ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌ ​មកធ្វើការ​​ពន្យល់​ បំភ្លឺ ​និង​វិភាគ ជូន​លោក​អ្នក​ស្តាប់។ ​ជា​ការពន្យល់​​បកសា្រយ​ហេតុផល​នៃ​ព្រឹត្តិការណ៍ តាម​លក្ខណៈ​សត្យានុម័ត​និង​អព្យាក្រឹត។

  1. VOR 5 STD.

    បាក់ឌុប៖ បេក្ខជនប្រឡងជាប់៨៥%​ គឺជាលទ្ធផលប្រកបដោយគុណភាព ឬយ៉ាងណា?

    ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសលទ្ធផលសង្ខេបនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា ចំនួនសិស្សដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០២៥នេះ បានកើនដល់ ៨៥% ធៀបនឹងឆ្នាំ ២០២៤កន្លងទៅ ដែលមានត្រឹម ៧៩%។ ដោយឡែកចំនួនសិស្សដែលទទួលបាននិទ្ទេស A វិញក៏មានការកើនឡើងច្រើនដែរគឺជាង ៣ ០០0នាក់ លើសពីឆ្នាំ២០២៤ ជិត១ ០០០នាក់។ លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០២៥នេះ មែនទែនទៅត្រូវប្រកាសពិស្តារ និងព្រមគ្នានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ។ ក៏ប៉ុន្តែនៅថ្ងៃទី១៩ ខែកញ្ញានេះ ក្រសួងអប់រំគ្រាន់តែប្រកាសបឋមជារួមថាចំនួនសិស្ស ដែលប្រលងជាប់សញ្ញាបត្របាក់ឌុបនៅឆ្នាំនេះ មានការកើនឡើងធៀបនឹងឆ្នាំកន្លងទៅ។ សេចក្តីប្រកាសលទ្ធផលដោយសង្ខេបរបស់ក្រសួងអប់រំបង្ហាញថា បេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ១២២ ៤៧៣នាក់ ត្រូវជា ៨៤,​៥៦% នៃចំនួនបេក្ខជនសរុបចំនួន ១៤៦ ៧២០នាក់ ក្នុងនោះស្រី ៨១ ៤៤២នាក់។​ ជាមួយគ្នានេះ ចំនួនសិស្សដែលទទួលបាននិទ្ទេស A ក៏មានការកើនឡើងច្រើនដែរ គឺកើន រហូតដល់ ៣ ០០៣នាក់ ខណៈឆ្នាំ២០២៤ សិស្សនិទ្ទេស A មានត្រឹម ២ ២១៦នាក់។ ដោយឡែកសិស្សដែលប្រលងជាប់និទ្ទេស B កើនឡើងតិចតួច និទ្ទេស C និងD ក៏មានការកើនឡើងដែរ តែនិទ្ទេស E ទាបជាងឆ្នាំ២០២៤បន្តិច។ តាមរយៈលទ្ធផលនេះ សបញ្ជាក់ជាទូទៅថាការសិក្សារបស់សិស្សថ្នាក់បាក់ឌុប ក្នុងឆ្នាំ២០២៥ មានភាពវិជ្ជមាន។ ក៏ប៉ុន្តែនៅពីក្រោយនៃលទ្ធផលប្រកបដោយមោទនភាពនេះ ក៏មានសំណួរចោទសួរដែរថា តើកំណើននៃការប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ ជាលទ្ធផលដែលប្រកបដោយគុណភាព ឬយ៉ាងណា? តាមរយៈដំណើរការនៃការប្រលងបាក់ឌុប កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមសង្កេតការណ៍ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ផងនោះ បង្ហាញថាការប្រលងបានប្រព្រឹត្តិទៅ ដោយមិនមានបាតុភាពអវិជ្ជមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ជាការពិតក្រោយការប្រលង គេនៅចាំថា មានការលេចចេញនូវព័ត៌មានតាមបណ្តាញសង្គម ស្តីពីបាតុភាពដ៏អាក្រក់មួយ ដែលថាមានការបែកធ្លាយវិញ្ញាសាគណិតវិទ្យា អំឡុងនៃសម័យប្រលងបាក់ឌុបឆ្នាំ២០២៥នេះ។ ក៏ប៉ុន្តែតាមរយៈលទ្ធផលនៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ បង្ហាញថា​វិញ្ញាសាគណិតវិទ្យា មិនមែនបែកធ្លាយមុនម៉ោងប្រឡងនោះទេ។ ក្រៅពីនេះ ការរំខានផ្សេងៗនៅមុន និងក្នុងអំឡុងនៃការប្រលងបាក់ឌុប ដូចជាការផ្ទុះអាវុធនៅតាមខេត្តជាប់ព្រំដែនជាមួយថៃ ស្ថានភាពនៃការភៀសសឹករបស់ប្រជាជន និងសិស្សានុស្សិសមួយចំនួនជាដើម ទាំងអស់នេះ មិនត្រូវបានក្រសួងអប់រំ ចាត់ទុកថាជាឧបសគ្គធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រលងទេ។ តែរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានបង្ហើបនៅមុនការប្រលងបាក់ឌុបថា ក្រសួងនឹងមាន វិធានការពិសេសលើកទឹកចិត្តចំពោះបេក្ខជន ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារជិត ៤ពាន់នាក់។ ទោះយ៉ាងនេះក្តី ក្រសួងអប់រំនៅតែប្រកាន់ជំហរដូចឆ្នាំកន្លងទៅដែរថាគោលការណ៍«អ្នកចេះគឺជាប់» នៅតែត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់ ដើម្បីធានាគុណភាព​សិស្សនៅក្នុងការប្រលងបាក់ឌុបឆ្នាំនេះ។ ដោយឡែក ការដែលមានបេក្ខជនប្រលងជាប់សញ្ញាបត្រដល់ទៅជាង ៨០% ត្រូវគេមើលឃើញថា ជាអត្រាមួយដ៏ខ្ពស់ ដែលបង្ហាញពីបរិមាណដ៏ច្រើន។ ជាសរុបមក ប្រសិនបើគុណភាព មិនរងនូវការរិះគន់ពីភាពមិនប្រក្រតីណាមួយទេ នោះបេក្ខជនដែលប្រលងជាប់បាក់ឌុបដ៏ច្រើនសន្ធឹកសន្ធាប់នៅឆ្នាំ២០២៥នេះ នឹងក្លាយជាធនធានមនុស្សដ៏មានសមត្ថភាពរបស់កម្ពុជាទៅថ្ងៃអនាគត។ ជាធនធាន ដែលប្រទេសកម្ពុជា ត្រូវការចាំបាច់ នៅក្នុងដំណើរការអភិវឌ្ឍប្រទេស អំឡុងពេលដែលពិភពលោក និងតំបន់មានការប្រកួតប្រជែងគ្នាខ្លាំង ជាពិសេសវិស័យបច្ចេកវិទ្យា៕

    4 Min.
  2. VOR 6 TAGEN

    ការផ្តល់សេវាធ្វើដំណើរដោយមិនបង់ប្រាក់អំឡុងភ្ជុំបិណ្ឌជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រ?

    ដូចកាលពីឆ្នាំកន្លងទៅដែរ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលបានត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានាដោយមិនបង់ប្រាក់។ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជាការទទួលខុសត្រូវមួយរបស់រដ្ឋ ចំពោះពលរដ្ឋ ដែលមិនមានលទ្ធភាពធ្វើដំណើរអំឡុងពេលបុណ្យធំៗ។ រថយន្តក្រុងចំណុះពី ២៥ដល់ ៤០កៅអី​ចំនួន ៤៩៧គ្រឿង ត្រូវបានរដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញប្រកាសដាក់ឲ្យពលរដ្ឋជិះពីភ្នំពេញទៅកាន់បណ្តាខេត្តនានានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងត្រឡប់មកភ្នំពេញវិញដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២០​ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥។​ តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ រថយន្តក្រុងទាំងជិត៥០០គ្រឿងនេះ ត្រូវបានបែងចែកជាខ្សែររត់ធំៗចំនួន ៧គោលដៅ ឆ្ពោះទៅកាន់ខេត្តទាំង២៤ និងមានផ្តល់ជូនទឹកសុទ្ធដល់អ្នកជិះដោយឥតគិតថ្លៃផងដែរ។ ការផ្តល់ជូនសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរបស់រដ្ឋដូចនេះ ត្រូវគេមើលឃើញថាជាដំណោះស្រាយមួយដ៏ល្អក្នុងការជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋខ្មែរ ដែលឡើងមកស្នាក់នៅ និងធ្វើការនៅភ្នំពេញបានមួយកំរិត។ តាមធម្មតានៅពេលមានបុណ្យទានធំៗម្តងៗ ដូចជាបុណ្យភ្ជុំបិណ្ឌនេះជាដើម ពលរដ្ឋខ្មែរចំណាកស្រុកភាគច្រើនមកធ្វើការនៅភ្នំពេញ តែងនាំគ្នាត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ តាមរយៈមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនខ្លះ និងតាមរថយន្តឈ្នួល ភាគច្រើនសម្រាប់អ្នករស់នៅតាមខេត្តឆ្ងាយៗ។ ទោះជិត ឬក៏ឆ្ងាយ ពលរដ្ឋចំណាកស្រុកទាំងនោះ ចាំបាច់ត្រូវចំណាយថវិកាផ្ទាល់ខ្លួន តាមរយ ៈការចាយវាយទៅលើថ្លៃប្រេងឥន្ធនៈ និងការចំណាយលើសពីប្រក្រតីទៅលើរថយន្តឈ្នួល។ តែសម្រាប់ការធ្វើដំណើរតាមរយៈរថយន្តក្រុង ដែលអាជ្ញាធរជួយដឹកជញ្ជូនដោយមិនគិតថ្លៃ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្របានមួយគ្រាហ៍ៗដែរ។ ក្នុងន័យនេះ ថវិកាដែលពលរដ្ឋត្រូវចំណាយរាប់ម៉ឺនរៀលក្នុងម្នាក់ៗ ទៅលើមធ្យោបាយធ្វើដំណើរកន្លងទៅតាមរថយន្តតាក់ស៊ី ពេលនេះបានសល់ក្នុងហោប៉ៅ និងអាចយកថវិកានេះ ទៅចំណាយនៅក្នុងការធ្វើបុណ្យទាន ចំណាយលើគ្រួសារ និងមានលទ្ធភាពចែកចាយដល់ញាតិមិត្ត និងមនុស្សវ័យចំណាស់ដែលនៅចាំផ្ទះផងដែរ។ ដោយឡែកការចូលរួមពិធីបុណ្យភ្ជុំបិណ្ឌរបស់ពលរដ្ឋវិញ ក៏ជាការចូលរួមប្រកបដោយទឹកមុខរីករាយ ដោយមិនខ្វាយខ្វល់ច្រើន ពីរឿងខ្វះខាតក្រោយបុណ្យភ្ជុំបិណ្ឌ។ លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានយល់ឃើញពីចំណុចវិជ្ជមានចំពោះការរៀបចំរថយន្តក្រុងដឹកពលរដ្ឋពីភ្នំពេញទៅកាន់បណ្តាខេត្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ។ តាមលោក យង់ គិមអេង សកម្មភាពនេះ គឺជាការបង្ហាញពីការទទួលខុសត្រូវរបស់អាជ្ញាធរ ក្នុងការជួយផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ដែលក្រីក្រ ជាពិសេសអ្នកដែលមិនមានលទ្ធភាពធ្វើដំណើរត្រឡប់ទៅស្រុកកំណើតអំឡុងពេលបុណ្យធំៗកន្លងទៅ។ លោកថា ដើម្បីឲ្យពលរដ្ឋមានជំនឿជឿជាក់កាន់តែខ្លាំង គប្បីរដ្ឋត្រូវធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ពួកគេមានភាពប្រសើរឡើងបន្ថែមទៀត។ គេនៅចាំបានថា រយៈពេល ៦ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ ២០២៤ មាន​ប្រជាពលរដ្ឋ​សរុប​ជាង ៧ម៉ឺននាក់​ បាន​ទទួល​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត។ សូមបញ្ជាក់ថា តាមជំរឿនប្រជាជនឆ្នាំ២០២៤ រាជធានីភ្នំពេញ នៅតែជាទីតាំងប្រកបដោយសក្តានុពល ក្នុងចំណោម ២៥រាជធានី ខេត្ត ដែលមានប្រជាជនរស់នៅច្រើនជាងគេប្រមាណ ២,៣លាននាក់ ស្មើនឹង ១៣,៦% នៃប្រជាជនទូទាំងប្រទេសជាង ១៧លាននាក់។ កំណើនប្រជាជននៅរាជធានីភ្នំពេញ គឺដោយសារកំណើនសិស្ស និស្សិត​ ឡើង​មករៀន​បន្ត​នៅ​តា​ម​សាកល​វិទ្យា​ល័យ​​នានា ការបម្លាស់ទីរបស់អាជីវករ ពាណិជ្ជករ ​ពីខេត្តមករាជធានី និងការ​ធ្វើ​ចំណាកស្រុករបស់ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​មក​រក​ការ​ងារ​ធ្វើ​នៅ​ភ្នំពេញដូចជា​កម្មករ​ កម្មការិនីរោងចក្រជាដើម៕

    4 Min.
  3. 5. SEPT.

    តើកម្ពុជាពិតជាបានធ្វើការងារការទូតសកម្ម ឬយ៉ាងណានៅក្នុងជម្លោះកម្ពុជា-ថៃ?

    ចាប់តាំងពីកងទ័ពកម្ពុជា និងកងទ័ពថៃបានផ្ទុះអាវុធដាក់គ្នាអស់រយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កម្ពុជាហាក់បានបង្ហាញពីសកម្មភាពការទូតមមាញឹកជាងសព្វមួយដង។ ក្រោយការជំរុញពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកឲ្យមានការចរចា ដើម្បីទទួលបានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាមានឱកាសធ្វើការងារការទូតយ៉ាងពេញដៃពេញជើង ស្របពេលដែលថៃកំពុងប្រឈមនឹងនយោបាយផ្ទៃក្នុងមកទល់បច្ចុប្បន្ន។ ក្រោយមានការលើកឡើងថាការផ្សព្វផ្សាយរបស់កម្ពុជាទៅកាន់ពិភពលោកមានភាពយឺតយ៉ាវជាងថៃ ទាក់ទងទៅនឹងការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥មក គេសង្កេតឃើញថាកម្ពុជាបានស្ទុះស្ទាបង្កើនសកម្មភាពការទូតយ៉ាងខ្លាំង ដែលចាប់ផ្តើមតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ជាកិច្ចសន្ទនាដែលនាំមកនូវភាពវិជ្ជមាន ដោយធ្វើឲ្យភាគីកម្ពុជា-ថៃ ដែលកំពុងច្បាំងគ្នាតាមព្រំដែនបញ្ឈប់ការប្រយុទ្ធ ហើយងាកទៅរកការប្រជែងគ្នាស្វែងរកការគាំទ្រតាមរយៈការទូត។ សម្រាប់កម្ពុជា ការសម្របសម្រួលពីសំណាក់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហីម ដែលជាប្រធានអាស៊ានប្តូរវេន ឲ្យមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការចូលរួមពីចិន និងរុស្ស៊ី គឺជាទំនុកចិត្តមួយដ៏កក់ក្តៅ បើទោះណាជាកិច្ចព្រមព្រៀងឈប់បាញ់ត្រូវគេមើលឃើញថាមានភាពផុយស្រួយក៏ដោយ។ ជាមួយគ្នានោះ សហគមន៍អន្តរជាតិ និងបណ្តាប្រទេសជាមិត្តកម្ពុជា ក៏បានបង្ហាញប្រតិកម្មជាបន្តបន្ទាប់ដែរ ដោយអាមេរិកយល់ព្រមទម្លាក់ពន្ធបដិការដល់ទំនិញកម្ពុជានាំចូលអាមេរិកនូវអត្រាពី៣៦% មកត្រឹម១៩%។ ចំណែកឯ ចិន សហភាពអឺរ៉ុប និងបារាំងវិញ ប្រទេសទាំងនេះ បានសម្តែងការព្រួយបារម្ភចំពោះជម្លោះ រវាងកម្ពុជា និងថៃ ដោយជំរុញឱ្យប្រទេសទាំងពីរឈប់ប្រយុទ្ធគ្នា ហើយងាកមកដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ដោយសន្តិវិធី។ ជាបន្តបន្ទាប់កម្ពុជាតាមរយៈក្រសួងការបរទេសបានធ្វើលិខិតតវ៉ាទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីរាយការណ៍ពីការគំរាមកំហែងចំពោះបទឈប់បាញ់ ដោយសារតែភាគីថៃ បានរំលោភបំពានលើដែនអធិបតេយ្យកម្ពុជាជាបន្តបន្ទាប់។ បន្ថែមពីនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ក៏បានផ្ញើសារទៅកាន់ពិភពលោក តាមរយៈការធ្វើសន្និសីទកាសែតយ៉ាងទៀងទាត់ជាភាសាខ្មែរ និងភាសាបរទេសជុំវិញស្ថានការណ៍វិវត្តន៍ចុងក្រោយនៃការគោរពបទឈប់បាញ់។ បទឈប់បាញ់ដ៏កម្រ និងផុយស្រួយនេះ ត្រូវភាគីកម្ពុជាអះអាងថាបានគោរពយ៉ាងខ្ជាប់ខ្ជួន។ ផ្ទុយទៅវិញ ភាគីថៃ តែងតែបំពានបទឈប់បាញ់ តាមរយៈកាបង្ករឿងមួយចំនួនដូចជាការល្បាតជាន់មីន និងការរាយលួសបន្លានៅលើទឹកដីកម្ពុជាជាដើម។ លោកបណ្ឌិត អេង កុកថាយ អ្នកស្រាវជ្រាវនយោបាយ និងប្រវត្តិសាស្ត្រកម្ពុជាបានកត់សម្គាល់ថា ប្រទេសកម្ពុជាកំពុងតែធ្វើការងារការទូតយ៉ាងសកម្ម និងមានប្រៀបតាមរយៈជំនួបជាមួយមេដឹកនាំប្រទេសនានា និងធ្វើការងារការទូតក្រៅឆាកផងដែរ។ តាមអ្នកស្រាវជ្រាវរូបនេះ ការទូតគឺជាចំណុចលេចធ្លោរបស់កម្ពុជា ដែលជាប្រទេសតូច តែមានឥទ្ធិពលការទូតកម្រិតខ្ពស់ បើផ្អែកទៅលើការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានមួយនៅប្រទេសអូស្ត្រាលី។ តាមរយៈកម្មវិធីសំខាន់ៗមួយចំនួន មេដឹកនាំកម្ពុជាបានជួបមេដឹកនាំប្រទេសនានាទាំងផ្ទាល់ និងមិនផ្ទាល់ ជាក់ស្តែងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយមេដឹកនាំកំពូលចិន និងមេដឹកនាំផ្សេងៗទៀតក្នុងឱកាសនៃកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីនប្រទេសចិនកាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ បន្ថែមពីនេះ នៅថ្ងៃទីនៅថ្ងៃទី៧ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ មេដឹកនាំកម្ពុជានឹងទទួលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានអ្នកតាមដាននយោបាយកម្ពុជាមើលឃើញថាជាឱកាសដ៏សំខាន់មួយទៀតសម្រាប់កម្ពុជាក្នុងការធ្វើការងារការទូតជាមួយមេដឹកនាំអាស៊ាន នៅក្នុងជម្លោះជាមួយថៃ៕

    4 Min.
  4. 7. JULI

    ១៧ឆ្នាំ ក្រោយក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហារ

    ០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៥ គឺជាខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ(UNESCO)។ រយៈពេល ១៧ឆ្នាំមកនេះ ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហាររបស់ខ្មែរតាមរយៈមិនទទួលស្គាល់សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅឆ្នាំ១៩៦២ និងការបកស្រាយសាលដីការបស់ ICJ នៅឆ្នាំ២០១៣ រួមនឹងការកាឡៃប្រវត្តិសាស្ត្រពីសំណាក់ក្រុមជាតិនិយមថៃជាដើម។ ០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៥ គឺជាខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នៅថ្ងៃទី០៧ ខែកក្កដានេះ ប្រទេសកម្ពុជាចាប់តាំងពីប្រជាពលរដ្ឋរហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងព្រះមហាក្សត្របានចងចាំថ្ងៃជាប្រវត្តិសាស្ត្រនេះ តាមរយៈការចេញសារអបអរនៅតាមបណ្តាញសង្គម និងការចេញផ្សាយជាផ្លូវការផងដែរ។ សម្រាប់ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា គឺព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក បានធ្វើឲ្យប្រទេសកម្ពុជាបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់ប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត។ ព្រះរាជសារព្រះមហាក្សត្រក៏បានរំលឹកផងដែរពីព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។ ក្រៅពីព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញសារអបអរខ្លីៗតាមរយៈសំណេរ និងឃ្លីបវីដេអូ រំលឹកខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែរ។ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានលើកឡើងថា«ប្រាសាទព្រះវិហារ ជាដួងព្រលឹងរបស់ជនជាតិខ្មែរ កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!» ជាមួយគ្នានេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បានចេញសារខ្លីតាមបណ្តាញសង្គមផងដែរ ដោយអាមេរិកចូលរួមអបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ទោះជាកម្ពុជា និងពិភពលោកចាត់ទុកថាប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិផ្តាច់មុខរបស់កម្ពុជាយ៉ាងណាក៏ដោយ រយៈពេល១៧ឆ្នាំ ក្រោយប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហារ មិនរាថយឡើយ។ តាមពិតមហិច្ឆតារបស់ថៃចង់បានប្រាសាទព្រះវិហាររបស់ខ្មែរបានចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៩៦២មកម្ល៉េះ ពោលគឺក្រោយថៃចាញ់ក្តីកម្ពុជាលើសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នាទីក្រុងឡាអេ ប្រទេសហូឡង់។ ចាប់តាំងពីពេលនោះមក ថៃជាពិសេសក្រុមជាតិនិយម និងបញ្ញវន្តខិលខូចមួយចំនួន បានអប់រំ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាជនខ្លួនឲ្យវង្វេងប្រវត្តិសាស្ត្រតាមរយៈការចាត់ទុកប្រាសាទព្រះវិហារថាជារបស់ថៃ។ ចំណុចនេះលោកបណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិតសភាកម្ពុជា និងជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រមួយរូបបានហៅឥរិយាបទរបស់ថៃថា ថៃមិនមែនជារដ្ឋទំនើបស៊ីវីល័យនោះទេ។ លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង បានចាប់អារម្មណ៍ និងរៀបរាប់ពីអាកប្បកិរិយាមិនល្អរបស់ថៃចាប់តាំងពីចាញ់ក្តីខ្មែររឿងប្រាសាទព្រះវិហារក្នុងឆ្នាំ១៩៦២។ ការកើតទុក្ខមិនសុខចិត្តរបស់ថៃបានបង្ហាញឡើងតាមរយៈការកសាងប្រាសាទព្រះវិហារមួយនៅប្រទេសថៃ ដោយចំលងពីប្រាសាទព្រះវិហារពិតរបស់ខ្មែរ ក្រោយចាញ់ក្តីខ្មែរភ្លាមៗ ក្នុងគោលបំណងឲ្យភ្ញៀវទេសចរអន្តរជាតិមានការភ័ន្តច្រឡំ។ ក្រោយអង្គការយូណេស្កូបានបញ្ចូលប្រាសាទព្រះវិហារទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ថៃបានបញ្ជូនកងទ័ពមកកាន់កាប់ប្រាសាទព្រះវិហាររបស់ខ្មែរដោយខុសច្បាប់ម្តងទៀត និងមានការផ្ទុះអាវុធជាមួយកងទ័ពកម្ពុជានៅឆ្នាំ២០១១។ ក្រោយពីឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានពេលនោះមិនអាចសម្របសម្រួលបាន កម្ពុជាបានជ្រើសរើសការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ​ម្តងទៀត ដើម្បីឲ្យ ICJ បកស្រាយសាលដីកាឆ្នាំ១៩៦២ រឿងប្រាសាទព្រះវិហារ ពេលនោះហើយដែលកម្ពុជាបានឈ្នះថៃម្តងទៀតក្នុងឆ្នាំ២០១៣។ ទោះយ៉ាងណា លោក

    5 Min.
  5. 30. JUNI

    តើព័ត៌មានបែបAI មានផលប៉ះពាល់យ៉ាងណាសម្រាប់បរិបទជម្លោះកម្ពុជា-ថៃ?

    កម្ពុជា និងថៃ បានបន្តប្រឈមមុខដាក់គ្នាខាងនយោបាយ និងយោធាចាប់តាំងពីមានការផ្ទុះអាវុធកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ នៃខេត្តព្រះវិហារ។ ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នានេះ មានមាតិការព័ត៌មាន រូបភាព និងវីដេអូតាមទម្រង់បញ្ញាសិប្បនិម្មិត(AI) ត្រូវបាន​បង្កើតឡើង​យ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម។ អ្នកតាមដានសង្គមនានា​មើលឃើញ​ថា AI ពិតជាមានសារសំខាន់ចំពោះវិស័យបច្ចេកវិទ្យា តែវាជាហានិភ័យចំពោះការប្រើប្រាស់បែបអវិជ្ជមាន និងកាលៈទេសៈនៃជម្លោះរវាងកម្ពុជា និងថៃ។ បញ្ញាសិប្បនិម្មិត ឬជាភាសាអង់គ្លេសហៅថា Artificial Intelligence(AI) គឺសំដៅទៅលើប្រាជ្ញារបស់ម៉ាស៊ីន ឬកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើង ដោយយកត្រាប់តាមប្រាជ្ញារបស់មនុស្ស ពោលគឺជាកម្មវិធី ឬប្រព័ន្ធមួយ ដែលមានសមត្ថភាពធ្វើឲ្យម៉ាស៊ីនមានរបៀបគិតបានដូច ​ឬស្រដៀងមនុស្ស។ ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃកក្រើកឡើងវិញកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ គេសង្កេតឃើញមានព័ត៌មាន រូបភាព និងឃ្លីបវីដេអូមួយចំនួននៅលើបណ្តាញសង្គមត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ មាតិការទាំងនោះរួមមានព័ត៌មានជាសំណេរ ជាសម្លេង រូបភាពកងទ័ព និងសព្វាវុធ និងជាឃ្លីបវីដេអូខ្លីៗ។ ចុងក្រោយនេះ ជនអនាមិកជនជាតិថៃបានបង្កើតវីដេអូឃ្លីបខ្លី ដោយកាត់តវីដេអូលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៅខេត្តព្រះវិហារកាលពី​  សប្តាហ៍មុន ដោយបន្លំសម្លេងរបស់លោក ហ៊ុន សែន ទៅជាភាសាថៃតាមរយៈបច្ចេកវិទ្យា AI។ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ត្រូវគេមើលឃើញថាមានលទ្ធផលពីរផ្សេងគ្នា ពោលគឺទី១បង្ហាញពីការលូតលាស់បែបបច្ចេកវិទ្យាប្រកបដោយភាពវិជ្ជមាន និងទី២ AI ក៏បង្ហាញពីចំណុចអវិជ្ជមានដែរអាស្រ័យទៅលើអ្នកប្រើប្រាស់ និងកាលៈទេសៈ។ សម្រាប់បរិបទនៃប្រទេសកម្ពុជា និងថៃ បច្ចុប្បន្ន ការប្រើប្រាស់ AI នៅលើបណ្តាញសង្គម និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយពិតជាប្រឈមនឹងហានិភ័យខ្ពស់ ដោយសារពលរដ្ឋខ្លះពិបាកនឹងបែងចែកព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានរកឃើញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ព័ត៌មានក្លែងក្លាយបានកើតមានចំនួនប្រមាណ ១ ៨០០ករណី ក្នុងនោះប្រធានបទទាក់ទងទៅនឹងការប្រើបច្ចេកវិទ្យា AI មានប្រមាណជាង ២០ករណី។ នេះគ្រាន់តែជាការកត់ត្រារបស់ក្រសួងព័ត៌មានប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលពីស្ថាប័នផ្សេងៗទៀតនៅឡើយ។ លោក ជី សុផាត អ្នកជំនាញផ្នែកសន្តិសុខឌីជីថលមួយរូប មើលឃើញថាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បានវិវត្តទៅមុខឥតឈប់ឈរ ដោយមិនមានអ្វីអាចបង្អាក់ដំណើរការបច្ចេកវិទ្យា AI បានទេ។ ទន្ទឹមគ្នានេះ ក៏មានការកេងចំណេញពី AI ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្ថាប័នផងដែរ ដែលទាំងអស់នេះធ្វើឲ្យ មានផលប៉ះពាល់ច្រើនក្នុងការទទួលបានព័ត៌មានរបស់មហាជនជាពិសេសនៅលើបណ្តាញសង្គម។ តាមលោក ជី សុផាត បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រឹតតែមានហានិភ័យថែមទៀត​នៅពេលដែល​មាន​ការប្រើប្រាស់ ព័ត៌មាន និងរូបភាពបែប AI ទាក់ទងទៅនឹងជម្លោះនៃប្រទេសទាំងពីរ។   សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ក៏មើលឃើញពីហានិភ័យធំធេងដែរ ប្រសិន ជម្លោះព្រំដែនកម្ពុជា-ថៃ ឈានទៅដល់ការប្រើប្រាស់ និងផ្សព្វផ្សាយក្នុងទម្រង់ AI។ ហានិភ័យគឺដោយសារភាគីម្ខាង ដែលមានបច្ចេកវិទ្យាជឿនលឿនជាងខាង AI ហាក់មានប្រៀបជាងភាគីម្ខាងទៀត ខណៈដែលពិភពលោកមិនទាន់អាចកំណត់បានពីទំហំ និងការប្រើប្រាស់នៃការរីកចម្រើនរបស់បច្ចេកវិទ្យា AI នៅឡើយ។ ទោះយ៉ាងណាជម្លោះរវាងកម្ពុជា និងថៃ នៅពេលនេះ នៅមិនទាន់ឃើញមានគ្រោះថ្នាក់ធំដុំនៅឡើយពីការផលិតព័ត៌មាន រូបភាព វីដេអូ ដោយប្រើបច្ចេកវិទ្យា AI។ ផ្ទុយទៅវិញ បញ្ញាសិប្បនិម្មិត AI នៅតែបន្តផ្តល់ប្រយោជន៍ជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា ចំពោះការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍរបស់មនុស្ស៕

    4 Min.
  6. 16. JUNI

    តើពលករខ្មែរគួរត្រលប់មកស្រុកវិញឬយ៉ាងណា អំឡុងពេលតានតឹងរឿងព្រំដែនខ្មែរ-ថៃ?

    ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ តាមរយៈជម្លោះព្រំដែននេះ ក្រុមអ្នកជាតិនិយមថៃបានបង្ហាញពីការប្រមាថ និងចង់ឲ្យមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ។ ស្របពេលគ្នានេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាក៏បានរុញទូកបណ្តោយទឹក ដោយអំពាវនាវឲ្យពលករខ្មែរត្រលប់មកប្រទេសកំណើតវិញ និងប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ផ្តល់ការងារជូនជាច្រើនកន្លែង និងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានកើតឡើងកាលពីចុងខែឧសភា ឆ្នាំ២០២៥ បានជះឥទ្ធិពលទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងខ្លាំង។ ភាពតានតឹងនៃប្រទេសទាំងពីរបានជំរុញឲ្យពលករចំណាកស្រុកខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃគ្មានភាពនឹងនរ និងបានវិលត្រលប់មកកាន់ប្រទេសកំណើតវិញជាបន្តបន្ទាប់។ ស្ថាប័នអន្តោប្រវេសន៍ខ្មែរនៅមិនទាន់បានបញ្ចេញតួលេខផ្លូវការនៅឡើយទេ ថាតើមានពលករខ្មែរប៉ុន្មាននាក់ ក្នុងចំណោមពលករស្របច្បាប់ និងខុសច្បាប់រាប់លាននាក់ ដែលធ្វើការនៅក្នុងប្រទេសថៃ ហើយដែលបានវិលត្រលប់មកប្រទេសខ្លួនវិញ អំឡុងពេលដែលមានភាពតានតឹង និងឈានទៅដល់ការបិទបើកច្រកព្រំដែនកម្ពុជា-ថៃ ខុសពីប្រក្រតី។ ទោះជាយ៉ាងនេះក្តី មេដឹកនាំកម្ពុជារួមមានប្រធានព្រឹទ្ធសភា ក៏ដូចជានាយករដ្ឋមន្ត្រី ក៏បានផ្ញើសារអំពាវនាវឲ្យពលករខ្មែរត្រលប់មកប្រទេសកំណើតវិញ ដោយប្រាប់ឲ្យអាជ្ញាធរត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីទទួលពលករខ្មែរចាប់តាំងពីច្រកព្រំដែន ត្រៀមផ្តល់ស្បៀងអាហារ ការដឹកជញ្ជូន ផ្តល់ការងារ និងត្រៀមសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកសម្រាប់ពលករដែលជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ។ នៅក្នុងស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃពេលនេះ តើជាឱកាសឬ ជាសម្ពាធសម្រាប់ពលករខ្មែរចំណាកស្រុកនៅពេលពួកគេសម្រេចចិត្តវិលមកប្រទេសកំណើតវិញ? ជាការពិតក្រសួងការងារកម្ពុជាបានប្រកាសថាកម្ពុជានៅខ្វះកម្លាំងពលកម្មរាប់ម៉ឺនកន្លែង និងត្រៀមផ្តល់ជូនដល់ពលករ ដែលត្រលប់មកពីប្រទេសថៃជាពិសេស។ ក្រសួងការងារបានដាក់ក្រុមការងារចល័តជាច្រើនទីតាំងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលពលករខ្មែរ ដែលត្រលប់មកពីថៃ។ ក្រៅពីផ្តល់ការងារភ្លាមៗ ក្រសួងការងារក៏ផ្តល់នូវជំនាញវិជ្ជាជីវៈដល់ពលករ ដែលមិនមានជំនាញផងដែរ តាមរយៈយន្តការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់។ ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិលមើលឃើញថាការយកចិត្តទុកដាក់ទទួលពលករខ្មែរពីប្រទេសថៃពេលនេះ គឺជាឱកាសសម្រាប់ពលករច្រើនជាងការប្រឈម។ ជាឱកាសគឺដោយសារពលករអាចមកបំរើការងារនៅស្រុកកំណើតរបស់ខ្លួន ដោយចៀសវាងការធ្វើចំណាកស្រុកឆ្លងប្រទេស ដែលលាយឡំទៅដោយបញ្ហាប្រឈមផ្សេងៗ។ វត្តមានរបស់ពលករខ្មែរ ដែលបំរើការងារនៅក្នុងស្រុក ធ្វើឲ្យចរន្តប្រាក់ចរាចរណ៍នៅក្នុងប្រទេស ដែលចំណុចនេះជាផ្នែកមួយជួយរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ទោះយ៉ាងណា ការវិលមកធ្វើការនៅក្នុងប្រទេសរបស់ពលករចំណាកស្រុកខ្មែរពីប្រទេសថៃ ត្រូវអ្នកតាមដានសង្គមមើលឃើញថា ទំនងជាមិនអាចធ្វើទៅបានទាំងស្រុងនោះទេ ប្រសិនបើមើលទៅលើចំណុចមួយចំនួន។ ចំណុចទាំងនោះគឺភាពខុសគ្នានៃប្រាក់ឈ្នួល អតិផរណា ភាពសម្បូរបែបនៃការងារ ទម្លាប់ និងបរិយាកាស​ស៊ីវីល័យរវាងប្រទេសថៃ និងប្រទេសកម្ពុជាជាដើម។ ក៏ប៉ុន្តែ នៅក្នុងស្ថានភាពប្រឈមមុខដាក់គ្នារវាងថៃ និងកម្ពុជា នៅក្នុងលក្ខខណ្ឌ ដែលមានការប្រមាថមើលងាយពីសំណាក់ក្រុមជ្រុលនិយមថៃ និងប្រសិនបើប្រាក់ឈ្នួលការងារនៅក្នុងប្រទេសថៃ និងកម្ពុជាប្រហាក់ប្រហែលគ្នា ពលករគួរតែជ្រើសរើសយកជម្រើសការងារនៅក្នុងប្រទេសកំណើតខ្លួនឯង ជាជាងទៅផ្ញើវាសនានៅក្នុងប្រទេសគេ។ នេះជាការមើលឃើញជាទូទៅពីមជ្ឈដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថាតាមតួលេខផ្លូវការរបស់ក្រសួងការងារកម្ពុជា មានពលករខ្មែរប្រមាណ ១,២លាននាក់ កំពុងធ្វើការងារនៅក្នុងប្រទេសថៃ។ ពលករទាំងនេះ បានផ្ញើថវិកាត្រលប់មកប្រទេសកម្ពុជាវិញ ជាមធ្យមជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ នេះមិនទាន់គិតដល់ពលករចំណាកស្រុកដែលមិនស្របច្បាប់៕

    4 Min.
  7. 2. JUNI

    ឯកភាពជាតិគឺជាកត្តាចាំបាច់ក្នុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង?

    ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក កម្ពុជា និងថៃ បានបង្ហាញនូវភាពតានតឹងនឹងគ្នាឡើងវិញរឿងព្រំដែន។ ភាពតានតឹងនេះ ត្រូវរដ្ឋាភិបាលកម្ពុជាលើកឡើងថាបណ្តាលមកពីទាហានថៃ ដែលបានលួចវាយឆ្មក់នៅចំណុចព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ បណ្តាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។ ដើម្បីបញ្ចប់​វិវាទព្រំដែនជាមួយថៃ ដែលជាបញ្ហាដ៏រុាំរ៉ៃ កម្ពុជាចាំបាច់ត្រូវប្រកាន់យកដំណោះស្រាយតាមរូបភាព មួយចំនួន ក្នុងនោះការឯកភាពជាតិ ក៏ជាកត្តាដ៏សំខាន់ផងដែរ។ ផ្តើមចេញពីការលួចវាយឆ្មក់របស់កងទ័ពថៃនៅតំបន់មុំបី ក្នុងទឹកដីខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥  ដែលបណ្តាលឲ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានកក្រើកឡើងជាថ្មី។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ក្រោយព្រឹត្តិការណ៍ផ្ទុះអាវុធនេះថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល។ លោកនាយករដ្ឋមន្ត្រីពន្យល់ថាលោកបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC)កម្ពុជាគឺទី១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ទី២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) តែម្ដង។ ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព។ ក្រៅពីការបញ្ជាក់ច្បាស់ៗពីប្រមុខរដ្ឋាភិបាល យន្តការផ្សេងៗទៀតក៏ត្រូវគេមើលឃើញថាមានភាពចាំបាច់ដែរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដូចជាតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ ដែលមានថៃជាប្រទេសហត្ថលេខីផងនោះ។ មួយវិញទៀត បញ្ហាឯកភាពជាតិត្រូវបានចាត់ទុកថាជារឿងសំខាន់ នៅក្នុងដំណោះស្រាយជម្លោះអធិបតេយ្យភាពជាមួយប្រទេសជិតខាង ដោយសារឯកភាពជាតិគឺជាខែលការពារជាតិដ៏រឹងមាំ។ តើខ្មែរអាចរួបរួមគ្នាដើម្បីជាតិកំរិតណានៅពេលប្រទេសកំពុងប្រឈមនឹងជម្លោះព្រំដែនជាមួយថៃពេលនេះ? ឯកភាពជាតិពិតប្រាកដត្រូវគេមើលឃើញថានៅឆ្ងាយនៅឡើយ ខណៈដែលប្រទេសកំពុងប្រឈមជាក់ស្តែងជាមួយថៃរឿងព្រំដែនជាច្រើនចំណុចចាប់តាំងពីតំបន់មុំបីរហូតដល់ប្រាសាទ តាមាន់ តាក្របី និងកោះគុតជាដើម។ ការដែលខ្មែរមិនមានឯកភាពជាតិគ្នាបានពេលនេះ ដោយយោងទៅលើហេតុផលថា វប្បធម៌សន្ទនារវាងអ្នកនយោបាយ ដែលមាននិន្នាការផ្ទុយគ្នា ត្រូវបានលុបចោលទាំងស្រុងចាប់តាំងពីឆ្នាំ២០១៤មក។ ក្រុមអ្នកវិភាគនយោបាយកម្ពុជាយល់ឃើញថាកង្វះឯកភាពជាតិជាហេតុធ្វើឲ្យសត្រូវមើលងាយ បាត់បង់ផលប្រយោជន៍រួម និងអាចធ្វើឲ្យប៉ះពាល់ដល់ការដាក់បណ្តឹងទៅកាន់តុលាការអន្តរជាតិ។ គួរបញ្ជាក់ដែរថាកាលពីឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ ICJ នាទីក្រុងឡាអេ ប្រទេសហូឡង់ បានកាត់ក្តីឲ្យកម្ពុជាឈ្នះក្តីរឿងប្រាសាទព្រះវិហារ ពីការឈ្លានពានរបស់ថៃ។ នេះក៏ដោយសារពេលនោះ ត្រូវគេមើលឃើញថាកម្ពុជាមានឯកភាពជាតិរឹងមាំ។ ទោះយ៉ាងណា សំណុំរឿងជម្លោះព្រំដែនជាមួយថៃនាពេលនេះ ត្រូវអ្នកនយោបាយខ្មែរបដិបក្ខនឹងគ្នា បានបង្ហាញនូវចំណុចរួមមួយ គឺគាំទ្រឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ ICJ ដើម្បីបញ្ចប់នូវវិវាទព្រំដែនដ៏រុាំរ៉ៃជាមួយថៃ តាមលំនាំឆ្នាំ១៩៦២៕

    4 Min.
  8. 26. MAI

    គ្រោះធម្មជាតិរន្ទះបាញ់នៅរមណីយដ្ឋានអង្គរជាមេរៀនដែលត្រូវប្រុងប្រយ័ត្នសម្រាប់កម្ពុជា?

    នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានណែនាំឲ្យក្រសួងវប្បធម៌ និងសមត្ថកិច្ចពាក់ព័ន្ធសិក្សាឡើងវិញ និងពង្រីកបន្ថែមនូវប្រព័ន្ធការពាររន្ទះនៅក្នុងរមណីយដ្ឋានអង្គរ។ ការណែនាំរបស់នាយករដ្ឋមន្ត្រីធ្វើឡើង បន្ទាប់ពីមានហេតុការណ៍រន្ទះបាញ់នៅប្រាសាទអង្គរវត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងវប្បធម៌ដែលមានអាជ្ញាធរជាតិអប្សរាជាសេនាធិការសហការជាមួយអាជ្ញាធរខេត្តសៀមរាបក្នុងការសិក្សាឡើងវិញអំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមនូវប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ពិសេសរមណីយដ្ឋានអង្គរដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរចំពោះគ្រោះធម្មជាតិ ដូចជារន្ទះជាដើមដែលកាន់តែមានសភាពខ្លាំងជាងមុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ការណែនាំរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើងតែ១សប្តាហ៍ ក្រោយហេតុការណ៍រន្ទះបាញ់មួយនៅក្នុងបរិវេណរមណីយដ្ឋានអង្គរដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសមួយចំនួន។ បាតុភូតរន្ទះបាញ់នៅប្រាសាទអង្គរវត្តមួយនេះត្រូវបានមហាជនបង្ហាញចេញនូវភាពចម្រូងចម្រាសមតិគ្នាជាមួយនឹងមន្ត្រី និងអ្នកគាំទ្ររដ្ឋាភិបាលដែលមិនចង់ឲ្យមានការផ្សព្វផ្សាយព័ត៌មានបាតុភូតធម្មជាតិនេះ។ តែមហាជនខ្មែរមួយចំនួនទៀតចង់ឲ្យអាជ្ញាធរទទួលស្គាល់ការពិត ជាជាងលាក់លៀម។ ទោះយ៉ាងណា រន្ទះបាញ់នៅអង្គរបានបង្កើតជាសំណួរ និងចម្ងល់នៅក្នុងចំណោមមហាជនដែលថា តើតំបន់ប្រាសាទអង្គរមានបានដាក់ប្រព័ន្ធការពាររន្ទះ ឬក៏មិនមាន?។ តែតាមរយៈការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីបានឆ្លុះបញ្ជាំងថា កន្លងទៅ ស្ថាប័នអាជ្ញាធរជាតិអប្សរា រួមទាំងក្រសួងវប្បធម៌ក៏មានការរៀបចំប្រព័ន្ធការពារគ្រោះធម្មជាតិគ្រប់ប្រភេទដែរ តែគ្រាន់នៅមានចន្លោះប្រហោង។ ជាការពិត មិនមានអ្វីល្អឥតខ្ចោះទេនៅលើលោកនេះ។ តែអ្វីដែលសំខាន់ គឺការហ៊ានទទួលស្គាល់ការពិតនៅចំពោះហេតុការណ៍ដែលបានកើតឡើងដោយអចេតនា និងដែលជាគ្រោះធម្មជាតិមិនអាចគេចបាន។ ដូច្នេះ បញ្ហារន្ទះបាញ់នៅតំបន់អង្គរ គឺជាមេរៀនដែលអាជ្ញាធរត្រូវយកជាបទពិសោធន៍ក្នុងស្មារតីការពារជាមុន ប្រសើរជាងការព្យាបាលជាក្រោយ។ ជាការកត់សម្គាល់ គ្រោះធម្មជាតិរន្ទះបាញ់ដ៏កម្រនៅក្នុងប្រាសាទអង្គរពេលនេះបានឆ្លុះបញ្ចាំងពីកង្វះខាតនៅក្នុងការប៉ាន់ស្មានស្ថានការណ៍ជាមុន ខណៈអ្នកធ្វើការងារលើវិស័យទេសចរណ៍នានាកំពុងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាអង្គរវត្តដូចមុនផ្ទុះវិបត្តិជំងឺកូវីដ១៩។ សូមរម្លឹកជូនថា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដែលជាសេនាធិការរបស់ក្រសួងវប្បធម៌ រមណីយដ្ឋានអង្គរដែលមានទំហំ ៤០០គីឡូម៉ែត្រការ៉េត្រូវបានអភិវឌ្ឍន៍ អភិរក្ស និងកែលម្អឲ្យប្រសើរឡើងជាបន្តបន្ទាប់។ អាជ្ញាធរជាតិអប្សរាបាន និងបន្តធ្វើការងារសំខាន់ៗជាច្រើនដូចជា ការជួសជុលប្រាសាទ ជួសជុលរូបចម្លាក់ និងស្ពានហាល ការស្តារស្រះ ការស្រាវជ្រាវបុរាណវិទ្យា ការថែទាំដើមឈើ និងព្រៃ បង្កើតភ្នាក់ងារសង្គ្រោះបឋម និងការបង្កើតសេវាធ្វើដំណើរកម្សាន្តសប្បាយផ្សេងៗនៅក្នុងតំបន់អង្គរជាដើម។ ទោះជាយ៉ាងនេះក្តី រន្ទះបាញ់នៅប្រាសាទអង្គរថ្មីៗកន្លងទៅអាចចាត់ទុកជាភាពចន្លោះប្រហោង និងជាមេរៀនដែលត្រូវមានការប្រុងប្រយ័ត្នជាមុន ពិសេសទាក់ទងទៅនឹងបញ្ហាសន្តិសុខ និងសុវត្ថិភាព មិនចំពោះតែនៅតំបន់អង្គរតែមួយនោះទេ។ មួយវិញទៀត ការបង្ហាញពីតម្លាភាពចំពោះភាពចន្លោះប្រហោងដោយអចេតនា គឺជាការទទួលខុសត្រូវមួយប្រកបដោយកិត្តិយសដើម្បីបង្កើតឲ្យមានទំនុកចិត្តពីមហាជន ក៏ដូចពីទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីតំបន់អង្គរ ទីកន្លែងផ្សេងដែលមហាជនចង់ឃើញមានស្វ័យការពារសុវត្ថិភាពពីគ្រោះធម្មជាតិដែរនោះ គឺកន្លែងកម្សាន្ត រមណីយដ្ឋាន ឬទីប្រជុំជនផ្សេងៗទៀត ដោយមិនចាំបាច់មានអនុសាសន៍ពីនាយករដ្ឋមន្ត្រី៕

    4 Min.

Info

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌ ​មកធ្វើការ​​ពន្យល់​ បំភ្លឺ ​និង​វិភាគ ជូន​លោក​អ្នក​ស្តាប់។ ​ជា​ការពន្យល់​​បកសា្រយ​ហេតុផល​នៃ​ព្រឹត្តិការណ៍ តាម​លក្ខណៈ​សត្យានុម័ត​និង​អព្យាក្រឹត។

Mehr von RFI ខេមរភាសា / RFI Khmer

Das gefällt dir vielleicht auch