បទយកការណ៍

ទស្សនកិច្ច​តែ១០ថ្ងៃ ធ្វើឲ្យអង្គរក្លាយជា​ការងារអាទិភាពពេញមួយជីវិត​របស់​Louis Delaporte

ដំណើរទស្សនាតែ​១០ថ្ងៃ​នៅប្រាសាទអង្គរ​បាន​ផ្លាស់ប្តូរជីវិត​របស់អ្នករុករកជនជាតិបារាំង ល្វី ដឺឡាប៉ក។ បន្ទាប់ពីត្រលប់មកប្រទេស​បារាំង​នៅឆ្នាំ ១៨៦៨ នៅក្រោយ​បញ្ចប់​បេសកកម្ម​នៅទន្លេមេគង្គ លោក ល្វី ដឺឡាប៉ក​បានចិញ្ចឹមចិត្ត​ចង់ត្រលប់​ទៅស្រាវជ្រាវសាជាថ្មីនៅអាស៊ី ជាពិសេស​កម្ពុជាជាទីដែលប្រាសាទអង្គរវត្ត​បានទាក់ចិត្ត​លោកយ៉ាងខ្លាំង។ នៅក្នុង​បទយកការណ៍នៅថ្ងៃសុក្រទី​៣តុលា លោកស្រី វេរ៉ូនីក ឡួម អ្នកទទួលខុសត្រូវ​ផ្នែកបេតិកភណ្ឌ និងសារមន្ទីរ​របស់ទីក្រុង​ ឡូស្ហ Loches ពន្យល់​ពី​ចំណុចពិសេស​របស់អ្នករុករកបារាំង ក្នុងការនាំយក​សិល្បៈខ្មែរ​ទៅ​បង្ហាញ​លោកខាងលិច កាលពី​ជាង​១០០ឆ្នាំមុន។