ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ត្រាំ ថាជំនួបជាមួយលោកស៊ីជីនពីង បានទទួលជោគជ័យធំ

​ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែលពិភពលោករង់ចាំតាមដានបំផុតទទួលបានជោគជ័យយ៉ាងធំធេង។ នេះបើតាមប្រសាសន៍របស់លោកដូណាល់ត្រាំ ដោយប្រកាសគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមេសា ឆ្នាំ២០២៦ ខាងមុខ។ តែអ្វីជាការកត់សម្គាល់ ប្រមុខដឹកនាំទាំងពីរមិនធ្វើបានសេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបទេ។

នៅថ្ងៃព្រហស្បតិ៍ ទី៣០ តុលានេះ គ្រប់ចក្ខុកំពុងសំឡឹងទៅប្រទេសកូរ៉េខាងត្បូង មិនមែនព្រោះមានជំនួបកំពូល APEC មួយមុខទេ តែក៏ដើម្បីតាមដានព្រឹត្តិការណ៍ក្រៅក្របខ័ណ្ឌអាប៉ិច ពិសេសជាងគេមួយ គឺជំនួបរវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងសមភាគីចិន លោក ស៊ីជីនពីង។ មេដឹកនាំមហាអំណាចទាំងពីរនេះអាក់ខាន មិនបានជួបគ្នាដោយផ្ទាល់អស់៦ឆ្នាំ និងទើបបានចាប់ដៃគ្នាជាថ្មីនៅថ្ងៃនេះម្តងទៀត នៅក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែជា​កត់សម្គាល់សម្រាប់ជំនួបលើកនេះ បានប្រព្រឹត្តទៅនៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម ដំឡើងពន្ធគយដ៏ខ្លាំងក្លាដែលរញ្ជួយដល់ពិភពលោកទាំងមូល។

កិច្ចសន្ទនារវាងលោកត្រាំ និងលោកស៊ីជីនពីងមានរយៈពេល១ម៉ោង និង​៤០នាទី។ ជជែកគ្នាចប់ភ្លាម លោកត្រាំឡើងយន្តហោះត្រឡប់ទៅវ៉ាស៊ីនតោនភ្លាម ដោយប្រកាសគ្រោងបំពេញទស្សនកិច្ចនៅចិននាខែមេសា ឆ្នាំ ២០២៦ តែគ្មានចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់អំពីលទ្ធផលនៃការចរចាជិត ២ម៉ោងនោះទេ។

សំណុំរឿងពន្ធគយ រ៉ែកម្រ និងគ្រឿងញៀន

ប៉ុន្តែពីលើយន្តហោះ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានប្រកាសចាត់ទុកជំនួបជាមួយសមភាគីដ៏ប៉ិនប្រសព្វផ្នែកចរចា ស៊ីជីនពីង ថាជាជោគជ័យដ៏ធំធេងខ្លាំងណាស់ ដោយបានរកឃើញកិច្ចព្រមព្រៀងជាច្រើនចំណុច។

ទីមួយ គឺការរកឃើញកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំក្នុងសំណុំរឿងផ្គត់ផ្គង់រ៉ែកម្រ។ គ្រប់គ្រងទីផ្សាររ៉ែក្រមស្ទើរដាច់មុខតែម្នាក់ឯង ចិនបានព្រមព្រៀងផ្អាកវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្ររយៈពេលមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកត្រាំ ហើយភាគីចិន ក៏បានបញ្ជាក់តាមក្រោយ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម ដោយលម្អិតថា ចិនផ្អាកវិធានការត្រួតពិនិត្យការនាំចេញរ៉ែកម្រមួយឆ្នាំ ហើយសិក្សា និងសម្រេចសម្រួចផែនការជាពិសេសនេះឡើងវិញ។ សូមរំឭកថា ដោយហេតុតែវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រចេញថ្ងៃទី៩តុលានេះហើយទើបអាមេរិករបស់លោកត្រាំផ្ទុះកំហឹង ស្រែកដំឡើងពន្ធគយលើគ្រប់ផលិតផលដល់១០០% ចាប់ពីថ្ងៃទី១ វិច្ឆិកា ២០២៥ ទៅ។

ឥលូវមានកិច្ចព្រមព្រៀង ផលិតផលចិននឹងត្រូវជាប់រនាំងពន្ធត្រឹម៤៧%ប៉ុណ្ណោះ។ ជាថ្នូរមកវិញ លោកស៊ីជីនពីងបានយល់ព្រមចាត់វិធានការទប់ស្កាត់លំហូរគ្រឿងញៀន Fentanyl ថ្នាំញៀនដ៏គ្រោះថ្នាក់ដល់ជីវិតដែលផលិតនៅចិន តែបានសម្លាប់ពលរដ្ឋអាមេរិករាប់ពាន់នាក់។ ជាងនេះទៅទៀត បើតាមលោកដូណាល់ត្រាំដដែល ចិននឹងទិញគ្រាប់ធញ្ញជាតិសណ្តែក ព្រមទាំងផលិតផលកសិកម្មជាច្រើនទៀតពីអាមេរិកក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់។ ខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងបញ្ជាក់នៅពេលក្រោយ ហើយការចុះហត្ថលេខានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ ព្រោះប្រធានាធិបតីទាំងពីរបានជំនះឧបសគ្គធំៗជិតអស់ហើយ។ នៅសល់តែសំណុំរឿងសឺមឺកុងឌុចទ័រដែលទំនងមិនទាន់ជ្រះស្រឡះ។

កិច្ចព្រមព្រៀងនេះបានបន្ធូរបន្ថយសម្ពាធតានតឹងខ្លះ តែមិនអាចដោះស្រាយជម្លោះពាណិជ្ជកម្ម និងយុទ្ធសាស្ត្រឱ្យដល់ឫសគល់បានទេ។ លោកត្រាំនៅ​តែ​សំឡក់ចិនដែលកំពុងចងសម្ព័ន្ធជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចចាប់លូតលាស់ខ្លាំង និងជាមួយរុស្ស៊ី។

សំណុំរឿងអ៊ុយក្រែន និងតៃវ៉ាន់

ក្នុងសំណុំរឿងនយោបាយ និងអន្តរជាតិ លោកត្រាំថា មិនបានជជែកអំពីបញ្ហាតៃវ៉ាន់ទេ។ តែសមភាគីទាំងពីរ បានពិភាក្សាគ្នាច្រើនក្នុងសំណុំរឿងអ៊ុយក្រែន។ ប៉េកាំងបានប្រកាសជំហរអព្យាក្រឹត្យក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន តែចិនមិនដែលថ្កោលទោសទង្វើឈ្លានពាន​របស់រុស្ស៊ីលើអ៊ុយក្រែនទេ។ ពេលនេះ និងបើតាមសំដីលោកត្រាំដដែល ចិន និងអាមេរិកបានព្រមព្រៀងធ្វើការរួមគ្នា។

លោកស៊ីជីនពីងថានឹងជួយអាមេរិកធ្វើការជាមួយអាមេរិក ក្រែងអាចសម្រេចការណ៍បានខ្លះ។ តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកជាថ្មី លោកត្រាំបានសាកល្បងជាបឋម និយាយល្អជាមួយប្រធានាធិបតីរុស្ស៊ីពូទីន តែគ្មានបានផល ក៏ងាកទៅប្រើធម៌សំឡុត និងចាប់ផ្តើមផ្តល់ជំនួយអាវុធយុទ្ធភ័ណ្ឌឱ្យអ៊ុយក្រែន។ ស្នៀតគំរាមដំឡើងសាច់ដុំ ក៏បានបញ្ចេញជាថ្មីនៅថ្ងៃព្រហស