
បញ្ជូននាវាចម្បាំងទៅអាមេរិកឡាទីន តើអ្វីជាចេតនាពិតប្រាកដរបស់លោកដូណាល់ ត្រាំ
តាំងពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី២៦តុលាម្សិលមិញ ប្រធានាធិបតីរបស់ប្រទេសវ៉េណេស៊ុយអេឡា នៅមិនសុខស្រណុកចិត្តឡើយ នៅពេលឃើញអាមេរិកបញ្ជូនគ្រឿងសព្វាវុធជាបន្តបន្ទាប់មកដាក់ក្បែរវ៉េណេស៊ុយអេឡា។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីវ៉េណេស៊ុយអេឡាវាយតម្លៃថា វត្តមានរបស់នាវាដឹកយន្តហោះចម្បាំងដ៏ធំមហិមារបស់អាមេរិកនៅប្រទេសកោះទ្រីនីតេ អេ តូបាហ្គោ Trinité-et-Tobago ដើម្បីធ្វើសមយុទ្ធ មានលក្ខណៈញុះញង់។ មេដឹកនាំវ៉េណេស៊ុយអេឡា នៅបានអះអាងទៀតថា ទើបចាប់ខ្លួនក្រុមទាហានស៊ីឈ្នួលដែលធ្វើការឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA។
នាវាដឹកយន្តហោះចម្បាំងរបស់អាមេរិកUSS Gravelyរួមទាំងកងពលទាហានជើងទឹកមួយអង្គភាពបានទៅដល់ប្រទេស Trinité-et-Tobagoនៅក្នុងក្របខ័ណ្ឌសមយុទ្ធរវាងអាមេរិកនិងប្រទេសកោះមួយនេះនៅសមុទ្រការ៉ាអ៊ីប។
ប៉ុន្តែ ចំពោះប្រធានាធិបតីវ៉េណេស៊ុយអេឡា វត្តមានរបស់នាវាចម្បាំងរបស់អាមេរិកនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា គ្មានបំណងអ្វីផ្សេង ក្រៅតែពីការចង់បង្ហាញសាច់ដុំ ដាក់សម្ពាធ និងញុះញង់វ៉េណេស៊ុយអេឡានោះទេ។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡា ម៉ាឌូរ៉ូបានតាមដានមិនដាក់ភ្នែកវត្តមានកងទ័ពអាមេរិកនៅក្បែរមាត់ទ្វាររបស់វ៉េណេស៊ុយអេឡា។ នៅថ្ងៃសៅរ៍ លោកបានចោទអាមេរិកថាកំពុងបង្កើតសង្រ្គាមមួយមិនចេះចប់ ចំណែកនៅថ្ងៃអាទិត្យម្សិលមិញ លោកម៉ាឌូរ៉ូបានបរិហាសមយុទ្ធយោធាដ៏គ្រោះថ្នាក់ ដែលអាមេរិក និងTrinité-et-Tobagoដែលជាប្រទេសជិតខាងរបស់វ៉េណេស៊ុយអេឡាត្រូវធ្វើរួមគ្នាពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០តុលា។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសតាំងពីថ្ងៃព្រហស្បតិ៍ថា នឹងបញ្ជូននាវាដឹកយន្តហោះចម្បាំង USS GravelyទៅTrinité-et-Tobagoដើម្បីធ្វើសមយុទ្ធក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅសមុទ្រការ៉ាអ៊ីប។
នៅសមុទ្រការ៉ាអ៊ីបនេះ អាមេរិកបានបញ្ជូនរួចហើយ នាវាចម្បាំងចំនួន៧គ្រឿង និងមួយគ្រឿងទៀតនៅឈូងសមុទ្រម៉ិកស៊ិក នៅក្នុងប្រតិបត្តិការវាយកម្ចាត់ទូកដឹកគ្រឿងញៀនដែលរដ្ឋបាលអាមេរិកចោទថា មានប្រភពចេញពី វេណេស៊ុយអេឡា។
នៅមួយរយៈចុងក្រោយនេះ លោកដូណាល់ ត្រាំបានប្រកាសធ្វើសង្រ្គាមប្រឆាំងបណ្តាញក្រុមជួញដូរគ្រឿង Fentanyl ដែលលោកចាត់ទុកថា ជាគ្រោះថ្នាក់ដ៏ធំសម្លាប់ប្រជាជនអាមេរិក។ នៅថ្ងៃទី១៦តុលាកន្លងទៅ លោកបានបញ្ជាឲ្យនាវាចម្បាំងអាមេរិកដែលត្រូវបានពង្រាយនៅសមុទ្រការ៉ាអ៊ីប បាញ់កម្ទេចទូកមួយគ្រឿងដែលអាមេរិកអះអាងថា មានដឹកគ្រឿងញៀន Fentanyl ។ ប៉ុន្តែ ចំពោះអ្នកជំនាញ គ្រឿងញៀន Fentanyl ផលិតភាគច្រើននៅប្រទេសម៉ិកស៊ិក និងនាំចូលទៅទឹកដីអាមេរិក តាមរយៈព្រំដែនដីគោក។ បើគ្រឿងញៀន Fentanyl មិនផលិតនៅអាមេរិកឡាទីន ហើយ វ៉េណេស៊ុយអេឡាក៏មិនមែនជាប្រភពនាំចេញគ្រឿងញៀនទៅអាមេរិក បើប្រៀបធៀបនឹងកូឡុំប៊ី ប៉ុន្តែ ហេតុអ្វីបានជារដ្ឋបាលលោកដូណាល់ ត្រាំ រករឿង រហូតចោទប្រកាន់ប្រធានាធិបតីវ៉េណេស៊ុយអេឡាថា ជាមេក្រុមជួញដូរគ្រឿងញៀនទៀតនោះ?
សប្តាហ៍មុននេះ លោកដូណាល់ ត្រាំនៅបានអះអាងថា លោកបានអនុញ្ញាតឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIAធ្វើសកម្មភាពនៅវ៉េណេស៊ុយអេឡា ព្រោះថា គ្រឿងញៀនមានប្រភពចេញពីវ៉េណេស៊ុយអេឡា ប៉ុន្តែ មេដឹកនាំវ៉េណេស៊ុយអេឡា បដិសេធទាត់ចោលការចោទប្រកាន់ និងថា អាមេរិកក្រោមរដ្ឋបាលលោកដូណាល់ត្រាំរកលេសបង្កើតសង្រ្គាម ដាក់សម្ពាធលើរបបដឹកនាំរបស់វ៉េណេស៊ុយអេឡា។
បើតាមប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូ វេណេស៊ុយអេឡាទើបចាប់បានក្រុមទាហានស៊ីឈ្នួលឲ្យទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកCIA នៅថ្ងៃអាទិត្យទី២៦តុលា។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន មេដឹកនាំវ៉េណេស៊ុយអេឡាបានអះអាងថា ក្រុមទាហានស៊ីឈ្នួលដែលបម្រើការឲ្យCIAមានគម្រោងការវាយប្រហារចេញពីទឹកដីវ៉េណេស៊ុយអេឡា ឬក្នុងតំបន់ដែនទឹកដោយប្រើទង់ជាតិក្លែងក្លាយ។ គោលបំណងរបស់ក្រុមនេះ គឺបង្កើតរូបភាពវាយប្រហារឈ្លានពានរបស់វ៉េណេស៊ុយអេឡាទៅលើប្រទេសជិតខាង ដែលនឹងជៀសមិនផុត ញុះញង់ឲ្យផ្ទុះសង្រ្គាមរវាងប្រទេសជិតខាង និងការអន្តរាគមន៍យោធារបស់អាមេរិកនៅវ៉េណេស៊ុយអេឡា។
ជា
Informationen
- Sendung
- Kanal
- HäufigkeitTäglich
- Veröffentlicht27. Oktober 2025 um 11:43 UTC
- Länge4 Min.
- BewertungUnbedenklich