គុកយ៉ាងអយុត្តិធម៌បំផុត អ្នកខ្លះជាប់ឃុំ៣០-៤០ឆ្នាំហើយ​។

​លោក​បាស្ហា អាល់អាសាដ រត់គេចខ្លួន​

បើផ្អែកតាម​លោក Rami Abdel Rahmane អគ្គនាយកអង្គការឃ្លាំមើលស៊ីរី ដែលមានបណ្តាញយ៉ាងច្រើនប្រចាំនៅស៊ីរីផ្ទាល់ គឺ​ លោក​បាស្ហា អាល់អាសាដ បានរត់គេចខ្លួនហើយ ដោយបាន​ប្រញេបប្រញាប់ឡើងយន្តហោះ ចេញពីអាកាសយានដ្ឋានទីក្រុងដាម៉ាស មុនពេល​ក្រុម​ឧទ្ទាមចូលទៅដល់​បន្តិច។ ប្រភពដដែលនេះ អះអាងថា គ្រាន់តែយន្តហោះចេញផុត​ភ្លាម ​ក្រុម​សន្តិសុខអង្គរក្ស និងក្រុមទាហានដែលការពាររបបបាស្ហា អាល់អាសាដ ក៏បាននាំគ្នា​បែកជើងគ្នារត់គេចអស់រលីងដែរ។

ដូចគ្នាដែរ មន្ត្រីទាហានជាន់ខ្ពស់ស៊ីរី២នាក់ បានប្រាប់​ទីភ្នាក់ងារព័ត៌មានReuters ថាលោក​បាស្ហា អាល់អាសាដ ពិតជាបាន​ចាកចេញពីទីក្រុងដាម៉ាស តាមយន្តហោះពិតមែន នៅព្រឹកថ្ងៃអាទិត្យនេះ​។ តែប្រភពនេះ លើកឡើងថា គ្មាននរណាដឹងថា លោកបាស្ហា អាល់អាសាដ រត់ទៅជ្រកនៅទីកន្លែងណា ប្រទេសណាទេ។

ដួលរលំ ដោយសារលែងមាន​​រុស្ស៊ី​និងអ៊ីរ៉ង់ជួយ​

ថ្ងៃ៨ធ្នូ​២០២៤​ ជាថ្ងៃប្រវត្តិសាស្ត្រហើយ សម្រាប់ប្រជាជនស៊ីរី ព្រោះថារបបផ្តាច់ការស៊ីរី ដឹកនាំតពូជត្រកូលអាសាដ​ ពីជំនាន់​ឪពុករហូតដល់កូន តាំងតែពីឆ្នាំ​១៩៧១មក ពោលគឺជាង​៥០ឆ្នាំហើយ ស្រាប់តែមកដួលរលំយ៉ាងងាយ​នៅពេលនេះ។ ប្រជាជនស៊ីរីខំធ្វើបាតុកម្មប្រឆាំងកាលពីឆ្នាំ​២០១១ ហើយឈានក្លាយ​ផ្ទុះជាសង្គ្រាមស៊ីវីល​មហាវិនាសកម្ម​ តែរបបនេះនៅតែឈរមាំដដែល។ តែស្រាប់តែពេលនេះ ត្រឹមតែ១០ថ្ងៃសោះ ក្រុមឧទ្ទាម​បាន​បើកប្រតិបត្តិការ​វាយ​សំរុក ដណ្តើមបានទីក្រុងធំៗជាបន្តបន្ទាប់ រហូតចូលដល់រដ្ឋធានីដាម៉ាស​ ហើយ​ទៅបំផុតលោក​បាស្ហា រត់​ប្រាសអាយុបាត់។​

បើនិយាយឲ្យងាយស្តាប់ទៅ ធាតុពិត គឺ​របបដឹកនាំរបស់​បាស្ហា អាល់អាសាដ ក្រោយ​ចប់សង្គ្រាមស៊ីវីល នៅសល់តែស្បែក​ដណ្តប់ឆ្អឹងប៉ុណ្ណោះ។ កន្លងមក​​ របបនេះបានបង្ក្រាប​ចលនាប្រឆាំងបះបោរបាន គឺដោយសារតែមានរុស្ស៊ី និងអ៊ីរ៉ង់ជាអ្នកជួយ​។ អ៊ីរ៉ង់​បញ្ជូន​កម្លាំងកូនចៅខ្លួន ដោយ​មានទាំងក្រុមហេសបូឡាលីបង់ផង ចូលទៅ​ជួយទប់ការពារ​បាស្ហា អាល់អាសាដ។ រុស្ស៊ីវិញ បានប្រើយន្តហោះចម្បាំង បាញ់ទម្លាក់គ្រប់ទៅលើផ្ទះប្រជាជនស៊ីរី ទៅលើទីតាំងរបស់ក្រុមឧទ្ទាម ធ្វើ​ឲ្យ​ចលនាបះបោរ ត្រូវបាក់ស្រុតងើបលែងរួច។

ដូច្នេះគ្មានអ្វីឆ្ងល់ទេ របបផ្តាច់ការបាស្ហា ដួលរលំនៅពេលនេះ គឺដោយសារតែ​លែងមានអ៊ីរ៉ង់ និងរុស្ស៊ីជួយទេ។ រុស្ស៊ី​កំពុងរវល់សំរុកប្រយុទ្ធនៅអ៊ុយក្រែន ចំណែកអ៊ីរ៉ង់វិញ ដូចយើងដឹងហើយ ត្រូវបាក់ធ្មុងសឹងទាំងស្រុង ដោយសារតែអ៊ីស្រា