ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រទេស​និយាយភាសាបារាំង នៅឆ្នា

នៅទីក្រុង​ប៉ារីស កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី ក្រុមប្រទេស​និយាយ​ភាសា​បារាំង​បាន​សម្រេច​កាលពីថ្ងៃយប់​ថ្ងៃ​សៅរ៍ម្សិលមិញ ជ្រើសរើស​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​ក្រុមប្រទេស​និយាយភាសា​បារាំង លើកទី​២០ នៅ​​២ឆ្នាំ​ខាងមុខ​ទៀត ឆ្នាំ ២០២៦។ នៅក្នុងសន្និសីទកាសែត​នៅ​ក្រោយ​កិច្ច​ប្រជុំ​បិទទ្វារ​ដែលមាន​ការចូលរួម​ពីប្រមុខរដ្ឋ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាលមកពីបណ្តាប្រទេស​សមាជិក​ហ្រ្វង់កូហ្វូនី លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​ដំណឹង​នេះ​ជាផ្លូវការ​នៅមុខលោក​សុខ ចិន្តា​សោភា ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា និង​សហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណឹង​ដ៏ល្អ​មួយចំពោះ​កម្ពុជា ?

កម្ពុជា​ត្រូវ​បានជ្រើសរើស​ឲ្យធ្វើជាម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំកំពូល​ក្រុមប្រទេស​និយាយ​ភាសា​បារាំង ដែលហៅថា ហ្រ្វង់កូហ្វូនីលើកទី​២០ នៅ​ក្រុង​សៀមរាបអង្គរ នៅ​ឆ្នាំ ២០២៦។ នៅលើ​វេទិកា​សន្និសីទកាសែត​ជាមួយ​ប្រធាន​អង្គការ​ហ្រ្វង់កូហ្វូនី និង​លោក​សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបទេស​ និង​សហប្រតិបត្តិការអន្តរជាតិ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល​ម៉ាក្រុង​បាន​ថ្លែងអបអរ​កម្ពុជា។ ប្រមុខការបរទេស​កម្ពុជាវិញ​បាន​បង្ហាញ​ការរីករាយ រំជួលចិត្ត និងមោទនភាព ដែលកម្ពុជា​ត្រូវបាន​​ជ្រើសរើស​ឲ្យ​ធ្វើជាម្ចាស់ផ្ទះរៀបចំ​ជំនួប​កំពូលក្រុមប្រទេស​និយាយ​ភាសាបារាំង​នៅ​ ២ឆ្នាំខាងមុខ។

​កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​ហ្វ្រង់កូហ្វូនី ជាដំណឹង​ដ៏ប្រពៃ ប៉ុន្តែ វាមិនមែនជា​រឿង​ថ្មី​ភ្ញាក់ផ្អើល​ខ្លាំងនោះទេ។ ​នៅប៉ុន្មាន​ឆ្នាំមកនេះ ក្នុងនាមជាប្រទេស​សមាជិកពេញសិទ្ធិ និង​មាន​ ព្រះបរមរតនកោដ សម្តេច​ព្រះនរោត្តម​សីហនុ​ជា​ស្ថាបនិក​មួយអង្គ​ដែលបាន​ចូលរួម​បង្កើត​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី​នៅ ទសវត្សរ៍ឆ្នាំ ១៩៧០ កម្ពុជា​​បាន​ប្រឹងប្រែង​ធ្វើ​យុទ្ធនាការទូត​ច្រើនណាស់​ ដើម្បី​បាន​សិទ្ធិ​រៀបចំកិច្ចប្រជុំកំពូល​របស់​អង្គការ​ដែល​មាន​ប្រទេស​ចំនួន ៩៣​ជា​សមាជិក។​ ព្រះបាទសម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​​កម្ពុជាដែលបាន​យាងចូលរួម​នៅក្នុង​ជំនួបកំពូល​នៅទីក្រុង​ប៉ារីស កាលពីថ្ងៃ​សៅរ៍ម្សិលមិញ​បានមាន​ព្រះបន្ទូលបញ្ជាក់ថា កម្ពុជានៅតែ​​ភ្ជាប់ខ្លួន​ជាមួយ​ហ្វ្រង់កូហ្វូនី និងថា ជាមួយនឹង​ការរៀបចំ​ជំនួបកំពូល​ហ្វ្រង់កូហ្វូនី​នៅខេត្ត​សៀមរាប កម្ពុជាសង្ឃឹម​ចែករំលែក​ជាមួយ​សហគមន៍អ្នកនិយាយ​ភាសា​បារាំងនូវ​ចំណុច​ពិសេស​ប្លែក​របស់ហ្វ្រង់កូហ្វូនីនៅអាស៊ីប៉ាស៊ីហ្វិក។ ​

ហេតុអ្វីបានជាកម្ពុជា​ចង់​ធ្វើជាម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​ក្រុមប្រទេសនិយាយភាសា​បារាំង?

កន្លងមកគេ​ច្រើនតែដឹងថា ហ្វ្រង់កូហ្វូនី ឬ​ក្រុមប្រទេស​និយាយ​ភាសា​បារាំង ផ្តោតច្រើនទៅលើ​ការអប់រំ ភាសា និង​វិប្បធម៌។ ប៉ុន្តែ ចំពោះ រដ្ឋមន្រ្តីការបរទេស​កម្ពុជា ហ្វ្រង់កូហ្វូនី​មិនមែន​ត្រឹម​តែ​ភាសា វប្បធម៌ ប៉ុន្តែ គេអាច​និយាយ​ពីសេដ្ឋកិច្ច។ ដូច្នេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំ​ជំនួបកំពូល​ក្រុមប្រទេស​និយាយ​ភាសា​បារាំង ដែលមាន​ប្រទេស​ចំនួន​៩៣ជាសមាជិក មកពីទ្វីបចំនួន ៥ កម្ពុជា​នឹង​ទទួលបាន​ឱកាស​ដ៏វិសេសវិសាល​ដើម្បីទាញផលប្រយោជន៍សេដ្ឋកិច្ច។

ហេតុអ្វីបានជា​ហ្វ្រង់កូហ្វូនី ពង្រីក​ខ្លួន ទៅកាន់ប្រទេស​ដែលមិននិយាយ​ភាសា​បារាំង ដូចជា​Angola ជាដើមដែលជាប្រទេស​និយាយភាសា​ព័រទុយហ្កាល់ ហើយហ្កាណា​ជា​ប្រទេស​និយាយភាសា​អង់គ្លេស?

នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​កាលពីថ្ងៃ​សៅរ៍ម្សិលមិញ គេ​បាន​បោះឆ្នោត​ទទួល​យក​ប្រទេស​៥ទៀត ឲ្យធ្វើជា​សមាជិក​សង្កេតការណ៍​​របស់​ហ្រ្វង់កូហ្វូនី។ អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី​បាន​រីកធំធាត់សមាជិក ពី ៨៨ ទៅ​៩៣ នៅគ្រប់ទ្វីប​ទាំង​៥។ សមាជិកច្រើនមែន ប៉ុន្តែ ប្រទេស​មួយចំនួន​ធំ​មិនមែនជា​ប្រទេស​ដែល​ប្រើភាសា​បារាំង​ជាផ្លូវការ ឬ​ច្រើន ដូចតាម​លក្ខខណ្ឌ​ចងជា​សមាជិក​របស់​ហ្វ្រង់កូហ្វូនី។ Chypre មានអ្នកនិយាយ​ភាសា​បារាំង​តែ​៦% ហ្កាហា​នៅអាហ្វ្រិក​មានអ្នកប្រើ​ភាសា​បារាំង ប្រមាណ ១%។ ចំណែកកម្ពុជា​វិញ បើតាម​លោក​លីម ប៊ុនហុក មានអ្នកនិយាយភាសាបារាំងប្រមាណ​កន្លះលាននាក់ប៉ុណ្ណោះ។ សួរថា បើ​ថា មាន​អ្នកប្រជាជន​និយាយ​ភាសា​បារាំងតិចតួច ឬ​ក៏គ្មាន​សោះតែម្តងដ