ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើផែន​​ការរំសាយអាវុធក្រុមហាម៉ាសទាំងស្រុង អាចសម្រេច​ទៅរួចដែរឬទេ?

២សប្តាហ៍​ហើយ ដែល​កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចូលជាធរមាន។ ថ្វីបើ​គេសង្កេតឃើញថា ដំណាក់កាលទី​១នៃ​​បទឈប់បាញ់នេះ ហាក់បានដំណើរការទៅតាមអ្វីដែលគ្រោងទុក​ តែអ្វីដែល​គេកំពុងតែព្រួយបារម្ភ គឺដំណាក់កាលបន្ទាប់ ទាក់ទិននឹងការរំសាយអាវុធទាំងស្រុងរបស់​ក្រុមហាម៉ាស ព្រមទាំង​ការរៀបចំ​គ្រប់គ្រងតំបន់ហ្កាហ្សា​ ទៅថ្ងៃអនាគត។ គិតត្រឹមពេលនេះ ក្រុម​ហាម៉ាសបាន​បន្តបដិសេធមិន​រំសាយ​អាវុធជាដាច់ខាត​។ អ្នកជំនាញ និងសូម្បីតែលោក​អនុប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ដែរ ថា​ផែនការ​រំសាយ​អាវុធរបស់​ក្រុមហាម៉ាស​​ទាំងស្រុង វាគឺជារឿងមួយលំបាកស្មុគស្មាញណាស់។

កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា ក្រោម​ការ​ជ្រោមជ្រែងចាត់ចែងដោយ​លោកដូណាល់ ត្រាំ បានចូលជា​ធរមានបាន​២សប្តាហ៍ហើយ​។ មិនមានបញ្ហាចោទធំដុំទេ នៅក្នុងការអនុវត្ត​ដំណាក់កាលទី១​នៃកិច្ចព្រមព្រៀងនេះ ដោយ​ក្រុម​ហាម៉ាស បានដោះលែងចំណាប់ខ្មាំង​នៅរស់​​ទាំងអស់​២០​នាក់ និងបាន​ប្រគល់សាកសពចំណាប់ខ្មាំងបានចំនួន​១៥សព​ហើយ​ គិតត្រឹមថ្ងៃទី​២៣តុលា​។

តែអ្វីដែលគេកំពុងព្រួយបារម្ភបំផុត​នោះ គឺដំណាក់កាលទី​២នៃ​កិច្ចព្រមព្រៀង ដែល​ពាក់ព័ន្ធនឹងការ​រំសាយ​អាវុធទាំង​ស្រុង​របស់​​ក្រុម​ហាម៉ាស។ វាគឺជាលក្ខខណ្ឌដ៏ចាំបាច់បំផុត ដើម្បីធានាសន្តិភាព​ទៅថ្ងៃអនាគត​​។ រហូតមកទល់ពេលនេះ ក្រុមហាម៉ាស​​បានបដិសេធថា គេនឹងមិនទម្លាក់អាវុធ​ចោលជាដាច់ខាត​។ ការតស៊ូដោយ​កម្លាំងអាវុធ វាគឺជាសរសៃឈាម ជាឫសកែវរបស់​ក្រុមអ៊ីស្លាមជ្រុលនិយមនេះ តាំងតែពីពេលចាប់កំណើតដំបូង​។

ប្រមូលអាវុធ និង​កម្ទេចរចនាសម្ព័ន្ធយោធារបស់​ក្រុមហាម៉ាស​

លោក David Rigoulet-Roze អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថាន​​វិភាគ​​យុទ្ធសាស្ត្របារាំង បានពន្យល់ថា​ ​នៅ​ក្នុង​ផែនការសន្តិភាពរបស់​លោកដូណាល់ ត្រាំ គឺ​គេបានបែងចែងដាច់ស្រលះពីគ្នា រវាង​ “ការ​ប្រមូលអាវុធ” ​ពីដៃក្រុមអាម៉ាស និង “​ការ​កម្ទេច​រចនាសម្ព័ន្ធយោធា” របស់ក្រុមហាម៉ាស។ ការ​ប្រមូលអាវុធ គឺមានន័យថា​​ក្រុមហាម៉ាស​​មានកាតព្វកិច្ច​ប្រគល់គ្រឿងសព្វាវុធទាំងអស់ ដោយ​មានការ​​ឃ្លាំមើលពីអន្តរជាតិ​។ រី​ឯ​ការ​កម្ទេច​រចនាសម្ព័ន្ធយោធា​​​វិញ​ គឺសំដៅទៅដល់ការ​កម្ទេចចោលទាំងស្រុង នូវហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស ដែល​មានដូចជាបណ្តាញផ្លូវ​​រូងក្រោមដី ទីតាំងស្តុក​អាវុធ និង​​ទីតាំងផលិត​អាវុធ​ជាដើម។ ផែនការសន្តិភាពបាន​កំណត់ផងដែរ ថា​មិនយកទោសពៃទេ​ ចំពោះសមាជិកក្រុមហាម៉ាស ដែលស្ម័គ្រចិត្តរួមរស់ដោយសន្តិភាព ឬក៏ចង់​ភៀសខ្លួនទៅរស់នៅបរទេស​​​។

តែទន្ទឹមគ្នានេះ ​កិច្ចព្រមព្រៀងនេះមានខ្លឹមសារ​មិនច្បាស់លាស់ទេ​ ទាក់ទិននឹង “អ្នក​សង្កេតការណ៍​ឯករាជ្យ” ដែលមាន​តួនាទី​​​តាមដានការប្រមូលអាវុធ។ គិតមកទល់ពេលនេះ គ្មានការបញ្ជាក់ណាមួយ ថាក្រុមអ្នកសង្កេតការណ៍​ឯករាជ្យនោះ ជានរណា មកពីណាទេ។​ ​អ្នកវិភាគខ្លះ បានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍​ឯករាជ្យ អាច​ជា​តំណាង​របស់ភាគីអេហ្ស៊ីប ព្រោះថាអេហ្ស៊ីបមានទំនាក់ទំនងល្អជាមួយ​អ៊ីស្រាអែល ហើយក៏ស្គាល់តំបន់​ហ្កាហ្សាច្បាស់​​។ តួកគីក៏អាចមានចំណែកចូលរួមដែរ នៅក្នុងការដាក់សំពាធ​ទៅលើ​ក្រុមហាម៉ាសឲ្យ​ប្រគល់អាវុធ​។

ក្រុមហាម៉ាស​សល់កម្លាំងសមាជិក​​និងអាវុធច្រើន​​

គួរកត់សំគាល់ថា ២ឆ្នាំក្រោយ​សង្គ្រាមនេះ​​ ក្រុមហាម៉ាស​នៅតែមានកម្លាំងដដែលទេ​នៅហ្កាហ្សា​ បើទោះបី​​សមត្ថភាព​ ប្រយុទ្ធបាន​ធ្លាក់ចុះខ្លាំង​​ក៏ដោយ។ ជាក់ស្តែង គ្រាន់តែ​​បទឈប់បាញ់ចូលជាធរមាន ភ្លាម​​ៗ​ ក្រុមហាម៉ាសបានចាប់មនុស្ស​ច្រើននាក់​មក​បាញ់សម្លាប់ចោលនៅតំបន់ហ្កាហ្សា ដោយចោទថាជាជនក្បត់​ឃុបឃិតជាមួយអ៊ីស្រាអែល។ មុនថ្ងៃ​៧តុលា​២០២៣ ក្រុមហាម៉ាសមានសមាជិកសកម្ម ចន្លោះពី២៥០០០ ទៅ​៣០០០០នាក់។ តួលេខខ្លះ​ អះអាងថា២ឆ្នាំមកនេះ ក្រុមហាម៉ាសបានស្លាប់​សមាជិក អស់​ខ្ទង់​ពី៨០០០ទៅ ១២០០០នាក់​។

មិនត្រឹមប៉ុណ្ណោះទេ ក្រុមហាម៉ាសនៅមាន​សល់ គ្រឿងសព្វា​វុធចម្រុះច្រើនប្រភេទ មានទាំង​​​គ្រាប់រ៉ូកែត និងដ្រូន​កែច្នៃ​ ​​​។ អង្គការ Small Arms Survey មានទីតាំង​នៅស្វ៊ីស ធ្លាប់បាន​អះអាងនៅឆ្នាំ​២០១៨​ថា ក្រុមហាម៉ាសមានសមត្ថភាពជាយូរឆ្នាំមកហើយ ក្នុងការ​​កែច្នៃសម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ផលិ​តជា​គ្រាប់រ៉ូកែត​និងអាវុធមួយ​ចំនួន។ មុនអ៊ីស្រាអែលបិទខ្ទប់តំបន់​ហ្កាហ្សា​​ទាំងស្រុង ក្រុមហាម៉ាសធ្លាប់បាន​នាំ​យកគ្រឿងផ្សំ​ផលិត​អាវុធ ចូលមកក្នុងតំបន់ហ្