ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិសាស្រ្តពិភពលោក

នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ សេង ឌីណា នឹង​រាយរ៉ាប់​ពន្យល់​លោក​អ្នកស្តាប់ ​អំពី​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ​ ចាប់តាំង​ពី​សម័យកាល​បុរេប្រវត្តិ រហូត​មកទល់នឹង​សម័យកាល​បច្ចុប្បន្ន ទាំង​ដំណើររឿង​របស់​មនុស្សជាតិ ទាំង​ប្រវត្តិ​ចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍ​នៃ​ចំណេះដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល។

  1. 01/07/2023

    ប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz

    រុស្ស៊ី គឺ​ជា​ប្រទេស​មហាអំណាច​ដ៏​ចម្បងមួយ នៅ​ក្នុង​វិស័យ​អវកាស នៅក្នុង​ពេល​បច្ចុប្បន្ន​ ជាមួយ​នឹង​បច្ចេកវិទ្យា​រ៉ុកកែត និង​យាន​អវកាស ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក គឺ សូយូស (Soyuz)។ Soyuz ​ជា​បច្ចេកវិទ្យា​បន្សល់​ទុក​តាំង​ពី​សម័យ​សហភាព​សូវៀត ហើយ​ត្រូវបាន​អភិវឌ្ឍ​ចេញ​ពី​បច្ចេកវិទ្យា​រ៉ុកកែត V2 របស់​អាល្លឺម៉ង់ ដោយ​វិស្វករ​សូវៀត ឈ្មោះ Sergei Korolev ដែល​ត្រូវ​បាន​គេចាត់ទុក​ជា​បិតា​នៃ​កម្មវិធី​អវកាស​សូវៀត។ Sergei Pavlovich Korolev កើតនៅ​ឆ្នាំ១៩០៧ នៅ​ហ្ស៊ីតូមៀរ (Zhytomyr) ប្រទេស​អ៊ុយក្រែន ដែល​កាលណោះ ស្ថិត​នៅ​ក្នុង​រង្វង់​ចក្រភព​រុស្ស៊ី និង​ក្រោយ​មកទៀត ជារដ្ឋមួយ​ ក្នុង​សហភាព​សូវៀត។ Korolev បាន​បញ្ចប់​ការ​សិក្សា​ពី​សាលាប៉ូលីតិចនិក​ក្រុងកៀវ និង​ពី​សកលវិទ្យាល័យ​ម៉ូស្គូ ដោយ​ចាប់យក​ជំនាញ​ខាង​វិស្វកម្ម​យន្តហោះ និង​ម៉ូទ័រ​រ៉ុកកែត ហើយ​​បាន​បង្កើត​ក្រុមការ​ងារស្រាវជ្រាវ​ផ្នែក​រ៉ុកកែតអវកាស​មួយ ដែល​បាន​ទទួលជោគជ័យ​ក្នុងការ​ផលិត​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ​ជាលើកទីមួយ ក្នុង​ប្រវត្តិសាស្រ្ត​សូវៀត នៅ​ឆ្នាំ១៩៣៣។ ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំក្រោយ​មក​ទៀត Korolev បាន​ក្លាយ​ជា​ជនរងគ្រោះ ដោយ​នយោបាយ​ឃោរឃៅ​នៃ​របបស្តាលីន ហើយ​បាន​ក្លាយ​ជា​អ្នក​ទោស​នយោបាយ នៅ​ឆ្នាំ១៩៣៨។ Korolev ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ក្នុងគុក ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដាក់​ក្នុងគុកនៅ​ស៊ីបេរី​ជាច្រើន​ខែ មុននឹង​​ត្រូវ​បាន​គេ​បញ្ជូន​មក​ម៉ូស្គូវិញ ហើយ​តាមរយៈអន្តរាគមន៍​របស់ Andrei Tupolev (អ្នកបង្កើតយន្តហោះធុន Tupolev) Sergei Korolev ក៏​ត្រូវ​បាន​គេ​ដាក់បញ្ចូល​ទៅ​ក្នុង​ក្រុមស្រាវជ្រាវ​វិទ្យាសាស្រ្ត​មួយ ជាមួយ​អ្នក​វិទ្យាសាស្រ្ត​​ផ្សេងទៀតដែល​ជាប់ទោស​នយោបាយ​ដូចគ្នា។ នៅ​ក្នុងអំឡុងពេលនោះ រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​លោកលើកទី២ ហើយ​ Korolev ​ត្រូវ​បាន​គេ​ចាត់​ឲ្យ​ទទួលបន្ទុក​ដឹកនាំ​​ស្រាវជ្រាវ​ផលិតរ៉ុកកែត ដើម្បី​ប្រជែង​ជាមួយ​នឹង​រ៉ុកកែត V2 របស់​អាល្លឺម៉ង់ ហើយ​នៅ​ឆ្នាំ១៩៤៥ នៅ​ក្រោយ​ពេល​កងទ័ព​សូវៀត វាយ​ដណ្តើម​កាន់កាប់​ទីតាំង​រ៉ុកកែត​របស់​អាល្លឺម៉ង់ ដោយ​រឹបអូសបាន​ទាំង​តួរ៉ុកកែត និង​ប្លង់​រ៉ុកកែត V2, Korolev ក៏​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​​អាល្លឺម៉ង់ ដើម្បី​​មើលការខុសត្រូវ​ក្នុងការ​នាំយក​បច្ចេកវិទ្យា​រ៉ុកកែត V2 ​នេះ​ទៅ​ផលិត​ជា​រ៉ុកកែត​ថ្មី សម្រាប់​សហភាព​សូវៀត។ ចេញ​ពី​ម៉ូដែល​រ៉ុកកែត V2 នេះ Korolev បាន​ផលិតចេញ​ជា​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ខ្លី​មួយ​ប្រភេទ ដែលគេ​ឲ្យ​ឈ្មោះ​ថា Scud ហើយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជាទូទៅ នៅ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​ត្រជាក់។ បន្ទាប់មកទៀត នៅ​ឆ្នាំ១៩៥៣ Korolev បាន​ចាប់ផ្តើម​រៀបចំផលិត​រ៉ុកកែតប្រភេទ​ថ្មីមួយទៀត គឺ​រ៉ុកកែត​ធុន R-7 ដែល​ជា​មីស៊ីលបាលីស្ទិក​អន្តរទ្វីប​​ដំបូង​បង្អស់​នៅលើ​ពិភពលោក អាច​បាញ់បាន​ចម្ងាយ​​រហូតដល់​ទៅ ៨០០០គីឡូម៉ែត្រ ហើយ​អាច​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ​ កម្លាំង ពី៣ ទៅ ៥មេហ្កាតោន។ ក៏ប៉ុន្តែ ក្រៅពីជា​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ R-7 ក៏​ត្រូវ​បាន​គេយក​ទៅប្រើ​ជា​រ៉ុកកែតអវកាស​ផងដែរ... ជារ៉ុកកែតអវកាស ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅក្នុង​វិស័យ​អវកាស​របស់​សូវៀត។ R-7 គឺជាប្រភេទ​រ៉ុកកែត ដែល​មាន​ពីរកំណាត់ ដោយ​នៅ​កំណាត់ទីមួយ មានតួរ៉ុកកែត​ធំមួយ​នៅចំកណ្តាល បំពាក់ទៅដោ​យម៉ូទ័រ​ (ធុន RD-108)ចំនួន ២គ្រឿង អមទៅដោយ​ប៊ូស្ទ័រ​ចំនួន ៤ នៅ​ជុំវិញ ដោយ​ប៊ូស្ទ័រនីមួយៗ បំពាក់ទៅដោយ​ម៉ូទ័រ​ (ធុន RD-107)ចំនួន ១គ្រឿង។ ខុសពី​រ៉ុកកែតអវកាស​ភាគច្រើន ដែល​មាន​ប៊ូស្ទ័រ​ប្រើ​ឥន្ធនៈរឹង ប៊ូស្ទ័រ​ទាំង ៤គ្រឿង របស់​រ៉ុកកែត​ធុន R-7 គឺ​ជា​ប្រភេទ​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ ដែលមានន័យថា នៅ​ក្នុង​រ៉ុកកែត R-7 ទាំងមូល រាប់ចាប់តាំង​ពី​ប៊ូស្ទ័រ ​តួរ៉ុកកែតកំណាត់​ទីមួយ រហូត​ទៅដល់​​កំណាត់​ទីពីរ សុទ្ធតែ​ប្រើ​ឥន្ធនៈរាវ​ដូចគ្នា​ទាំងអស់ គឺ​ឥន្ធនៈប្រភេទ KeroLox ពោលគឺ កេរ៉ូសែន និង​អុកស៊ីសែន​រាវ។ រ៉ុកកែត R-7 ត្រូវបានគេ​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​ជាលើកទីមួយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៧។ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៧ រ៉ុកកែត R-7 ត្រូវ​បាន​គេ​យក​ទៅប្រើ ដើម្បី​បាញ់បង្ហោះ​ផ្កាយរណប​ដំបូងបង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ គឺ​​ផ្កាយរណប Sputnik។ មួយខែក្រោយ​មកទៀត នៅថ្ងៃទី៣ វិច្ឆិកា នៅ​ក្នុងពេល​ដែល​សហរដ្ឋ​អាមេរិក​នៅ​មិនទាន់បាន​ទទួល​ជោគជ័យ ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណប​បាន​មួយគ្រឿង​នៅឡើយ Korolev និង​ក្រុមការងារ​បាន​

    11 min
  2. 10/06/2023

    ប្រវត្តិរ៉ុកកែត Ariane របស់​អឺរ៉ុប

    រ៉ុកកែត​ Ariane-5 គឺ​ជា​រ៉ុកកែត​ដ៏មាន​ប្រសិទ្ធភាព និង​មាន​អត្រាជោគជ័យ​ខ្ពស់ ហើយ​ជា​គន្លឹះជួយ​ឲ្យ​អឺរ៉ុប​បាន​គ្រប់គ្រង​ទីផ្សារ​បាញ់បង្ហោះ​ផ្កាយរណប​ពាណិជ្ជកម្ម នៅ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ។ ក៏ប៉ុន្តែ មុននឹង​ឈាន​មក​ដល់​ជោគជ័យ​នេះ កម្មវិធីរ៉ុកកែតអវកាស​របស់​អឺរ៉ុប​បាន​ឆ្លងកាត់​នូវ​បរាជ័យ​ជាច្រើន រហូត​ស្ទើរតែ​ត្រូវ​បាន​គេ​បោះបង់ចោល។ នៅក្នុងអំឡុងទសវត្សរ៍​ឆ្នាំ១៩៦០ នៅ​ក្នុងពេល​ដែល​វិស័យអវកាស​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​​កំពុង​បោះជំហាន​ទៅមុខយ៉ាងលឿន នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​អវកាស ក្នុង​សង្គ្រាមត្រជាក់ នៅ​អឺរ៉ុប​ឯណេះវិញ វិស័យអវកាស​ត្រូវ​ជាប់គាំងទៅមុខមិនរួច ដោយ​ការព្យាយាម​បង្កើត​កម្មវិធី​អវកាស​រួមគ្នា ក្នុង​ក្របខណ្ឌ​អឺរ៉ុប ជាពិសេស គម្រោង​ផលិត​រ៉ុកកែត​អវកាស « Europa » ត្រូវ​ទទួល​បរាជ័យ។ ស្ថិត​នៅ​ក្នុងស្ថានភាព​ជាប់គាំង ក្នុង​កិច្ចសហប្រតិបត្តិការ​ក្របខណ្ឌ​អឺរ៉ុប​នេះ បារាំង តាមរយៈ​មជ្ឈមណ្ឌលអវកាស ដែល​ហៅ​ជា​ភាសា​បារាំង​ថា Centre nationale d’études spatiales ហៅកាត់​ថា CNES ក៏បាន​ផលិត​រ៉ុកកែតអវកាស​ផ្ទាល់​ខ្លួនឯង គឺ​រ៉ុកកែត​ធុន Dimant ដែល​ត្រូវ​បាន​បាញ់បង្ហោះ​ដោយជោគជ័យ​ជាលើកទីមួយ នៅ​ឆ្នាំ១៩៦៥។ តាមរយៈ​ជោគជ័យ​នេះ បារាំង​ក៏​បាន​ក្លាយ​ជា​ប្រទេស​មហាអំណាច​អវកាស​ទីបី បន្ទាប់​ពី​អាមេរិក និង​សូវៀត ក៏ប៉ុន្តែ រ៉ុកកែត​ធុន Diamant នេះ ក៏​នៅតែ​មិន​អាច​ជួយ​ឲ្យបារាំង និង​អឺរ៉ុប​មាន​ឯករាជ្យ​នៅ​ក្នុង​វិស័យ​អវកាស​បាននោះដែរ ដោយសារ​តែ​វា​ជា​ប្រភេទ​រ៉ុកកែត​ធុនតូច អាច​ផ្ទុក​ទម្ងន់​បានត្រឹមប្រមាណ​ជា ២០០គីឡូក្រាម​តែ​ប៉ុណ្ណោះ ទៅ​គន្លង​តារាវិថី​ទាប (Low Earth Orbit) ដែល​ជា​ហេតុធ្វើ​ឲ្យ​ការ​បាញ់បង្ហោះ​ផ្កាយ​រណប​ជាច្រើន​របស់​​អឺរ៉ុប​ត្រូវ​ពឹងផ្អែក​លើ​រ៉ុកកែត​របស់​អាមេរិក។ ហេតុដូច្នេះហើយ​បាន​ជា​​បារាំង​នៅតែ​បន្តព្យាយាម​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ក្នុងក្របខណ្ឌ​អឺរ៉ុប ដើម្បី​ឈាន​ទៅ​ផលិត​រ៉ុកកែត​ធុនធ្ងន់ផ្ទាល់​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹង​លើ​អ្នកដទៃ។ គម្រោង​អវកាស​អឺរ៉ុប ដែល​បារាំង​ចង់ធ្វើ ដោយ​មាន​ប្រទេស ៣ ជា​ជំហរ គឺ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅពេលនោះ អាល្លឺម៉ង់​មិនសូវ​ជា​ចាប់អារម្មណ៍​ចង់​ចូលរួម ដោយសារ​តែ​​មើល​ឃើញ​ពី​បរាជ័យ​ក្នុងគម្រោង « Europa » កាលពីមុន។ ចំណែក​អង់គ្លេស​វិញ ក៏មិនសូវ​ជា​ចង់​ចំណាយលុយ​​លើ​គម្រោង​ផលិត​រ៉ុកកែត​ថ្មី ដោយសារ​តែ​រំពឹង​លើ​រ៉ុកកែត​របស់​ណាសា។ ក៏ប៉ុន្តែ អ្វីៗ​ត្រូវ​ប្រែប្រួល ជាមួយ​នឹង​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អាមេរិក ជុំវិញ​ការ​បាញ់បង្ហោះ​ផ្កាយរណប​អឺរ៉ុប ឈ្មោះ Symphonie។ Symphonie គឺ​ជា​ប្រភេទ​ផ្កាយរណប​ទូរគមនាគមន៍ ដែល​ផលិតឡើង​ ក្នុង​គម្រោង​រួមគ្នា រវាង​បារាំង និង​អាល្លឺម៉ង់ ហើយ​ដែល​ត្រូវ​បាញ់បង្ហោះ​ទៅដាក់​ក្នុង​គន្លងតារាវិថី Geostationnary ពោលគឺ ទៅដល់​រយៈកម្ពស់​រហូតដល់​ទៅ​ជាង ៣៥ម៉ឺន​គីឡូម៉ែត្រ​ពីដី។ ដោយសារ​តែ​អឺរ៉ុប​មិនមាន​រ៉ុកកែត​ធុនធ្ងន់​អាច​បាញ់បង្ហោះ​ផ្កាយរណប​នេះ​បាន គេ​ក៏​​ត្រូវការ​ទៅ​ពឹងអាមេរិក​ ដែល​នៅ​ពេលនោះ គឺ​ជា​ប្រទេស​មួយគត់ នៅ​ក្នុង​ចំណោម​ប្រទេស​លោកខាងលិច ដែល​មាន​រ៉ុកកែត​អវកាស​ធុនធ្ងន់ មានសមត្ថភាព​អាច​បាញ់បង្ហោះ​ផ្កាយរណប Symphonie ​នេះ​បាន។ នៅពេលនោះ អាមេរិកយល់ព្រម​បាញ់បង្ហោះ​ផ្កាយរណប Symphonie ឲ្យ​អឺរ៉ុប ក៏ប៉ុន្តែ ដោយ​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌមួយ គឺ ​​ផ្កាយរណបនេះ ​អឺរ៉ុប​អាច​យក​ទៅប្រើប្រាស់​បានសម្រាប់​តែ​អឺរ៉ុប​ខ្លួនឯងតែ​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​យក ទៅធ្វើ​អាជីវកម្ម​​នៅលើ​ទីផ្សារ​ទូរគមនាគមន៍​​​នោះទេ។ ការណ៍​ដែល​អាមេរិក​ដាក់លក្ខខណ្ឌ​បែបនេះ គឺ​ដើម្បី​ការពារ​ចំណែកទីផ្សារ​របស់ខ្លួន ពី​ការ​ប្រកួតប្រជែង​ពី​អឺរ៉ុប ក៏ប៉ុន្តែ សម្រាប់​អឺរ៉ុប​ នេះ​គឺ​ជា​ការ​ដាស់ស្មារតី​ឲ្យ​ភ្ញាក់ខ្លួនថា ដើម្បី​អាច​មាន​នយោបាយ​អវកាស​ឯករាជ​ផ្ទាល់​ខ្លួនឯង អាច​ទាញយកផលចំណេញ​ពី​សក្តានុពល​វិស័យអវកាស​​ដោយ​ពេញលេញ​សម្រាប់​ខ្លួនឯង អឺរ៉ុប​ចាំបាច់​ត្រូវតែ​មាន​​​រ៉ុកកែតអវកាស​ផ្ទាល់ខ្លួនឯង។ នៅទីបំផុត​ទៅ នៅ​​ឆ្នាំ១៩៧៣ បារាំង​ក៏បាន​ទទួល​ជោគជ័យ ក្នុងការ​បញ្ចុះបញ្ចូល​​អាល្លឺម៉ង់ និង​អង់គ្លេស ព្រមទាំង​ប្រទេស​មួយ​ចំនួន​ទៀត ឲ្យ​​ចូល​រួម​បង្កើត​កម្មវិធី​អវកាស​រួមគ្នា ហើយគម្រោង​អភិវឌ្ឍ​រ៉ុកកែត​ “អារីយ៉ាន” ​ក៏​បាន​ចាប់កំណើតឡើង ដោយ​មាន​បារាំង​ជា​អ្នក​ចេញមុខ​រ៉ាប់រង​ការចំណាយច្រើន​ជាងគេ ​​ការគ្រ

    9 min
  3. 27/05/2023

    ប្រវត្តិរ៉ុកកែត៖ យានចម្លងអវកាស (Space Shuttle)

    ក្រោយពី​ទទួល​​ជោគជ័យ​​ក្នុងការ​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ ក្នុង​គម្រោង​អាប៉ូឡូ ទីភ្នាក់ងារ​ណាសា ដែល​កញ្ចប់​ថវិកា​ត្រូវ​កាត់បន្ថយ​ច្រើន ក៏​បាន​សម្រេច​បញ្ចប់​គម្រោង​ផលិត​រ៉ុកកែត Saturn V ហើយ​ងាកមក​ផ្តោត​លើ​គម្រោង​ថ្មី គឺ​យាន​ចម្លង​អវកាស (Space Shuttle) ក្នុងគោលដៅ​បង្កើត​ប្រព័ន្ធ​ដឹកជញ្ជូនអវកាសមួយ ដែល​អាច​ប្រើ​បាន​ច្រើន​ដង ហើយ​មាន​តម្លៃ​ថោកជាង​រ៉ុកកែត​ក្នុងគម្រោង​អាប៉ូឡូ។  នៅឆ្នាំ១៩៦៩ នៅពេលដែល Niel Armstrong និង Buzz Aldrin ​ឈានជើង​ជាន់ដី​ព្រះចន្ទ អាមេរិក​ក៏​បាន​ក្លាយ​ជា​ប្រទេស​ដែល​ទទួលជោគជ័យ ក្នុង​ការប្រជែង​អវកាស ដោយ​យក​ឈ្នះ​លើ​សហភាព​សូវៀត ហើយ​ក្នុងពេល​ជាមួយគ្នា កម្មវិធី​អាប៉ូឡូ ដែល​ត្រូវ​បាន​គេ​បង្កើតឡើងមក​ក្នុង​គោលដៅចម្បង​ ដើម្បី​​ប្រណាំង​ប្រជែង​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​នេះ ក៏​ត្រូវ​ឈាន​មក​ដល់​ចំណុច​របត់​ដ៏​សំខាន់​មួយផងដែរ។ ជាមួយនឹង​នឹង​កញ្ចប់​ថវិកា​ដែល​ត្រូវ​កាត់បន្ថយ​ដោយ​សភា​អាមេរិក ទីភ្នាក់ងារ​ណាសា​ក៏​បាន​ងាកចេញ​ពី​រ៉ុកកែត Saturn V នៃ​គម្រោង​អាប៉ូឡូ ទៅបង្កើត​គម្រោង​ថ្មី​មួយទៀត គឺ​យានចម្លងអវកាស (Space Shuttle)។  គោលគំនិត​ចម្បង នៃ​គម្រោង​​យានចម្លង​អវកាស​នេះ គឺ​ចង់​ជំនួស​ការប្រើ​រ៉ុកកែត ដែល​បាញ់បានតែម្តង ហើយ​ត្រូវ​បោះចោល ដែល​ត្រូវ​ចំណាយលុយច្រើន ដោយ​ការប្រើ​​​រ៉ុកកែត និង​យាន​អវកាស ដែល​អាចប្រើ​បានច្រើន​ដង ដើម្បី​​អាច​កាត់បន្ថយ​ការ​ចំណាយ នៅ​ក្នុង​​​ការធ្វើ​ដំណើរ​ទៅក្នុង​ទីអវកាស​។ Space Shuttle នៅ​ក្នុង​គម្រោង​ថ្មី​នេះ មានទម្រង់​ជា​កូនកាត់ គឺ​ពាក់កណ្តាល​ជាយន្តហោះ និង​ពាក់កណ្តាល​ជា​រ៉ុកកែត។ ក្នុងនោះ តួយាន ដែលណាសា​ហៅជាភាសាអង់គ្លេស​ថា « Orbiter » មាន​ស្លាប និង​មាន​កង់ ដែល​អាច​ចុះចត​​ដូច​យន្តហោះ ក៏ប៉ុន្តែ នៅលើ​យាន​នេះ មាន​ម៉ូទ័រ​ចំនួន ៣គ្រឿង ដែល​ជា​ប្រភេទ​ម៉ូទ័ររ៉ុកកែតអវកាស ធុន RS-25 សម្រាប់​ប្រើ​នៅពេល​បាញ់បង្ហោះ​យាន​ចេញ​ពី​ដី។ នៅពេល​បាញ់ចេញ​ពីដី Space Shuttle ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ធុងឥន្ធនៈ​ដ៏ធំមួយ​នៅ​កណ្តាល ដែល​មាន​ផ្ទុក​អុកស៊ីសែន និង​អ៊ីដ្រូសែន​រាវ សម្រាប់​ម៉ូទ័រ RS-25 ទាំង ៣គ្រឿង ហើយ​នៅ​អមសងខាង​ធុងឥន្ធនៈ​នេះ មាន​ភ្ជាប់​​ប៊ូស្ទ័រ​ចំនួន​ពីរ ដែល​​ជា​ប្រភេទ​ប៊ូស្ទ័រ​ប្រើ​ឥន្ធនៈ​រឹង (Solid fuel)។ ម៉ូទ័រ RS-25 ទាំង៣គ្រឿង បូករួម​ជាមួយ​នឹង​​ប៊ូស្ទ័រ​ទាំង​សងខាង​របស់ Space Shuttle នេះ បង្កើត​ជា​កម្លាំងរុញ​សរុប​ជាង ៣០​មេហ្កាញូតុន (កម្លាំងខ្លាំងជាង Falcon Heavy របស់​ក្រុមហ៊ុន SpaceX បច្ចុប្បន្ន​នេះ​ទៅទៀត) ហើយ​អាច​ផ្ទុក​ទម្ងន់​​បាន​ជាង ២៤តោន ទៅ​ដល់​គន្លង​តារាវិថី​ទាប (Low Earth Orbit)។ ក្រោយ​ពី​បាញ់ចេញ​ពីដី ប៊ូស្ទ័រ​ទាំងពីរ អាច​មាន​ដំណើរការ​រយៈពេល ២នាទី ទើប​អស់​ឥន្ធនៈ ហើយ​ត្រូវ​ផ្តាច់ខ្លួន​ចេញ មុននឹង​បើកឆ័ត្រយោង​​ទម្លាក់​ខ្លួនសន្សឹមៗ​​ទៅ​លើ​ទឹកសមុទ្រ ដោយ​មាន​នាវា​នៅ​រង់ចាំ ដើម្បី​ស្រង់​ចេញ​ពី​ទឹក យក​ទៅ​​ជួសជុល​កែលម្អ ទុកប្រើ​នៅពេល​ក្រោយ។ ចំណែក តួយាន ឬ Orbiter ឯណោះវិញ​ ម៉ូទ័រ RS-25 ទាំង ៣គ្រឿង​ អាច​មាន​ដំណើរការ​រហូតដល់​ទៅ ៨​នាទី​​ឯណោះ ពោលគឺ រហូតទាល់តែ​អាច​ធ្វើ​ដំណើរ​ទៅដល់​ក្នុង​គន្លង​តារាវិថី ទើប​ប្រើ​អស់​ឥន្ធនៈ ហើយ​ធុងឥន្ធនៈ​ក៏​ត្រូវ​ផ្តាច់​ចេញ​ពី​​តួយាន។ ក្រោយ​ពី​បញ្ចប់​បេសកកម្ម, តួយាន (Orbiter) ដែល​មាន​ស្រោបជុំវិញ​ទៅ​ដោយ​ខែល​ការពារ​កម្តៅ ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ចូល​មក​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​វិញ ដើម្បី​សំដៅ​ទៅ​ចុះចត​នៅ​ទីតាំងដើមវិញ គឺ​​នៅ​ឯ​មជ្ឈមណ្ឌល​អវកាស​របស់​ណាសា​នៅ Cape Canaveral រដ្ឋ​ផ្លរីដា​។ យានចម្លង​អវកាស​ឈ្មោះ Columbia ត្រូវ​បាន​គេ​បាញ់បង្ហោះ​ដោយ​ជោគជ័យ​ជាលើកទីមួយ នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៨១ ដោយ​បាន​ដឹកអវកាស​យានិក​ចំនួន ២រូប ទៅ​ក្នុង​គន្លង​តារាវិថី មុននឹង​វិលត្រឡប់​មក​ចុះចត​លើ​ដីវិញ​ដោយ​សុវត្ថិភាព ពីរថ្ងៃក្រោយ​មក​ទៀត។ រាប់ចាប់តាំង​ពី​ពេលនោះមក រហូត​មកទល់​នឹង​ឆ្នាំ២០១១ Space Shuttle ចំនួន ៥គ្រឿង ត្រូវ​បាន​គេ​ផលិត និង​ដាក់​ឲ្យប្រើប្រាស់ គឺ​ Columbia, Challenger, Discovery, Atlantis និង Endeavour ដោយ​យាន​ទាំង ៥គ្រឿងនេះ បាន​បំពេញ​បេសកកម្ម​ទៅក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី គិត​ជាសរុប​ចំនួន ១៣៥​លើក ក្នុងនោះ រួមមាន​ទាំង​បេសកកម្ម​បាញ់បង្ហោះ​ផ្កាយរណប បេសកកម្មបង្ហោះ​ និង​ជួសជុលថែទាំ​តេឡេស្កុបអវកាស​ហឺបល បេសកកម្ម​ដំឡើង​ស្ថានីយ៍អវកាសអន្តរជាតិ ក៏​ដូចជា បេសកកម្ម​ដឹកជញ្ជូន​សម្ភារៈ និង​អវកាសយានិក​ទៅមក រវាង​ផែនដី និង​ស្ថានីយ៍អវកាស​អន្តរជាតិ។ ក៏ប៉ុន្តែ ជាមួយនឹង​ជោគជ

    10 min
  4. 03/04/2023

    រ៉ុកកែតអាល្លឺម៉ង់ V2៖ ឫសគល់​នៃ​បច្ចេកវិទ្យារ៉ុកកែតសម័យទំនើប

    រ៉ុកកែត​អវកាស (ក៏ដូចជា​​រ៉ុកកែត​​យោធា) មាន​ឫសគល់​​​ចេញ​ពី​ការរកឃើញ​រំសេវ និង​កាំជ្រួច​បាញ់​ជាការកម្សាន្ត នៅ​​ចិន​សម័យបុរាណ ហើយ​មាន​​​មូលដ្ឋាន​វិទ្យាសាស្រ្ត ពី​ច្បាប់​ចលនា​របស់​អ៊ីសាក់ ញូតុន។ ក៏ប៉ុន្តែ បច្ចេកវិទ្យា​រ៉ុកកែត​សម័យទំនើប ដែល​គេ​ប្រើ​ជាទូទៅ នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ មាន​ឫសគល់​ចេញ​ពី​អាវុធ​ដ៏​សំខាន់​មួយ របស់​អាល្លឺម៉ង់​ណាស៊ី ក្នុង​សម័យ​សង្គ្រាម​លោក​លើកទីពីរ គឺ​រ៉ុកកែត ដែល​គេ​ឲ្យឈ្មោះ​ថា V-2​ រចនាឡើង​ដោយ​វិស្វកររ៉ុកកែត​ដ៏ល្បី​របស់​អាល្លឺម៉ង់ គឺ Wernher von Braun។ Wernher von Braun កើត​នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩១២ នៅក្នុងត្រកូល​​ស្តុកស្តម្ភ​មួយ​ នៅ​អាល្លឺម៉ង់។ ​ជាក្មេង ដែល​ពីដំបូង​មិន​សូវ​ជា​រៀន​ពូកែ​ប៉ុន្មាននោះទេ ជាពិសេស មិនសូវពូកែ​ខាង​មុខវិជ្ជា​វិទ្យាសាស្រ្ត គឺ​គណិតវិទ្យា និង​រូបវិទ្យា ក៏ប៉ុន្តែ ជា​ក្មេង​ដែល​​ដក់ចិត្តខ្លាំង​ទៅលើ​ផ្នែក​អវកាស និង​តារាសាស្រ្ត។ ចំណុចរបត់ចម្បង​​ ដែល​នាំ von Braun ​ទៅ​រក​ដំណើរជីវិត​ជា​អ្នក​វិទ្យាសាស្ត្រ គឺ​កើតឡើង នៅ​ក្នុង​អំឡុង​ឆ្នាំ១៩២៥។ នៅ​ពេល​នោះ von Braun ដែល​មាន​វ័យ ១៣ឆ្នាំ បាន​អាន​សៀវភៅមួយក្បាល​​និពន្ធ​ដោយ​​អ្នកវិទ្យាសាស្រ្ត​អាល្លឺម៉ង់​​មួយរូប ដែល​ត្រូវបានគេ​ចាត់បញ្ចូល​ទៅក្នុង​ចំណោម​បិតាស្ថាបនិក​ទាំង៣រូប នៃ​វិទ្យាសាស្រ្ត​រ៉ុកកែត គឺ Hermann Oberth ។ សៀវភៅ​​នេះ​និយាយ​អំពី​​ចក្ខុវិស័យ​ក្នុងការប្រើ​រ៉ុកកែត នៅ​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់ទីអវកាស ដែលជាប្រធានបទ​ត្រូវនឹង​ចំណង់ចំណូលចិត្ត​របស់ von Braun ក៏ប៉ុន្តែ នៅក្នុងសៀវភៅនេះ មាន​ចំណុច​បច្ចេកទេសជាច្រើន ដែលពិបាកយល់ ដោយសារ​តែ von Braun ​មិនសូវពូកែ​ខាង​រូបវិទ្យា និង​គណិតវិទ្យា។ ចាប់ពីពេលនោះហើយ ដែល von Braun ចាប់ផ្តើម​យកចិត្ត​ទុកដាក់ ប្រឹងប្រែង​រៀនសូត្រ​ រហូត​បាន​ក្លាយ​ជា​សិស្សឆ្នើម​មួយរូប​នៅ​សាលារៀន។ Von Braun បាន​រៀនចប់​ថ្នាក់​វិស្វករខាង​​មេកានិក ហើយ​បន្ត​ការសិក្សា​រហូត​បាន​បញ្ចប់​សញ្ញា​បត្រ​ថ្នាក់​បណ្ឌិត ពី​​សកលវិទ្យាល័យ​ក្រុងប៊ែរឡាំង។ ​ក្នុង​ពេល​ជាមួយគ្នា von Braun ក៏​បាន​ចូលរួម​យ៉ាងសកម្ម​ផងដែរ នៅ​ក្នុង​ក្រុមសិក្សាស្រាវជ្រាវ​ខាង​រ៉ុកកែត ជាពិសេស គឺ​បាន​ទៅធ្វើ​ជា​ជំនួយការ​ឲ្យ​ Hermann Oberth នៅ​ក្នុង​ការ​ស្រាវជ្រាវ និង​ពិសោធន៍ ទៅលើ​ម៉ូទ័រ​រ៉ុកកែត ដែល​ប្រើ​ឥន្ធនៈរាវ (Liquid-fuel)។ គិតត្រឹម​ចុងឆ្នាំ១៩៣៤ ក្រុមការងារ​របស់ von Braun បាន​ផលិត និង​សាកល្បង​ប្រកប​ដោយ​ជោគជ័យ នូវរ៉ុកកែត​​ប្រើ​ឥន្ធនៈរាវ​ចំនួន​ពីរដើម ដែល​អាច​ហោះឡើង​ទៅដល់​រយៈកម្ពស់ ២៤០០ម៉ែត្រ​ពីដី ដែល​ជា​រយៈកម្ពស់​មួយ​ដ៏ខ្ពស់​ សម្រាប់​បច្ចេកវិទ្យារ៉ុកកែត ក្នុងសម័យកាល​នោះ។ ក៏ប៉ុន្តែ គិតមកទល់នឹង​ពេលនោះ អាល្លឺម៉ង់​ ដែល​ស្ថិត​ក្រោម​​កាន់​អំណាច​របស់​ហ៊ីត្លែរ បាន​ហាមឃាត់​​​ការ​សិក្សា និង​សាកល្បង​រ៉ុកកែត​ជាលក្ខណៈ​ឯកជន​ ដោយគ្រប់គម្រោង​សិក្សាស្រាវជ្រាវ​លើ​រ៉ុកកែត​ទាំងអស់​ ត្រូវ​ដាក់​​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព ហើយ​ប៉ុន្មានឆ្នាំក្រោយមកទៀត នៅ​ក្នុង​ពេល​ដែល​ពិភពលោក​​កំពុង​ឆាបឆេះ​ដោយ​សង្គ្រាម (​សង្គ្រាម​លោក​លើកទី២) von Braun ​ក៏​ត្រូវ​បាន​តែងតាំង​ឲ្យដឹកនាំ​ក្រុមស្រាវជ្រាវ​ដ៏ធំមួយ​របស់​កងទ័ព​អាល្លឺម៉ង់។ គោលដៅ គឺ​យកបច្ចេកវិទ្យារ៉ុកកែត ទៅផលិត​ជា​អាវុធ ដើម្បី​ប្រើ​នៅ​ក្នុង​សង្គ្រាម​ ហើយ​អាវុធ​ ដែល​ von Braun ផលិតបាន ​សម្រាប់​កងទ័ព​អាល្លឺម៉ង់​នៅពេលនោះ គឺ​រ៉ុកកែត ដែលគេ​ឲ្យឈ្មោះថា V-2។ រ៉ុកកែត V-2 ​នេះ ជា​ប្រភេទ​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ មានប្រវែង ១៤ម៉ែត្រ​ ទម្ងន់​​តួ​រ៉ុកកែត ១៣តោន ផ្ទុក​ក្បាលគ្រាប់​ទម្ងន់​ជិត​១តោន ហើយ​អាច​​បាញ់ឡើងទៅលើ​​ដល់​រយៈកម្ពស់​រហូត​ដល់​ទៅ​ជាង ១៧០គីឡូម៉ែត្រ​ពីដី ពោលគឺ​ជា​រ៉ុកកែត​ដំបូងបង្អស់ ក្នុង​ប្រវត្តិសាស្រ្ត ដែល​អាច​ធ្វើដំណើរ​ចេញ​ផុត​ពីស្រទាប់​បរិយាកាស​ផែនដី ចូល​ទៅដល់​ក្នុង​លំហអវកាស។ រ៉ុកកែត V-2 ត្រូវ​បាន​បាញ់សាកល្បង​ដោយជោគជ័យ​ជាលើកដំបូង នៅ​ឆ្នាំ១៩៤២ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​ នៅ​ឆ្នាំ១៩៤៤ ដោយ​ប្រើ​ជាលើកដំបូងបង្អស់ វាយប្រហារ​ទៅលើ​ទីក្រុង​ប៉ារីស នៅខែកញ្ញា ឆ្នាំ១៩៤៤ គឺ ៣ខែក្រោយ​ពី​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​វាយលុកចូល​រំដោះប្រទេស​បារាំង តាមឆ្នេរ​ Normandie។ នៅពេល​ដែល​សង្គ្រាម​លោកលើកទី២​ឈាន​ចូល​ដល់​ទីបញ្ចប់ ហើយ​អាល្លឺម៉ង់​ត្រូវ​ចាញ់​សង្គ្រាម ទាំងសហរដ្ឋ​អាមេរិក និង​ទាំង​សហភាព​សូវៀត សុទ្ធតែ​បាន​ប្រជែងគ្នា​ចូល​កាន់កាប់​ទីតាំង​

    10 min
  5. 27/03/2023

    ប្រវត្តិរ៉ុកកែត៖ ចាប់ពីចិនសម័យបុរាណ ដល់​ដើមសតវត្សរ៍ទី២០

    បច្ចេកវិទ្យារ៉ុកកែត​បច្ចុប្បន្ន ទាំងរ៉ុកកែតអវកាស និង​រ៉ុកកែតយោធា មានគោលការណ៍គ្រឹះ​ចេញ​ពីទ្រឹស្តី​វិទ្យាសាស្រ្ត​របស់​អ៊ីសាក់ ញូតុន អ្នកប្រាជ្ញ​អង់គ្លេស​នៅ​សតវត្សរ៍ទី១៧។ ក៏ប៉ុន្តែ នៅ​ក្នុងការ​អនុវត្ត​ជាក់ស្តែង រ៉ុកកែត​ត្រូវ​បាន​គេ​ប្រើ​ តាំង​ពី​រាប់រយឆ្នាំ​មុន​អ៊ីសាក់ ញូតុន ទៅទៀត។ ​រ៉ុកកែត​ដំបូង​គេ ដែល​គេ​អាច​បញ្ជាក់បាន​តាមរយៈឯកសារ​ប្រវត្តិសាស្រ្ត គឺ​មាន​ដើមកំណើត​ចេញ​ពី​ចិន​សម័យបុរាណ។ ដំណើររឿង​ចាប់ផ្តើម​ឡើង នៅ​ក្នុងអំឡុង​ពាក់កណ្តាល​​​សតវត្សរ៍​ទី៩ ហើយ​មិនមែន​កើតឡើង​ចេញ​ពីការសិក្សា​ពាក់ព័ន្ធ​នឹង​រ៉ុកកែត​នេះទេ ក៏ប៉ុន្តែ ​កើតឡើង​ដោយ​ចៃដន់​ចេញ​ពី​ពិសោធន៍​ទៅលើ​រឿងផ្សេងពីគ្នា​ដាច់ស្រឡះ។ នៅ​ក្នុង​អំឡុង​ពេលនោះ មានរាជគ្រូចិន​ ដែល​​​ឈ្មោះ​ត្រូវ​បាត់ដាន​​​ប្រវត្តិសាស្រ្ត​​ទៅហើយ​ បាន​ធ្វើ​ពិសោធន៍ស្វែងរក​ថ្នាំ​ទិព្វ​ផ្តល់​ជីវិតអមតៈ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​ផ្សំគ្រឿងធ្វើ​ពិសោធន៍​នេះ ក៏ស្រាប់​តែ​ផ្សំ​ចេញ​បាន​ជា​ម្សៅម្យ៉ាង​ដែល​មាន​ចំហេះ​យ៉ាង​ខ្លាំង ឆាប​ឆេះរលាក​ទាំងខ្លួន​អ្នក​ធ្វើ​ពិសោធន៍ ហើយ​រហូត​ដល់​ឆេះទាំង​កន្លែងធ្វើ​ពិសោធន៍។  នោះ​គឺ​ជា​ការរកឃើញ​ដោយ​ចៃដន់​​នូវ​ម្សៅផ្ទុះ ឬ​រំសេវ ជាលើកដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្រ្ត។ កាល​ពីដំបូង ចិន​នៅមិនទាន់​យករំសេវ​នេះ​ទៅប្រើ​ធ្វើ​ជា​គ្រឿងផ្ទុះ​​​ប្រើ​ក្នុង​វិស័យ​កងទ័ព​​នៅឡើយទេ គឺ​ប្រើ​ធ្វើ​ត្រឹមជា​កាំជ្រួច សម្រាប់​ដុត​លេង​ជា​ការ​​កម្សាន្ត​តែ​ប៉ុណ្ណោះ។ រហូត​ទាល់តែ​ដល់​អំឡុងសតវត្សរ៍​ទី១២ និង​ទី១៣ ក្នុង​រាជវង្ស​សុង ទើប​ចិនយក​​រំសេវ​ធ្វើ​ជា​កាំជ្រួចភ្ជាប់​ជាមួយព្រួញភ្លើង ដើម្បី​ប្រើ​នៅ​ក្នុង​សមរភូមិ ជាពិសេស ប្រើ​​ចាប់ពី​ឆ្នាំ១២៣២ ក្នុង​អំឡុង​សង្គ្រាម​ទល់​នឹង​ពួក​ម៉ុងហ្គោល។ ជាការពិត​ថា រវាង​រ៉ុកកែត​សម័យទំនើប និង​កាំជ្រួចបាញ់លម្អកម្សាន្ត​របស់​ចិន​សម័យបុរាណ​នោះ បច្ចេកវិទ្យា​មានគម្លាតគ្នា​យ៉ាង​ដាច់​​ឆ្ងាយ ក៏ប៉ុន្តែ វា​មាន​មូលដ្ឋាន​វិទ្យាសាស្រ្ត​លើ​គោលការណ៍​គ្រឹះ​តែមួយដូចគ្នា៖ រំសេវ​នៅ​ក្នុង​កាំជ្រួច​ដើរតួនាទី​ជា​ឥន្ធនៈ ប្រៀបបាន​ទៅនឹង​ឥន្ធនៈ​រឹង (Solid Fuel) របស់​រ៉ុកកែត​សម័យ​ទំនើប​ដែរ ហើយ​ប្រតិកម្ម​ចំហេះ​បង្កើត​ឡើង​ដោយ​រំសេវ​ វា​បង្កើត​ឲ្យ​មាន​ជាលំហូរឧស្ម័ន ក្នុង​សីតុណ្ហភាព​យ៉ាងខ្ពស់ និង​ល្បឿន​យ៉ាងលឿន ​ចេញ​ពី​តួរ៉ុកកែត​ចាក់ចុះ​ទៅ​ខាង​ក្រោម រួចហើយ​បង្កើត​ជា​កម្លាំង​រុញ​រ៉ុកកែត​ឲ្យ​ឡើង​ទៅលើ ទៅតាម​គោលការណ៍ ដែល​ប៉ុន្មាន​សតវត្សរ៍​ក្រោយមក​ទៀត​ត្រូវ​បាន​បង្កើត​ជា​ទ្រឹស្តី​វិទ្យាសាស្រ្ត ដោយ ​អ៊ីសាក់ ញូតុន។ ចាប់ពី​អំឡុងសតវត្សរ៍​ទី១៦ រ៉ុកកែត​ត្រូវ​បាន​គេ​ប្រើប្រាស់​កាន់តែទូលំទូលាយ នៅ​ក្នុង​វិស័យ​កងទ័ព ទាំង​នៅ​ក្នុង​ប្រទេស​ចិន និង​​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​តំបន់​អាស៊ី ក៏ដូចជា​រីកសាយភាយ​រហូត​ទៅដល់​​​តំបន់​អឺរ៉ុប។ ​នៅ​អឺរ៉ុប ​បច្ចេកវិទ្យា​រ៉ុកកែត​បានឆ្លងកាត់​នូវការ​អភិវឌ្ឍ​​ជឿនលឿន​ ចេញ​ពី​បច្ចេកវិទ្យា​រ៉ុកកែត​បន្សល់ទុក​ពី​ចិន​សម័យបុរាណ ឆ្ពោះទៅរក​បច្ចេកវិទ្យា​រ៉ុកកែត​សម័យ​ទំនើប ដោយ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​រ៉ុកកែត​នេះ​ត្រូវ​បាន​ធ្វើឡើង ទាំង​តាមរយៈ​ការរកឃើញទ្រឹស្តី​វិទ្យាសាស្រ្ត​ ដោយ​អ្នក​ប្រាជ្ញ​សំខាន់ៗ​មួយ​ចំនួន ទាំង​អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្រ្ត​​ជាមូលដ្ឋាន​​ ជាពិសេស កាលីលេ និង អ៊ីសាក់ ញូតុន ក៏ដូចជា អ្នកវិទ្យាសាស្រ្ត​ជំនាញ​ខាង​បច្ចេកវិទ្យា​រ៉ុកកែត​ដោ​យផ្ទាល់។ ទាក់ទងនឹងជំនាញ​រ៉ុកកែត​នេះ មានអ្នកវិទ្យាសាស្រ្តចំនួន ៣រូប ដែល​ជាទូទៅ​ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បិតា​វិទ្យាសាស្រ្ត​រ៉ុកកែត គឺ អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី  Konstantin Tsiolkovsky អ្នកវិទ្យាសាស្រ្តអាមេរិក Robert Goddard និង​អ្នកវិទ្យាសាស្រ្ត​អាល្លឺម៉ង់ ដើមកំណើតរូម៉ានី Hermann Oberth៕

    8 min
  6. 13/03/2023

    រ៉ុកកែតអវកាសធុន H3 គន្លឹះ​នៃ​កម្មវិធីអវកាស​ជប៉ុន

    កាលពីថ្ងៃទី៧ មីនា ២០២៣ ជប៉ុន​បាន​បាញ់បង្ហោះ​រ៉ុកកែតអវកាស​ថ្មី​មួយ​របស់ខ្លួន គឺ​រ៉ុកកែតធុន H3។ រ៉ុកកែត​ ដែល​ជប៉ុន​រំពឹង​ថា នឹង​អាច​ជា​គន្លឹះ​ក្នុងការ​ប្រកួតប្រជែង ក្នុង​វិស័យអវកាស ជាពិសេស ក្នុង​ប្រជែង​ក្នុង​ទីផ្សារ​ផ្តល់​សេវាកម្ម​បាញ់បង្ហោះ​ផ្កាយរណប។ ក៏ប៉ុន្តែ ការបាញ់បង្ហោះ​នេះ​ត្រូវ​ទទួល​បរាជ័យ ដោយមានបញ្ហា​ម៉ូទ័រនៃ​កំណាត់​ទីពីរ ហើយដែល​តម្រូវ​ឲ្យ​គេ​បញ្ជា​ឲ្យ​រ៉ុកកែត​បំផ្ទុះកម្ទេចខ្លួនឯងចោល ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ពេល​ធ្លាក់មកលើដី។ H3 គឺ​ជា​រ៉ុកកែតអវកាស​ថ្មីសន្លាងមួយ ដែល​ជប៉ុន​ទើបនឹង​ផលិត​បាន ហើយ​ការបាញ់បង្ហោះ នៅ​ថ្ងៃទី៧មីនា២០២៣ ​គឺ​ជា​​ការ​ប៉ុនប៉ង​លើកទីពីរ ក្រោយ​ពី​ការបាញ់បង្ហោះ​លើកទីមួយ កាល​ពីខែកុម្ភៈ​ត្រូវ​បាន​គេ​លុបចោល​នៅ​នាទីចុងក្រោយ ដោយសារ​មាន​បញ្ហា​ម៉ូទ័រ​របស់​ប៊ូស្ទ័រ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រ៉ុកកែត​មិន​អាច​ហោះឡើង​ចេញផុតពីដី​បាន។ នៅ​ក្នុង​ការ​បាញ់បង្ហោះ​នៅថ្ងៃទី៧មីនា​នេះ រ៉ុកកែត​ត្រូវ​បាន​បាញ់​ចេញ​ពី​ដី​ដោយ​ជោគជ័យ ដោយ​គ្រប់​ម៉ូទ័រ​ទាំងអស់​ ទាំង​ម៉ូទ័រ​របស់​តួរ៉ុកកែត​កំណាត់​ទីមួយ និង​ម៉ូទ័រ​របស់​ប៊ូស្ទ័រ​ទាំងពីរ ដែល​នៅ​អមសងខាង សុទ្ធតែ​មាន​ដំណើរការ​ជាធម្មតា។ ក៏ប៉ុន្តែ កើតឡើង​ទៅលើ​រ៉ុកកែត​កំណាត់ទីពីរ ដោយ​ម៉ូទ័រ​មិន​អាច​ដំណើរការ​បាន ទើប​ជប៉ុន​សម្រេច​បញ្ជូន​សញ្ញា​ពីចម្ងាយ បញ្ជា​ឲ្យ​រ៉ុកកែត​បំផ្ទុះ​កម្ទេច​ខ្លួនឯង ដើម្បី​ចៀសហានិភ័យ​នៅពេល​រ៉ុកកែត​ធ្លាក់​ចុះ​មក​លើ​ដីវិញ។ បរាជ័យ​នៃ​បេសកកម្ម​នេះ វា​មិនត្រឹមតែ​ធ្វើ​ឲ្យ​បាត់​បង់​ផ្កាយរណប​ដែល​ផ្ទុក​នៅលើ​​នោះទេ ក៏ប៉ុន្តែ ជាងនេះ​ទៅទៀត វាជា​ដំណើរវិវឌ្ឍ​អវិជ្ជមាន​ដ៏ចម្បងមួយ សម្រាប់​កម្មវិធី​អវកាស​របស់​ជប៉ុន ពីព្រោះ​ថា ​តាមគម្រោង គឺ​រ៉ុកកែត​ធុន H3 នេះហើយ ដែល​​ជា​គន្លឹះ សម្រាប់​ឲ្យជប៉ុន​បោះជំហាន​ចូល​ប្រកួតប្រជែង​ក្នុង​វិស័យ​អវកាស ជាពិសេស ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ផ្តល់សេវាកម្ម​បាញ់បង្ហោះ​ផ្កាយរណប។ យោងតាម​ទីភ្នាក់ងារ​អវកាស​ជប៉ុន រ៉ុកកែត​ធុន H3 មាន​លក្ខណៈពិសេស​ចម្បង​ពីរ។ ទីមួយ វាជា​ប្រភេទ​រ៉ុកកែត ដែល​ងាយស្រួល​បត់បែន​ទៅតាម​ប្រភេទ​បេសកកម្ម ជាអាទិ៍ វា​ជា​រ៉ុកកែត​ដែល​អាច​បាញ់បង្ហោះ​ដោយ​មិនចាំបាច់​មាន​ប៊ូស្ទ័រ ឬ​អាច​ភ្ជាប់​ប៊ូស្ទ័រតែ​ពីរ ឬ​ក៏​បន្ថែម​ប៊ូស្ទ័រ​រហូត​ទៅដល់ ៤ អាស្រ័យ​ទៅ​តាម​តម្រូវការ​របស់​បេសកកម្ម​នីមួយៗ។ ទីពីរ វាជា​រ៉ុកកែត​ដែល​​ប្រើ​គ្រឿងផ្សំ​​ជាច្រើន​ផលិតឡើង​ដោយ​ 3D-Printing ​និង​គ្រឿងផ្សំ​ដែល​មាន​នៅលើ​ទីផ្សារ​ជាទូទៅ (ប្រើ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ជាទូទៅ) ដែល​គេ​មិន​ចាំបាច់​ផលិត​ឡើង​ជាពិសេស សម្រាប់​តែ​រ៉ុកកែត។ ទាំងនេះ វាធ្វើ​ឲ្យ​រ៉ុកកែត H3 នេះ ​មាន​ថ្លៃផលិតទាប ហើយ​​​អាច​ផ្តល់​សេវាកម្ម​បាញ់បង្ហោះក៏​ក្នុង​តម្លៃទាប។ ហេតុដូច្នេះហើយ​បាន​ជា​ជប៉ុន​រំពឹង​ថា រ៉ុកកែត​ធុន H3 ថ្មី​នេះ ថ្វីដ្បិត​តែ​តែ​មិនមែន​ជា​ប្រភេទ​រ៉ុកកែត ដែល​អាច​ប្រើ​បាន​ច្រើន​ដង ក៏ប៉ុន្តែ នៅតែ​អាច​ផ្តល់​សេវាកម្ម​ក្នុង​​​តម្លៃ​ទាប ដែល​អាច​ប្រកួតប្រជែង​បាន ​ជាមួយ​នឹង​រ៉ុកកែត​ធុន Falcon 9 របស់​ក្រុមហ៊ុន​ SpaceX។ ទីភ្នាក់ងារ​អវកាស​ជប៉ុន​ធ្លាប់​បាន​លើកឡើង​ថា នៅពេលដែល​រ៉ុកកែតធុន H3 នេះ ត្រូវ​បាញ់បង្ហោះ​​​ដោយ​ជោគជ័យ គេ​គ្រោង​នឹង​ដាក់​វា​ឲ្យ​ដំណើរការ​ផ្តល់​សេវាកម្ម​បាញ់បង្ហោះ​បេសកកម្មអវកាស ទាំង​បេសកកម្ម​ឯកជន និង​ទាំង​បេសកកម្មអវកាស​របស់​រដ្ឋាភិបាល​ជប៉ុន ​ជា​លក្ខណៈទៀងទាត់ ដោយ​បាញ់បង្ហោះ​ឲ្យបាន​​រហូតដល់​ទៅ ៦ដង ក្នុងមួយឆ្នាំ សម្រាប់​រយៈពេល ២០ឆ្នាំ​ខាងមុខ។ ក៏ប៉ុន្តែ សម្រាប់ពេលនេះ អ្វីៗ​បានត្រឹមតែ​ជា​ការ​រំពឹងទុក ដោយ​​រ៉ុកកែត​ធុន H3 នេះ នៅមិនទាន់​អាច​ដាក់​ឲ្យ​ដំណើរការ​បាន​ដោយ​ជោគជ័យ​នៅឡើយ ហើយ​គិតមកទល់នឹង​ពេលនេះ ទីភ្នាក់ងារ​អវកាស​ជប៉ុន​ក៏​នៅមិនទាន់​ឲ្យដឹង​នៅឡើយដែរ​ថា បរាជ័យ​​កាល​ពីថ្ងៃ​ទី៧មីនា​កន្លងទៅនេះ​កើតឡើង​ដោយ​មូលហេតុអ្វីពិតប្រាកដ ហើយ​តើ​​នៅពេលណា​ទើប​គេ​អាច​បាញ់បង្ហោះ​រ៉ុកកែត​នេះ​សាជាថ្មី​ម្តងទៀត ដើម្បី​អាចចាប់ផ្តើម​​ដាក់​វា​ឲ្យ​ដំណើរការ​បាន?

    7 min
  7. 23/01/2023

    រកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យពីរ​ដែលមាន​ធាតុផ្សំជាទឹកស្ទើរសុទ្ធសាធ

    កាលពីពេលកន្លងមក យើងធ្លាប់​ស្គាល់តែភពពីរប្រភេទ​តែប៉ុណ្ណោះ គឺភពសិលា និង​ភពឧស្ម័ន។ កាល​ពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភពប្រភេទថ្មីមួយទៀត ស្ថិត​នៅ​ក្រៅប្រព័ន្ធព្រះអាទិត្យ គឺភពទឹក (ភពដែលមានធាតុផ្សំ​ភាគច្រើន​លើសលុបជាទឹក)។ ភព​ប្រភេទថ្មីនេះ ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​ប្រព័ន្ធផ្កាយ ឈ្មោះ Kepler-138។ ភពទឹកដ៏ចម្លែក​នេះ​ស្ថិត​នៅ​ចម្ងាយ ២១៨​ឆ្នាំ​ពន្លឺ​ពីភពផែនដី ​ក្នុង​ប្រព័ន្ធផ្កាយ ឈ្មោះ Kepler-138 ​ហើយ​ភព​ នៅ​ក្នុង​ប្រព័ន្ធផ្កាយ​នេះ ត្រូវ​បាន​រកឃើញ​ជាលើកដំបូង ដោយ​តេឡេស្កុបអវកាស​កេព្ល័រ (Kepler Space Telescope) កាល​ពី​ឆ្នាំ២០១៤​កន្លងទៅ។ មានទីតាំង​ស្ថិត​នៅ​ក្នុង​បណ្តុំផ្កាយ​ឈ្មោះ Lyra ផ្កាយ Kepler-138 គឺ​ជា​ប្រភេទ “កូនផ្កាយក្រហម” ឬ​​ជាភាសា​អង់គ្លេស​ថា « Red Dwarf » ឬ « M-Dwarf »។ ជាប្រភេទផ្កាយ​ដែល​មាន​ម៉ាស់​ស្រាល ពោលគឺ មាន​ម៉ាស់​ត្រឹមតែ​​ប្រមាណ​ជា​ពាក់កណ្តាល​ប៉ុណ្ណោះ​នៃ​ម៉ាស់​របស់​ព្រះអាទិត្យ ចំណែក​សីតុណ្ហភាព​នៅលើ​ផ្ទៃ​ខាងលើ​របស់​ផ្កាយវិញ​ក៏​មាន​ទាប​ជាង​ព្រះអាទិត្យ​យ៉ាងឆ្ងាយ​ផងដែរ គឺ​ត្រឹមប្រមាណ​ជិត ៤ពាន់​អង្សារ​ប៉ុណ្ណោះ ធៀបនឹង​ព្រះអាទិត្យ ដែល​មាន​រហូតដល់​ទៅ​ជិត ៦ពាន់​អង្សារ។ កាលពីឆ្នាំ២០១៤ តាមរយៈតេឡេស្កុបអវកាស​គេព្ល័រ គេ​បានរកឃើញ​ថា នៅ​ជុំវិញ​ផ្កាយ Kepler-138 មាន​ភព​ចំនួន​ ៣។ ទីមួយ គឺ​ភពដែល​ស្ថិត​នៅ​ប៉ែក​ខាង​ក្នុង​គេ​បង្អស់​ ឈ្មោះថា Kepler-138b ជាប្រភេទ​ភពសិលា​ដូចជាភពផែនដី​យើងនេះ​ដែរ ក៏ប៉ុន្តែ មាន​ម៉ាស់​ត្រឹម​ប្រហាក់ប្រហែល​នឹង​ម៉ាស់​របស់ភពអង្គារ។ ចំណែក​ភពទីពីរ និងទីបី គឺ Kepler-138c និង Kepler-138d ដែល​ជា​ប្រភេទភព​ដ៏ចម្លែក​ខុសគេ ខុសពីអ្វីដែល​គេ​ធ្លាប់​ឃើញ​មាន​កាល​ពីពេល​កន្លងមក ដោយ​តាមរយៈ​ការ​សិក្សាលម្អិត​​ទៅលើ​ទិន្នន័យ​ប្រមូលបាន​ដោយ​តេឡេស្កុបអវកាស​ហឺបល (Hubble) និង​តេឡេស្កុបអវកាសស្ពីតស័រ (Spitzer) អ្នក​វិទ្យាសាស្រ្ត​បាន​រកឃើញ​ថា ភពទាំងពីរនេះ គឺ​ជា​ប្រភេទភព​ដែលផ្សំឡើងដោយទឹក​។ នៅលើ​ភព Kepler-138c និង Kepler-138d ថ្វីដ្បិត​តែ​ស្នូល​ខាង​ក្នុង​គឺ​ជា​សិលា ក៏ប៉ុន្តែ ផ្ទៃខាងលើ​ត្រូវ​ហ៊ុំព័ទ្ធ​ទៅដោយ​ទឹក ដែល​មាន​ជម្រៅ​គិតជា​មធ្យម​រហូតដល់​ទៅ ២ពាន់​គីឡូម៉ែត្រ ពោលគឺ ជ្រៅជាង​ទឹកសមុទ្រ​នៅលើ​ភពផែនដីយើងនេះ​រហូតដល់​ទៅ​៥០០ដងឯណោះ។ ហើយ​គិតជាសរុប បរិមាណ​ទឹកសរុប​នៅលើ​ភពនីមួយៗ គឺ​មាន​យ៉ាងតិច​រហូតដល់​ទៅ ៥០% ឯណោះ នៃ​ទំហំសរុប​របស់​ភព។ ទោះជាយ៉ាងណា អ្នកវិទ្យាសាស្រ្ត​មិន​រំពឹង​ថា Kepler-138c និង Kepler-138d នេះ​មាន​ទឹកសមុទ្រ​នៅ​ផ្ទៃផ្នែក​ខាង​លើ ​ដូច​នៅលើ​ភពផែនដី​របស់​យើង​នោះទេ។ ដោយសារ​តែ​ភពទាំងពីរនេះ​ស្ថិត​នៅ​ក្រៅ​តំបន់​អំណោយ​ផលដល់​ជីវិត (Habitable Zone) គឺ​​នៅ​កៀក​ខ្លាំងពេក​ទៅនឹង​ផ្កាយ ដូច្នេះ វា​ត្រូវ​មាន​សីតុណ្ហភាព​ខ្ពស់​ដល់​កម្រិតមួយ ដែល​ធ្វើ​ឲ្យទឹក​ត្រូវ​ហួត ក្លាយ​ទៅ​ជា​ចំហាយទឹក​យ៉ាងក្រាសឃ្មឹក​នៅ​ស្រទាប់​ខាងលើ ហើយទាល់​តែ​ចុះ​ជ្រៅ​ទៅ​ស្រទាប់ខាងក្នុង ទៅដល់​កន្លែង​ដែល​មាន​សម្ពាធ​ខ្ពស់ ទើប​អាច​មាន​ទឹក​នៅ​ក្នុង​សភាព​រាវ​បាន។ ក្រៅពី​ការរកឃើញ​ថា ភព Kepler-138c និង Kepler-138d ជាភព​ដែលផ្សំឡើង​ដោយ​ទឹក ទិន្នន័យ​ពី​តេឡេស្កុបហឺបល និង​ស្ពីតស័រ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា នៅ​ក្នុង​ប្រព័ន្ធផ្កាយ Kepler-138 នេះ មាន​ភពទីបួន​មួយទៀត ដែល​គេ​ឲ្យឈ្មោះ​ថា Kepler-138e។ Kepler-138e ដែលមាន​ម៉ាស់​ត្រឹមប្រមាណ​ជា​ពាក់កណ្តាល​ផែនដី មាន​គន្លង​ស្ថិត​នៅ​ខាងក្រៅគេបង្អស់ ដោយ​ត្រូវ​ធ្វើ​ដំណើរ​មួយជុំ​ផ្កាយ​ក្នុងរយៈពេល ៣៨ថ្ងៃ ពោលគឺ យូរជាងគេ​បើធៀបនឹង​ភព៣ផ្សេងទៀត គឺ Kepler-138d ធ្វើ​ដំណើរមួយជុំផ្កាយ​ក្នុងរយៈពេល ២៣ថ្ងៃ, Kepler-138c ១៤ថ្ងៃ ហើយ​ Kepler-138b អាច​ធ្វើ​ដំណើរ​បាន​មួយជុំផ្កាយ ដោយ​ចំណាយពេល​ត្រឹមតែ​១០ថ្ងៃ​ប៉ុណ្ណោះ។ គិតមកត្រឹមពេលនេះ អ្នកវិទ្យាសាស្រ្ត​បាន​សន្និដ្ឋាន​ថា ភព Kepler-138e នេះ ​មានគន្លង​ស្ថិត​​​នៅ​ក្នុង​តំបន់​អំណោយផល​ដល់​ជីវិត ឬ Habitable Zone ក៏ប៉ុន្តែ ដោយសារ​តែ​ការ​សិក្សា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​បឋម​នៅឡើយ ដូច្នេះ គេ​នៅមិនទាន់​អាច​កំណត់​បាន​ច្បាស់លាស់នៅឡើយ​ទេ​ថា តើ​ Kepler-138e មាន​ស្រទាប់​បរិយាកាស ឬ​ក៏​មាន​ទឹក​នៅលើ​ផ្ទៃដី​ដែរ​ឬ​ក៏​យ៉ាងណា៕

    9 min
  8. 14/01/2023

    រកឃើញ​ភពក្រៅប្រព័ន្ធព្រះអាទិត្យ​ស្រដៀងភពផែនដីទីពីរ​នៅ​ក្នុង​ប្រព័ន្ធផ្កាយតែមួយ

    កាលពីថ្ងៃទី​១០មករា​២០២៣ អ្នកវិទ្យាសាស្រ្ត​របស់​ទីភ្នាក់ងារ​ណាសា​បាន​ប្រកាស​ឲ្យដឹង​ថា គេ​បានរកឃើញ​ភព​ស្រដៀងនឹង​ភពផែនដី​មួយទៀត ស្ថិត​នៅ​ក្នុង​តំបន់​អំណោយផល​ដល់​ជីវិត​ (Habitable Zone) នៅ​ក្នុង​ប្រព័ន្ធផ្កាយ​តែមួយ ដែល​គេ​ធ្លាប់​បាន​រកឃើញ​ភពស្រដៀងផែនដី​មួយ​រួចហើយ កាល​ពី​ពេលកន្លងទៅ គឺ​ប្រព័ន្ធផ្កាយ ដែល​គេ​ឲ្យឈ្មោះ​ថា TOI 700 ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ១០០ឆ្នាំពន្លឺ​ពីផែនដី។ កាលពីឆ្នាំ២០២០​កន្លងទៅ ការសង្កេត​ដោយ​ប្រើ​តេឡេស្កុប​អវកាស​របស់​ណាសា គឺ​តេឡេស្កុប TESS (Transiting Exoplanet Survey Satellite) គេ​បានរកឃើញ​ភព​ចំនួន ៣ នៅ​ក្នុង​ប្រព័ន្ធផ្កាយ TOI 700 គឺ​ភព TOI 700b, c និង d ។ ក៏ប៉ុន្តែ ក្រោ​យមកទៀត នៅក្នុងការ​សង្កេត​បន្ថែម​ជាលើកទីពីរ ដោយ​តេឡេស្កុប TESS ដដែល​នេះ គេ​បានរកឃើញ​ភព​មួយបន្ថែម​ទៀត គឺ TOI 700e។ ​នៅ​ក្នុង​ចំណោម​ភព​ទាំង៣ ដែល​គេ​បានរកឃើញ កាល​ពី​ឆ្នាំ​២០២០, TOI 700b ​មាន​គន្លងនៅ​ខាង​ក្នុងគេ​បង្អស់ គឺ​ជាប្រភេទ​ភពសិលា មាន​ម៉ាស់​ស្រាលជាង​​ភពផែនដី​បន្តិច ហើយ​ធ្វើ​ដំណើរ​មួយ​ជុំផ្កាយ​ដោយប្រើ​រយៈពេល​ ១០ថ្ងៃ។ ក្នុង​គន្លងបន្ទាប់មកទៀត គឺ TOI 700c ជា​ប្រភេទភព​ឧស្ម័ន​​ស្រដៀងនឹង​ភពណិបទូន មាន​ម៉ាស់​ធ្ងន់ជាងផែនដី​ប្រហែល​ជា ២ដងកន្លះ ហើយ​ធ្វើ​ដំណើរ​មួយជុំផ្កាយ​ដោយ​ប្រើ​រយៈពេល ១៦ថ្ងៃ។ ចំណែក​នៅ​ប៉ែក​ខាង​ក្រៅគេបង្អស់ គឺភព​ TOI 700d ដែល​ធ្វើ​ដំណើរមួយជុំផ្កាយ ដោយ​ប្រើ​រយៈពេល ៣៧ថ្ងៃ គឺ​ជាភព​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំងជាងគេ ដោយសារ​តែ​វាជា​ប្រភេទ​ភព​សិលា មាន​ម៉ាស់​ប្រហាក់ប្រហែល​នឹង​​​ភពផែន ហើយ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​អំណោយផល​ដល់​ជីវិត ពោលគឺ ជា​តំបន់​ដែល​មាន​សីតុណ្ហភាព​មិន​ក្តៅពេក ហើយ​ក៏​មិន​ត្រជាក់ពេក គឺ​សីតុណ្ហភាព​ល្មម​អាច​ឲ្យ​ទឹក​ស្ថិត​នៅ​ក្នុង​សភាព​រាវ​​នៅលើ​ផ្ទៃដី​បាន ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​បំផុតមួយ សម្រាប់​ការ​រីកលូតលាស់​នៃ​ជីវិត។ ភពទីបួន ដែល​គេ​ទើបនឹង​រកឃើញ កាល​ពី​ខែមករា​ឆ្នាំ២០២៣​នេះ គឺ TOI 700e ជាប្រភេទ​ភព​សិលា មាន​ម៉ាស់​ប្រហាក់ប្រហែល​នឹង​ភពផែនដី គឺ​ប្រហែល ៩៥% នៃ​ម៉ាស់​ផែនដី ហើយ​ធ្វើ​ដំណើរ​មួយជុំផ្កាយ ដោយ​ប្រើ​ពេល ២៨ថ្ងៃ ដែល​មានន័យថា វា​មាន​គន្លង​ស្ថិត​នៅ​ចន្លោះ​ភព c និង d ពោលគឺ ​ខាង​ក្រៅ TOI 700c ក៏ប៉ុន្តែ ខាង​ក្នុង TOI 700d។ គួរបញ្ជាក់ថា គិតរហូតមកទល់នឹង​ពេលនេះ ភព​ក្រៅប្រព័ន្ធព្រះអាទិត្យ ដែល​អ្នកវិទ្យាសាស្រ្ត​បាន​រកឃើញ ភាគច្រើន​លើសលុប គឺ​ជា​ភពឧស្ម័ន ស្រដៀង​ទៅនឹង​ភពទាំង ៤ នៅ​ប៉ែក​ខាង​ក្រៅប្រព័ន្ធព្រះអាទិត្យ​របស់​យើង ដោយសារ​តែ​ភព​ប្រភេទ​នេះ​មាន​ទំហំ​ធំសម្បើមៗ ​ងាយ​នឹង​ឲ្យ​តេឡេស្កុប​អាច​ឆ្លុះមើលឃើញ។ ចំណែក​ភព​សិលា​តូចៗ ទំហំ​ប្រហាក់ប្រហែល​នឹង​ផែនដីវិញ ពិបាក​នឹង​ឆ្លុះមើលឃើញ។ ដូច្នេះហើយ​បាន​ជា​គិតមកទល់នឹង​ពេលនេះ នៅ​ក្នុង​ចំណោម​ភពក្រៅប្រព័ន្ធព្រះអាទិត្យដែល​គេ​បានរកឃើញ មាន​តិចតួចណាស់​ដែល​ជា​ប្រភេទ​ភពសិលា​ស្រដៀងនឹង​ផែនដី ហើយមាន​​រឹតតែ​តិចតួចទៅទៀត ភពស្រដៀងផែនដី ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អំណោយផលដល់ជីវិត។ ភពក្រៅប្រព័ន្ធព្រះអាទិត្យ ក្នុង​តំបន់​អំណោយផលដល់​ជីវិត​ទាំងនេះហើយ ដែល​នឹង​ជា​គោលដៅ​ចម្បង សម្រាប់​ការ​សិក្សា​លម្អិត ដោយ​តេឡេស្កុបអវកាស​ទំនើបថ្មី គឺ​តេឡេស្កុបអវកាស​ជេមស៍វេប ដែល​ជាតេឡេស្កុប​មាន​សមត្ថភាព​កំណត់​យ៉ាងលម្អិត ​អំពី​ធាតុផ្សំ​គីមី នៅ​ក្នុង​ស្រទាប់​បរិយាកាស​​លើ​ភពក្រៅប្រព័ន្ធព្រះអាទិត្យ។ ធាតុផ្សំ​គីមី ក្នុងស្រទាប់​បរិយាកាស ដែល​អាច​ជា​តម្រុយ​ អំពី​វត្តមាន​នៃ​ជីវិត​ក្រៅភព៕

    7 min

About

នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ សេង ឌីណា នឹង​រាយរ៉ាប់​ពន្យល់​លោក​អ្នកស្តាប់ ​អំពី​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ​ ចាប់តាំង​ពី​សម័យកាល​បុរេប្រវត្តិ រហូត​មកទល់នឹង​សម័យកាល​បច្ចុប្បន្ន ទាំង​ដំណើររឿង​របស់​មនុស្សជាតិ ទាំង​ប្រវត្តិ​ចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍ​នៃ​ចំណេះដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada