ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទីតាំងឆបោក​អនឡាញនៅភូមាបន្តដុះដូចផ្សិត​ ទោះបីមានប្រតិបត្តិការបំបែក​និង​​ចាប់ខ្លួន​មេខ្

អាជ្ញាធរភូមានិង​ចិន បាន​ចាប់ផ្តើម​ប្រតិបត្តិការ ចុះបង្ក្រាប​ទីតាំងឆបោក​អនឡាញនៅភូមា តាំងតែ​ពី​ខែ​​កក្កដាឆ្នាំ​២០២៣ម្លេះ។ គិតត្រឹមពេលនេះ មានជនជាតិចិន​​ប្រមាណ​៥៧០០០នាក់ ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមានមេខ្លោងធំៗជាច្រើននាក់។ តែអ្វីដែលគេសង្កេតឃើញ​ គឺថា​ទីតាំងឆបោកអនឡាននៅភូមា តាមបណ្តោយ​ព្រំដែន​ជាប់ទឹកដីថៃ បានបន្តរីកដុះដូចផ្សិត​។ ផ្អែកតាមការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​​ព័ត៌មាន​បារាំង គឺទីតាំងឆបោកអនឡាញទាំងនោះ បាន​ប្រើប្រាស់សេវាអ៊ីនធ័រនែត ផ្តល់​ឲ្យដោយ​​ក្រុមហ៊ុន Starlink របស់លោក ​Elon Musk ថែមទៀតផង។

ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ Myawaddy ភាគអាគ្នេយ៍​ប្រទេសភូមា ជាប់ព្រំដែន​ខេត្តតាកប្រទេសថៃ បានក្លាយជា​​ជង្រុកនៃ​​​ទីតាំងឆបោកអនឡាន​ យ៉ាង​ធំសម្បើម។​ ដោយរងសំពាធពីរដ្ឋាភិបាលចិន អាជ្ញាធរភូមាសហការជាមួយអាជ្ញាធរថៃ បានចុះបង្ក្រាបបិទទីតាំងទាំងនេះ កាលពី​ដើមឆ្នាំ​២០២៥។ ប្រតិបត្តិការធំបំផុតនៅខែកុម្ភៈ បាន​រំដោះបាន​មនុស្ស​ចំនួន​៧០០០នាក់ ភាគច្រើនគឺជាជនជាតិចិន។

យោងតាម​អង្គការសហប្រជាជាតិ មនុស្ស​ទាំងនោះអ្នកខ្លះមកដោយ​ស្ម័គ្រចិត្ត តែ​ភាគច្រើនគឺសុទ្ធតែជាជនរងគ្រោះ ដែល​ក្រុមអន្ធពាលបានល្បួងយកមក ហើយចាប់បង្ខាំង​ទុកក្នុងមណ្ឌល​ ឲ្យ​ធ្វើសកម្មភាពឆបោក​តាមបណ្តាញសង្គម​ប្រៀបបីដូចជាទាសករ​។ ជនរងគ្រោះខ្លះ បាន​អះអាងប្រាប់អ្នកកាសែតថា​ ពួកគេបានរងនូវការធ្វើទារុណកម្ម វាយដំ បង្អត់អាហារ គ្មានថ្នាំព្យាបាលជាដើម។ល។​

សង់អគារថ្មី​​កាន់តែច្រើន​

ក៏ប៉ុន្តែ ប្រតិបត្តិការ​ចុះបង្ក្រាបដ៏ធំនេះ បានរំលងផុត​បានតែប៉ុន្មានសប្តាហ៍ គេសង្កេត​ឃើញថា ទីតាំងឆបោកអនឡាញនៅតំបន់ Myawaddy បានចាប់ផ្តើមសកម្ម​ឡើងវិញយ៉ាង​រំភើយ​។ មិនត្រឹមតែសកម្មទេ គឺកាន់តែរីកធំថែមទៀត។​ យោង​​តាម​ទីភ្នាក់ងារព័ត៌មានបារាំង AFP ដោយ​ផ្អែក​លើរូបភាព​ផ្កាយរណប​របស់ Planet Labs PBC គឺចន្លោះពីខែ​មីនា ដល់ខែ​កញ្ញា គេសង្កេតឃើញថា​មានអគារថ្មី​​ៗរាប់សិបអគារ ត្រូវបាន​គេសាងសង់បន្ថែមទៀត​ ជាក់ស្តែង​ដូច​ជានៅតំបន់ KK​ Park ដែលគេស្គាល់ថា គឺជាទីតាំងឆបោកអនឡាញដ៏ធំមួយ នៅទីក្រុង​ Myawaddy។

ហើយ​ផ្អែកតាមរូបភាពថតដោយដ្រូនរបស់អ្នកកាសែត AFP នៅខែកញ្ញាកន្លងទៅ គឺគេឃើញយ៉ាងច្បាស់ នូវសកម្មភាព​​ការដ្ឋានសាងសង់​អគារ ជាមួយ​និងផ្លូវថ្នល់ខ្វាត់ខ្វែង​ ច្រកចូលកាន់តែធំជាង​មុន និងបុគ្គលិកសន្តិសុខយាមកាន់តែច្រើន​។ ជាងនេះទៀត គេបានសង្កេតឃើញ នូវ​​ចំណុចឆ្លងកាត់ចំនួន​៥ទីតាំង​ថ្មី​ផ្សេងទៀត នៅមាត់​​ទន្លេ Moei ដែលខណ្ឌចែក​ទឹកដី​ថៃនិងភូមា។ យោងតាមការវិភាគ ចំណុចឆ្លងកាត់ទាំងនេះ គឺជាទី​ដឹកជញ្ជូនសម្ភារៈផ្សេងៗ ឆ្លងពីថៃ​ដើម្បីផ្គត់ផ្គង់​​ទីតាំង​​ឆបោក​អនឡាញ​នៅ​ខាង​ភូមា​។

បន្ថែមពីនេះ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានប្រមូលព័ត៌មានបាន​ បញ្ជាក់ថា ក្នុងចំណោម​ទីតាំងឆបោកអនឡាញទាំង​២៦​ទីតាំងក្បែរតំបន់ Myawaddy ដែល​ក្រុមការងារស៊ើបអង្កេតអូស្ត្រាលី ASPI បានស្រង់ទិន្នន័យបាន គឺមានច្រើនទីតាំង ដែល​កំពុងត្រូវបានគេសាងសង់ ជួលជុល​​ឬពង្រីក​ឲ្យ​កាន់តែធំ​។ ក្នុងចំណោមទីតាំងទាំងនេះ គឺមាន​ទីតាំងមួយល្បីឈ្មោះជាងគេ ស្ថិតនៅ​តំបន់​ Shwe Kokko ៣០គីឡូម៉ែត្រ​ខាងជើង​ទីក្រុង Myawaddy​​។ កាលពីខែ​កញ្ញាកន្លងទៅ អាជ្ញាធរអាមេរិក​បាន​ដាក់ទណ្ឌកម្មទៅលើ​មនុស្ស​៩នាក់ ដែលជាប់ពាក់ព័ន្ធនឹងទីតាំង​ឆបោកអនឡាញ Shwe Kokko នេះ ព្រមទាំងមេក្រុមអន្ធពាលជនជាតិ​ចិនម្នាក់ ឈ្មោះ She Zhijiang ដែល​ម្ចាស់គម្រោងសាងសង់ Yatai New City នៅក្នុងតំបន់​នេះ​។

សេវាអ៊ីនធ័រនិត របស់ក្រុមហ៊ុន Starlink

យោងតាមរូបភាពផ្កាយរណបដដែល គេសង្កេតឃើញថា នៅលើដំបូល​ទីតាំងឆបោកអនឡាញទាំងអស់​​នោះ គឺសុទ្ធតែបំពាក់​ដោយ​បង្គោលអង់តែនរបស់ក្រុមហ៊ុន Starlink ។ ពោលគឺ ក្រុមហ៊ុន​Starlink របស់​លោក Elon Musk បានក្លាយជាអ្នកផ្គត់ផ្គង់សេវាអ៊ីនធ័រនិត ដ៏សំខាន់ជាងគេ១ក្នុងចំណោម​២​នៅភូមា បើគិតចាប់ពីខែឧសភាមក។ កាលពីខែ​កក្កដា សភាខុនហ្ក្រេសអាមេរិក បានបើកការស៊ើបអង្កេត ទាក់ទិននឹងការចូលរួមចំណែករបស់​ក្រុមហ៊ុន Starlink នៅក្នុងការផ្គត់ផ្គង់សេវាអ៊ីនធ័រនែត ឲ្យ​ទីតាំង​ឆបោកអនឡាញនៅភូមា។ យោងតាម​ក្រសួងហិរញ្ញវត្ថុអាមេរិក សកម្មភាពឆបោក​ដែលមានប្រភពចេញពីប្រទេសនៅ​​អាស៊ីអាគ្នេយ៍ បាន​​ធ្វើ​ឲ្យ​ប្រជាជនអាមេរិក​រងគ្រោះ គិតជាទឹកប្រាក់​ប្រមាណ​​១ម៉ឺនលានដុល្លារ កាលពីឆ្នាំ​២០២៤។ ជាទំហំទឹកប្រាក់ ដែល​បាន​កើនឡើងដល់ទៅ​​៦៦% បើប្រៀបធៀបទៅឆ្នាំ​២០២៣។

ចាប់ខ្លួនជនជាតិចិនបាន​​៥៧០០០​នាក់​

គួរប