នាទីសុខភាពនិងអនាម័យ

លើសជាតិ​​ខ្លាញ់​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត មាន​គ្រោះ​ថ្នាក់​យ៉ាងណា?

កាត់បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ស្ករ ជាតិ​ប្រៃនេះជា​សារ​ដែល​អាជ្ញាធរ​សុខាភិបាល​ បាន​និង​កំពុង​ប្រឹង​ប្រែងផ្សព្វផ្សាយ​ដើម្បី​​ណែនាំ​ដល់​ប្រជាពលរដ្ឋគ្រប់​រូប គ្រប់​វ័យ គិត​គូរ​អំពី​ប្រយោជន៍​​សុខភាព​។ ឧទាហរណ៍ លើស​ស្ករ​នឹង​ធ្វើ​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម លើសជាតិ​​ប្រៃ​នឹង​ធ្វើឱ្យ​មាន​សម្ពាធ​ឈាមខ្ពស់​ ។ល។ និ​ង។ល។ ចុះ​បើលើ​សខ្លាញ់នឹង​បង្ក​ឱ្យ​មាន​ផលវិបាក​យ៉ាងណា​ខ្លះ?

ខ្លាញ់​ជា​សារធាតុ​មិន​អាច​ខ្វះ​បាន​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ប៉ុន្តែ​នៅ​ពេល​សារធាតុ​នេះ​មាន​​បរិមាណ​ច្រើន​ជ្រុល លើស​សេចក្តី​ត្រូវការរបស់​សពាង្គកាយ​ ច្បាស់​ណាស់​ដែល​ថា​​ ខ្លាញ់អាច​​នឹង​ក្លាយ​ទៅ​ជា​សត្រូវ​វិញ។ លើសជាតិ​ខ្លាញ់ គ្មាន​ផ្តល់​រោគ​សញ្ញា​អ្វី​ទាំង​អស់ ក្នុង​ដំណាក់កាលដំបូង​។

ដើម្បី​បានដឹង​អំពីបរិមាណ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ថាច្រើន​-​តិច​ឬ​ល្មម វិធី​មានតែ​មួយ​គឺ​ការ​ជួសធ្វើ​​តេស្ត​វិភាគ​ឈាម ដើម្បី​វាល់​កំរិត​ជាតិ​ខ្លាញ់ក្នុង​ឈាម ដែល​មាន​ឈ្មោះ បច្ចេកទេស​ថា កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត។

តើ​កូឡេស្តេរ៉ុល និង​ ទ្រីគ្លីសេរីតជា​អ្វី?

នៅ​ក្នុង​លទ្ធផល​នៃ​ការ​វិភាគ​ឈាម​ឆែកមើល​សុខភាព​ជា​ទូទៅ គេ​តែង​ឃើញ​មានរបាយការណ៍​ ស្តីពី​​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត​ នៅត្រសង​គ្នា។ ​កូឡេស្តេរ៉ុល មាន​អ្នក​ស្គាល់​ច្រើន​ជាង និង​គួរ​ឱ្យ​​ខ្លាច​ជាង។ តែតាមការ​ពិត ​អត្រាជាតិ​ខ្លាញ់​​កូឡេស្តេរ៉ុល​ និង​អត្រា​ជាតិ​ខ្លាញ់​ទ្រីគ្លីសេរីត គួរ​តែ​ទទួល​បាន​ការ​តាមដាន​ដោយ​ប្រុងប្រយ័ត្ន​ដូច​គ្នា ព្រោះ​កូឡេស្តេរ៉ុល​និង​ទ្រីគ្លីសេរីត អាច​បង្ក​បញ្ហា​ដូច​គ្នា​ដល់​សុខភាព ជាពិសេស​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង ​ប្រសិន​បើ​យើងជាតិខ្លាញ់​ទាំងពីរ​មាន​បរិមាណ​ច្រើនជ្រុល ឬ​ឡើង​ខ្ពស់​ពេក នៅក្នុង​ឈាម។

ផលិត​ដោយ​សរីរាង្គកាយ និង​តាម​រយៈ​​ចំណី​អាហារ ​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត ជា​ប្រភេទ​​​សារធាតុ​លីពីតដ៏​ចាំបាច់​ដូចគ្នា​សម្រាប់​សរីរាង្គកាយ ឬ​និយាយ​ឱ្យ​ចំ គឺ​ជា​ខ្លាញ់​ដែល​នៅ​ក្នុង​ឈាម និង​ដែល​​មាន​ប្រភព​និង​តួនាទី​ខុស​គ្នា​។

កូឡេស្តេរ៉ុល ប្រៀបដូចប្រេង​រំអិល មាន​តួនាទី​សំខាន់​ខ្លាំងណាស់​សម្រាប់​ដំណើរការ​របស់កោសិកានៃ​ខ្លួនប្រាណ​​ទាំងមូល សម្រាប់ការ​សំយោគ​​ស្រូប​ទាញ​វីតាមីន​ D ពី​​​ផ្ទៃ​ស្បែក​ សម្រាប់​ដំណើរការ​នៃ​ថង់ប្រមាត់ ឬ​ដំណើរការ​នៃ​អរមូន​មួយ​ចំនួន​ដូច​ជា អរមូន​ករទីហ្សូន និងអរមូនតេស្តេរ៉ូន។ ៦៥%​នៃ​ខ្លាញ់​កូឡេស្តេរ៉ុល បាន​មកពី​ការ​ផលិត​របស់​ថ្លើម សល់​ប៉ុន្មាន​បាន​មក​ពី​ចំណីអាហារ។ និយាយ​ជា​រួម កូឡេស្តេរ៉ុល មានចំណែក​ចាំបាច់​ណាស់​សម្រាប់​ទ្រទ្រង់​ឱ្យ​មាន​សុខភាព​ល្អជា​ទូទៅ។ ដូច្នេះ​ បរិមាណ​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល​​នេះមិន​ត្រូវ​ឱ្យ​ខ្វះទេ តែ​ក៏​មិន​ត្រូវ​​ច្រើន​ជ្រុល​ដែរ។

ហេតុអ្វី​មិន​ត្រូវ​ឱ្យ​ខ្វះ និង​មិន​ឱ្យ​លើស? ​នៅក្នុង​ឈាម ខ្លាញ់​​កូឡេស្តេរ៉ុល ចែក​ជា​​​ពីរ​ទម្រង់​ទៀត គឺ​កូឡេស្តេរ៉ុល LDL ដែល​ជាប់​ឈ្មោះ​ថា​ជា​ខ្លាញ់​មិនល្អ ព្រោះ​វា​ងាយ​នឹង​​កក​ជាប់​នៅ​តាម​ផ្ទៃនៃ​ជញ្ជាំង​សរសៃ​ឈាមអាទែ (សរសៃហូរចេញ​ពី​បេះដូង) និង​កូឡេស្តេរ៉ុល​ HDL ឬ​ហៅ​ថា​ខ្លាញ់​កូឡេស្តេរ៉ុលល្អ។ ​កូឡេស្តេរ៉ុលល្អ​HDL ជា​អ្នក​ដឹក​ជញ្ជូនប្រមូល​​​​ខ្លាញ់​កូឡេស្តេរ៉ុលក្នុង​ឈាម​ដែល​ហួសចំណុះ​ -លើស​សេចក្តី​ត្រូវ​ការ នាំ​ទៅ​ថ្លើម​ ដើម្បី​បំប្លែងចោល។ មាន​ន័យ​ថា​កូឡេស្តេរ៉ុលHDL​នេះ បាន​ដើរ​តួនាទី​ជា​អ្នក​ការពារ​មិន​ឱ្យ​មាន​បញ្ហា​សុខភាព​សរសៃ​ឈាម​បេះដូង។ ដូច្នេះ​មិន​ត្រូវ​ឱ្យ​ខ្វះ​ខ្លាញ់​ល្អ​ប្រភេទ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្លាញ់​មិនល្អ​កូឡេស្តេរ៉ុល LDL បើ​មាន​ច្រើន​កាលណា​វា​នឹង​សម្រួល​ឱ្យ​មាន​ផលវិបាក​ច្រើន​ ដូច​ជា​បណ្តាល​ឱ្យ​សរសៃ​ឈាម​រួម​តូច ដោយ​មាន​ការ​កក​ខ្លាញ់​នៅ​តាមជញ្ជាំង​​សរសៃ​ឈាម​​។ បើ​សរសៃ​ឈាម​រួម​តូច និងមាន​កាកសំណល់​កករាំង​ចរន្ត​ឈាម គ្រោះហានិភ័យ​ជួប​ករណី​​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម នៅ​​​​បេះ​ដូង (ស្លោកបេះដូង) និង​នៅ​ខួរក្បាល (ស្ត្រូប) ​អាច​កើត​បាន​គ្រប់​ពេល។

ចំណែក​ជាតិ​ខ្លាញ់​ទ្រីគ្លីសេរីត ក៏​​ផលិត​ដោយ​ថ្លើម​ និង​ចំណីអាហារ​ដែរ។ ជាតិ​​ស្ករ ជាតិ​ម្សៅ និង​អាល់កុល ដែល​យើង​ទទួល​ទាន​ចូល​ទៅ​​ច្រើន​ជ្រុល​នឹង​ត្រូវ​បាន​ថ្លើម​បំប្លែង​ទៅ​ជា​ទ្រីគ្លីសេរីត រួច​នាំ​ទៅ​ស្តុក​ទុក​ក្នុង​ជាលិកាស្បែក ក្នុង​ទម្រង