នាទីសុខភាពនិងអនាម័យ

ចាក់​ថ្នាំ​បង្ការ​​ជំងឺ​រលាក​ថ្លើម ជួយ​បញ្ចៀស​គ្រោះ​កើតជំងឺ​មហារីក​ថ្លើម?

បើ​គ្មាន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​ចំណាត់ការ​​ផ្នែក​សុខភាព​សាធារណៈ ទប់ស្កាត់​ជំងឺ​​​​ធាត់​ជ្រុល​ និងការ​បរិភោគ​គ្រឿង​ស្រវឹង​​​ទេ  ចំនួន​អ្នក​ជំងឺ​មហារីក​ថ្លើម​នឹង​កើន​ឡើង​ពីរ​ដង​ នៅ​ឆ្នាំ​២០៥០។ នេះ​បើ​តាមការ​សិក្សា​អន្តរជាតិ ចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ​ទី ២៨កក្កដា​ ២០២៥។

បច្ចុប្បន្ននេះ មហារីក​ថ្លើម​ជា​ ជំងឺមហារីកដែល​សម្លាប់​ជីវិត​មនុស្ស​ច្រើន​ជាង​គេ​លំដាប់ទីបី​នៅលើ​ពិភពលោក និង​ជា​ជំងឺ​មហារីក​ដែលជា​ជួប​ប្រទះ​ញឹកញយ​ជាង​គេ​លំដាប់​ទី​៦។ ចំនួន​អ្នក​ជំងឺ​មហារីក​ថ្លើម​អាច​នឹងកើន​ឡើង​ទ្វេ​ដង​នៅ​ឆ្នាំ​២០៥០ ឬស្មើ​នឹង​កំណើន​អ្នក​ជំងឺ​មហារីក​ថ្លើម​ថ្មី​ចំនួន​​១លាន៥សែនពីរ​ម៉ឺនករណី ក្នុង​ឆ្នាំ ហើយ​១លាន៣សែន៧ម៉ឺននាក់នឹង​ត្រូវ​ស្លាប់​ដោយ​ជំងឺមហារីកថ្លើមនេះ​​។ នេះ​បើ​តាម​ក្រុម​អ្នក​​ស្រាវជ្រាវ​ជំងឺ​​មហារីក​ពិភពលោក ដោយ​បញ្ជក់ថា​ ៨លើ​១០​នៃ​ករណី​មហារីក​ថ្លើម​ ជា​ប្រភេទ​មហារីក Carcinomes hépatocellulaires​ដែល​មាន​កើត​ច្រើន​ជា​ពិសេស​នៅ​អាស៊ី ខាង​កើត អាហ្វ្រិកខាងជើង និង​អាស៊ីអាគ្នេយ៍។ ក្នុងកំរិតពិភពលោក អត្រា​សង្ឃឹម​រស់ បាន​៥ឆ្នាំក្រោយ​ធ្លាក់​ខ្លួន​មាន​ជំងឺ​មហារីក​ថ្លើម ​មាន​ត្រឹម​តែ​ប្រមាណ​ពី​៥ទៅ​៣០%​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ ការ​សិក្សា​អន្តរជាតិដែល​ដឹកនាំ​ដោយ​គណៈកម្មការ​ជំនាញ​៦​ប្រទេស (ចិន អាមេរិក កូរ៉េខាង​ត្បូង អ៊ីតាលី និង​បារាំង និង​ដែល​មាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​​ដ៏ល្បីល្បាញ The Lancet កាលពី​ថ្ងៃទី​២៨​កក្កដា២០២៥​ បាន​ផ្តល់ក្តី​សង្ឃឹម​ថ្មី ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​មហារីក​ថ្លើម។

​ប្រឈម​នឹង​ជំងឺ​មហារីក​ថ្លើម ពិភពលោកចាំបាច់​​ត្រូវហ៊ាន ត្រូវ​តែមាន​នយោបាយ “បង្ការ” ​ប្រកប​ដោយ​មហិច្ឆតា​ខ្លាំង និង​ជា​បន្ទាន់។ នេះ​បើ​តាម​អនុសាសន៍​របស់​ក្រុម​អ្នក​ជំនាញ​ដដែល។ បើ​តាមការ​សិក្សា​របស់អ្នកជំនាញ​ក្រុមនេះ​ គេ​អាច​បញ្ចៀស​ជំងឺ​មហារីក​ថ្លើម បាន​ដល់​៦០%​ នា​ពេល​អនាគត តាម​រយៈ​វិធានការ​ការពារ មួយ​ចំនួន ពីព្រោះ គេ​បាន​ដឹង​យ៉ាង​ច្បាស់​ហើយ​ថា​ជំងឺ​មហារីកថ្លើម​​បង្ក​ឡើង​ដោយ​ការ​បរិភោគសុរា ដោយជំងឺ​រលាកថ្លើម​ប្រភេទ បេ និង​សេ ព្រមទាំងជំងឺធាត់ព្រមទាំង​ជំងឺ​ទឹកនោមផ្អែម។

ជំងឺ​មហារីក​ថ្លើម​បណ្តាល​មក​ពី​មូលហេតុ​ពីរ​ចុងក្រោយ​ គឺ​ជា​ផលវិបាក​នៃជំងឺ​ដែល​គេ​ឱ្យ​ឈ្មោះ​ថ្មីថា ជំងឺ​ថ្លើម​ពាក់ព័ន្ធ​នឹង​ដំណើរ​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​មេតាបូលិក ឬ​ហៅកាត់​ជា​ភាសាអង់គ្លេស MASLD (Metabolic dysfunction associated steatotic liver disseases) សម្រាប់​មក​ជំនួសឈ្មោះ​ជំងឺ​ហៅពីមុន​Nash។

សម្រាប់​អ្នក​ស្រាវជ្រាវ ទម្លាប់​ហូបចុក​របស់​មនុស្ស​សម័យ​ថ្មី ជះឥទ្ធិពលអាក្រក់​ខ្លាំង​ណាស់​ទៅ​លើ​សុខភាព​ថ្លើម។ ស្រា ស្រាបៀរ ស្រាខ្លាំង ស្រា​ស ស្រាក្រហម ស្រា​​សំប៉ាញ វីស្គី ... ជាដើមហេតុ​នៃមានជំងឺ​ថ្លើម​រ៉ាំរ៉ៃ រួច​ឈាន​ទៅ​រក​ជំងឺ​ក្រិន​ថ្លើម។ ជំងឺ​ក្រិន​ថ្លើមបង្កើន​គ្រោះ​កើត​ជំងឺមហារីក​ថ្លើម​ខ្លាំងណាស់ ។ នៅ ឆ្នាំ​២០២២ ១៩%​នៃ​ជំងឺ​មហារីកថ្លើម​បណ្តាល​មក​ពី​សុរា។ គ្រប់គ្នា​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​អាល់កុល ឬ​សុរា​ចំពោះ​​ថ្លើម។ ​ប៉ុន្តែ​កត្តា​មួយទៀត​ដែល​មិន​សូវ​សុះសាយ​ក្នុង​ចំណោម​មតិសាធារណៈ តែ​ដើរ​តួនាទី​សំខាន់​នាំ​ឱ្យ​មានជំងឺ​មហារីកថ្លើម​ខ្លាំង​ដែរ​នោះ គឺ​ជំងឺ​Masld ឬNash។ ​​​

​លោក Hashem El-Serag សហនិពន្ធ​របាយការណ៍ បាន​ពន្យល់​ប្រាប់​អ្នក​សារព័ត៌មាន​អាមេរិក​ថា នៅពេលអ្នក​និយាយ​អំពី​ជំងឺ​ក្រិនថ្លើម​ មនុស្ស​ភាគ​ច្រើន​គិត​ភ្លាមថា​អ្នក​ជំងឺ​នោះធ្លាប់​​ផឹកច្រើន។ តែ​មាន​មនុស្ស​តិច​តួច​ណាស់ បា​ន​ដឹង​អំពី​ថា​ជំងឺបណ្តាលមកពី​​ដំណើរ​មិនប្រក្រតី​នៃ​ប្រព័ន្ធ​មេតាបូលិក ​Masld អាច​នាំ​ឱ្យ​មាន​​ជំងឺ​ក្រិន​ថ្លើម និង​ជំងឺ​មហារីកថ្លើម​នោះ។

តើ​អ្វី​ទៅ​ជា​ជំងឺ​ Masld?

Masld ជា​ជំងឺ​ថ្លើម​ដែល​មិនបណ្តាលមក​ពី​ការ​ផឹក​សុរា តែ​ជា​អាការៈ​ជំងឺ​ដែល​សម្គាល់​ដោយ​ការ​កកក្តាំង​ដោយ​ខ្លាញ់​រុំរួត​ថ្លើមជិត​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ជំងឺ​នេះ​មាន​ឈ្មោះសាមញ្ញ​មួយ​ទៀត ថា​ជំងឺ​ថ្លើមខ្លាញ់។ មួយ​ភាគ​បី​នៃ​មនុស្សធំ​​ពេញ​វ័យ នៅលើ​ពិភពលោកមាន​ជំងឺ​ខ្លាញ់​រុំថ្លើម ឬ​ថ្លើមខ្លាញ់​នេះ។ នេះ​បើ​តាមលទ្ធផល​នៃ​​ការ​សិក្សាអន្តរជាតិ​​ដែលបញ្ជាក់​ថា​ ជំងឺ​ថ្លើម​ខ្លាញ់​កំពុង​មាន​និន្នាការ​កើនឡើងខ្លាំង​ដែរ នៅ​អឺរ៉ុប និង​នៅ​ទ្វីប​អាមេរិក