ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើណាសា​អាចសម្រេច​មហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទដែរឬទេ?

សហរដ្ឋអាមេរិកកំពុង​ញាប់ដៃជើងដើម្បី​នាំយកម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ទៅដាក់​នៅឋាន​ព្រះចន្ទ ឲ្យបាន​យ៉ាងយូរបំផុត នៅមុនឆ្នាំ​២០៣០។ នៅក្នុង​ក្របខណ្ឌ​នៃ​បេសកកម្ម​បញ្ជូនមនុស្ស​ឲ្យត្រលប់ទៅជាន់ដី​ព្រះចន្ទ​នៅអំឡុង​ឆ្នាំ​២០២៧ ​ប្រធានថ្មី​របស់​ទីភ្នាក់ងារ​ណាសា​កាលពី​ចុងខែ​កក្កដាកន្លងទៅបាន​បញ្ជា​ឲ្យគេ​ដាក់ដេញថ្លៃគម្រោងផលិត​​ប្រតិករនុយក្លេអ៊ែរ​ដែលមានសមត្ថភាព​ផ្គត់ផ្គង់​ថាមពល​នៅលើ​ឋានព្រះចន្ទ។ តើណាសា​អាចសម្រេច​មហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទដែរឬទេ? 

ដំឡើង​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទ។ ស្តាប់ទៅមួយភ្លែត គេអាច​គិតថា វាជា​គំនិត​ដ៏ឆ្កួតលីលា មិនអាចលេចចេញរូបរាងបាននោះទេ។ ប៉ុន្តែ ចំពោះលោក Sean Duffy ប្រធានទីភ្នាក់ងារអវកាស​ណាសា និងជា​រដ្ឋមន្រ្តីក្រសួង​គមនាគមន៍​អាមេរិក គ្មានអ្វីដែល​មិនអាច​ទៅរួចនោះទេ។ នៅក្នុង​កំណត់ហេតុដែល​ធ្លាក់​ទៅដល់​ដៃអ្នកកាសែត កាលពី​ដើម​ខែ​សីហានេះ ប្រធានថ្មីរបស់​ទីភ្នាក់ងារណាសា​បាន​បញ្ជា​ឲ្យ​គេ​បង្កើតអាជ្ញាធរមួយ​ដែលទទួលបន្ទុកស្វែងរកក្រុមហ៊ុន​ដៃគូ​ដែលមាន​សមត្ថភាព​ផលិត​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ ដើម្បី​ឲ្យ​ណាសា​អាច​នាំយកទៅ​ដាក់​នៅឋាន​ព្រះចន្ទ យ៉ាងយូរបំផុត​នៅ ចុងឆ្នាំ ២០២៩ ពោល​គឺ​ឲ្យបាន​មុន​ឆ្នាំ ២០៣០។

ហេតុអ្វី២០៣០? បើតាម​ប្រធានទីភ្នាក់ងារអវកាស​ណាសា លោក Sean Duffy តាំងពីខែ​មីនាឆ្នាំ​២០២៤ ចិន​និង​រុស្ស៊ី​បាន​ប្រកាស​យ៉ាងតិច​៣លើកពី​គម្រោងការសហការគ្នា​ដើម្បី​ដាក់​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើដីព្រះចន្ទ​ នៅពាក់កណ្តាល​ឆ្នាំ ២០៣០។ “ប្រទេសដែលមាន​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរមុនគេនៅលើឋាន​ព្រះចន្ទ នឹងមានអំណាចកំណត់​ដែនគ្រប់គ្រងរបស់ខ្លួននៅទីនោះ។ នេះគឺជា​ការគំរាមកំហែង​ធំមួយ​ដល់​បេសកកម្ម​Artemis​របស់​ណាសា​ដែលមាន​គម្រោង​នាំយកអវកាសយានិកត្រលប់​ទៅជាន់ដីព្រះចន្ទសាជាថ្មី នៅ ឆ្នាំ ២០២៧។​ ចំពោះប្រធានទីភ្នាក់ងារ​ណាសា នេះជា​ហេតុផល​ចំបងដែល​ណាសា​ត្រូវ​រួសរាន់ ប្រឹងប្រែងស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីដើម្បី​អាច​បោះមួយជំហាន​ទៅមុខឲ្យបាន​​មុន​គូប្រជែង ចិន និង​រុស្ស៊ី។

នៅ​ឋាន​ព្រះចន្ទ ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​នឹង​អាច​ផ្គត់ផ្គង់ថាមពលដល់​មូលដ្ឋាន​ដែលណាសា​គ្រោង​បញ្ជូនមនុស្ស​ឲ្យទៅនៅប្រចាំការផ្ទាល់​នៅភាគខាងត្បូង ឋានព្រះចន្ទដែលជាទីដៅចង់បាន​របស់​ចិន ឥណ្ឌា និងរុស្ស៊ី។ នៅ​ទីនោះ គេ​នឹងអាច​ធ្វើការស្រាវជ្រាវ សិក្សាពីការរស់នៅ​របស់​មនុស្ស​នៅកន្លែងផ្សេងមួយក្រៅពី​ភពផែនដី ទាំងការផ្សាំខ្លួន និងការប្រើបច្ចេកវិទ្យាទំនើបថ្មី។ វាជាដំណាក់កាលសិក្សា​សំខាន់​មួយ​របស់​ណាសា ដែលមាន​មហិច្ឆតាប្រើ​ឋាន​ព្រះចន្ទ ជា​កន្លែង​ឆ្លងបន្តទៅ​ភពក្រហម ភពអង្គារ។

ណាសា​ត្រូវការ​ម៉ាស៊ីន​ប្រតិករនុយក្លេអ៊ែរ​ដើម្បី​ផលិតថាមពល​ដែលគេអាច​ឲ្យគេ​ប្រើ​ប្រាស់​នៅមូលដ្ឋាន​របស់ណាសា​នៅ​ដីព្រះចន្ទ។

នៅ​ឆ្នាំ ២០២៣ គម្រោងការសាកល្បងមួយ​ដែល​ចាយអស់​ទឹកប្រាក់​៥លាន​ដុល្លារ​បាន​ផលិតចេញ​ម៉ាស៊ីន​មួយ​ដែលអាច​ផលិត​ថាមពលអគ្គិសនី​៤០គីឡូវ៉ាត់ គ្រប់គ្រាន់​សម្រាប់​ឲ្យផ្ទះ៣០ខ្នងប្រើក្នុងរយៈពេល ១០ឆ្នាំ។ ប៉ុន្តែ បើតាម​ការវាយតម្លៃ​របស់​អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការ​របស់​មនុស្ស ដូចជា​ការរស់នៅ ទំនាក់ទំនង និង​ឧបករណ៍ជីកស្រាវជ្រាវ​នៅលើដីព្រះចន្ទ គេត្រូវ​ការ​ម៉ាស៊ីនផ្គត់ផ្គង់អគ្គិសនី​យ៉ាងតិច ១០០គីឡូវ៉ាត់។

គេត្រូវការថាមពល​នុយក្លេអ៊ែរនៅលើ​ឋានព្រះចន្ទ ក៏ព្រោះតែគេមិនអាច​ពឹងផ្អែកទៅលើ​ថាមពល​បានមកពីផ្ទាំងសូឡា។ ត្រូវ​ដឹងថា នៅឋានព្រះចន្ទ មួយយប់ៗ​មាន​រយៈពេល​ស្មើ១៤ថ្ងៃ​នៅលើផែនដី ដូច្នេះ ផ្ទាំងសូឡាប្រាកដជា​គ្មានពន្លឺថ្ងៃគ្រប់គ្រាន់ដើម្បីស្រូប​ផលិតចេញ​ជា​ថាមពល​សម្រាប់ប្រើប្រាស់​ដោយ​ឯករាជ្យនោះទេ។

ថាមពលនុយក្លេអ៊ែរសំខាន់ ប៉ុន្តែ ​បញ្ហាចោទនៅត្រង់ថា តើ​គេ​អាច​នាំយក​ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរដ៏មានទំហំធំ​ទៅកាន់ឋានព្រះចន្ទ​បាន​យ៉ាងដូចម្តេច? ចុះ ការដឹកជញ្ជូន​សារធាតុអ៊ុយរ៉ាញ៉ូម​? នេះគេ​នៅមិនទាន់និយាយ​ពីសីតុណ្ហភាពនៅឋានព្រះចន្ទ ដែលអាច​ឡើង​ដល់​១២៧អង្សារ និង​​ការគ្រប់គ្រងកំដៅ​របស់​ម៉ាស៊ីនប្រតិករផង។ ដើម្បី​បន្ថយកំដៅ​ម៉ាស៊ីន​ប្រតិករកុំ​ឲ្យឡើង​ក្តៅពេក គេត្រូវការប្រើប្រាស់ទឹកជាប្រចាំ។ ចុះ​បើព្រះចន្ទ​គ្មានទឹកដូចផែនដីផង តើ​គេ​អាច​សង្ឃឹមប