បទយកការណ៍

ព្រឹត្តិការណ៍បិទកម្មវិធី «ចតុ» ដែលផ្តោតលើការបង្កើតស្នាដៃច្នៃប្រឌិតថ្មី ទទួលបានការសាទរ

កាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ព្រឹត្តិការណ៍នៃការបិទកម្មវិធីមហោស្រព «ចតុ» ដែលផ្តោតលើភាពច្នៃប្រឌិត ផ្នែកសិល្បៈ និងការបង្កើតស្នាដៃថ្មី ត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម នៅឯវិទ្យាស្ថានបារាំងនៅទីក្រុងភ្នំពេញ។ យុវជន-យុវនារីកម្ពុជាចំនួន ៦០រូប ទាំងក្នុងវិស័យភាពយន្ត តន្ត្រី របាំ និងសៀវភៅបានចូលរួមបង្កើតស្នាដៃច្នៃប្រឌិតថ្មីចំនួន ៣៥ផ្សេងៗគ្នា រួមមានទាំងភាពយន្តខ្នាតខ្លីចំនួន៥ ក្បាច់រាំចំនួន៥ សៀវភៅរឿង អមដោយរូបភាពចំនួន៦ រឿងនិទានជាសំឡេងជាភាសាខ្មែរចំនួន ៧រឿង បទចម្រៀងចំនួន ៨បទ និងតន្រ្តីសម្រាប់ភាពយន្តខ្នាតខ្លីចំនួន ៤បទ។ ការបន្សល់ទុកនូវស្នាដៃវប្បធម៌បែបច្នៃប្រឌិតនៅកម្ពុជាតាមរយៈកម្មវិធី «ចតុ» គឺជាគំនិតផ្តួចផ្តើមរបស់ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា រួមសហការជាដៃគូ ជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា និងអវតា ក្រុមហ៊ុនផលិតកម្ម Anti-Archive ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ (Cambodian Living Arts) ក្រោមជំនួយមូលនិធិរបស់ Equipe France Création នៃក្រសួងការបរទេសបារាំង។