ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើមានកត្តាអ្វីខ្លះ ដែលធ្វើ​ឲ្យទំនាក់ទំនងការទូតរវាងចិននិងជប៉ុន កាន់តែល្អក់កករខ្លាំងឡើង?

ជម្លោះការទូតរវាងចិននិងជប៉ុន បាន​ផ្ទុះកំដៅ​ឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ពាក់ព័ន្ធនឹងពាក្យ​សំដីរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ក្នុង​សំណុំរឿងកោះតៃវ៉ាន់។ បន្ទាប់ពីចិនបានប្រកាសកាលពីថ្ងៃសៅរ៍ ហាមប្រជាជនខ្លួនកុំ​ឲ្យធ្វើដំណើរទៅលេងជប៉ុន ក្រុមហ៊ុន​ជប៉ុន​​ស្ទើទាំងអស់​​​ក្នុង​វិស័យទេសចរណ៍​ បាន​ខាតប្រាក់យ៉ាងច្រើន ដោយហេតុតែតម្លៃភាគហ៊ុន​បានធ្លាក់ថ្លៃ​។ នៅពីក្រោយ​ជម្លោះពាក្យសំដី​រវាងចិននិងជប៉ុន ជុំវិញបញ្ហា​កោះតៃវ៉ាន់​នេះ គឺវាមានបង្កប់ទៅដោយការគុំគួន​ប្រវត្តិសាស្ត្រ​ ជាយូរឆ្នាំមកហើយ រវាង​មហាអំណាចអាស៊ីទាំង២នេះ​។

ទំនាក់ទំនងការទូតរវាងជប៉ុននិងចិន កំពុងតែល្អក់កករជាខ្លាំង​ ក្រោយ​ការចូលកាន់មុខតំណែង របស់​​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុន សាណាអេ តាកៃឈី ដែលជាមនុស្សអភិរក្សនិងជាតិនិយម។ បន្ថែមលើ​​សំណុំរឿងកោះតៃវ៉ា គឺមាន​​កត្តា​ ជាច្រើនដែលគួបផ្សំគ្នា ដែលធ្វើ​ឲ្យ​មហាអំណាចអាស៊ីទាំង២នេះ មើលមុខគ្នា​មិនត្រង់​ ជាយូរលង់ណាស់​មកហើយ។

​ជម្លោះប្រវត្តិសាស្ត្រ​

ចិនបានរងគ្រោះដ៏ឈឺចាប់បំផុត​ ដោយហេតុតែសង្គ្រាម​ឈ្លានពាន​របស់ជប៉ុន កាលពីក្នុងអំឡុងដើមសតវត្សទី​២០ រហូតដល់ចប់សង្គ្រាមលោកលើកទី​២។ បន្ទាប់ពីបាន​ឈ្លានពានតំបន់ម៉ាន់ជូរី កងទ័ពជប៉ុនបាន​បន្តដំណើរចូលឈ្លានពាន​តំបន់ភាគខាងកើតនិងខាងត្បូងចិន​ និង​បាន​បង្កការកាប់សម្លាប់យ៉ាងព្រៃផ្សៃ​ទៅលើប្រជាជនចិន​។ ព្រឹត្តិ​ការណ៍​កាប់សម្លាប់ដ៏គួរឲ្យ​កត់សំគាល់មួយ​ គឺនៅ​ទីក្រុង​ណានកាំង ឬ ណានជីង នៅ​ឆ្នាំ​១៩៣៧ ដែលកងទ័ពជប៉ុនបានសម្លាប់ប្រជាជនចិន​ប្រមាណ​៣សែននាក់​។ នេះបើផ្អែកតាមការអះអាងរបស់អ្នកប្រវត្តិសាស្ត្រចិន​។

ថ្វីត្បិតតែចិននិង​ជប៉ុន ​បានចាប់ផ្តើម​ភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញនៅឆ្នាំ​១៩៧២ តែការគុំគួនប្រវត្តិសាស្ត្រ នៅតែបន្ត​ចោទជាបញ្ហា ធ្វើឲ្យទំនាក់ទំនងនេះ​មិន​អាចប្រសើរឡើងវិបាន។ កាលពីឆ្នាំ​២០០៥ ប្រជាជនចិន​ច្រើនពាន់នាក់ បានធ្វើបាតុកម្ម​បរិហា បន្ទាប់ពី​រដ្ឋអំណាចជប៉ុន ​បាន​កែប្រែខ្លឹមសារខ្លះ​នៃកម្មវិធីសិក្សាប្រវត្តិសាស្ត្រនៅតាមសាលារៀន ដើម្បី​លាក់បាំង​ទង្វើរបស់ជប៉ុនកាលពីអតីតកាល​។

ចាប់តាំងពីចូលអំណាចមក​ លោកស្រី សាណាអេ តាកៃឈី មិនធ្លាប់បាននិយាយ​អ្វី​ទាក់ទិន​ការកាប់សម្លាប់នៅណានជីង​​មែន តែ​កាលពី​ឆ្នាំ​២០០៤ លោកស្រីធ្លាប់​បាន​លើកឡើង​ថា​តួលេខចំនួន​មនុស្ស​ស្លាប់​៣សែននាក់ ដែលចិនអះអាងនោះ គឺប្រហែល​មិនពិតទេ​។ មុនចូលកាន់មុខងារជាផ្លូវការ នៅថ្ងៃទី​២១តុលា លោកស្រី សាណាអេ តាកៃឈី ត្រូវបានចិនស្អប់និងចំណាំមុខទុក​​រួចទៅហើយ​ ព្រោះលោកស្រីធ្លាប់បានទៅសម្ដែង​​គារវកិច្ច​ជាច្រើនលើក នៅ​ទីបូជនីយដ្ឋាន​ Yasukuni ដែលជា​កន្លែងរំលឹកវិញ្ញាណក្ខន្ធ​ឧក្រិដ្ឋជនសង្គ្រាមជប៉ុន​ច្រើននាក់ កាលពីសម័យសង្គ្រាមលោក​លើកទី​២​។

ជម្លោះទឹកដី​

បន្ថែមពីការគុំគួ​ន​ប្រវត្តិសាស្ត្រ ចិននិងជប៉ុន​ក៏មានបញ្ហាជម្លោះទឹកដី​នឹងគ្នាដែរ​ ពាក់ព័ន្ធនឹងកោះមួយចំនួន​ ស្ថិតក្នុងសមុទ្រចិន​ខាងកើត​។​ ជាក់ស្តែង​ កោះ​ Senkaku ជប៉ុន​អះអាងថាជារបស់ខ្លួន តែចិនវិញក៏ថាជារបស់ខ្លួនដែរ​ ដោយហៅឈ្មោះថា​ កោះ Diaoyu​។ កោះនេះគ្មានមនុស្សរស់នៅមែន តែ​វាមានអត្ថប្រយោជន៍​ខ្លាំងណាស់ មិនថាសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រ​។ វត្តមាន​នាវាកងទ័ពនិង​ស៊ីវិលរបស់ចិន ​ដែលចូលមក​កៀកនឹង​កោះទាំងនេះ តែងបានបង្កឲ្យជប៉ុន​ខឹងច្រលោត​ជានិច្ច​។ យ៉ាងណា​មិញ លោក Minoru  Kihara អគ្គលេខធិការ​រដ្ឋាភិបាលជប៉ុនបានអះអាងថា កាលពីថ្ងៃអាទិត្យទី​​១៦វិច្ឆិកា នាវាល្បាតសមុទ្ររបស់ចិន​បានចូលមក​ក្នុង​ដែនទឹករបស់ជប៉ុន​រយៈពេល​ច្រើនម៉ោង​។ ជប៉ុនអះអាងទៀតថា ក្នុង​​ឆ្នាំនេះ នាវាផ្ទុកយន្តហោះចម្បាំង​របស់ចិន២គ្រឿង ក៏បាន​បើកចូលមកកៀកកោះទាំងនេះ​ដែរ​។

សម្ព័ន្ធភាពជប៉ុន​-អាមេរិក​

សម្ព័ន្ធភាព​រវាងជប៉ុន​និង​អាមេរិក នៅ​​ក្រោយសង្គ្រាមលោកលើកទី​២ ក៏ជាកត្តាមួយដែរ ដែលធ្វើឲ្យ​មិនទុកចិត្តជប៉ុន​។ នៅជប៉ុន​មាន​មូលដ្ឋាន​ទ័ពរបស់អាមេរិក​ច្រើនកន្លែង ជាក់ស្តែងដូចជានៅលើកោះ អូគីណាវ៉ា ក្បែរចិនក្បែរតៃវ៉ាន់​។​​ ប្រការនេះ ធ្វើ​ឲ្យចិនតែងតែគិតថា អាមេរិក​ចង់ប្រើទឹកដីជប៉ុន​​ដើម្បី​ឡោមព័ទ្ធខ្លួន បិទផ្លូវខ្លួន​មិនឲ្យ​ចំហរទ្វារទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក​។ ពេលជួប​លោកដូណាល់ ត្រាំ កាលពីខែ​តុលា លោកស្រីសាណាអេ តាកៃឈី បានប្រកាសសន្យាថា​ នឹងបើកទំព័រសករាជ្យមាស​នៃទំនាក់ទំនងជប៉ុន-អាមេ