នាទីសុខភាពនិងអនាម័យ

គុណសម្បត្តិ​ពិសេស​​នៃ​គ្រឿង​ទេស ​សម្រាប់​សុខភាព

រមៀត ខ្ញី ម្រេច ម្ទេស... ​គ្រឿង​ទេស មាន​គុណប្រយោជន៍​សម្រាប់​សុខភាព​ច្រើន​ណាស់ ដូច​ជា​សម្រាប់​ប្រឆាំង​នឹង​បាក់តេរី ប្រឆាំ​ងនឹង​ការ​រោល​រលាក ទល់ឬ​​ហើមពោះ។ បើ​ចេះ​ផ្សំ​ប្រើ​ គ្រឿង​ទេស​មិន​ត្រឹម​តែ​ជួយ​​លើក​រសជាតិម្ហូបអាហារទេ តែ​​អាច​កាត់​បន្ថយ​ការ​ប្រើ​អំបិល និង​ស្ករ បាន​ទៀត។

ពី​អាមេរិកឡាទីន ទៅ​ចិន កាត់​តាម​អាហ្វ្រិក និង​ឥណ្ឌា ការ​ទទួល​ទាន​អាហារហឹរ​ ជា​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​នីមួយៗ។ ម្រេច ម្ទេស ខ្ញី ខ្ទឹម ឈើអែម គ្រាប់​វ៉ាន់ស៊ុយ រមៀត  ឈ្មោះ​​គ្រឿង​ទេស​ប្រើ​ក្នុង​ម្ហូប​អាហារ បើ​ចង​ក្រង​ជា​បញ្ជី​ពិត​ជា​វែង​ខ្លាំងណាស់។ ​អាស្រ័យ​ទៅ​តាម​វប្បធម៌ ​និង​អាកាសធាតុ ចំណូល​ចិត្ត​ប្រើ​គ្រឿង​ទេស​អាច​ខុស​គ្នា​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ពីទ្វីបមួយ​ទៅទ្វីប​មួយ។ ប៉ុន្តែគេ​អាច​ចែក​គ្រឿង​ទេស​ជា​ក្រុម ទៅ​តាម​ប្រភេទ​នៃ​ចំណូល​ចិត្ត​ទទួល​ទាន។

ឈើ​អែម វ៉ាន់នីឡា ជា​ប្រភេទ​គ្រឿងទេស​ស្រទន់ ដែល​ពាំនាំ​មក​នូវ​រសជាតិ​ផ្អែម និង​ក្រអូប

ម្ទេស ម្រេច ខ្ញី ជា​ប្រភេទ​គ្រឿង​ទេស​ក្តៅ ជួយ​លើក​រសជាតិ​ម្ហូបអាហារ​ឱ្យ​មុត​ល្អ​ និង​ហឹរ

រមៀត ជា​ប្រភេទ​គ្រឿង​ទេស​ល្វីងចត់​​ ដែល​អាច​ផ្តល់​លំនឹង​ដល់​រសជាតិ​របស់​ម្ហូប​កុំ​ឱ្យ​មុត​ពេក។

បន្សំ​គ្រឿង​ទេស បង្កើន​គុណប្រយោជន៍​

ទោះស្ថិត​នៅ​ក្នុង​ក្រុម​ណា​ក៏​ដោយ ក៏​​គ្រឿង​ទេស មាន​គុណសម្បត្តិ​ច្រើន។ ប៉ុន្តែ​ត្រូវ​​​ចេះ​ប្រើ​ឱ្យ​បាន​ត្រឹម​ត្រូវ​។ តាំងពី​បូរាណកាលមក​ មនុស្ស​លោក​ធ្វើ​ដំណើរ​ឆ្លង​ទ្វីប ឆ្លងមហា​​សមុទ្ទ ដើម្បី​ស្វែងរក​គ្រឿង​ទេស​មក​ធ្វើ​ម្ហូប និង​ព្យាបាល​ជំងឺ​។ ជា​ច្រើន​សតវត្សរ៍​កន្លង​មកនិង​រហូត​មក​ទល់​ថ្ងៃ​នេះ គ្រឿង​ទេស​នៅ​តែ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ក៏​ដូច​ជា​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ។

សម្រាប់​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ គុណសម្បត្តិ​ទីមួយ​នៃ​គ្រឿង​ទេស គឺ​ជួយកាត់​បន្ថយ​ជាតិ​ប្រៃ ជាតិ​ផ្អែម​ ខ្លាញ់ តែ​​​​ម្ហូបអាហារ​​មាន​ឱជារស​ខ្ពស់​។ គ្រឿង​ទេស​ជា​ប្រភព​ផ្តល់​រសជាតិ និង​ជា​ប្រភេទ​អាហារ​បន្ថែម​​ ព្រោះ​គ្រឿង​ទេស​មាន​ផ្ទុក​សមាសធាតុ​ល្អៗ​ច្រើន​សម្រាប់​សុខភាព។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ស្រី Nathalie Hutter-Lardeau ជា​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភម្នាក់​នៅ​ប្រទេស​បារាំង។

គ្រឿង​ទេស​ខ្លះ មាន​គុណសម្បត្តិ​ខ្ពស់ខ្លាំង​មែន​ទែន​សម្រាប់​សុខភាព ជាពិសេស​​រមៀត។ ដុះ​ច្រើន​នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា​ប្រើ​​រមៀត​ តាំងពីជាង​​ពីរ​ពាន់​ឆ្នាំមកហើយ។ ពេល​នេះ​ អ្នក​ស្រាវជ្រាវ​បារាំង​កំពុង​ពិសោធន៍​រមៀត​​សម្រាប់​ជួយ​ព្យាបាល​ជំងឺ​មហារីកខ្លះ មាន​ជាអាទិ៍​មហារីក​សុដន់ និង​មហារីក​ប្រូស្តាត។ លទ្ធផល​នៃ​ការ​សិក្សា​​បឋម​ ​មាន​លក្ខណៈ​គួរ​ទី​សង្ឃឹម​ ដោយ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​​រមៀត​ជា​ថ្នាំ​ (ម្សៅ​រមៀត​បន្សុទ្ធ​ខ្លាំង​យក​តែ​កំហាប់​ធាតុ​សកម្ម​) មុន​-​ក្រោយ និង​ទន្ទឹម​ពេល​ចាក់​ថ្នាំ​គីមី បានជួយ​លើក​តម្កើង​ប្រសិទ្ធភាព​ថ្នាំព្យាបាល និង​ជួយ​បន្ថយ​ឥទ្ធិពល​កំណាច​របស់​​កោសិកា​មហារីក​បាន​៥៩%​សម្រាប់​អ្នក​ជំងឺ​មហារីក​ប្រូស្តាត និង​៤០%​សម្រាប់​​អ្នកជំងឺ​មហារីកសុដន់​​។

គ្រឿង​ទេស​ដូច​យ៉ាង​រមៀត​នេះ​មាន​គុណសម្បត្តិ​​ខ្ពស់​សម្រាប់​សុខភាព​ហើយ ហើយ​កាន់តែ​​ខ្ពស់​និង​ប្រសើរ​ទៀត​ថែម​ទៀត​ ប្រសិន​បើ​គេ​ប្រើ​រមៀត​លាយ​ជាមួយ​គ្រឿង​ទេស​ផ្សេង​ទៀត។ បើ​តាម​មេចុងភៅ​Olivier Roellinger និង​ អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ Hutter-Lardeau រមៀត​ស៊ីចង្វាក់​ខ្លាំង​នឹង​ម្រេច។ ​មាន​ផ្ទុក​អង់ទី​ស៊ីដង់​ក៏​ខ្លាំង​ក្លា​ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ចាស់ជរា​នៃកោសិកា ហើយ​បើ​បាន​ប្រើ​​លាយ​ជាមួយ​ម្រេច​ទៀត ​រមៀតកាន់​តែមាន​មហិទ្ធិឫទ្ធិ​កាន់​តែ​​ខ្ពស់​ខ្លាំង​​ប្រឆាំង​នឹង​មហារីក ព្រោះ​ម្រេច​ក៏​ជា​គ្រឿង​ទេស​មាន​គុណ​សម្បត្តិ​ខ្លាំង​ផ្នែក​ប្រឆាំង​បាក់តេរី​និង​ផ្នែក​បំបាត់​ការ​ឈឺចាប់។

ចំណែក​ ឈើ​អែម ដែល​ផ្តល់​រសជាតិផ្អែម មាន​សមាសធាតុ​ស្រដៀង​នឹងអាំងស៊ុយលីន អាច​ជួយ​គ្រប់គ្រងជំងឺ​ទឹក​នោម​ផ្អែម និង​​ជាតិ​ស្ករក្នុង​ឈាម​បាន។​ មាន​ប្រភព​នៅ​ប្រទេស​ស្រីលង្កា និង​ប្រើ​ជា​ថ្នាំ​តាំង​ពី​ជាង​៥ពាន់​ឆ្នាំ​មក ក្បួន​​បូរាណរបស់​​គម្ពីរវេទ។ ​ឈើ​អែម ជា​គ្រឿង​ទេសឱសថ​មាន​អំណាច​សម្លាប់​មេរោគ មានសកម្មភាព​ជាបង់​​បិតក្រពះ បិត​ប្រព័ន្ធរំឡាយ​