នាទីសុខភាពនិងអនាម័យ

ប្រេស៊ីលប្រកាសសម្រេចបានវ៉ាក់សាំងប្រឆាំងគ្រុនឈាម មួយដូស

ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម ចាក់​តែ​មួយ​ដូស ទើប​ត្រូវ​បាន​ប្រេស៊ីល អនុម័ត​ឱ្យ​ប្រើប្រាស់ នៅ​ថ្ងៃ​ពុធ​ទី​ ២៦​វិច្ឆិកា ២០២៥។ អាជ្ញាធរ​ប្រេស៊ីល​បាន​ចាត់​ទុករបកគំហើញ​នេះ​ថា ជា​ជោគជ័យ ជា​ប្រវត្តិសាស្ត្រ ព្រោះ​​កាលពី​ឆ្នាំទៅ ជំងឺគ្រុន​ឈាម​បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​ប្រេស៊ីល​អស់ ជាង​ ៦ពាន់​នាក់។ តើ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​គ្រុន​ឈាម​របស់​ប្រេស៊ីល​ មាន​ប្រសិទ្ធភាព​យ៉ាងណា?

ប្រេស៊ីល​ប្រកាស​សម្រេច​បាននូវ​សមិទ្ធិផល​ថ្មីដែល​​អាច​ចាត់ទុក​បាន​ថា ជា​ជោគជ័យ​ ជា​ប្រវត្តិសាស្ត្រ ក្នុង​វិស័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ នោះ​គឺ​ ថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម ចាក់តែ​មួយដូស។​

អភិវឌ្ឍន៍​ដោយ​វិទ្យាស្ថាន​Butantan នៃ​ក្រុង​ Sao Paulo ថ្នាំ​បង្ការ​ជំងឺគ្រុនឈាម បាន​ទទួល​ការអនុម័តនៅ​ថ្ងៃ​ពុធ​ទី​២៦​វិច្ឆិកា ពីសំណាក់​​ទី​ភ្នាក់ងារ​សុខាភិបាល​ជាតិ​ប្រេស៊ីល​ ​ឱ្យ​​ធ្វើ​ចរាចរណ៍​និង​ប្រើប្រាស់។  ប្រេស៊ីល​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​រួច​ហើយ​ដែរ ជាមួយ​ក្រុមហ៊ុន​ចិន Wuxi ដើម្បី​អាច​ផ្គត់​ផ្គង់​ថ្នាំវ៉ាក់សាំង ចំនួន ប្រមាណ​៣០លា​ន​ដូស នៅ​រវាង​ត្រីមាស​ទីពីរ​នៃឆ្នាំ​២០២៦។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកAlexandre Padilha រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ប្រេស៊ីល។

បន្ទាប់ពីឆ្លងកាត់​ការ​សាកល្បង​ជាច្រើនដំណាក់កាល ស្រប​តាមបទដ្ឋាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ថ្នាំ​បង្ការ ប៊ូតង់តង់ឌីវី​ បាន​ចាក់សាកល្បង​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ជាង​១៦០០០នាក់ រស់​នៅក្នុង​រដ្ឋ​ចំនួន​១៤​របស់ប្រេស៊ីល​ ក្នុង​រយៈ​ពេល​៨​ឆ្នាំ។ ជា​លទ្ធផល ថ្នាំ​មានប្រសិទ្ធភាព​ខ្ពស់ ដល់​ទៅ ៩១,៦% ប្រឆាំងនឹង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុនឈាម។

Butantan DV ​ផ្សំ​ឡើង​ដោយ​​វីរ៉ុស​រស់​នៃ​គំរូវីរ៉ុស​គ្រុនឈាម​ទាំង​បួន​ប្រភេទ​ និង​​អាច​ចាក់​លើ​គ្រប់​បុគ្គល​មាន​អាយុ​ពី​១២​ទៅ​៥៩​ឆ្នាំ។ តាម​រយៈ​​វ៉ាក់សាំងថ្មី​ ​ប្រើ​​តែ​មួយ​ដូស ប្រេស៊ីល​រំពឹងថានឹង​អាច​ពន្លឿន​ និង​សម្រួលយុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ប្រឆាំង​ជំងឺ​គ្រុនឈាមបាន​ ក្នុង​ទ្រង់ទ្រាយ​ធំ ព្រោះ​ជំងឺ​គ្រុនឈាមបាននិង​​កំពុង​ផ្ទុះឡើងយ៉ាង​​ខ្លាំង។ ដោយមាន​អាវុធ​ប្រកប​ដោយ​ប្រសិទ្ធភាពខ្លាំង ប្រេស៊ីល​ពេល​នេះ​អាច​នឹង​កម្ចាត​ជំងឺ​ដែល​បានញាំញី​ប្រទេស​អស់​ជា​ច្រើន​ទសវត្សរ៍​។ នេះ​ជា​ប្រសាសន៍​របស់​នាយក​វិទ្យាស្ថាន​Butantan Sao Paulo ទៅ​កាន់​អ្នក​សារព័ត៌មាន។​

នៅ​ឆ្នាំ​២០២៤ ជំងឺ​គ្រុនឈាម​បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​ប្រេស៊ីល​អស់​ជាង​៦ពាន់​នាក់  ឬ​ត្រូវ​ជា​ជិត​ពាក់​កណ្តាល​នៃ​អត្រាមរណៈ​ដោយ​ជំងឺគ្រុនឈាម​នៅ​ទូទាំងពិភពលោក។ ក្នុង​កំរិត​ពិភពលោក ក្នុង​មួយ​ឆ្នាំៗ មានករណី​ កើត​ជំងឺ​គ្រុនឈាម​ប្រមាណ​ពី​ ១រយទៅ​៤​រយ​លាន​នាក់ និងមានមនុស្ស​​ជិត​៤ពាន់​លាន​នាក់​រស់​ក្នុង​តំបន់ប្រឈមនឹង​ជំងឺគ្រុនឈាម ដូច​ជា​អាស៊ី​អាគ្នេយ៍ អាហ្វ្រិក​ ​អាមេរិកកណ្តាល​និង​ខាងត្បូង​។

២០២៣ ជាឆ្នាំ​ដែល​មានករណី​គ្រុនឈាម​ច្រើន​ជាង​គេ​បំផុត មិន​ធ្លាប់​មាន។ តែ​ករណី​​កើត​ជំងឺគ្រុនឈាម​អាច​នឹងបន្ត​​កើនឡើងរហូត ហើយ​តំបន់​រងគ្រោះ​ហានិភ័យ​ក៏​កាន់​តែរីកធំ​ដែរ ដោយ​ហេតុ​បម្រែបម្រួល​អាកាសធាតុ។ ការសិក្សា​របស់សាកលវិទ្យា​Standford ចេញ​ផ្សាយ​​នៅ​ឆ្នាំ​២០២៤ បាន​ប៉ាន់​ប្រមាណ​​ថា​ការឡើង​កម្តៅ​សីតុណ្ហភាពនៃ​ភពផែនដី ​មាន​ចំណែក​ទទួលខុស​ត្រូវ ១៩% នៃករណីកើត​ជំងឺ​គ្រុនឈាមបច្ចុប្បន្ន។

​អាចបង្ក​ជា​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង ឈឺ​ក្បាល ចុកចាប់​សាច់​ដុំ ក្អួត​ និង​ឡើង​កន្ទួល​លើ​ស្បែក​ ហើយ​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន​ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង ព្យាបាល​មិនទាន់ ជំងឺ​គ្រុនឈាម មាន​ភ្នាក់ងារ​ចម្លង​ជា​សត្វមូស​ខ្លា។

មូសខ្លា មិន​អាច​ទ្រាំទ្រ​​នឹង​អាកាសធាតុ​ត្រជាក់​បានទេ។ តាំងពី​ដើមមក មូសខ្លា កើត​សុះសាយ​តែ​ក្នុង​តំបន់​ត្រូពិក​ មាន​អាកាសធាតុ​ក្តៅ​ហើយសើម។ តែ​ពេល​នេះ មូសខ្លា​បាន​មក​ដល់​អឺរ៉ុប និង​ដល់​តំបនធ្លាប់​មាន​សីតុណ្ហភាព​ត្រជាក់ល្មម​​ផ្សេងទៀត ដោយ​សារ​តែ​លក្ខខណ្ឌអាកាសធាតុប្រែប្រួល រដូវ​រងារ​ឡើង​ក្តៅ​ រដូវ​ក្តៅ​កាន់​តែ​ក្តៅ​ខ្លាំង។

ជាងនេះទៅ​ទៀតមូសខ្លា ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុនឈាម ហ្ស៊ីកា គ្រុនឈីក គ្រុនលឿង ព្រមទាំង​អាច​ចម្លង​វីរ៉ុស​ដល់​ប្រមាណ​៥០​មុខ​ទៀត នៅ​ពេល​ចុចខាំមនុស្ស បានបំប្លែង​ខ្លួន និង​ចាប់ស៊ាំ​ខ្លាំង​នឹងថ្នាំ​គីមី​​សម្លាប់​សត្វ​ល្អិត មាន​ប្