ប្រវត្តិរ៉ុកកែត៖ ចាប់ពីចិនសម័យបុរាណ ដល់​ដើមសតវត្សរ៍ទី២០

ប្រវត្តិសាស្រ្តពិភពលោក

បច្ចេកវិទ្យារ៉ុកកែត​បច្ចុប្បន្ន ទាំងរ៉ុកកែតអវកាស និង​រ៉ុកកែតយោធា មានគោលការណ៍គ្រឹះ​ចេញ​ពីទ្រឹស្តី​វិទ្យាសាស្រ្ត​របស់​អ៊ីសាក់ ញូតុន អ្នកប្រាជ្ញ​អង់គ្លេស​នៅ​សតវត្សរ៍ទី១៧។ ក៏ប៉ុន្តែ នៅ​ក្នុងការ​អនុវត្ត​ជាក់ស្តែង រ៉ុកកែត​ត្រូវ​បាន​គេ​ប្រើ​ តាំង​ពី​រាប់រយឆ្នាំ​មុន​អ៊ីសាក់ ញូតុន ទៅទៀត។ ​រ៉ុកកែត​ដំបូង​គេ ដែល​គេ​អាច​បញ្ជាក់បាន​តាមរយៈឯកសារ​ប្រវត្តិសាស្រ្ត គឺ​មាន​ដើមកំណើត​ចេញ​ពី​ចិន​សម័យបុរាណ។

ដំណើររឿង​ចាប់ផ្តើម​ឡើង នៅ​ក្នុងអំឡុង​ពាក់កណ្តាល​​​សតវត្សរ៍​ទី៩ ហើយ​មិនមែន​កើតឡើង​ចេញ​ពីការសិក្សា​ពាក់ព័ន្ធ​នឹង​រ៉ុកកែត​នេះទេ ក៏ប៉ុន្តែ ​កើតឡើង​ដោយ​ចៃដន់​ចេញ​ពី​ពិសោធន៍​ទៅលើ​រឿងផ្សេងពីគ្នា​ដាច់ស្រឡះ។

នៅ​ក្នុង​អំឡុង​ពេលនោះ មានរាជគ្រូចិន​ ដែល​​​ឈ្មោះ​ត្រូវ​បាត់ដាន​​​ប្រវត្តិសាស្រ្ត​​ទៅហើយ​ បាន​ធ្វើ​ពិសោធន៍ស្វែងរក​ថ្នាំ​ទិព្វ​ផ្តល់​ជីវិតអមតៈ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​ផ្សំគ្រឿងធ្វើ​ពិសោធន៍​នេះ ក៏ស្រាប់​តែ​ផ្សំ​ចេញ​បាន​ជា​ម្សៅម្យ៉ាង​ដែល​មាន​ចំហេះ​យ៉ាង​ខ្លាំង ឆាប​ឆេះរលាក​ទាំងខ្លួន​អ្នក​ធ្វើ​ពិសោធន៍ ហើយ​រហូត​ដល់​ឆេះទាំង​កន្លែងធ្វើ​ពិសោធន៍។  នោះ​គឺ​ជា​ការរកឃើញ​ដោយ​ចៃដន់​​នូវ​ម្សៅផ្ទុះ ឬ​រំសេវ ជាលើកដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្រ្ត។

កាល​ពីដំបូង ចិន​នៅមិនទាន់​យករំសេវ​នេះ​ទៅប្រើ​ធ្វើ​ជា​គ្រឿងផ្ទុះ​​​ប្រើ​ក្នុង​វិស័យ​កងទ័ព​​នៅឡើយទេ គឺ​ប្រើ​ធ្វើ​ត្រឹមជា​កាំជ្រួច សម្រាប់​ដុត​លេង​ជា​ការ​​កម្សាន្ត​តែ​ប៉ុណ្ណោះ។ រហូត​ទាល់តែ​ដល់​អំឡុងសតវត្សរ៍​ទី១២ និង​ទី១៣ ក្នុង​រាជវង្ស​សុង ទើប​ចិនយក​​រំសេវ​ធ្វើ​ជា​កាំជ្រួចភ្ជាប់​ជាមួយព្រួញភ្លើង ដើម្បី​ប្រើ​នៅ​ក្នុង​សមរភូមិ ជាពិសេស ប្រើ​​ចាប់ពី​ឆ្នាំ១២៣២ ក្នុង​អំឡុង​សង្គ្រាម​ទល់​នឹង​ពួក​ម៉ុងហ្គោល។

ជាការពិត​ថា រវាង​រ៉ុកកែត​សម័យទំនើប និង​កាំជ្រួចបាញ់លម្អកម្សាន្ត​របស់​ចិន​សម័យបុរាណ​នោះ បច្ចេកវិទ្យា​មានគម្លាតគ្នា​យ៉ាង​ដាច់​​ឆ្ងាយ ក៏ប៉ុន្តែ វា​មាន​មូលដ្ឋាន​វិទ្យាសាស្រ្ត​លើ​គោលការណ៍​គ្រឹះ​តែមួយដូចគ្នា៖ រំសេវ​នៅ​ក្នុង​កាំជ្រួច​ដើរតួនាទី​ជា​ឥន្ធនៈ ប្រៀបបាន​ទៅនឹង​ឥន្ធនៈ​រឹង (Solid Fuel) របស់​រ៉ុកកែត​សម័យ​ទំនើប​ដែរ ហើយ​ប្រតិកម្ម​ចំហេះ​បង្កើត​ឡើង​ដោយ​រំសេវ​ វា​បង្កើត​ឲ្យ​មាន​ជាលំហូរឧស្ម័ន ក្នុង​សីតុណ្ហភាព​យ៉ាងខ្ពស់ និង​ល្បឿន​យ៉ាងលឿន ​ចេញ​ពី​តួរ៉ុកកែត​ចាក់ចុះ​ទៅ​ខាង​ក្រោម រួចហើយ​បង្កើត​ជា​កម្លាំង​រុញ​រ៉ុកកែត​ឲ្យ​ឡើង​ទៅលើ ទៅតាម​គោលការណ៍ ដែល​ប៉ុន្មាន​សតវត្សរ៍​ក្រោយមក​ទៀត​ត្រូវ​បាន​បង្កើត​ជា​ទ្រឹស្តី​វិទ្យាសាស្រ្ត ដោយ ​អ៊ីសាក់ ញូតុន។

ចាប់ពី​អំឡុងសតវត្សរ៍​ទី១៦ រ៉ុកកែត​ត្រូវ​បាន​គេ​ប្រើប្រាស់​កាន់តែទូលំទូលាយ នៅ​ក្នុង​វិស័យ​កងទ័ព ទាំង​នៅ​ក្នុង​ប្រទេស​ចិន និង​​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​តំបន់​អាស៊ី ក៏ដូចជា​រីកសាយភាយ​រហូត​ទៅដល់​​​តំបន់​អឺរ៉ុប។ ​នៅ​អឺរ៉ុប ​បច្ចេកវិទ្យា​រ៉ុកកែត​បានឆ្លងកាត់​នូវការ​អភិវឌ្ឍ​​ជឿនលឿន​ ចេញ​ពី​បច្ចេកវិទ្យា​រ៉ុកកែត​បន្សល់ទុក​ពី​ចិន​សម័យបុរាណ ឆ្ពោះទៅរក​បច្ចេកវិទ្យា​រ៉ុកកែត​សម័យ​ទំនើប ដោយ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​រ៉ុកកែត​នេះ​ត្រូវ​បាន​ធ្វើឡើង ទាំង​តាមរយៈ​ការរកឃើញទ្រឹស្តី​វិទ្យាសាស្រ្ត​ ដោយ​អ្នក​ប្រាជ្ញ​សំខាន់ៗ​មួយ​ចំនួន ទាំង​អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្រ្ត​​ជាមូលដ្ឋាន​​ ជាពិសេស កាលីលេ និង អ៊ីសាក់ ញូតុន ក៏ដូចជា អ្នកវិទ្យាសាស្រ្ត​ជំនាញ​ខាង​បច្ចេកវិទ្យា​រ៉ុកកែត​ដោ​យផ្ទាល់។

ទាក់ទងនឹងជំនាញ​រ៉ុកកែត​នេះ មានអ្នកវិទ្យាសាស្រ្តចំនួន ៣រូប ដែល​ជាទូទៅ​ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បិតា​វិទ្យាសាស្រ្ត​រ៉ុកកែត គឺ អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី  Konstantin Tsiolkovsky អ្នកវិទ្យាសាស្រ្តអាមេរិក Robert Goddard និង​អ្នកវិទ្យាសាស្រ្ត​អាល្លឺម៉ង់ ដើមកំណើតរូម៉ានី Hermann Oberth៕

Masuk untuk mendengarkan episode eksplisit

Tetap terkini dengan acara ini

Masuk atau daftar untuk mengikuti acara, menyimpan episode, dan mendapatkan informasi terbaru.

Pilih negara atau wilayah

Afrika, Timur Tengah, dan India

Asia Pasifik

Eropa

Amerika Latin dan Karibia

Amerika Serikat dan Kanada