នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីឆ្នាំមុន អ្នកស្រាវជ្រាវបានផ្តល់សេចក្តីសន្និដ្ឋានរួចហើយថា ការស្រូបខ្យល់ពុលអាចបំផ្លាញសុខភាពខួរក្បាល។ ការសិក្សាថ្មី ក្នុងទ្រង់ទ្រាយធំខ្លាំង បានបញ្ជាក់បន្ថែមដោយចំៗ ថាខ្យល់កខ្វក់ក្នុងបរិយាកាសអាចបង្កើនគ្រោះហានិភ័យនាំឱ្យកើតជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ។
ជំងឺវង្វេងវង្វាន់ជាអាការៈរោគដែលលេចឡើងដោយយឺតៗ ហើយដោយគ្មានថ្នាំព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ទេ រហូតមកទល់នឹងពេលនេះម៉ោងនេះ។ នៅដើមខែកញ្ញានេះ អាជ្ញាធរសុខាភិបាលបារាំង ក៏ទើបផ្តល់សេចក្តីសម្រេចចិត្តបដិសេធមិនឱ្យប្រើប្រាស់ថ្នាំ Lecanemab ចំពោះអ្នកជំងឺវង្វេងវង្វាន់ដំណាក់កាលដំបូងទេ។ មានន័យថា ថ្នាំប្រឆាំងនឹងជំងឺវង្វេងវង្វាន់មួយនេះមិនអាចធ្វើចរាចរណ៍នៅក្នុងប្រទេសបារាំងទេ ក្នុងពេលភ្លាមៗនេះ បើទោះបីជាអឺរ៉ុបផ្តល់ការអនុញ្ញាតរួចហើយក៏ដោយ។ សមាគមក្រុមអ្នកជំងឺនិងអ្នកជំនាញខ្លះ ខកចិត្តយ៉ាងខ្លាំង ប៉ុន្តែសម្រាប់អាជ្ញាធរជាន់ខ្ពស់បារាំង ថ្នាំLecanemab (liqembi) គ្មានប្រសិទ្ធភាពគ្រប់គ្រាន់ និងផ្តល់ផលរំខានច្រើនជាងផលល្អដល់អ្នកជំងឺ។
សូមរំលឹកថា ជំងឺវង្វេងវង្វាន់ មានច្រើនទម្រង់ណាស់។ ជួនចាប់ផ្តើមឡើងដោយលក្ខណៈមិនច្បាស់ ប៉ះពាល់ដល់ផ្នែកបញ្ញាញាណ ដល់ការចងចាំ និងជួនមានអមដោយការផ្លាស់ប្តូរអត្តចរិក ក្លាយជាមនុស្សលែងមានឆន្ទៈ រួចភ្លេចរឿងរាវទើបកើតឡើងថ្មី ភ្លេចថ្ងៃភ្លេចខែ ភ្លេចពេលវេលា ភ្លេចកូនភ្លេចចៅ ភ្លេចបាយភ្លេចទឹក និងវង្វេង។
ជំងឺអាល់ហ្សៃម៉ែរ ដែលជាមូលហេតុចម្បងមួយនៃការបាត់បង់ការចងចាំ កើតមានកាន់តែច្រើនឡើងៗនៅលើពិភពលោក ក្នុងបរិមាណជាច្រើនសិបលាននាក់ណាស់។ បច្ចុប្បន្ន មានមនុស្សប្រមាណ៥៧លាននាក់ មានជំងឺវង្វេងភ្លេចភ្លាំង ដែលបណ្តាលមកពីកោសិកាប្រព័ន្ធប្រសាទក្នុងខួរក្បាលដាច់ ឬខូចខាតលែងប្រទាក់គ្នាល្អ។ អាយុ (ភាពចាស់ជរា) ជាមូលហេតុសំខាន់ដែលគេបានដឹងយ៉ាងជាក់ច្បាស់ និងដែលគេមិនអាចបញ្ចៀសបានទេ ប៉ុន្តែបញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតមួយដែលនាំឱ្យងាយកើតជំងឺវង្វេងវង្វាន់ថែមទៀតនោះ ជាកត្តាដែលគេអាចបញ្ចៀសបាន។ នៅចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ គណៈកម្មការLancet ដែលបានចងក្រងទុកនូវគ្រប់ព័ត៌មានទាក់ទងនឹងជំងឺអាល់ហ្សៃម៉ែរ បានរាប់ឃើញមានកត្តាហានិភ័យ១២មុខនាំឱ្យមានជំងឺវង្វេងវង្វាន់។ ខ្យល់ពុលស្ថិតក្នុងចង្កោមកត្តាហានិភ័យមួយដែរ។ ខ្យល់ពុលក្នុងបរិយាកាស មានឈ្មោះមិនល្អសោះ។ នៅក្នុងការសិក្សានោះ គេបានសន្និដ្ឋានរួចហើយថា ខ្យល់ពុលក្នុងបរិយាកាសដែលមនុស្សយើងដកដង្ហើមស្រូបចូលជារៀងរាល់ថ្ងៃ មិនត្រឹមតែធ្វើឱ្យប្រលាក់ខូចសួត និងប្រព័ន្ធផ្លូវដង្ហើមទេ តែថែមទាំងអាចបំផ្លាញសុខភាពខួរក្បាលទៀត។
ខ្យល់នាំឱ្យឆាប់ភ្លេចភ្លាំង?
ឥលូវ ការព្រួយបារម្ភរីកកាន់តែធំ ព្រោះបើតាមការសិក្សាខ្នាតអន្តរជាតិ ដ៏ធំបំផុតមិនធ្លាប់មានទើបចេញផ្សាយនាពេលថ្មីៗចុងក្រោយនេះ នៅក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ The Lancet ដដែលបានបញ្ជាក់បន្ថែមអំពីចំណងទំនាក់ទំនងរវាងខ្យល់ពុលក្នុងបរិយាកាស និងសុខភាពខួរក្បាល។ ខ្យល់ពុលអាចវាយប្រហារដល់ខួរក្បាល ដោយបង្កើនគ្រោះហានិភ័យកើតជំងឺខូចខួរក្បាលបាត់ការចងចាំ និងជំងឺវង្វេងវង្វាន់។ នេះបើតាមប្រភពដដែល។
ទិន្នន័យវិភាគដ៏ធំមិនធ្លាប់មាន ដែលជាការប្រមូលផ្តុំការសិក្សាចំនួន៥១លើមនុស្សជិត៣០លាននាក់នៅលើពិភពលោក រស់នៅជាពិសេសក្នុងបណ្តាប្រទេសជឿនលឿនមានចំណូលខ្ពស់ នៅទ្វីបអាមេរិក ទ្វីបអឺរ៉ុប និង អាស៊ី បានចង្អុលបង្ហាញឱ្យឃើញថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងហានិភ័យធ្លាក់ខ្លួនវង្វេងនិងការស្រូបខ្យល់ពុលមានធាតុល្អិតឆ្មារនិចល ក្នុងខ្យល់បរិយាកាស។ ធាតុពុលក្នុងបរិយាកាសបីយ៉ាងចម្បង
Información
- Programa
- Canal
- FrecuenciaCada semana
- Publicado27 de septiembre de 2025, 11:25 a.m. UTC
- Duración9 min
- ClasificaciónApto