ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការផ្តល់សេវាធ្វើដំណើរដោយមិនបង់ប្រាក់អំឡុងភ្ជុំបិណ្ឌជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រ?

ដូចកាលពីឆ្នាំកន្លងទៅដែរ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលបានត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានាដោយមិនបង់ប្រាក់។ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជាការទទួលខុសត្រូវមួយរបស់រដ្ឋ ចំពោះពលរដ្ឋ ដែលមិនមានលទ្ធភាពធ្វើដំណើរអំឡុងពេលបុណ្យធំៗ។

រថយន្តក្រុងចំណុះពី ២៥ដល់ ៤០កៅអី​ចំនួន ៤៩៧គ្រឿង ត្រូវបានរដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញប្រកាសដាក់ឲ្យពលរដ្ឋជិះពីភ្នំពេញទៅកាន់បណ្តាខេត្តនានានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងត្រឡប់មកភ្នំពេញវិញដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២០​ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥។​

តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ រថយន្តក្រុងទាំងជិត៥០០គ្រឿងនេះ ត្រូវបានបែងចែកជាខ្សែររត់ធំៗចំនួន ៧គោលដៅ ឆ្ពោះទៅកាន់ខេត្តទាំង២៤ និងមានផ្តល់ជូនទឹកសុទ្ធដល់អ្នកជិះដោយឥតគិតថ្លៃផងដែរ។

ការផ្តល់ជូនសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរបស់រដ្ឋដូចនេះ ត្រូវគេមើលឃើញថាជាដំណោះស្រាយមួយដ៏ល្អក្នុងការជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋខ្មែរ ដែលឡើងមកស្នាក់នៅ និងធ្វើការនៅភ្នំពេញបានមួយកំរិត។ តាមធម្មតានៅពេលមានបុណ្យទានធំៗម្តងៗ ដូចជាបុណ្យភ្ជុំបិណ្ឌនេះជាដើម ពលរដ្ឋខ្មែរចំណាកស្រុកភាគច្រើនមកធ្វើការនៅភ្នំពេញ តែងនាំគ្នាត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ តាមរយៈមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនខ្លះ និងតាមរថយន្តឈ្នួល ភាគច្រើនសម្រាប់អ្នករស់នៅតាមខេត្តឆ្ងាយៗ។

ទោះជិត ឬក៏ឆ្ងាយ ពលរដ្ឋចំណាកស្រុកទាំងនោះ ចាំបាច់ត្រូវចំណាយថវិកាផ្ទាល់ខ្លួន តាមរយ

ៈការចាយវាយទៅលើថ្លៃប្រេងឥន្ធនៈ និងការចំណាយលើសពីប្រក្រតីទៅលើរថយន្តឈ្នួល។ តែសម្រាប់ការធ្វើដំណើរតាមរយៈរថយន្តក្រុង ដែលអាជ្ញាធរជួយដឹកជញ្ជូនដោយមិនគិតថ្លៃ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្របានមួយគ្រាហ៍ៗដែរ។

ក្នុងន័យនេះ ថវិកាដែលពលរដ្ឋត្រូវចំណាយរាប់ម៉ឺនរៀលក្នុងម្នាក់ៗ ទៅលើមធ្យោបាយធ្វើដំណើរកន្លងទៅតាមរថយន្តតាក់ស៊ី ពេលនេះបានសល់ក្នុងហោប៉ៅ និងអាចយកថវិកានេះ ទៅចំណាយនៅក្នុងការធ្វើបុណ្យទាន ចំណាយលើគ្រួសារ និងមានលទ្ធភាពចែកចាយដល់ញាតិមិត្ត និងមនុស្សវ័យចំណាស់ដែលនៅចាំផ្ទះផងដែរ។ ដោយឡែកការចូលរួមពិធីបុណ្យភ្ជុំបិណ្ឌរបស់ពលរដ្ឋវិញ ក៏ជាការចូលរួមប្រកបដោយទឹកមុខរីករាយ ដោយមិនខ្វាយខ្វល់ច្រើន ពីរឿងខ្វះខាតក្រោយបុណ្យភ្ជុំបិណ្ឌ។

លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានយល់ឃើញពីចំណុចវិជ្ជមានចំពោះការរៀបចំរថយន្តក្រុងដឹកពលរដ្ឋពីភ្នំពេញទៅកាន់បណ្តាខេត្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ។ តាមលោក យង់ គិមអេង សកម្មភាពនេះ គឺជាការបង្ហាញពីការទទួលខុសត្រូវរបស់អាជ្ញាធរ ក្នុងការជួយផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ដែលក្រីក្រ ជាពិសេសអ្នកដែលមិនមានលទ្ធភាពធ្វើដំណើរត្រឡប់ទៅស្រុកកំណើតអំឡុងពេលបុណ្យធំៗកន្លងទៅ។ លោកថា ដើម្បីឲ្យពលរដ្ឋមានជំនឿជឿជាក់កាន់តែខ្លាំង គប្បីរដ្ឋត្រូវធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ពួកគេមានភាពប្រសើរឡើងបន្ថែមទៀត។

គេនៅចាំបានថា រយៈពេល ៦ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ ២០២៤ មាន​ប្រជាពលរដ្ឋ​សរុប​ជាង ៧ម៉ឺននាក់​ បាន​ទទួល​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត។ សូមបញ្ជាក់ថា តាមជំរឿនប្រជាជនឆ្នាំ២០២៤ រាជធានីភ្នំពេញ នៅតែជាទីតាំងប្រកបដោយសក្តានុពល ក្នុងចំណោម ២៥រាជធានី ខេត្ត ដែលមានប្រជាជនរស់នៅច្រើនជាងគេប្រមាណ ២,៣លាននាក់ ស្មើនឹង ១៣,៦% នៃប្រជាជនទូទាំងប្រទេសជាង ១៧លាននាក់។

កំណើនប្រជាជននៅរាជធានីភ្នំពេញ គឺដោយសារកំណើនសិស្ស និស្សិត​ ឡើង​មករៀន​បន្ត​នៅ​តា​ម​សាកល​វិទ្យា​ល័យ​​នានា ការបម្លាស់ទីរបស់អាជីវករ ពាណិជ្ជករ ​ពីខេត្តមករាជធានី និងការ​ធ្វើ​ចំណាកស្រុករបស់ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​មក​រក​ការ​ងារ​ធ្វើ​នៅ​ភ្នំពេញដូចជា​កម្មករ​ កម្មការិនីរោងចក្រជាដើម៕