តើចិនចង់ប្រើយុទ្ធសាស្ត្រ ឡោមព័ទ្ធ បិទខ្ទប់ដង្ហើមឲ្យតៃវ៉ាន់ដួលរលំឯងឬ?

កងទ័ពចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ រយៈពេល២ថ្ងៃ ដើម្បីហាត់សមឡោមព័ទ្ធកោះតៃវ៉ាន់។ នៅថ្ងៃពុធ ក្រសួងការពារជាតិបានប្រកាសថា គេបានសម្រេចគ្រប់កម្មវត្ថុទាំងអស់ នៅក្នុងសមយុទ្ធនេះ។ ផ្អែកតាមអ្នកជំនាញ សមយុទ្ធយោធារបស់ចិននៅជុំវិញតៃវ៉ាន់ គឺជាផ្ញើសារយ៉ាងច្បាស់ៗ ថាក្នុងករណីដែលចិនបើកប្រតិបត្តិការមែនទែន គឺតៃវ៉ាន់នឹងត្រូវចិនឡោមព័ទ្ធជិតឈឹង រហូតទាល់តែថប់ដង្ហើម ព្រមចុះចាញ់ ដោយគ្មាននរណាអាចចូលទៅជួយបានជាដាច់ខាត។
លោក Shi Yi អ្នកនាំពាក្យកងកម្លាំងភូមិភាគបូព៌ា នៃកងទ័ពចិន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធទី២មេសាថា សមយុទ្ធយោធារបស់កងទ័ពចិននៅជុំវិញតៃវ៉ាន់ បានសម្រេចបានគ្រប់កម្មវត្ថុទាំងអស់។ កម្មវត្ថុដែលចិនបានបញ្ជាក់យ៉ាងច្បាស់ គឺដើម្បីឡោមព័ទ្ធ បិទខ្ទប់ដង្ហើមរបស់តៃវ៉ាន់ទាំងស្រុង។ នៅក្នុងសមយុទ្ធលើកមុនៗ ចិនបានប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បីសាកល្បងចង់ដឹង ថាតើការឆ្លើយតបវាយបកវិញរបស់កងទ័ពតៃវ៉ាន់ មានកម្រិតលឿនរហ័សប៉ុណ្ណា។ តែនៅលើកនេះ គឺកងទ័ពចិនបានធ្វើសមយុទ្ធដោយ ផ្តោតសំខាន់ទៅល់សមត្ថភាពវាយកម្ទេចទីតាំងយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ដូចជាកំពង់ផែ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់តៃវ៉ាន់ជាដើម។ បន្ទាប់មកទៀត គឺកងទ័ពចិន បានហាត់សមនៅក្នុងប្រតិបត្តិការឡោមព័ទ្ធបិទផ្លូវចេញចូលទាំងស្រុង នៅជុំវិញកោះតៃវ៉ាន់។
លោក Dylan Loh សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Nanyang សិង្ហបុរី បានលើកឡើងថា ចិនដឹងយ៉ាងច្បាស់ អំពីចំណុចខ្សោយរបស់តៃវ៉ាន់ លើផ្នែកថាមពល។ ពោលគឺតៃវ៉ាន់ ត្រូវពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង និងហ្កាស ព្រមទាំងនាំចូលចំណីអាហារជាច្រើនប្រភេទថែមទៀត។ អ្នកជំនាញអះអាងថា ក្នុងករណីដែលតៃវ៉ាន់ ត្រូវកងទ័ពចិនឡោមព័ទ្ធបិទផ្លូវជិតឈឹងជុំវិញ នោះតៃវ៉ាន់នឹងត្រូវជាប់គាំង កម្រើកលែងរួច។
មិនមែនតែអ្នកវិភាគពីខាងក្រៅទេ ដែលបានលើកឡើងពីយុទ្ធសាស្ត្រនេះរបស់ចិន។ នៅលើកញ្ចក់ទូរទស្សន៍ CCTV លោកមេបញ្ជាការ Meng Xiangqing សាស្រ្តាចារ្យនៅសកលវិទ្យាល័យការពារជាតិ នៃកងទ័ពរំដោះប្រជាមានិតចិន បានពន្យល់ថា តៃវ៉ាន់គ្មានតំបន់ស អាចដកដង្ហើមបានទេ ហើយក៏ពុំមានធនធានធម្មជាតិ គ្រប់គ្រាន់អាចរស់បានដែរ ប្រសិនបើគ្មានការនាំចូលពីខាងក្រៅ។ ដូច្នេះ នៅពេលណាដែលត្រូវខ្ទប់ជាប់ រើលែងរួច សណ្តាប់ធ្នាប់សង្គមនៅតៃវ៉ាន់ នឹងត្រូវដួលរលំឯង ឈានចូលទៅក្នុងភាពអាណាធិបតេយ្យ ព្រោះមនុស្សលែងមានមធ្យោបាយអ្វីអាចរស់បានតទៅទៀត។
ផ្អែកតាមលោក Su Tzu-Yun អ្នកជំនាញនៅវិទ្យាស្ថានជាតិស្រាវជ្រាវការពារជាតិនិងសន្តិសុខ នៅតៃប៉ិ គឺសមយុទ្ធយោធារបស់ចិននៅលើកនេះ ពិតជាបានផ្លាស់ប្តូរតាក់ទិកយុទ្ធសាស្ត្រពិតមែន បើប្រៀបធៀបទៅលើកមុន។ កាលពីមុន កងទ័ពចិនធ្វើសមយុទ្ធហាត់សម ដើម្បីរារាំងទប់កុំឲ្យកងទ័ពប្រទេសផ្សេងចូលទៅជួយតៃវ៉ាន់បាន។ តែចំណែកលើកនេះវិញ គឺសមយុទ្ធរបស់ចិន បានផ្តោតកម្មវត្ថុទៅលើការគ្រប់គ្រងទាំងស្រុង ក្នុងដែនសមុទ្រជុំវិញកោះតៃវ៉ាន់។ អ្នកជំនាញរូបនេះ ពន្យល់ថា ចិនបានសាកល្បងតេស្តមើលសមត្ថភាពរបស់ខ្លួន នៅក្នុងការបិទខ្ទប់ផ្លូវចេញចូលតាមសមុទ្ររបស់តៃវ៉ាន់ ធ្វើឲ្យតៃវ៉ាន់មិនអាចទទួលបានទំនិញគ្រប់មុខពីខាងក្រៅ។ មានន័យថា នាវាដឹកទំនិញបរទេសទាំងអស់ អាចធ្វើដំណើរបាន ឲ្យតែមិនចូលទៅកំពង់ផែតៃវ៉ាន់។
គួរបញ្ជាក់ថា សមយុទ្ធយោធាចិននៅថ្ងៃអង្គារទី១មេសា គឺហាត់សមវាយកម្ទេច លើទីតាំងយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ចំណែកនៅថ្ងៃពុធ គឺកងទ័ពចិនហាត់សមទៅលើការព័ទ្ធខ្សែ ឡោមបិទខ្ទប់ក្នុងផ្ទៃសមុទ្រនិងលើអាកាស ជុំវិញតៃវ៉ាន់តែម្តង។ នេះបើផ្អែកតាមការពន្យល់ របស់លោក Lin Ying Yu សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Tamkang តៃប៉ិ។ ជាយុទ្ធសាស្ត្រដែលស្រដៀងគ្នាទៅនឹងអ្វីដែលរុស្ស៊ីកំពុងធ្វើនៅអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ីវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងគោលបំណងធ្វើឲ្យអ៊ុយក្រែនទន់ជង្គង់។
គួរកត់សំគាល់ថា ចិនបានបង្ហាញការប្តេជ្ញាចិនកាន់តែច្បាស់ ក្នុងការច្បាមយកតៃវ៉ាន់។ មានសំឡេងជាច្រើនក្នុងបក្សកុម្មុយនីស្តចិន ដែលលើកឡើងមិនត្រូវបង្អង់ទុកយូរទៀតបានទេ ព្រោះបើកាន់តែយូរ តៃវ៉ាន់នៅរសាត់ទៅកាន់តែឆ្ងាយពីកណ្តាប់ដៃចិន។ លោក Bonny Lin អ្នកវិភាគនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ប៉េកាំងជឿថាខ្លួនត្រូវត
Informations
- Émission
- Chaîne
- FréquenceTous les jours
- Publiée2 avril 2025 à 15:44 UTC
- Durée4 min
- ClassificationTous publics