ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើលោក វីទីត ក្នុងនាមជាអ្នករាយការណ៍របស់ UN បានជួយអ្វីខ្លះដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អ្នក​រាយ​ការណ៍​ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាដែលមាន​សញ្ជាតិ​ថៃ​ លោក​ វីទីត មុនតាប៊ន បាន​លា​លែង​ពី​មុខ​តំណែង​ក្រោយ​បំពេញ​ការងារ​បាន​ជាង៥​​ឆ្នាំ​។​ លោក​ វីទីត​បាន​បញ្ជាក់​​ក្នុង​លិខិត​មួយ​​កាល​ពីថ្ងៃ​ទី២៤​ វិច្ឆិកា​​ថា​ ការ​លា​ឈប់​របស់​លោក​គឺបណ្តាល​មក​ពី​​បញ្ហា​សុខ​ភាព​​។​ ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ថា លោក​​ វីទីត មុនតាប៊ន  ទំនងជាមាន​ភាព​​លំបាក​ក្នុងការ​បំពេញការងារ ​ក្រោយ​កម្ពុជា-​ថៃ​ បានធ្លាក់ក្នុង​ជម្លោះ​នៅ​តាម​ព្រំ​ដែនប្រទេសទាំងពីរ​ ទើបលោកសម្រេចចិត្តលាឈប់ពីតួនាទីជាអ្នករាយការណ៍។ អ្នកធ្វើការក្នុងវិស័យសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ក្នុងអាណតិ្តរបស់លោក វិទីត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពុំមានអ្វីប្រែប្រួលជាដុំកំភួនឡើយ តែលោកមានភាពសកម្មនឹងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សពេញលេញ។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសិទ្ធិមនុស្សកម្ពុជា កត់សម្គាល់ឃើញថា ការលាលែងពីតំណែងជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ អាចជាជម្រើស ត្រឹមត្រូវរបស់លោក វីទីត ដើម្បីចៀសវាងការចោទប្រកាន់ណាមួយពីភាគីកម្ពុជា និងថៃ។ តើក្នុង នាមជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោកវីទីត បានជួយអ្វីខ្លះដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?