នាទីសុខភាពនិងអនាម័យ

ដេក​​ថ្ងៃមួយ​ស្រលេត​​ជា​ដំណោះស្រាយ​នៃ​វិបត្តិ​ខ្វះ​ដំណេក

កាលពី​ចុង​ខែ​កក្កដា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បាន​​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​សហគ្រាស និង​ស្ថាប័ន​សិក្សា​នានា​ ផ្តល់​ឱកាស​ឱ្យ​បុគ្គលិក​បាន​សម្រាក​ថ្ងៃមួយ​ភ្លែត​ ដើម្បី​បង្កើន​សមត្ថភាព​ និង​សក្តិសិទ្ធភាព​ការងារ។ គេង​ថ្ងៃ​​តែមួយភ្លែត​ប៉ុណ្ណោះ មិនឱ្យ​លើស​២០នាទីទេ។ តើ​ត្រូវ​សម្រាក​ដូច​ម្តេច?

ការ​សម្រាក​ថ្ងៃ ជាប្រពៃណី​ដ៏​យូរលង់មក​ហើយ នៅ​តាម​បណ្តាប្រទេសច្រើន​នៅ​អាស៊ី​ និង​នៅ​ប្រទេស​ចិន ដែល​ថែម​ទាំងមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​តាំងពីឆ្នាំ ១៩៤៨មកផង។ នៅ​ជប៉ុន​ មិន​កម្រទេ​ដែលក្រុមហ៊ុនតម្រូវ​ឱ្យ​បុគ្គលិក​សម្រាក​ថ្ងៃ។ Power Nap គុណប្រយោជន៍​នៃ​ដំណេក​ថ្ងៃ ក៏​​បានទទួលស្គាល់​យ៉ាងទូលំទូលាយ​​នៅ​សហរដ្ឋ​អាមេរិកដែរ។ នៅ​អឺរ៉ុប ទម្លាប់គេង​ថ្ងៃ មិន​សូវ​មាន​គេនិយម​ប៉ុន្មាន​ឡើយ បើ​ទោះបី​ជា​មានការ​សិក្សា​ច្រើនឡើងៗ​បាន​បញ្ជាក់​អំពី​គុណប្រយោជន៍​នៃការគេង​ថ្ងៃចំពោះ​សុខភាព​ ជា​ទូទៅ និងចំពោះ​​សមត្ថភាព​បំពេញ​ការងារ​ក៏​ដោយ។

ប្រទេស​បារាំង​ក៏​គ្មាន​ច្បាប់​ទាក់ទង​នឹង​ការ​សម្រាក​ថ្ងៃនេះដែរ។ បារាំងទើប​​ផ្តើម​ចាប់​អារម្មណ៍ខ្លាំង នឹង​ការ​សម្រាក​ថ្ងៃ ​តាំងពី​ផ្ទុះ​វិបត្តិ​កូវីដ​មក តែ​បារាំង​មានច្បាប់​ស្តី​ពី​សិទ្ធិ​​​ផ្តាច់​ខ្លួន​ពីការងារ ​ មិន​ឆ្លើយ​ទូរស័ព្ទ មិន​ឆ្លើយ​អ៊ីមែល នៅ​ម៉ោង​ឈប់ ​ និង​មាន​ម៉ោង​សម្រាក​ក្រោយ​បាយ​ថ្ងៃត្រង់ ដែល​អាច​ឱ្យ​បុគ្គលិកឆ្លៀត​​ធ្មេចភ្នែក​​បាន​មួយ​ភ្លែត។  ជាង​នេះទៀត ​កាលពី​ចុង​ខែ​កក្កដា​២០២៥ នៅក្នុង​ផែនការ​​ណែនាំ​អន្តរក្រសួងដើម្បី​លើក​កម្ពស់​គុណភាព​ដំណេក​  រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលបារាំង លោក​វេជ្ជបណ្ឌិត Yannick Neuder បានឯកភាព​លើ​គំនិត​ផ្តួចផ្តើម​ដាក់​​ឱ្យ​មាន​ការ​សម្រាក​ថ្ងៃ​នៅកន្លែងធ្វើការ និង​សាលារៀន ពីព្រោះ​គុណភាព​ដំណេក​របស់​ប្រជាពលរដ្ឋ​បារាំង បន្ត​ធ្លាក់ចុះ​ជា​លំដាប់​។ ពលរដ្ឋ​ធំពេញ​វ័យ​បារាំង សំរាន្ត​តិច​ជាង​កាល​ពី ៥០​ឆ្នាំ​មុន ចំនួន​ជាង​មួយ​ម៉ោង​កន្លះ ពោល​គឺ​មាន​ដំណេក​​ជា​មធ្យម​​ប្រមាណតែ​​៧ម៉ោង ក្នុង​មួយ​យប់ និង​ជាង​ពាក់កណ្តាលរអ៊ូ​ថា​សំរាន្ត​មិន​ឆ្អែត មិនស្កប់ស្កល់។ កង្វះ​ដំណេក​ ឬ​ដេក​មិន​ស្កប់ ជា​ប្រភព​បង្កើន​គ្រោះ​កើត​ជំងឺ​ផ្លូវ​ចិត្ត និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ព្រមទាំង​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត។ ហើយបើតាមវិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​ស្រាវជ្រាវ​សុខាភិបាល​ជាតិ ពលរដ្ឋបារាំង​ប្រមាណ​២៨% សម្រាន្ត​មិនគ្រប់គ្រាន់ ដោយ​តិច​ជាង​សេចក្តីត្រូវការរបស់​សពាង្គកាយ​យ៉ាង​ហោច​មួយ​ម៉ោង​ក្នុង​មួយ​យប់។ ៣០%​នៃកុមារ និង​៧០%​នៃ​ក្មេង​ជំទង់ គេង​មិន​គ្រប់​គ្រាន់។ ហេតុដូច្នេះហើយ​បាន​ជាលោក​រដ្ឋមន្ត្រី​ចង់​ឃើញស្ថាប័ន​រដ្ឋ សាលារៀន ​ក្រុមហ៊ុន​សហគ្រាសនានា នៅ​ក្នុង​ស្រុក​បារាំង បើ​អាច​ធ្វើ​ទៅ​បាន គួរ​តែ​រៀបចំឱ្យ​មានកន្លែង​សម្រាប់​បុគ្គលិក​សម្រាក​ថ្ងៃ បាន​មួយ​ភ្លែត។

“ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ក្មេង​បាន​សម្រាកថ្ងៃ​ខ្លះ​ ព្រោះ​វា​សំខាន់​ខ្លាំង​មែន​ទែន​សម្រាប់​សុខភាព ហើយ​ក្រុមហ៊ុន​សហគ្រាសនានា​ក៏​គួរ​តែ​គិត​គូរធ្វើ​ដែរ។ មិនមែន​ជាកាតព្វកិច្ច​​ផ្តល់​ដោយ​ក្រសួង​សុខាភិបាល​តម្រូវ​ឱ្យ​និយោគជក​បំពេញ​ទេ ប៉ុន្តែជា​អនុសាសន៍​ ដែល​បើ​អាច​ ក្រុមហ៊ុន​សហគាស​គួរ​តែរៀបចំ​ឱ្យ​បន្ទប់ ឬ​កន្លែងស្ងប់ស្ងាត់​​សម្រាប់ឱ្យ​​បុគ្គលិក​បាន​គេង​​ថ្ងៃ​មួយ​ភ្លែត។ នេះ​ក៏​មិនមែន​ជា​វិធានការ​ចាំបាច់​ដាក់​តម្រូវ​លើ​ក្រុមហ៊ុន​ឱ្យ​ប្រឹង​ធ្វើ​ហួស​លទ្ធភាព​ដែល​មាន​ដែរ។ គឺ​គ្រាន់​តែ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​ ក្នុង​ក្របខ័ណ្ឌ​នៃ​​​ទំនួល​ខុស​ត្រូវ និង​ការ​ចេះ​គិត​គូរ​អំពី​ផាសុកភាព​របស់​បុគ្គលិក។ មាន​ក្រុមហ៊ុន​ច្រើន​ហើយ​បាន​ចាប់​ផ្តើម​ពិចារណា​សំណើ​នេះ​ហើយ។ នេះ​បើតាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ទៅកាន់​អ្នក​សារព័ត៌មានកាលពី​ថ្ងៃទី​២២​កក្កដា​២០២៥។

ដូចម្តេច​ដែលហៅ​ថា សម្រាកថ្ងៃមួយភ្លែត? តើ​ការគេងថ្ងៃ​មួយ​ភ្លែត ផ្តល់​គុណប្រយោជន៍​សម្រាប់​សុខភាព​យ៉ាងណា?

យើង​ធ្លាប់ឮជា​ញយ​​ពាក្យ​ថា មីក្រូ​ហិរញ្ញវត្ថុ តែ​ពេល​នេះ​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាលបារាំង​បាន​ប្រើ​ពាក្យ មីក្រូដំណេក ដោយ​សំដៅ​ទៅ​លើ​រយៈ​ពេល​ដ៏​ខ្លី​នៃ​ការ​សម្រាក​ថ្ងៃ​មួយ​ភ្លែត ដើម្បី​ស្រូប​កម្លាំង​និង​បំពេញ​កង្វះ​ដំណេក​កាលពីពេល​យប់។ សម្រាប់​លោក​វេជ្ជបណ្ឌិតជា​រដ្ឋមន្ត្រី មីក្