ផលិតផលសំអាងសម្រាប់ក្មេងកំពុងក្លាយជាបាតុភូតដ៏ពេញនិយម។ ក្រោមឥទ្ធិពលរបស់អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម មានក្មេងស្រីៗច្រើនឡើងៗចង់ផាត់ម្សៅ លាបឡេ តាមដែរ។ ប៉ុន្តែក្មេងក្នុងវ័យជំទង់មិនគួរប្រើផលិតផលសំអាងឡើយ ព្រោះមិនត្រឹមតែអត់ប្រយោជន៍ទេ តែថែមទាំងធ្វើឱ្យខូចសុខភាពទៀត។
ជាបាតុភូតគួរឱ្យព្រួយបារម្ភ ក្មេងស្រីកាន់តែច្រើនឡើងៗចេះប្រើផលិតផលសំអាង ដោយមិនសមរម្យ មិនសមស្របទៅតាមវ័យ។ ក្នុងវ័យជំទង់ អាយុប្រមាណទើបតែ៩ ទៅ ១៣ឆ្នាំ នៅឡើយ យុវតីជំទើ នាំគ្នាធ្វើត្រាប់តាមកាយវិការរបស់អ្នកផ្សព្វផ្សាយគ្រឿងកែសម្ផស្សតាមបណ្តាញសង្គម។ ទើបចាប់លូតលាស់ មិនទាន់ពេញរូបរាងត្រឹមត្រូវ ក្មេងស្រីជំទើនាំគ្នាប្រើប្រាស់ប្រេងម្សៅ ឡេ ដែលស្បែកក្នុងវ័យនេះ នៅប្រហើរ ទន់ រលោង តាមបែបធម្មជាតិ។ ស្បែករបស់ក្មេងស្រី ក្នុងវ័យនេះ ផូរផង់ល្អណាស់ មិនត្រូវការផលិតផលជំនួយសម្ផស្សអ្វីទាល់តែសោះ។
ផលិតផលសំអាងជាប្រភពរំខានដល់ប្រព័ន្ធអរមូន?
កាន់តែអាក្រក់បំផុតទៅទៀត ផលិតផលសំអាង ម្សៅ ឡេ សេរ៉ូម ទាំងអស់នោះ មិនល្អសម្រាប់នាងៗជាក្មេងជំទង់ ឬទើបពេញក្រមុំទេ។ តែបច្ចុប្បន្ននេះ គេឃើញក្មេងស្រី ចាប់ប្រើសេរ៉ូម ជំនួយស្បែកកុំឱ្យឆាប់ចាស់ ឡេបំបាត់ស្នាមនឿយហត់លើមុខ ឡេលាបស្បែកខ្លួនឬផលិតផលប៉ូវស្បែកឱ្យស្អាតរលោងសល្អ ... ជាសរុបមានផលិតផលសំអាងច្រើនយ៉ាងទៀតណាស់ ដែលមិនត្រូវសោះនឹងក្មេងវ័យនេះ។ ធ្ងន់ធ្ងរជាងនេះទៅទៀត ផលិតផលទាំងអស់នេះមិនត្រឹមតែគ្មានប្រយោជន៍សម្រាប់ពួកគេទេ តែថែមទាំងជាប្រភពនៃគ្រោះថ្នាក់សម្រាប់ក្មេងស្រីជាអ្នកប្រើវាទៀត។
សម្រាប់ក្រុមគ្រូពេទ្យជំនាញ ស្បែកយុវតីក្នុងវ័យជំទង់មិនទាន់ត្រូវការជំនួយអ្វីទាំងអស់។ បើចង់ក្មេងអាចប្រើផលិតថែទាំស្បែកបាន ដើម្បីផ្តល់សំណើមដល់ស្បែក ឬដើម្បីព្យាបាលជំងឺមុន។
ក្នុងវ័យនេះ ផលិតផលតែមួយគត់ដែលស្បែកអាចទទួលបាន និងគួរតែប្រើប្រាស់នោះ គឺឡេ ឬក្រែមការពារស្បែកពីពន្លឺនិងកម្តៅព្រះអាទិត្យ (ការពារកម្តៅថ្ងៃ)។ ក្មេងខ្លះមានស្បែកស្ងួតខ្លាំង អាចត្រូវការជំនួយបន្ថែមជាផលិតផល ជាឡេបន្សើមស្បែក តែជាផលិតផលសម្រាប់កុមារ ដែលមានកំរិតអាល់ឡែកហ្ស៊ីទាបបំផុត និងមានធាតុផ្សំតិចបំផុត ហើយគ្មានក្លិន គ្មានជាតិទឹកអប់អ្វីទាំងអស់។
ជាទូទៅ ផលិតផលសំអាងផលិតឡើងមិនមែនសម្រាប់ក្មេងទេ។ ផលិតផលសំអាង ឡេ ក្រេម ម្សៅ មានធាតុផ្សំ និងសារធាតុគីមីច្រើនមុខណាស់។ ជាឧទាហរណ៍ ឡេប្រឆាំងនឹងភាពចាស់របស់ស្បែក Anti âge អាចមានផ្ទុកធាតុសកម្មដូចយ៉ាងវីតាមីនសេ រ៉េទីណុល ដែលអាចវាយប្រហារស្បែក។ ត្រូវចងចាំថា ស្បែករបស់ក្មេងខុសពីស្បែករបស់មនុស្សចាស់។ ស្បែកក្មេង ជាស្បែកស្តើង ទន់ ឆាប់ជ្រាប ងាយរងប្រតិកម្មផ្សេងៗ មិនក្រាសរឹងនិងមិនទាន់អាចបំពេញតួនាទីជាស្រទាប់ការពារសរីរាង្គកាយបានពេញលេញនៅឡើយទេ។
ដូច្នេះការប្រើផលិតផលសំអាង ទាំងនៅវ័យក្មេង អាចនឹងធ្វើឱ្យស្បែកមានប្រតិកម្ម ឡើងកន្ទួល រោល រលាក ឡើងមុន និងមានអាល់ឡែកហ្ស៊ី។ ជាពិសេសទៅទៀត កាយវិការនេះនាំឱ្យក្មេងស្រីទាំងនោះប្រឈមនឹងសារធាតុគីមី រំខានដល់ប្រព័ន្ធអង់ដូគ្រីន (perturbateurs endocriniens)។
សារធាតុរំខានអង់ដូគ្រីន Perturbateur endocrinien (EP) ជាអ្វី?
បើតាមនិយមន័យរបស់អង្គការសុខភាពពិភពលោក សារធាតុគីមី មានប្រភពពីធម្មជាតិ ឬសារធាតុគីមីសំយោគ ឬល្បាយសារធាតុគីមី ណាដែលគ្មាននៅក្នុងសរីរាង្គ និងដែលអាចជ្រៀបបន្ស៊ីទៅជាមួយដំណើរការរបស់សរីរាង្គ និងកោសិកា ហើយធ្វើឱ្យដំណើរការប្រព័ន្ធអង់ដូគ្រីន ផលិតអរមូននិងក្រពេញប្រែប្រួល។ បើប្រព័ន្ធអង់ដូគ្រីនប្រែប្រួលខុសប្រក្រតី ដំណើរការរបស់អរមូននៃសរីរាង្គមានជីវិតក៏ប្រែប្រួល ដែលជាឥទ្ធិពលដ៏អាក្រក់សម្រាប់បរិស្ថាន និងសម្រាប់សុខភាពមនុស្ស តជំនាន់។
ប្រព័ន្ធអង់ដូគ្រីន គឺជាក្រពេញឬកោសិកាដែលផលិតអរមូនបញ្ចេញទៅក្នុងចរន្តឈាមដោយផ្ទាល់។ អរមូនទាំងនេះជាសារធាតុគីមី
Information
- Show
- Channel
- FrequencyUpdated weekly
- Published16 October 2024 at 13:56 UTC
- Length9 min
- RatingClean