នាទីសុខភាពនិងអនាម័យ

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

  1. 5 days ago

    សាក់និងគ្រោះថ្នាក់ជា​យថាហេតុ​ចំពោះ​សុខភាព​រាងកាយ

    តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែ​ច្រើនឡើងៗ នៅតាមបណ្តាប្រទេស​លោកខាងលិច។ មួយភាគប្រាំ នៃ​មនុស្ស​នៅ​លើ​ពិភពលោក​យើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេ​បាន​ស្គាល់ និង យល់​អំពី​ផលវិបាក នៃ​ការសាក់ ចំពោះ​សុខភាព យ៉ាង​ណា​ដែរ? ការចាក់សាក់ នៅលើស្បែក មានប្រវត្តិ និងជាប្រពៃណី​ដ៏យូរលង់​ណាស់​មក​ហើយ នៅលើ​ពិភពលោក។ ក្នុង​ប្រពៃណីខ្លះ សាក់​ជា​ដំណាក់កាល​ដែល​មិនអាច​រំលង​បាន ព្រោះ​ជា​ការបញ្ជាក់​អត្តសញ្ញាណ ឋានៈ​ក្នុង​សង្គម និង​ដំណើរជីវិត។ នៅ​កម្ពុជា ចាស់​បុរាណ​មាន​ជំនឿ​ថា ការចាក់​សាក់​យ័ន្ត បញ្ចូល​អាគម​គាថា អាច​ធ្វើ​ឲ្យ​ក្លាយ​ជា​វិសេសជន អាច​ជួយ​ការពារ​ខ្លួន អាច​ធ្វើ​ឲ្យ​មនុស្ស​ប្តូរផ្លាស់​អត្តចរិក។ល។ អបិយ​ជំនឿ ចាក់​សាក់​យ័ន្ត ធ្វើជា​អាវុធការពារ កាប់​មិន​មុត​ដុត​មិន​ឆេះ បាន​ដក់​ជាប់​ក្នុង​ផ្នត់​គំនិតខ្មែរ និង ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មរតក​វប្បធម៌​ខ្មែរ​បុរាណ​មួយ ដែល​គួរ​ថែរក្សា​ឲ្យ​បាន​គង់វង្ស។ ក្នុង​សង្គម​ខ្លះ​ទៀត សាក់​ជា​តំណាង​រូបភាព​អវិជ្ជមាន  ដោយ​យល់​ថា​អ្នក​ចាក់​សាក់ ជា​ក្រុម​អ្នក​លេង ក្រុម​មិន​ល្អ។ ប៉ុន្តែ​តាំង​ពី​ជាង​ម្ភៃ​ឆ្នាំ​មក​នេះ សាក់​បាន​ក្លាយ​ជា​សិល្បៈ​នៃ​ការ​លម្អ​រាងកាយ​មួយ ក្នុង ចំណោម​យុវវ័យ​ជំនាន់​ក្រោយ និង​កាន់តែ​ពេញ​និយម​ឡើងៗ គ្រប​បាំង​គំនិត​អវិជ្ជមាន ទាំងឡាយ​ទាក់ទង​នឹង​សាក់។ ចាក់​សាក់​បាន​ក្លាយ​ជារឿង​សាមញ្ញ​របស់​ជន​ទូទៅ។ បើតាម​ការ​ប៉ាន់​ស្មាន មាន​មនុស្ស​ជាង​១ពាន់​លាន​នាក់ ឬ ត្រូវជា ១ភាគ៥​នៃ​ប្រជាជន​សរុប​នៅលើ ផែនដី មាន សាក់​នៅ​​លើ​ខ្លួន និង ដល់​ទៅ មួយ​ភាគ​បួន ក្នុង​ចំណោម មនុស្ស​អាយុ​ក្រោម​៣៥​ឆ្នាំ។ នៅអឺរ៉ុប កន្លែង​ចាក់​សាក់​បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង ព្រោះ​អាជ្ញាធរ​បាន​សម្រួល បែប​បទ​រដ្ឋបាល និង​បាន​ពង្រឹង​ច្បាប់​ត្រួតពិនិត្យ​សុវត្ថិភាព​ការចាក់សាក់ ទាំង​ខាង​ផ្នែក អនាម័យ ដ៏​ដូចជា​ទឹកថ្នាំ​សម្រាប់​សាក់។ ប៉ុន្តែ​ច្បាប់​កំណត់​បទដ្ឋាន​សុវត្ថិភាព​ទឹកថ្នាំ​សាក់​នៅ​អឺរ៉ុប ដែល​មាន​លក្ខណៈ​តឹងតែង​ខ្លាំង​ជាង​គេ ខ្លាំង​ជាង​នៅ​សហរដ្ឋ​អាមេរិក​ទៀត​នោះ ទើប​ចូល​ជា​ធរមាន កាលពី​ខែ​កុម្ភៈ​ឆ្នាំ២០២៥​មុន​នេះ​ទេ។ ទឹកថ្នាំ​ចាស់ និង​សល់​ពី​មុន នៅ​តែ​បន្ត​ធ្វើ​ចរាចរណ៍​នៅអឺរ៉ុបដដែល រហូត​អស់​ពី​ស្តុក។ ហានិភ័យឆ្លងរោគ ឬមាន​ការបង្ក​រោគ ដោយ​ការសាក់ ត្រូវបាន​កាត់​បន្ថយ តាម​រយៈ​ការ​ប្រើប្រាស់​សម្ភារៈ​ម្ជុល​ឬឧបករណ៍​​ចាក់ ដែល​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ​​ត្រឹមត្រូវ។ តែ​គ្រោះ​អាល្លែកហ្ស៊ី និង​គ្រោះថ្នាក់ បង្ក​ឡើង​ដោយ​ទឹក​ថ្នាំ​សម្រាប់​សាក់ នៅ​ខ្ពស់​ដដែល។ គ្រូ​សាក់​បាន​ទទួល​ស្គាល់​ថា ពួកគាត់​បាន​ដឹង​អំពី​ធាតុ​ផ្សំ​គោល​បិទ​លើ​ប្រអប់​ទឹក​ថ្នាំ ប៉ុន្តែ​មិន​អាច​ដឹង​អស់​អំពី​សមាសធាតុ​លម្អិត​នៃ​ទឹកថ្នាំ​នោះ​ទេ។ បញ្ហាធំ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព គឺ​បណ្តាល​មកពី ទឹកថ្នាំ។ គ្មាន​ក្រុមហ៊ុន​ណា ផ្សំ​ពណ៌​ទឹក​ថ្នាំ ពិសេស​សម្រាប់​ប្រើ​សាក់​លើ​ស្បែក​ទេ។ នៅ​ក្នុង​ទឹកថ្នាំ ធាតុ​កំណត់​ពណ៌​ថ្នាំ ជា​សារធាតុ​គីមី តែមួយ​ដូចគ្នា ក្នុងថ្នាំព៌ណ​ឧស្សាហកម្ម ផលិត​ឡាន ផលិត​ប្លាស្ទិក ដែល បង្កប់​ទៅ​ដោយ​ភាពកខ្វក់។ គឺភាព​មិន​បរិសុទ្ធ​នៃ​ថ្នាំ​នេះ​ហើយ ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន ផល​វិបាក​ចំពោះ​សុខភាព​នៅ​ពេល​សាក់។ បើតាម​គ្រូពេទ្យ​ជំនាញ​ផ្នែកសើរស្បែក ទឹកថ្នាំ​អាច​បង្ក​បញ្ហា​បី​យ៉ាង៖ គឺ​ទឹកថ្នាំ​អាច​ចម្លង​មេរោគ ពពួក​មីកូបាក់តេរី​ ឆ្លងក្រោយ​ចាក់​សាក់​រួច។ ទីពីរ គឺ​ការ​ចាក់​សាក់​ក្រាស់ និង ច្រើន​ពេញ​ផ្ទៃ​ស្បែក​ពេក អាច​បញ្ចៀប​ជាតិ​ថ្នាំ​ពណ៌​សាក់ ទៅក្នុង​ស្រទាប់​ស្បែក ដែម ច្រើនជ្រុលដែល ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទឹក​រងៃ​ឡាំហ្វាទិក ពោលគឺ​អាច​ធ្វើ​ឲ្យ​សរីរាង្គកាយ​ពុល នៅ​ពេល​ក្រោយ។ ជាតិ​ផ្សំ​ដំឡើង​ពណ៌​ខ្លះ​ទៀត ជា​សារធាតុ​ហាម​ឃាត់ ដោយ​វា​ជា​ភ្នាក់ងារ​អាច​បង្ក​ជំងឺ​មហារីក ឬ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​សរីរាង្គ​កាយ​ចុះ​ខ្សោយ ហើយ បង្ក​ជា​ប្រតិកម្ម​អាល្លែកហ្ស៊ី​ឡើង។ បើ​តាម​វេជ្ជបណ្ឌិត​ជំនាញ​ស្បែក​ដដែល ថ្នាំពណ៌​កាន់​តែ​ដុត កាន់​តែ​អាច​បង្ក​គ្រោះថ្នាក់ជាងគេ។ មកទល់​ពេលនេះ​ម៉ោង​នេះ ការចាក់​សាក់​ដោយ​ប្

  2. 9 Sept

    តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ?

    គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាច​មាន​វិបត្តិ​ច្រើន និង​យូរ ទម្រាំ​ឆ្លង​ផុត សម្រាប់​ក្មេង​ជំទង់ខ្លះ។ បើតាម​អង្គការ​សុខភាព​ពិភពលោក ក្នុងចំណោម​ក្មេង​ជំទង់​អាយុពី ១០​ទៅ​១៩​ឆ្នាំ ៧​នាក់ មាន​ម្នាក់​រង​វិបត្តិ​ផ្លូវចិត្ត ដូចជា​មាន​ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​ថប់បារម្ភ ឬ​ជំងឺ​ញៀន (ញៀនថ្នាំ ញៀន​ល្បែង​ស៊ីសង-ហ្កេម ញៀន​ស្រា)។ ជា​បឋម​វ័យ​ដ៏​ស្រស់​ផូរផង់ ហេតុអ្វី​ក្មេង​ក្នុង​វ័យ​នេះ​ងាយ​និង​ឆាប់​ធ្លាក់​ក្នុង​គ្រោះ​ញៀន មាន​វិបត្តិ​ផ្លូវចិត្ត ? វ័យ​ជំទង់​ជា​ដំណាក់​ពិសេស​និង​ជា​វ័យ​កំណត់​អនាគត។ ការប្តូរផ្លាស់​រូបរាង​កាយ អារម្មណ៍ សង្គម បរិយាកាស​ជុំវិញ​ខ្លួន កត្តា​សម្ភារៈ​ភាពក្រីក្រ អំពើ​ហិង្សា រង​ការព្យាបាទ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ក្មេងស្រី ក្មេងប្រុស​ក្នុង​វ័យជំទង់​ជួប​វិបត្តិ​ផ្លូវចិត្ត​បាន។ នៅលើ​ពិភពលោក​បច្ចុប្បន្ន ក្នុង​ចំណោម​មនុស្ស​៦​នាក់ ម្នាក់​មាន​អាយុ ពី១០​ទៅ១៩ឆ្នាំ។ ហើយ​ក្មេង​ក្នុង​វ័យ​នេះ ម្នាក់​ក្នុង​ចំណោម​៧​នាក់ (១៤%នៃ​ប្រជាពលរដ្ឋ​នៅលើ​ផែនដី) មាន​បញ្ហា​ផ្លូវចិត្ត និង មិន​បាន​ទទួល​ការយក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទេ។ វិបត្តិ​ផ្លូវចិត្ត​ចម្បងៗ​ដែល​អាច​លេច​ឡើង​នៅ​ក្នុង​វ័យជំទង់ និង ទើប​ពេញ​វ័យ​ភ្លាម ច្រើន​តែ​ជា ជំងឺ​ថប់​ព្រួយ​បារម្ភ ជំងឺ​បាក់​ទឹកចិត្ត វិបត្តិ​ចំណីអាហារ និង​ញៀន។ វិបត្តិផ្លូវចិត្ត តាមការពិត វ័យជំទង់ ដែល​ល្បីថា​ដំណាក់កាល​ដ៏​រីករាយ​បំផុត​នៃ​ជីវិត ជា​ដំណើរ​ឆ្លង​អន្តរកាល​ទៅ​រក​ភាព​ពេញ​វ័យ ក្លាយ​ជា​មនុស្ស​ធំ នា​ពេល​អនាគត ដែល​រំលេច​ទៅ​ដោយ​វិបត្តិ និង ដែល អ្នក​ម្តាយ​លោក​ឪពុក​ខ្លះ ហៅ​ថា​ជា​ដំណាក់កាល​កូន​អកត្តញូ។ ក្នុងរយៈពេល​នេះ ក្មេង​មាន​ការប្តូរ​ផ្លាស់​រាងកាយ​ផង ត្រូវ​ចាប់​ផ្តើម​ប្រកាន់​ទម្លាប់​សម្រប​ខ្លួន​ទៅ​នឹង​សង្គម​ផង សម្រប​អារម្មណ៍​ខ្លាំង​ដើម្បី​ផាសុកភាព​ផ្លូវចិត្ត​ផង។ មាន​កត្តា​ជាច្រើន​អាច​ជះ​ឥទ្ធិពល​លើ​សុខភាព​ផ្លូវចិត្ត ដូចជា ភាពលំបាកលំបិន សម្ពាធ​ចង់​ដូច​គេ​ឯង សម្ពាធ​ស្វែង​រក​អត្តសញ្ញាណ។ ឥទ្ធិពល​នៃការ​ផ្សព្វផ្សាយ​ព័ត៌មាន និង ស្តង់ដារ​មនុស្ស អាច​ធ្វើ​ឲ្យ​មាន​គម្លាត​ខ្លាំង​រវាង​ការពិត​ជាក់ស្តែង ដែល​យុវវ័យ​កំពុង​ឆ្លងកាត់ និង​គំនិត​ ឬ​ក្តី​ស្រមៃ​សម្រាប់​អនាគត​ពីមុន។ គុណភាព​ជីវិត​ក្នុងគ្រួសារ ទំនាក់ទំនង​ជាមួយ​ក្មេង​វ័យ​ស្របាល​គ្នា ក៏ជា​កត្តា​កំណត់​សុខភាព​ផ្លូវចិត្ត​មួយ​ដែរ​របស់​ក្មេង​ជំទង់ ។ អំពើ​ហិង្សា (ជាពិសេស​អំពើ​ហិង្សា​ផ្លូវភេទ និង​ការបំពារបំពាន) ការអប់រំ​បែប​តឹងតែង​ផ្តាច់ការ​ និង​ការលំបាក​ផ្នែក​ថវិកា​សេដ្ឋកិច្ច សុទ្ធតែ​ជា​ផ្នែក​មួយ ដែល​អាច​បង្កើន​គ្រោះ​ហានិភ័យ​នាំ​ឲ្យ​ក្មេងជំទង់ ងាយ​មាន​ជំងឺ​ផ្លូវចិត្ត។ ក្មេងជំទង់​ស្រី​ប្រុស​ខ្លះ ធ្លាក់ខ្លួន​មាន​គ្រោះ​កើត​ជំងឺ​ផ្លូវចិត្ត ដោយហេតុ​តែ​លក្ខខណ្ឌ​ជីវិត ការរើសអើង ប្រកាន់​វណ្ណៈក្នុង​សង្គម ឬ​កង្វះ​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ ប្រកប​ដោយ​គុណភាព មាន​ជា​អាទិ៍​ក្រុម​ក្មេង​ក្រីក្រ​ខ្លាំង រស់​ក្នុង​វិបត្តិ​មនុស្សធម៌ មាន​ជំងឺ​ប្រចាំ​កាយ មាន​ពិការភាព​ផ្នែក​បញ្ញាញាណ ប្រព័ន្ធ​ប្រសាទ ឬ ជា​ក្មេង​កំព្រា ក្មេង​ប្រសូត​ចេញ​ពី​គ្រួសារ​ជនជាតិ​ភាគតិច គ្រួសារ​ធា្លប់​រង​គ្រោះ​ផ្លូវភេទ ។ល។ ខុសពីការគិត ដែល​យល់​ថា នៅ​ក្មេង​មិន​ដឹង​ខ្យល់ មិន​ចេះ​ខ្វល់ អារម្មណ៍​ថប់​បារម្ភ ឆាប់​ភ័យ​ស្លន់ស្លោ ឬ​គិត​ភ័យ​ជ្រុល​ហួសហេតុ ជា​អាការៈ​ដែល​កើត​មាន​ជា​ញឹកញាប់​ខ្លាំង​ជាងគេ លើ​ក្មេង​ក្នុង​វ័យ​ជំទង់ និង កាន់តែ​ច្រើន​ទៀត ចំពោះ​ក្មេង​ទើប​ពេញ​វ័យ។ ក្មេង​អាយុ​ពី​១៥ ទៅ ១៩​ឆ្នាំ ​ចំនួន​ដល់​ទៅ​៥,៣% មាន​វិបត្តិ​ថប់​បារម្ភ និង​៣,៤%​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត។ នេះ​បើ​គេ​ជឿ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក។ រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹកចិត្ត និង​ថប់បារម្ភ មាន​លក្ខណៈ​រួម គឺ​ក្មេង​មាន​ការប្តូរផ្លាស់​អារម្មណ៍​យ៉ាង​លឿន​រហ័ស។ វិបត្តិ​នេះ​អាច​ជះ​ផលវិបាក​ធ្ងន់ធ្ងរ ទៅលើ​ការសិក្សា មិន​ចង់​ចូល​រៀន ឬ​រៀន​មិន​ទាន់ ហើយ​មូរមុខ ចង់​ផ្តាច់​ខ្លួន​ឲ្យ​នៅ​ម្នាក់​ឯង ឯកា និង​ឈាន​ដល់​ការ​បាក់​ទឹកចិត្ត​ខ្លាំង​រហូត​ចង់​ធ្វើ​អត្តឃាត​បាន។ វិបត្តិចំណីអាហារ ក្រៅអំពី​វិបត្តិ​ផ្លូវចិត្ត ក្មេងជំទង់​អាច​មាន​វិបត្តិ​ចំណី​អាហារ ដោយអាច​ជា​ការ​បង្អត់​អាហារ​ខ្លួន​ឯង ឬ​បរិភោគ​ច្រើន​និង​

  3. 2 Sept

    ជំងឺកាមរោគ​អាច​ចម្លង​តាមរយៈ​ការ​ប្រើប្រាស់​​បង្គន់សាធារណៈ?

    ដូចឈ្មោះ​ដែល​ហៅ ជំងឺកាមរោគ ជា​ជំងឺដែលបង្ក​ឡើងដោយ​បាក់តេរី ដោយ​វីរុស ឬ​ដោយ​ពពួក​ប៉ារ៉ាស៊ីត និង​ដែល​ចម្លង​តាម​ផ្លូវភេទ នៅ​ពេល​​រួមរក្ស​ដោយ​មិន​ការពារ។ ចុះ​ជំងឺកាមរោគ​អាច​ឆ្លង​ដោយ​ខ្វះ​អនាម័យ ឬ​ដោយ​ការ​ប្រើប្រាស់​បង្គន់​រួម បង្គន់​សាធារណៈ​ដែរឬទេ? បច្ចុប្បន្ននេះ វេជ្ជសាស្ត្របានស្គាល់ភ្នាក់ងារ​បង្ក​ជំងឺ​កាមរោគ ប្រមាណ​ជាង​៣០​ប្រភេទ ជា បាក់តេរី ជា​វីរុស ​ជា​ប៉ា​រ៉ាស៊ីត ដែល​អាច​ចម្លង នៅពេល​ស្បែក​ប៉ះ​កកិត​គ្នា ក្នុង សកម្មភាព​សេព​សន្ធវៈ មិន​ថា​ជា​ការ​រួមរក្ស​តាម​ទ្វារ​មាស តាម​មាត់ ឬ​តាម​រន្ធ​គូថ​ទេ។  ជំងឺ​កាម​រោគ​ខ្លះ អាច​ឆ្លង​បន្ត​ពី​ម្តាយ​ទៅ​កូន ពេល​នៅក្នុង​ផ្ទៃ ពេល​ឆ្លង​ទន្លេ និង ពេល​បំបៅ​ដោះ ឬ​ចម្លង ពេល​បញ្ចូល​ឈាម ដោយ​ខ្វះ​​ការ​ប្រុងប្រយ័ត្ន គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ។ ជំងឺ​កាមរោគ មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ជំងឺ​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាង​គេ មាន​ដូចជា​ជំងឺ​ប្រមេះ​ទឹកបាយ ប្រមេះ​ទឹកថ្លា ជំងឺ​ស្វាយ ជំងឺ​សិរមាន់ ជំងឺ​ពងទឹក (ពងបែក) ជំងឺ​ទ្រីកូម៉ូណាស ជំងឺ​អេដស៍ និង ជំងឺ​បង្ក​ឡើង​ដោយ​មេរោគHPV (papillomavirus)។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ក៏ ត្រូវ​បាន​ចាត់​ទុក​ជា​ជំងឺ​កាម​រោគ​មួយ​ដែរ។ ក្នុងមួយថ្ងៃៗ មាន​មនុស្ស​នៅ​លើ​ពិភពលោក អាយុ​ពី​១៥​ទៅ​៤៩​ឆ្នាំ ចំនួន​ជាង​១​លាន​នាក់ បាន​ឆ្លង​ជំងឺ​កាម​រោគ ដោយ​ភាគច្រើន​គ្មាន​បញ្ចេញ​រោគ​សញ្ញា និង​អាច​ព្យាបាល​ជា។ បើ​តាម​ការប៉ាន់​ស្មាន របស់​អង្គការ​សុខភាព​ពិភពលោក​ មនុស្ស​ក្នុង​វ័យនេះ​ប្រមាណ​៣៧៤​លាន​នាក់ មាន​ផ្ទុក​ជំងឺ​កាម​រោគ​មួយ ក្នុង​​ចំណោម​ជំងឺ​កាម​រោគ​ដែល​មាន​កើត​ញឹកញាប់​ជាង​គេ ដោយ​អាច​ជា ជំងឺ​ស្វាយ ប្រមេះ ទ្រីកូម៉ូណាស។ ជាង ៨លាន​នាក់ មាន​ជំងឺ​ស្វាយ ជាង ៥២០​នាក់​រស់​ជាមួយ​ជំងឺ​ពង​ទឹក​ និង​ជាង​២៥៤​លាន​នាក់​មាន​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទB នៅ ឆ្នាំ ២០២២។ ស្ត្រីជាង ៣០០​លាន​នាក់​បាន​ឆ្លង​មេរោគ​ប៉ាពីឡូម៉ាវីរុស ដែល​ជា​ដើម​ហេតុ​ដ៏​ចម្បង នាំ​ឲ្យ​មាន​ជំងឺ​មហារីក​នៅ​ក​ស្បូន​ស្ត្រី និង​ជំងឺ​មហារីក​នៅ​រន្ធ​គូថ ចំពោះ​បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា។ ជំងឺ​កាមរោគ ប៉ះពាល់​ខ្លាំង​ណាស់ ដល់​សុខភាព​ផ្លូវភេទ និង សុខភាព​បន្ត​ពូជ។ ក្រៅ​អំពី​បង្ក​ឲ្យ​មា​ន​ផលវិបាក​ភ្លាមៗ ជំងឺ​កាមរោគ អាច​ជះ​ឥទ្ធិពល​អាក្រក់​និង​ធ្ងន់ធ្ងរ​ខ្លាំង។ ជំងឺ​កាម​រោគ​ខ្លះ ដូចជា ជំងឺ​ពងបែក ស្វាយ ឬ​ប្រមេះ អាច​បង្កើន​គ្រោះ​ឆ្លង​ជំងឺ​ស៊ីដា។ ម្តាយ​​មាន​ផ្ទុក​ជំងឺ​កាម​រោគ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​កូន​ស្លាប់​ក្នុង​ផ្ទៃ ឬ​នៅ​ពេល​កើត​មិន​ពេញ​ខែ គ្រោះ​កូន​​តូចស្រាល​​ជ្រុល​​នៅ​​ពេល​កើត ឬ​មាន​ការលូតលាស់​មិន​ត្រឹម​ត្រូវ។ បើ​ជា​ជំងឺ​កាម​រោគ​បង្ក​ឡើង​ដោយ​មេរោគ​ប៉ាពីឡូម៉ាវីរុស ផលវិបាក​អាច​អាក្រក់​ខ្លាំង ព្រោះ​មេរោគ​នេះ ជាដើម​ហេតុ​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​មាត់ស្បូន និង ជំងឺ​មហារីក​ផ្សេង​ទៀត។ បើជា​ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ នោះ​គ្រោះថ្នាក់​អាច​ដល់​ជីវិត។ គ្មាន​ថ្នាំ​ព្យាបាល នៅ​ឆ្នាំ​២០២២ រលាក​ថ្លើម​ប្រភេទ​បេ ដែល​ងាយ​ធ្វើ​ឲ្យ​ថ្លើម​ក្រិន និង​មហារីក បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​១​លាន​១​សែន​នាក់។ ចម្លង​ស្វាយ​ឬ​ប្រមេះ ទៅ​ប្រពន្ធ នឹង​​ធ្វើ​ឲ្យ​ស្ត្រី​មាន​គ្រោះអា​រ មិន​អាច​មាន​កូន។ ការ​ចម្លង​ជំងឺកាមរោគ ដូចឈ្មោះ​ហៅ ជំងឺ​កាម​រោគ ​ឆ្លង និង​អាច​ចម្លងគ្នា តាមរយៈ​ការ​រួមរក្ស រួម​ភេទ តាម​ទ្វារ​មាស តាម​មាត់ និង តាម​រន្ធ​គូថ មិន​ពាក់ព័ន្ធ​នឹង​កត្តាអនាម័យ​ទេ។ ជំងឺ​កាមរោគ ជា​ទូទៅ មិន​ឆ្លង​ដោយ​គ្រាន់​តែ​​ប្រើប្រាស់​បង្គន់​រួម ឬ​បង្គន់​សាធារណៈ​ ដូច​ជំនឿរបស់​មនុស្ស​ជា​ច្រើន​នោះឡើយ។ ប៉ុន្តែ​ជំនឿនេះ​ខុស​ទាំង​អស់​ស្រុង។ អ្នក​ជំនាញវេជ្ជសាស្ត្រ​​គ្រប់​ជំនាន់​សុទ្ធ​តែ​បញ្ជាក់​​ថា​ជំងឺ​កាមរោគ មិន​​ឆ្លង ដោយ​គ្រាន់​តែ​ទៅ​អង្គុយបន្ទោរបង់​​លើ​បង្គន់ ដែល​មាន​មនុស្ស​អង្គុយជុះ​ច្រើន​តគ្នា​ទេ។ គ្រូពេទ្យ​ជំនាញ​បារាំង​បាន​បញ្ជាក់​យ៉ាង​លម្អិត​ថា​​​ ជំងឺ​បង្ក​រោគ​តាម​ការ​រួមភេទ អាច ឆ្លង​គ្នា នៅពេល ណាភ្នាសរំអិល ទឹករំអិល (ប្រដាប់ភេទ ឬមាត់ ) ប៉ះត្រដុសគ្នា ដែល ជាសកម្មភាពតែងកើតមានឡើង ជាទូទៅ នៅពេលរួមរក្ស។ ដើម្បី​អាច​ឆ្លង​ជំងឺ​កាមរោគ​​នៅពេល​ប្រើ​បង្គន់​សាធារណៈ ល្គិក​ណា​តែ​អ្នក​យក​ភ្នាសរំអិល ប្រដាប់​ភេទ ទៅ​ប៉ះផ្ទាល់​នឹង​ថាស​បង្គន់។ តើ​មាន​នរណា​អង្គុយ​បត់​ជើង​បែបនេះ ! គឺ​គ្មាន

  4. 26 Aug

    តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ?

    ម្រេចជា គ្រឿង ទេស ដែល មាន ប្រើក្នុងស្ទើរគ្រប់មុខម្ហូប នៅលើពិភពលោក។ ទទួលទាន ស្ទើរជារៀងរាល់ថ្ងៃ ម្រេចល្បីថាមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ តើជាគុណប្រយោជន៍​អ្វីខ្លះទៅ ? ម្រេចកិន ម្រេចមូល ម្រេចខ្ចី ម្រេចទុំ មានគុណសម្បត្តិដូចគ្នាទេ ? តើគួរជ្រើសរើស​ទទួលទាន ម្រេច ស ខ្មៅ ក្រហម ឬម្រេចស្រស់? ក្នុងសម័យយុគកណ្តាល ម្រេច ជា​គ្រឿងទេស ដែល តំណាង​ឲ្យ​ភាព​មាន​បាន។ បច្ចុប្បន្ន ម្រេច​ជា​គ្រឿង​ទេស​ដែល​មាន​ប្រើ​នៅ​ទូទាំង​ពិភពលោក មិនថា នៅ​ទ្វីប​អឺរ៉ុប អាមេរិក អាស៊ី ឬអូសេអានី និង​អាហ្វ្រិក​ទេ។ នៅតាម​អាហារដ្ឋាន​តូចតាច តាម​ចិញ្ចើមថ្នល់ ដល់​ភោជនីដ្ឋាន​លំដាប់​ផ្កាយ ក៏​ដូច​ជា នៅ​តាម​ផ្ទះ ម្រេច​បាន​បង្ហាញ​វត្តមាន​យ៉ាង​សង្ហា នៅលើ​​តុបាយ ឬ​នៅ​ក្នុង​ចង្ក្រាន។ រសជាតិ​ហិរ​ប្រហើរ ក្លិន​ស្រាល ឈ្ងុយ អាច​ដាក់​រោយ​លើ​ស្ទើរ​គ្រប់​ម្ហូប​ឆ្អិន​ហើយ ឬ​នៅ​ពេល​កំពុង​ចម្អិន។ ទទួលទានស្ទើរជារៀងរាល់ថ្ងៃ ដើម្បី​លើក​រសជាតិ​ម្ហូបអាហារ និង ដោយ​មិន​ដឹង​ពិត ប្រាកដ​អំពី​គុណសម្បត្តិ​របស់វា ម្រេច​ជា​គ្រឿងទេស ដែល​មា​ន​ប្រើ​តាំ​ងពី​យូរយារ​ណាស់​មក​ហើយ សម្រាប់​ផ្សំ​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​បុរាណ។ ឧស្សាហកម្ម​រុក្ខឱសថ សម័យ​បច្ចុប្បន្ន​ក៏​មាន​ប្រើ​ម្រេច ជា​សមាស​ធាតុ​ផ្សំ ច្រើនដែរ។ ចាស់​ទុំ​ខ្មែរ ក៏​ណែនាំ​ឲ្យ​ស្ត្រី​ទើប​ឆ្លង​ទន្លេ​រួច ទទួល​ទាន​ម្រេច​ជា​ម្ហូប ដើម្បី​កម្តៅ​សរសៃ​ខ្ចី តែ​ហាម​មិន​ឲ្យ​បរិភោគ​ម្ទេស​ទេ ក្នុង​អំឡុង​ពេលកូនខ្ចី​បំបៅដោះ។ ចំពោះ ពួកគាត់ ម្រេច​និង​ម្ទេស មាន​រសជាតិ​ហិរ​ខុសគ្នា និង​ផ្តល់​ផលវិបាក​ក៏​ខុសគ្នា។ ម្រេចមានអំណាចអង់ទីអុកស៊ីដង់ រសជាតិ​ហិរ​របស់​ម្រេច មាន​លក្ខណៈ​ពិសេស​ប្លែក ដោយសារ​សមាសធាតុ​ជីវៈសកម្មធម្មជាតិ Piperine ដ៏​ចម្បង​របស់​គ្រាប់​ម្រេច។ Piperine ជា​មូលេគុល​ជីវសាស្ត្រ​ពពួក alcaloïde ដែល​មាន​សកម្មភាព ខ្លាំងខាង​បញ្ចេញ​ជាតិ​ពុល​ការពារខ្លួន(ដើមឈើ)។ សមាសធាតុ​ដ៏​ចម្បង​របស់​ម្រេច​នេះ អាចមាន​ឥទ្ធិពល​ល្អ​ច្រើន ទៅលើ​សរីរាង្គ​មនុស្ស។ នេះ​បើ​តាម​ការវិភាគ​ទិន្នន័យ​នៃ​ការសិក្សា​ជាច្រើន ចេញផ្សាយ នៅ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ Critical Reviews in food Science and Nutrition កាលពី​ឆ្នាំ​២០១៩។ នៅក្នុងចំណោមគុណប្រយោជន៍​ជាច្រើន គេ​អាច​​រាប់​​ ជាបឋម សមត្ថភាព​ផ្នែក​អង់ទីអុកស៊ីដង់។ មាន​ន័យ​ថា ម្រេចមាន​សកម្មភាព​ជា​ធ្នាក់​ចាប់​ក្រុម​ជាលិកា​សេរី ដែល​ជា​មូលេគុល​ពន្លឿន ភាព​ចាស់​ជរា នៃ​កោសិកា មានជា​អាទិ៍​កោសិកា​ស្បែក។ ការសិក្សា​ដដែល​បាន​ពន្យល់​ទៀត​ថា ដោយសារ​សារធាតុ Piperine​ដ៏ច្រើន ម្រេច​ទំនង​មាន​គុណប្រយោជន៍ ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ និង សម្លាប់​មេរោគ​ជាច្រើន ប្រភេទ មាន​ជា​អាទិ៍ ពពូក​បាក់តេរី និង​ពពួក​ផ្សិត មួយ​ចំនួន​ធំ។ ឧទាហរណ៍ បាក់តេរី Staphylocoque ។ នេះបើ​តាម​ការលើក​ឡើង​របស់​អ្នកនិពន្ធ​ដដែល។ ម្រេចជួយរំលាយអាហារ គុណប្រយោជន៍នៃម្រេច​មិន​បញ្ចប់​ត្រឹម​ណេះ​ទេ។ គ្រាប់​ខ្មៅ​ដ៏​តូចៗ​នេះ អាច​មាន​អំណាច​ផ្នែក បន្ទាប​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម ពោល​គឺ​ម្រេច​អាច​ជួយ​កាត់​បន្ថយ​អត្រា​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល និង អត្រា​ជាតិ​ស្ករ គ្លីសេមី​ក្នុង​ឈាម។ បើគេ​ជឿ​តាម​ការសិក្សា​ដដែល ម្រេច​អាច​មាន​សកម្មភាព ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ទៀតផង។ សារធាតុ​សកម្ម Piperine លាយ​ជាមួយ​សមាស​ធាតុ​ផ្សំ ផ្សេង​​ទៀត​របស់​ម្រេច​ នឹង​​បញ្ចេញ​សកម្មភាព​ប្រឆាំង​នឹង​កោសិកា​​មហារីក នៃ​ជំងឺ​មហារីក​សុដន់ ពោះវៀន​ធំ ឬ​មហារីក​ក្រពេញ​ប្រូស្តាត​ជាដើម។ នៅក្នុង​ការសិក្សា​មួយ​ផ្សេង​ទៀត ចេញ​ផ្សាយ ដោយ ទស្សនាវដ្តី Critical Reviews in food Science and Nutrition ដដែល ម្រេច​អាច​មាន​ឥទ្ធិពល​ល្អ​លើ ប្រព័ន្ធ​រំលាយ​អាហារ។ អ្នកនិពន្ធ​បាន​ពន្យល់​ថា ឥទ្ធិពល​របស់​ម្រេច​លើ​ប្រព័ន្ធ​រំលាយ​អាហារ បាន​មកពី ជាតិ​ម្រេច​ដែល​ទៅ​ភ្ញោច​សរីរាង្គកាយ​មាត់​ ក្រពះ លំពែង ឲ្យ​បញ្ចេញ​ទឹកមាត់ បញ្ចេញ ប្រូតេអ៊ីន​មាន​ភារៈ​កិន​បំបែក​កម្ទេច​​អាហារ​ឲ្យងាយ​ជ្រាប​ចូល​ទៅ​ចិញ្ចឹម​សព៌ាង្គកាយ ប្រៀប​ដូច​ជា​ទៅ​បង្កើន សមត្ថភាព​ទូទៅ ផ្នែក​រំលាយ​អាហារ និង បង្កើន​សមត្ថភាព​ស្រូប​អាហារូបត្ថម្ភ។ ចំពោះ​គ្រូពេទ្យ ​ជំនាញ​ផ្នែ​ក​អាហារូបត្ថម្ភ Florence Foucaut បរិភោគ​ក្នុង​បរិមាណ​តិច​តួច​ល្មម ម្រេច​នឹង​ជួយ​រំលាយ​អាហារ និង ជួយ​ពន្លឿន​ដំណើរ​បញ្ចេញ​កាក​សំណល់​អាហារ ដែល​អាច​កាត់​បន្ថយ​អាការៈ​ធ្ងន់​ទល់​ពោះ នៅ​ពេល​បរិភោគ​ឆ្អែត​ខ្លាំង​​ព

  5. 19 Aug

    អត្រា​​អរមូនតេស្តូស្តេរ៉ូនទាប​អាច​បង្ក​ផលវិបាក​អ្វី​ខ្លះ ដល់​សុខភាព?

    ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេល​តែ​៥០​ឆ្នាំ អត្រា​អរមូន​បុរស តេស្តូស្តេរ៉ូន ទំនង​ធ្លាក់​ចុះ​អស់​ជាងពាក់កណ្តាល។ មានន័យថា​បុរស​សម័យ​ថ្មី​មាន​អរមូនតេស្តូស្តេរ៉ូន​តិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​យ៉ាងណា ? អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ជាមធ្យម បាន​ធ្លាក់​ចុះ អស់​ជាង​ពាក់កណ្តាល ក្នុងរយៈពេល តែ​៥០​ឆ្នាំ។ នេះ ជា​លទ្ធផល​នៃ​ការ​វិភាគ​វិទ្យាសាស្ត្រ ដែល​ជា​ការច្របាច់​បញ្ចូល​គ្នា នូវ​ទិន្នន័យ​នៃ​ការសិក្សា​ចំនួន ជាង​៨ពាន់ នៅ​ជាច្រើនប្រទេស ដោយ​មាន​អ្នក​ចូលរួម សិក្សា​ជាង១សែន​នាក់។ តែ​កន្លះ​សតវត្សរ៍​បុរស​បាត់បង់​តេស្តូស្តេរ៉ូន​អស់​ជាង​ពាក់កណ្តាល មិនមែនជាដំណឹងល្អទេ។ ពី​ឆ្នាំ ១៩៧២​ដល់​ឆ្នាំ​២០១៩ កំរិត​តេស្តូស្តេរ៉ូន​ជាមធ្យម​របស់​បុរស បាន​ថយ​ចុះ​៥៤,៣% ហើយ​ការធ្លាក់​ចុះ មាន​ល្បឿនលឿន​ខ្លាំង ចាប់ពី​ឆ្នាំ​២០០០​មក។ នេះជា​សញ្ញា​ដែល​ចង្អុល​បង្ហាញ អំពីគ្រោះ​មាន​​វិបត្តិបន្តពូជ នាពេល​អនាគត។ អ្នកជំនាញ​បាន​ទាញ​សញ្ញា​អាសន្ន ជាស្រេចទៅហើយ​ អំពី​គ្រោះ​បុរស​អសមត្ថភាព ផ្នែក​បន្តពូជ នៅថ្ងៃ​ខាង​មុខ និង សុខភាព​ជាទូទៅ របស់បុរស។ តើតេស្តូស្តេរ៉ូនជា អ្វី ? តេស្តូស្តេរ៉ូន ជា​អរមូន ផ្លូវ​ភេទ បញ្ចេញ​ដោយ​សរីរៈ​ភេទ មាន​ច្រើនក្នុង​ខ្លួន​​បុរស និង តិចតួច សម្រាប់​ស្ត្រី ទើបបានជា​គេ​ឱ្យ​ឈ្មោះ តេស្តូស្តេរ៉ូន​ថាជាអ័រមូន​បុរស។ អរមូន​នេះ មាន​តួនាទី​សំខាន់​ណាស់ ក្នុង ការទ្រទ្រង់​សុខមាលភាព​អារម្មណ៍ និង រាងកាយ។ ចំពោះ​មនុស្សប្រុស តេស្តូស្តេរ៉ូន​ផលិត​ជា​ចម្បង ដោយ​ពងស្វាស និង មាន​ចំណែក ជួយ​ឲ្យ​សរីរាង្គកាយ​លូតលាស់ មានលក្ខណៈ​ជា​ប្រុស​ពិតៗ ដូចជា ធ្វើ​ឲ្យ​មាន​សំឡេង​គ្រល មាន​រោម​ដុះ​ច្រើន​នៅ​លើ​ខ្លួន​ប្រាណ និងមុខ។ តេស្តូស្តេរ៉ូន ក៏ជា​អ្នក​ចាត់​ចែង គ្រង់គ្រង​ចំណង់​តណ្ហា ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និង ការផលិត គ្រាប់ឈាមក្រហម ព្រមទាំង ស្ពែម៉ាតូហ្សូអ៊ីត។ ពោល គឺ អ័រមូននេះ​មានបេសកកម្ម​ធំ​ណាស់។ ជាតំណាង មោទនភាពបុរស តេស្តូស្តេរ៉ូន​មាន​ឥទ្ធិពល​ដោយផ្ទាល់ទៅលើ ចំណង់​ផ្លូវភេទ​ផង និង​ទៅ​លើ​សមត្ថភាព​រួម​ភេទ​ផង និង​ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង អំពី​ស្ថានភាព​សុខភាព ជាទូទៅ របស់​បុរសទៀត។ ហេតុអ្វីបានជាអត្រាតេស្តូស្តេរ៉ូន​បុរសធ្លាក់​ចុះ​ខ្លាំង​ក្នុងរយៈពេល៥០ឆ្នាំនេះ ?  បើតាមការសិក្សា ដែល​ចេញ​ផ្សាយ​នៅក្នុង​ពេល​សមាគម​អឺរ៉ុប​ផ្នែក​សុខភាព​បន្តពូជ​និង​បង្ក​កំណើតកំពុង​ជួប​ជុំ​គ្នា​ធ្វើ​សន្និបាត​នៅ​ទីក្រុង​ឡុងដ៍​ អត្រាអរមូនតេស្តូស្តេរ៉ូនរបស់​បុរស ជំនាន់​ក្រោយ មានមធ្យមភាគ​ទាប ជាង​មនុស្ស​សម័យមុន ដល់ទៅ​ជាង​​ពាក់កណ្តាល ព្រោះ បុរស​សម័យថ្មី មាន​របបអាហារ របប​ដំណេក និង​សកម្មភាព​ប្រចាំ​ថ្ងៃខុស​ពី​មុន។ ចំណីអាហារកែច្នៃនិង បែបឧស្សាហកម្ម  រយៈពេល​ដេកខ្លីក្រោម៦ម៉ោង និង មិន សូវបញ្ចេញ​កម្លាំង​​ធ្វើចលនារាងកាយ ជះឥទ្ធិពល ដោយ​ផ្ទាល់ ទៅ​លើ​ការផលិត អរមូន​តេស្តូស្តេរ៉ូន។ ដំណេកខ្លីត្រឹម​៥ម៉ោង ក្នុង​មួយ​យប់ ជាច្រើនយប់ជាប់គ្នា អាច​បញ្ចុះ​អត្រា​អរមូន​តេស្តូស្តេរ៉ូន​របស់​យុវវ័យ​មាន​​សុខភាព​ល្អ ប្រមាណ​ពី​១០​ទៅ១៥%បានហើយ។ សភាពធាត់​ជ្រុល និង ជំងឺ​ទឹកនោមផ្អែម បាន​ទៅ​បញ្ចុះអរមូន​តេស្តូស្តេរ៉ូន ហើយងាកទៅ​ដំឡើង​អរមូនអឺស្ត្រូហ្សែន។ បុរស​ជំនាន់ថ្មីខ្លះ មាន​ទុន ពីកំណើត​តិច តែម្តង ក្នុង​ការ​​ផលិតអរមូន​តេស្តូស្តេរ៉ូន ព្រោះតែ ពួកគេ​ឆាប់ប្រឈម​និង​​ទទួល​សារធាតុ​គីមី​ពុល​ពពួក​រំខាន​អរមូន តាំងពីទើប កកំណើត នៅក្នុងពោះម្តាយ។  នេះ​បើ​តាម​ការ​ពន្យល់​លម្អិត​នៅក្នុង​របាយការណ៍​សិក្សា​ដដែល។​ អ្វីជាផលវិបាកនៃការធ្លាក់ចុះអរមូនតេស្តូស្តេរ៉ូន ? ការ​ធ្លាក់ចុះនៃ​អរមូនបុរស​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ជីវិត​ខ្លាំង​ណាស់។ មាន​​អរមូន​តេស្តូស្តេរ៉ូន​តិច មិន​ប្រាកដ​ថា បុរស​នោះ​​ក្លាយ​​ជា​​មនុស្ស​អារ ជា​​ស្វ័យប្រវត្តិ ដោយ​​មិន​អាច​មាន​កូន​បាន​រហូត​ទេ ប៉ុន្តែ​​លទ្ធភាព​​មាន​កូន​របស់​​បុរស​​ពិត​ជា​​ត្រូវ​​​ចុះ​ខ្សោយ អម​ដោយ​​បញ្ហា​នៅ​​ពងស្វាស​​មួយ​ចំនួន​ទៀតផង។ បន្ថែម​ពី​លើ​​ផលវិបាក​ផ្នែក​​បន្ត​​ពូជ អត្រា​តេស្តូស្តេរ៉ូន​ទាប នឹង​​ធ្វើ​​ឲ្យ​​បុរស​ឆាប់​ចាស់ អារម្មណ៍​មិនល្អ និង ចាប់​មាន​​បញ្ហា​​សរសៃ​ឈាម​​បេះដូង ពោល​គឺ​មាន​អាការៈ​ដូច​មនុស្សប្រុស​​វ័យ​ចំណាស់ មាន​​វិបត្តិ​អស់

  6. 12 Aug

    រលាក​អញ្ចាញអាច​​បំផ្លាញ​ដល់សុខភាព​បេះដូង​​និង​ខួរក្បាល

    មាត់​ធ្មេញ​មិនមែន​មាន​ភារកិច្ច​ត្រឹម​តែ​ទំពារអាហារ​បញ្ជូន​ទៅ​ក្រពះ​ដើម្បី​ចិញ្ចឹម​សរីរាង្គកាយ​ទេ តែ​មាត់​ក៏​អាច​ជា​ច្រក​ផ្លូវ​នាំទៅ​រក​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ផង ប្រសិន​បើ​មាត់​គ្មាន​អនាម័យ បណ្តោយ​ឱ្យ​មាន​ជំងឺ​រលាក​អញ្ចាញ។ ដូច្នេះ​សូម​កុំ​ភ្លេច​តាម​ដាន​សុខភាព​អញ្ចាញ​ធ្មេញផង។ អ្នក​មាន​បញ្ហា​រលាក​អញ្ចាញ​បន្តិច​បន្តួច​មែនទេ? ជា​អាការៈ​តិច​តួចមែន ប៉ុន្តែ​សូម​ប្រយ័ត្ន ព្រោះ​អាច​មាន​គ្រោះថ្នាក់​ធំ ! បច្ចុប្បន្ន​នេះ ​ជំងឺរាក់ស៊ីធ្មេញដ៏​ស្រាល​ កំពុង​ក្លាយ​ជា​បញ្ហា​សុខភាព​សាធារណៈដ៏​ចម្បង។ ជិត​ពាក់​កណ្តាល​នៃ​មនុស្ស​ធំ​ពេញ​វ័យ​អាយុ​លើស​ពី​៥០ឆ្នាំ​ឡើង​ទៅ មាន​​ជំងឺ​រលាក​អញ្ចាញ​រ៉ាំរ៉ៃ​​ដែល​បំផ្លាញ​ជាលិកា​ទ្រង់ទ្រង់​ធ្មេញ​ដោយ​សន្សឹមៗ​ឬ​ហៅ​ថា​ជំងឺ​រាក់​ស៊ីធ្មេញ  ក្នុង​នោះ ១៦%​ជា​ជំងឺ​រាក់​ស៊ីធ្មេញ​ធ្ងន់ធ្ងរ​។ អ្វី​ដែល​គួរឱ្យ​បារម្ភ​ខ្លាំង​នោះ គឺ​ជំងឺរលាក​អញ្ចាញ ​រាក់ស៊ី​ មិន​ធ្វើឱ្យ​ឈឺ (គ្មានផ្តល់​រោគសញ្ញា)។ អ្នក​ជំងឺ​ច្រើន​ណាស់​​មិន​បាន​ដឹង​ ទាល់​តែ​សោះ​ថា​ពួកគេ​មាន​បញ្ហា​រាក់ស៊ី និង​ចាប់​​ដឹង​នៅ​ពេលណា​​ជំងឺ​ចូល​ដល់​ដំណាក់កាល​ធ្ងន់​ខ្លាំងទៅ​ហើយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Adrian Brun ទន្តបណ្ឌិត​ឯកទេស​វះកាត់​ធ្មេញ​ នៅ​មន្ទីរពេទ្យ​ Henri-Mondor de Créteil និង​ជា​គ្រូ​​សាស្ត្រាចារ្យសន្និសីទ​នៅ​សកលវិទ្យាល័យParis-Cité។ ​អញ្ចាញ​ចាប់​ផ្តើមរលាក​ ​​ដោយ​មូលហេតុ​ដ៏​សាមញ្ញ​បំផុត គឺ​ដោយ​បាក់តេរី​នាំ​គ្នា​នៅ​កក​ផ្តុំ​នៅ​តាម​ជើង​ធ្មេញ​ ត្រង់​ចន្លោះធ្មេញ​និង​អញ្ចាញ។​ កក​យូរៗ​ទៅ​ប្រព័ន្ធការពារ​ខ្លួន​ទប់​លែង​ឈ្នះ​។ នៅ​ពេល​ប្រឹង​ការពារ​ខ្លួន​ពេក​ សរីរាង្គ​បាន​បំផ្លាញ​បន្តិច​ម្តងៗ​ជា​លិកា​ក្នុង​មាត់​ដែល​​ទ្រទ្រង់​អញ្ចាញ​ សរសៃ​ចង ឬ​ឆ្អឹង និង​ដែល​យូរៗ​ទៅ​ អាច​ធ្វើ​ឱ្យ​ជ្រុះ​ធ្មេញ​តែម្តង។ ស្ថានភាព​បែប​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឱ្យ​មេរាគ​បាក់តេរីនានាៗ​ នៅក្នុង​មាត់ បាន​​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចរន្ត​ឈាម​បាន។ តាំងពី​ជា​ច្រើន​សិប​ឆ្នាំ​មក​នេះ មានការ​សិក្សា​ច្រើន​ណាស់​លើ​ប្រធានបទ​នេះ​។ គ្រប់​ការ​សិក្សា​សុទ្ធ​តែ​មាន​សេចក្តី​សន្និដ្ឋាន​ដូច​ជា​គឺ​ជំងឺ​អញ្ចាញ​ធ្មេញ​មិន​ធ្វើ​ទុក្ខ​បុកម្នេញ​ ត្រឹម​ក្នុង​មាត់​ទេ។ ជំងឺ​រលាក​អញ្ចាញ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ក្នុង​ការ​បង្កើត​គ្រោះ​ហានិភ័យ​ឱ្យ​មាន​ជំងឺ​ផ្សេង​ទៀត ដូច​ជា ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ និង​ជំងឺ​មេតាបូលិក​ បើ​និយាយ​ក្នុង​ន័យ​ទូលំទូលាយ។ នៅ​ឆ្នាំ​២០២៥ ការ​សិក្សា​អន្តរជាតិ​ជា​ច្រើន មាន​​អំណះ​អំណាង​កាន់​តែ​ច្បាស់​ បញ្ជាក់អំពី​ទំនាក់ទំនង​នៃ​ជំងឺ​រលាកអញ្ចាញ​ ដង្កូវ​ស៊ីធ្មេញ និង​ការ​កើន​ឡើង​នៃ​គ្រោះ​ហានិភ័ហ​មាន​ជំងឺ​ឡើង​សម្ពាធឈាម ទឹកនោម​ផ្អែម ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ សម្រាប់​ក្រុម​អ្នក​ជំនាញ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ទាក់ទង​គ្នា​ទៅវិញ​ទៅ​មាន​តាម​រយៈ​យន្តការ​ជា​ឯកសិទ្ធ ពីរ។ នៅក្នុង​មាត់ ការរលាក​អញ្ចាញ​ឬរាក់ស៊ី ដ៏​តូច​តាច​សោះ​នេះ មាន​កម្លាំងនិង​ភាព​កំណាច​​ដូច​មាន​ដំបៅ​ធំប៉ិនបាតដៃ ដែល​ទៅ​ចុច​ដាស់​ប្រព័ន្ធ​ការពារ​ខ្លួន​ឱ្យ​កម្រើក​ប្រឆាំង​នឹង​ការ​ឈ្លានពាន​មក​ពី​ក្រៅ​ និង​លេច​ជា​អាការៈ​រលាក​ឡើង។ ការ​រាលរលាក​ដោយ​មេរោគ​នេះ​ សាយភាព​ឡើង​ពេលណា​វា​នឹង​ទៅ​ធ្វើ​រំខាន​ស្រទាប់​ការពារ​សរសៃឈាម​​អាទែ ឱ្យ​ចុះ​ទន់​ខ្សោយ។ នេះ​ជា​យន្តការ​ទីមួយ។ ចំណែក​យន្តការ​ទីពីរ គឺ​ដំណើរ​ឆ្លង​បាក់តេរីក្នុងមាត់​ ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ ថ្វីបើ​គ្មាន​បង្ក​ឱ្យមានចម្លង​រោគ​ធ្ងន់ធ្ងរ​មែន តែ​ពពួក​បាក់តេរី​ក្នុង​មាត់​ អាច​ទៅ​តោង​កកផ្តុំ​នៅ​តាម​ផ្ទៃ​នៃ​សរសៃ​ឈាម​ ទាំង​ឡាយ រួច​សម្រួល​ឱ្យ​មាន​កកស្ទះ ដាច់​សរសៃឈាម​នោះ ពោល​គឺ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ដំណើរ​មាន​គ្រោះ​ថ្នាក់​ដាច់​ឬ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល ​ឬ​កកស្ទះ​ដាច់​សរសៃ​ឈាម​នៅ​បេះដូង​​ (ស្លោកបេះដូង)។ ចុះ​ជា​មួយ​ជំងឺ​ទឹកនោម​ផ្អែម​វិញ? កាលពី​មុន​គេ​គ្មាន​ភស្តុតាង​ជាក់ស្តែង​បញ្ជាក់​អំពី​ទំនាក់ទំនង​នៃ​សុខភាព​មាត់ធ្មេញ​និង​ជំងឺ​ទឹក​នោម​ផ្អែម។ ប៉ុន្តែ​ពេល​នេះ លែង​ជា​ការ​សន្និដ្ឋាន​ទៀត​ហើយ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ទំនាក់ទំនង​ពិតនិង​ទៅ​វិញ​ទៅ​មក ​នៃ​ជំងឺ​អញ្ចាញ​និងជំងឺ​​ទឹកនោម​ផ្អែម។ ជំងឺ​រលាក​អញ្ចាញ-រាក់ស៊ីធ្

  7. 5 Aug

    គ្មាន​ជំងឺ តែ​ប្រើ​ថ្នាំ​ទឹកនោមផ្អែម ដើម្បី​បញ្ចុះ​ទម្ងន់ អាច​បង្ក​ផលវិបាក​ដល់​សុខភាព​

    ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​ធាត់​ចុក​ខ្លាញ់ ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ជា​ថ្នាំ​សម្រក​ទម្ងន់​កាន់​តែ​ច្រើនឡើងៗ។ សម្រាប់​គ្រូពេទ្យ​ខ្លះ នេះ​ជា​ការ​ប្រើប្រាស់​ថ្នាំ​ខុស​ទិសដៅ។ គ្រូពេទ្យ​ខ្លះ​ទៀត ព្រម​ឱ្យ​អ្នក​ចង់​ស្គម​ប្រើ។ តើ​ការ​សម្រក​ទម្ងន់​ដោយ​ប្រើ​ថ្នាំ​បែប​នេះ ជះ​ឥទ្ធិពល​យ៉ាង​ណា​ដល់​សុខភាព​ជាទូទៅ? តើ​អ្នក​ជា​ដែល​ប្រើថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ដើម្បី​ស្រក​ទម្ងន់​ អាច​ទទួល​ផល​រំខាន​យ៉ាងណា? ៤៦%នៃអ្នកប្រើថ្នាំ Mounjaro និងWegovy (ថ្នាំជំងឺទឹកនោមផ្អែមនិង ថ្នាំប្រឆាំងជំងឺធាត់ចុក ខ្លា្ញញ់)​នៅប្រទេសកូរ៉េខាងត្បូង ជាមនុស្សធម្មតា គ្មានជំងឺទឹកនោមផ្អែមឬជំងឺធាត់ទេ ប៉ុន្តែ ពួកគេ​ត្រូវការ​ប្រើថ្នាំនេះ ដើម្បី​សម្រកទម្ងន់។ ចំណែក​នៅ​ប្រទេស​អង់គ្លេស មានមនុស្ស​ម្នាក់ ក្នុង​ចំណោម ៥០នាក់ ហ៊ានចំណាយប្រាក់ពី​ហោបៅខ្លួនឯង ទិញថ្នាំទឹកនោមផ្អែមប្រើ​ដើម្បី​បានចុះស្គម ។ តើ មូនចារ៉ូ និង វីហ្កោវី ពិតជាមានប្រសិទ្ធភាពខាង បញ្ចុះ ទម្ងន់មែនឬ ? Mounjaro និង Wegovy ជា​ថ្នាំ​ទើប​ចេញ​ថ្មី សម្រាប់​ព្យាបាល​ជំងឺ​ធាត់ជ្រុល​ចុកខ្លាញ់។ ដើម្បី ងាយ​យល់ គេ​ត្រូវ​បក​ថយ​ត្រលប់ ទៅនិយាយ អំពីថ្នាំ​ប្រឆាំង​នឹង​ជំងឹ​ទឹកនោម​ផ្អែម​មួយ ទៀត ដែល​មាន​ឈ្មោះ​ថា Ozempic និង ដែល​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍ ព្យាបាល នៅ​សហរដ្ឋ​អាមេរិក នៅឆ្នាំ​១៩៩៧។ នៅពេលប្រើថ្នាំអូហ្សំពិកនេះ​ទៅ​ គ្រូពេទ្យ​សម្គាល់​ឃើញ​ថា ថ្នាំ​នេះ​មាន​ផលរំខាន​ធំ​មួយ គឺ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ទម្ងន់​ជា​ខ្លាំង។ ការប្រើប្រាស់​ថ្នាំ​នេះ ក៏​ត្រូវ​បាន​គេ​បង្វែរ យ៉ាង​ឆាប់​រហ័ស​ ពី​ថ្នាំ​សម្រាប់ ​អ្នក​ជំងឺ​ទឹក​នោមផ្អែម ទៅ​ជា​ថ្នាំ​សម្រាប់ បញ្ចុះទម្ងន់។ នៅសហរដ្ឋអាមេរិក ដែល​មានពលរដ្ឋ​ពេញ​វ័យ​ប្រមាណ​៤២% មានអាការៈ​ធាត់​ជ្រុល ការ​មាន​ថ្នាំ​អាច​សម្រក គីឡូ​មនុស្ស​បាន​ពិត​ជា​ទាក់ទាញ​ចំណាប់​អារម្មណ៍ ក្រុម​ឧស្សាហកម្ម​ឱសថ​ណាស់។ ពួកគេ ក៏ បាន​យក​ធាតុសកម្ម​ដ៏​ចម្បង ប្រើ​ក្នុង​ថ្នាំ​ទឹកនោម​ផ្អែម អូហ្សំពិក ទៅ​ផ្សំ​ផលិត​ជា​ថ្នាំ​ថ្មី​មួយ ទៀត សម្រាប់​ប្រឆាំង​ជាពិសេស​នឹង​ជំងឺ​ធាត់ជ្រុល​ចុក​ខ្លាញ់។ នេះហើយ​ជា​កំណើត​នៃ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ធាត់ជ្រុល ដែល​មាន​ឈ្មោះ​ថា Mounjaro និង Wegovy។ ថ្នាំទាំងពីរ​នេះ បាន​ទទួល​ការអនុញ្ញាត ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​អាមេរិក នៅឆ្នាំ ២០២១ និង ២០២២។ ដូចអូហ្សំពិក Mounjaro និង Wegovy ជា​ថ្នាំ​ទឹក​ដាក់​ក្នុង​បំពង់​ជ័រ​មាន​ម្ជុល នៅ​ចុង​ម្ខាង ក្នុង​ទម្រង់​ជា​ប៉ិច សម្រាប់​ចុច​ចាក់​ដោយ​ខ្លួនឯង លើ​សាច់ដុំ (ពោះ ឬភ្លៅ) ជា​រៀងរាល់​សប្តាហ៍  ស្រដៀង​នឹង​ការចាក់​ថ្នាំអាំងស៊ូលីន ដែរ។ ប៉ុន្តែ Mounjaro និង Wegovy មានប្រសិទ្ធភាព​ខ្ពស់​ខ្លាំង​ជាង អូហ្សំពិក ព្រោះ​វា​អាច​​​ចាត់ចែង​ដ៏​ខ្លាំងក្លា​ផ្នែក​មេតាបូលិក។ លក្ខណៈពិសេស​នៃ​ថ្នាំ គឺ​វា​អាច មាន​សកម្មភាព​ទ្វេ​លើ​អរមូន​នៃ​ប្រព័ន្ធ​រំលាយ​អាហារ។ ថ្នាំមានសមត្ថភាពធ្វើត្រាប់តាម​អរមូន​​រំលាយអាហារ GLP-1។ អរមូនធម្មជាតិ GLP-1 ដែល​សរីរាង្គកាយ​តែង​ផលិត ជា​ធម្មតា មានតួនាទី​ចុច​ភ្ញោច​ដំណើរ​បញ្ចេញ​ជាតិ​អាំងស៊ុយលីន ដែលជា​អ្នក​ចាត់ចែង​គ្រប់គ្រង​អត្រា​ជាតិ​ស្ករ ក្នុង ឈាម​របស់​មនុស្ស​យើង។ អ៊ីចឹងហើយបានជា គេ​យក​ថ្នាំ​ទាំងបី​នេះ មក​ប្រើ ​សម្រាប់​ព្យាបាល​អ្នក​មាន​ជំងឺ​​ទឹក​នោម​ផ្អែម។ តែ​អរមូន​GLP-1 នៅ​មាន​តួនាទី​សំខាន់​មួយ​ទៀត គឺ​នៅ​ពេល​យើង បរិភោគ​អាហារ​ចូលទៅ ពេញពោះ​ ឆ្អែតក្រពះ អរមូន​នេះ​នឹង​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល ដោយ​ប្រាប់​ឲ្យ​ដឹង​ថា «លែងឃ្លានហើយ»។ បង្កើត​អារម្មណ៍​ថា​ឆ្អែត​ហើយ អរមូន​ទៅ​ពន្យឺត​សកម្មភាព​របស់​ក្រពះ​ទៀត។ អាហារ​ដែល​ក្រពះ​បាន​កិន​រំលាយ​រួច នឹង​ ធ្វើ​ដំណើរ​យ៉ាង​យឺតៗ​ចុះ​ទៅ​ពោះវៀនធំ។ ដំណើរបែបនេះ ជា​ចំណែក​មួយ ដែល​បង្កើន អារម្មណ៍​កាន់តែ​ឆាប់​ឆ្អែត។ ដោយ​យល់​ពី​យន្តការ​របស់​អរមូន​ធម្មជាតិ​នេះ ទើប​គេ​ផលិត​ថ្នាំ មូនចារ៉ូ តម្រង់​ទិស​ដៅ​លើ​ផ្ទាំង​ស៊ីប​ពីរ​របស់​ប្រព័ន្ធ​មេតាបូលិក គឺ​មាន​អំណាច​ត្រួតត្រា​លើ​ការ ផលិត​ជាតិ​ស្ករ ក្នុង​ឈាម​ផង និង បង្អាក់​ចំណង់អាហារ (លែងឃ្លាន)​ផង។ ចុះហេតុអ្វីបានគេនិយាយអំពីថ្នាំនេះច្រើនខ្លាំងម៉្លេះ ? ចំពោះ​អ្នក​មាន​ជំងឺធាត់ជ្រុល ថ្នាំវីហ្កោវី មានប្រសិទ្ធភាព​បញ្ចុះ​ទម្ងន់​បាន​ប្រមាណ​១០%​ក្នុង​ពេល​៤ឆ្នាំ។ មូនចារ៉ូ ដូស​ខ្ពស់ អាច​ស្រក​ទម្ងន់​បាន​ដល់​ទៅ​១៨% ក្នុង​ពេល​តែ​ជាង​មួយ​ឆ្នាំ។ នេះ​

  8. 22 Jul

    គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា

    ថែរក្សា​សម្រស់​ក៏​ជា​ផ្នែក​មួយ​នៃ​សុខភាព​ដែរ ព្រោះ​យើង​នឹង​មាន​អារម្មណ៍​ល្អ ​នៅពេល​ឃើញ​ខ្លួន​ស្អាត រូបរាង សាច់ ល្អ។  ប៉ុ់ន្តែជួនកាល ដោយហេតុ​តែ​ចង់​ល្អ ចង់ស្អាតពេក និង គ្មាន​ព័ត៌មាន ត្រឹមត្រូវ ហើយ​ជឿ​ផ្អើល​តាមការឃោសនាទៀត ​របៀប​សម្អិត​សម្អាង​ខ្លួន​អាច​ក្លាយ​ជា​គ្រោះ​ថ្នាក់​ទៅ​វិញទេ មាន​ជា​អាទិ៍​ការប្រើប្រាស់​ផលិតផលសម្អាង​ច្រើន​មុខ ចូល​គ្នា។ ផលិតផល សម្អាង មាន ច្រើនមុខណាស់ ក្រែម ឡេ សេរ៉ូម ឡូសិន ... ក្រោមឥទ្ធិពលនៃបណ្តាញសង្គម នៃ​អ្នក​ផ្សព្វផ្សាយ ការប្រើប្រាស់​ផលិតផល​សម្អាង ថែស្បែក​បានកើន​ឡើង​ជា​លំដាប់ ទាំង​ចំនួន​អ្នកប្រើប្រាស់ ទាំង​ចំនួន​ផលិតផល​លាប​លើ​ស្បែក។ បញ្ជី ឈ្មោះ ផលិតផលសម្អាង​ បាន​ថែម ជា​បន្ត កាន់​តែ​វែងឡើងៗ។ ទិន្ននាការ​ប្រើ​ផលិតផល​សម្អាង​លាប​លើ​ស្បែក​ ​ច្រើន​មុខ ច្រើន​ប្រភេទ​ មួយ​ហើយ​មួយ​ទៀត​​បន្ត​បន្ទាប់​គ្នា​ ទម្រាំ​ដល់​វគ្គ​ផាត់​ម្សៅ កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​បណ្តាញ​សង្គម​​។ តើ លោក អ្នកនាង ប្រើ ផលិតផលអ្វី ខ្លះ និង ប៉ុន្មាន មុខ ដែរ ក្នុង ថ្ងៃៗ ? នៅប្រទេសកូរ៉េខាងត្បូង ការថែរក្សា ស្បែកឱ្យសរលោងជាប្រពៃណី តាំង​ពី បុរាណកាល​មក និង ត្រូវ បាន ស្ត្រីកូរ៉េ ចាត់ ទុក ថា ជា ធនធាន ដ៏ចាំបាច់ នៃ សុខភាព ផង។ វប្បធម៌ ថែធួន សំអិតសម្អាង​ស្បែក និង ផលិតផលសម្អាង បែប​កូរ៉េ ក៏ កំពុង​ពេញនិយម​ខ្លាំង នៅ អាស៊ី និង ហៀ មក ដល់ អឺរ៉ុប ទៀត។ នៅប្រទេស​បារាំង ​ស្ត្រីបារាំង​ម្នាក់ៗ​ប្រើ​ផលិតផល​សម្អាងសម្រាប់​លាប​លើ​ស្បែក ដល់​ទៅ ១៦​មុខ ជា​មធ្យម ក្នុង​មួយ​ថ្ងៃៗ។ នេះ​បើតាមការ​សិក្សា​របស់​វិទ្យាស្ថាន ជាតិសុខភាព និង ស្រាវជា្រវវេជ្ជសាស្ត្រ (Inserm) ដែល​ទើប​ចេញ​សេចក្តី​បំភ្លឺ​យ៉ាង​ជាក់លាក់​ស្តីពី ​ភាព​ប្រឈម នៃ​ការប្រើប្រាស់​ផលិតផល​សម្អាង​ប្រចាំថ្ងៃមក​លើសុខភាព​អ្នកប្រើប្រាស់ ។ ផលិតផលសម្អាង អឺរ៉ុប អាមេរិក និង កូរ៉េខាងត្បូង សុទ្ធ​តែ​មានគុណភាពខ្ពស់ ជា​ផលិតផល​ល្អ ឆ្លងកាត់​ការសិក្សា វិភាគ និង​ធ្វើ​តេស្ត​លើ​ស្បែក។ ប៉ុន្តែ ទោះ​បីជា ការ​រក្សា សម្ផស្ស-សម្រស់ ជាផ្នែកមួយ​នៃ​សុខភាព​មែន ក៏គេ​ត្រូវ​ព្រួយ​បារម្ភ​ដែរ ព្រោះ​ការ​ប្រើប្រាស់ ផលិតផល​សម្អាង​ច្រើន​មុខ​ពេក អាច​ជា​តំណាង​គ្រោះ​ថ្នាក់ សម្រាប់​ស្បែក សម្រាប់ សុខភាព ជា​ទូទៅទៅ​វិញ​ទេ។ អ្នកវិទ្យាសាស្ត្រ និង​ក្រុម​គ្រូពេទ្យ​ជំនាញ​ស្បែក បាន​ទាញ សញ្ញា​អាសន្ន​ពីគ្រោះថ្នាក់ នៃ​ការ​ប្រើ​ផលិតផល​សម្អាង​ច្រើន​មុខ​ចូល​គ្នា ដោយ​ខ្វះ​ការ យល់​ដឹង អំពី​ប្រតិកម្ម ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​សារធាតុ​គីមី​ក្នុង ផលិតផល​នីមួយៗ បាន​មក​ជួប​គ្នា នៅ​លើ​ស្បែក និង ដោយ​ជឿ​តាម​ពាក្យ​ឃោសនា ឬ រូបភាព​បង្ហោះ បង្ហាញ​របស់​នាងៗ អ្នកផ្សព្វផ្សាយ​លក់​តាម​អ៊ីនធ័រនែត និង influenceurs។ ការ​ថែរក្សា​សម្រស់​ត្រូវ​បាន​គេ​ចាត់​ទុក ជា​ផ្នែក​មួយ​នៃ​សុខភាព។ ដូច្នេះ ការ​ពិគ្រោះ យោបល់ ពី​អ្នក​មាន​ជំនាញ ឬ ជា​គ្រូពេទ្យ​សើស្បែក អាចជា​ការ​ចាំបាច់។ ក្រៅពី ត្រូវ ប្រយ័ត្ន ចំពោះ​ផលិតផល​ក្លែងក្លាយ ដែល​ផ្សំ​ឡើង ដោយ​គ្មាន​ការត្រួត​ពិនិត្យ យើង​ត្រូវ​ចេះ​ជ្រើសរើស​ផលិតផល​ពិត មាន​គុណភាព​ខ្ពស់ បាន​ឆ្លងកាត់ការ​ពិសោធន៍​​ត្រឹម​ត្រូវ។ សូមប្រុងប្រយ័ត្ន ចំពោះ​ការ​ឃោសនា​ដ៏​អស្ចារ្យ។ ក្នុងផ្នែកសម្ផស្ស ក៏ដូចជា​សុខភាព ដើម្បី​បញ្ចៀស​គ្រោះតូច ឬ គ្រោះធំ ត្រូវសិក្សា និង ពិចារណា​ឱ្យបាន​ល្អិតល្អន់​សិន ​មុន​នឹង​ជឿ​តាម​ការផ្សព្វផ្សាយ។  ផលិតផលល្អ ជាផលិតផលមាន​គុណភាព។ ផលិតផល​មាន​គុណភាព​ត្រូវ​ឆ្លង​កាត់​ធ្វើ តេស្ត​លើ​ស្បែក។ ដើម្បី​អាច​ឈាន​ដល់​ដំណាក់កាល ធ្វើ​តេស្ត​លើ​ស្បែក ត្រូវមាន​សំណៅ និងលទ្ធផល​វិភាគ​ច្រើន​នៅ​មន្ទីរពិសោធន៍។ ផលិតផល​សម្អាង​មកពី អឺរ៉ុប សហរដ្ឋ អាមេរិក និង កូរ៉េខាងត្បូង ភាគ​ច្រើន ជា​ផលិតផលល្អ បានឆ្លងកាត់​ការធ្វើ​តេស្ត និង វិភាគ នៅលើ​ស្បែក។ បើជា​ផលិតផល​សម្អាង ផ្សំ​ធ្វើ​ដោយ​ខ្លួន​ឯង អាច​ល្អ ព្រោះ​មាន​គ្រឿង​ផ្សំតិច ជា​របស់​ធម្មជាតិ ប៉ុន្តែ​ត្រូវ​​ប្រយ័ត្ន​រឿងរក្សា​ទុក​ដាក់។ នៅក្នុង​ប្រទេស​មា​នអាកាសធាតុ ក្តៅ សើមដូច​នៅ​ស្រុក​ខ្មែរ​ត្រូវ​រក្សា​គ្រឿង​ផ្សំ និង ផលិតផល​សម្រេច​នៅ​ក្នុង​ទី​ត្រជាក់ ទូរ​ទឹកកក (មិន ទូរ កកទេ) រវាង ពី ៤ទៅ ៨ អង្សា។ លាយ​មិន​ត្រូវ​ក្បួន លើស​បរិមាណ តខុស​សីតុណ្ហភាព​ ផលិតផល​សម្អាង​ដែល​គ្មាន​គុណភាព នឹង​ក្លាយ ជា​អាវុធ​បំផ្លាញ​ដោយធ្វើ ឱ្យ​ស្បែក ឡើងស្ងួត ងាយមានប្រតិកម្ម អាល់ឡែកហ្ស៊ី រលាករោល ស្បែក ស្តើង ខូច​រនាំង

Ratings & Reviews

4.4
out of 5
35 Ratings

About

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like