រកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យពីរ​ដែលមាន​ធាតុផ្សំជាទឹកស្ទើរសុទ្ធសាធ

ប្រវត្តិសាស្រ្តពិភពលោក

កាលពីពេលកន្លងមក យើងធ្លាប់​ស្គាល់តែភពពីរប្រភេទ​តែប៉ុណ្ណោះ គឺភពសិលា និង​ភពឧស្ម័ន។ កាល​ពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភពប្រភេទថ្មីមួយទៀត ស្ថិត​នៅ​ក្រៅប្រព័ន្ធព្រះអាទិត្យ គឺភពទឹក (ភពដែលមានធាតុផ្សំ​ភាគច្រើន​លើសលុបជាទឹក)។ ភព​ប្រភេទថ្មីនេះ ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​ប្រព័ន្ធផ្កាយ ឈ្មោះ Kepler-138។

ភពទឹកដ៏ចម្លែក​នេះ​ស្ថិត​នៅ​ចម្ងាយ ២១៨​ឆ្នាំ​ពន្លឺ​ពីភពផែនដី ​ក្នុង​ប្រព័ន្ធផ្កាយ ឈ្មោះ Kepler-138 ​ហើយ​ភព​ នៅ​ក្នុង​ប្រព័ន្ធផ្កាយ​នេះ ត្រូវ​បាន​រកឃើញ​ជាលើកដំបូង ដោយ​តេឡេស្កុបអវកាស​កេព្ល័រ (Kepler Space Telescope) កាល​ពី​ឆ្នាំ២០១៤​កន្លងទៅ។

មានទីតាំង​ស្ថិត​នៅ​ក្នុង​បណ្តុំផ្កាយ​ឈ្មោះ Lyra ផ្កាយ Kepler-138 គឺ​ជា​ប្រភេទ “កូនផ្កាយក្រហម” ឬ​​ជាភាសា​អង់គ្លេស​ថា « Red Dwarf » ឬ « M-Dwarf »។ ជាប្រភេទផ្កាយ​ដែល​មាន​ម៉ាស់​ស្រាល ពោលគឺ មាន​ម៉ាស់​ត្រឹមតែ​​ប្រមាណ​ជា​ពាក់កណ្តាល​ប៉ុណ្ណោះ​នៃ​ម៉ាស់​របស់​ព្រះអាទិត្យ ចំណែក​សីតុណ្ហភាព​នៅលើ​ផ្ទៃ​ខាងលើ​របស់​ផ្កាយវិញ​ក៏​មាន​ទាប​ជាង​ព្រះអាទិត្យ​យ៉ាងឆ្ងាយ​ផងដែរ គឺ​ត្រឹមប្រមាណ​ជិត ៤ពាន់​អង្សារ​ប៉ុណ្ណោះ ធៀបនឹង​ព្រះអាទិត្យ ដែល​មាន​រហូតដល់​ទៅ​ជិត ៦ពាន់​អង្សារ។

កាលពីឆ្នាំ២០១៤ តាមរយៈតេឡេស្កុបអវកាស​គេព្ល័រ គេ​បានរកឃើញ​ថា នៅ​ជុំវិញ​ផ្កាយ Kepler-138 មាន​ភព​ចំនួន​ ៣។ ទីមួយ គឺ​ភពដែល​ស្ថិត​នៅ​ប៉ែក​ខាង​ក្នុង​គេ​បង្អស់​ ឈ្មោះថា Kepler-138b ជាប្រភេទ​ភពសិលា​ដូចជាភពផែនដី​យើងនេះ​ដែរ ក៏ប៉ុន្តែ មាន​ម៉ាស់​ត្រឹម​ប្រហាក់ប្រហែល​នឹង​ម៉ាស់​របស់ភពអង្គារ។ ចំណែក​ភពទីពីរ និងទីបី គឺ Kepler-138c និង Kepler-138d ដែល​ជា​ប្រភេទភព​ដ៏ចម្លែក​ខុសគេ ខុសពីអ្វីដែល​គេ​ធ្លាប់​ឃើញ​មាន​កាល​ពីពេល​កន្លងមក ដោយ​តាមរយៈ​ការ​សិក្សាលម្អិត​​ទៅលើ​ទិន្នន័យ​ប្រមូលបាន​ដោយ​តេឡេស្កុបអវកាស​ហឺបល (Hubble) និង​តេឡេស្កុបអវកាសស្ពីតស័រ (Spitzer) អ្នក​វិទ្យាសាស្រ្ត​បាន​រកឃើញ​ថា ភពទាំងពីរនេះ គឺ​ជា​ប្រភេទភព​ដែលផ្សំឡើងដោយទឹក​។

នៅលើ​ភព Kepler-138c និង Kepler-138d ថ្វីដ្បិត​តែ​ស្នូល​ខាង​ក្នុង​គឺ​ជា​សិលា ក៏ប៉ុន្តែ ផ្ទៃខាងលើ​ត្រូវ​ហ៊ុំព័ទ្ធ​ទៅដោយ​ទឹក ដែល​មាន​ជម្រៅ​គិតជា​មធ្យម​រហូតដល់​ទៅ ២ពាន់​គីឡូម៉ែត្រ ពោលគឺ ជ្រៅជាង​ទឹកសមុទ្រ​នៅលើ​ភពផែនដីយើងនេះ​រហូតដល់​ទៅ​៥០០ដងឯណោះ។ ហើយ​គិតជាសរុប បរិមាណ​ទឹកសរុប​នៅលើ​ភពនីមួយៗ គឺ​មាន​យ៉ាងតិច​រហូតដល់​ទៅ ៥០% ឯណោះ នៃ​ទំហំសរុប​របស់​ភព។

ទោះជាយ៉ាងណា អ្នកវិទ្យាសាស្រ្ត​មិន​រំពឹង​ថា Kepler-138c និង Kepler-138d នេះ​មាន​ទឹកសមុទ្រ​នៅ​ផ្ទៃផ្នែក​ខាង​លើ ​ដូច​នៅលើ​ភពផែនដី​របស់​យើង​នោះទេ។ ដោយសារ​តែ​ភពទាំងពីរនេះ​ស្ថិត​នៅ​ក្រៅ​តំបន់​អំណោយ​ផលដល់​ជីវិត (Habitable Zone) គឺ​​នៅ​កៀក​ខ្លាំងពេក​ទៅនឹង​ផ្កាយ ដូច្នេះ វា​ត្រូវ​មាន​សីតុណ្ហភាព​ខ្ពស់​ដល់​កម្រិតមួយ ដែល​ធ្វើ​ឲ្យទឹក​ត្រូវ​ហួត ក្លាយ​ទៅ​ជា​ចំហាយទឹក​យ៉ាងក្រាសឃ្មឹក​នៅ​ស្រទាប់​ខាងលើ ហើយទាល់​តែ​ចុះ​ជ្រៅ​ទៅ​ស្រទាប់ខាងក្នុង ទៅដល់​កន្លែង​ដែល​មាន​សម្ពាធ​ខ្ពស់ ទើប​អាច​មាន​ទឹក​នៅ​ក្នុង​សភាព​រាវ​បាន។

ក្រៅពី​ការរកឃើញ​ថា ភព Kepler-138c និង Kepler-138d ជាភព​ដែលផ្សំឡើង​ដោយ​ទឹក ទិន្នន័យ​ពី​តេឡេស្កុបហឺបល និង​ស្ពីតស័រ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា នៅ​ក្នុង​ប្រព័ន្ធផ្កាយ Kepler-138 នេះ មាន​ភពទីបួន​មួយទៀត ដែល​គេ​ឲ្យឈ្មោះ​ថា Kepler-138e។

Kepler-138e ដែលមាន​ម៉ាស់​ត្រឹមប្រមាណ​ជា​ពាក់កណ្តាល​ផែនដី មាន​គន្លង​ស្ថិត​នៅ​ខាងក្រៅគេបង្អស់ ដោយ​ត្រូវ​ធ្វើ​ដំណើរ​មួយជុំ​ផ្កាយ​ក្នុងរយៈពេល ៣៨ថ្ងៃ ពោលគឺ យូរជាងគេ​បើធៀបនឹង​ភព៣ផ្សេងទៀត គឺ Kepler-138d ធ្វើ​ដំណើរមួយជុំផ្កាយ​ក្នុងរយៈពេល ២៣ថ្ងៃ, Kepler-138c ១៤ថ្ងៃ ហើយ​ Kepler-138b អាច​ធ្វើ​ដំណើរ​បាន​មួយជុំផ្កាយ ដោយ​ចំណាយពេល​ត្រឹមតែ​១០ថ្ងៃ​ប៉ុណ្ណោះ។

គិតមកត្រឹមពេលនេះ អ្នកវិទ្យាសាស្រ្ត​បាន​សន្និដ្ឋាន​ថា ភព Kepler-138e នេះ ​មានគន្លង​ស្ថិត​​​នៅ​ក្នុង​តំបន់​អំណោយផល​ដល់​ជីវិត ឬ Habitable Zone ក៏ប៉ុន្តែ ដោយសារ​តែ​ការ​សិក្សា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​បឋម​នៅឡើយ ដូច្នេះ គេ​នៅមិនទាន់​អាច​កំណត់​បាន​ច្បាស់លាស់នៅឡើយ​ទេ​ថា តើ​ Kepler-138e មាន​ស្រទាប់​បរិយាកាស ឬ​ក៏​មាន​ទឹក​នៅលើ​ផ្ទៃដី​ដែរ​ឬ​ក៏​យ៉ាងណា៕

Daftar masuk untuk mendengar episod eksplisit.

Kekal terkini dengan rancangan ini

Daftar masuk atau daftar untuk mengikuti rancangan, menyimpan episod dan mendapatkan kemas kini terkini.

Pilih negara atau rantau

Afrika, Timur Tengah dan India

Asia Pasifik

Eropah

Amerika Latin dan Caribbean

Amerika Syarikat dan Kanada