នាទីសុខភាពនិងអនាម័យ

ផល​ប៉ះពាល់​នៃ​សង្គ្រាម​ទៅ​លើ​សុខភាព​ផ្លូវ​ចិត្ត

ក្នុងអំឡុង​​សង្គ្រាម​​នៅ​អាហ្វហ្កានីស្ថាន មាន​ករណី​​​ទាហាន​​អាមេរិកសម្លាប់​ខ្លួន​ ជា​មធ្យម​ម្នាក់​ក្នុង​មួយ​ថ្ងៃ​ នៅ​ឆ្នាំ​២០១២។ នៅ​អ៊ីស្រាអែល មាន​ទាហាន​ច្រើន​នាក់​ណាស់ ជួប​​​វិបត្តិ​ផ្លូវ​ចិត្ត និង​​យ៉ាង​ហោច​៤២​នាក់​បាន​ធ្វើ​អត្តឃាត គិត​ចាប់​តាំង​ពី​សង្គ្រាម​បាន​​ផ្ទុះ​ឡើង​នៅហ្កាហ្សា ដោយ​មានជំងឺ​បាក់ស្បាត។ តើ​អ្វី​ទៅ​ជាជំងឺ​បាក់ស្បាត?​

ក្នុង​មួយ​​ឆ្នាំៗ មាន​មនុស្ស​រាប់​លាន​នាក់បាន​ជួប​ស្ថានភាព​អាក្រក់​បន្ទាន់ ដូច​យ៉ាង​ជម្លោះ​ប្រដាប់​អាវុធ និង​មហន្តរាយ​ធម្មជាតិ។ វិបត្តិ​ទាំង​នេះ ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ជីវិត​គ្រួសារ ​ ដោយ​ធ្វើ​ឱ្យ​មាន​ការ​ព្រាត់​ប្រាស ដោយ​ធ្វើ​ឱ្យ​បាត់​បង់​ជីវិត​ បាត់​បង់​មធ្យោបាយ​និង​សេវា​ចាំបាច់​សម្រាប់​ជីវិត ព្រមទាំង​បង្ក​ផល​វិបាក​​ដល់​សុខភាព​ផ្លូវ​ចិត្ត​ដែល​មិន​គួរ​មើល​រំលងទេ។

អ្នក​ឆ្លង​កាត់​សង្គ្រាម​ ជម្លោះ​ប្រដាប់​អាវុធ ឬ​គ្រោះ​មហន្តរាយ​ធំៗ​ តែង​ដិតដាម​​ដោយ​អារម្មណ៍មិន​ល្អ ខ្វល់​ខ្វាយអោប​ទុក្ខ​កង្វល់ ហើយនឹង​រំសាយទៅ​វិញ​​បន្តិច​ម្តងៗ​ទៅ​តាម​ពេលវេលា និង​ភាព​ប្រសើរ​ឡើង​នៃ​ស្ថានការណ៍​។ តែ​​មួយភាគតូច​ បាន​ធ្លាក់​ខ្លួន​មាន​វិបត្តិ​សុខភាព​ផ្លូវ​ចិត្ត​តែ​ម្តង​​ ក្នុង​ទម្រង់​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​ ឬ​ជំងឺ​បាក់​ស្បាត Trouble de Stress post Traumatique(TSPT) ជា​ភាសាបារាំង ឬ​ជា​ភាសាអង់គ្លេស Post traumatic stress disorder (PTSD)។

បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាពពិភពលោក ក្នុង​ចំណោម​អ្នក​ឆ្លង​កាត់​សង្គ្រាម និង​ជម្លោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​១០​ឆ្នាំ​ចុងក្រោយ​នេះ ៥​នាក់ មាន​ម្នាក់​ធ្លាក់​ខ្លួន​មានជំងឺ​ថប់​បារម្ភ បាក់​ទឹក​ចិត្ត បាក់ស្បាត វិបត្តិបាយប៉ូឡា ឬ​ជំងឺវិកលចរិក។ អង្គការ​សុខភាព​ពិភពលោក​បាន​សម្គាល់​ឃើញ​ទៀត​ថា ​ ប្រជាពលរដ្ឋ​រស់​លើ​ផែន​ដីប្រមាណ​៧០%​​ តែង​បាន​​ជួបហេតុការណ៍​ដែល​នាំ​ឱ្យ​មាន​ភាព​តក់​ស្លុត​ យ៉ាង​ហោច​ណាស់​ក៏​ម្តង​ក្នុង​មួយ​ជីវិត​របស់​ខ្លួន។ ប៉ុន្តែការ​​ធ្លាក់ខ្លួន​ឈឺ​ កើត​ជា​រោគ​ចិត្ត រហូត​ក្លាយ​ជា​ជំងឺ​បាក់ស្បាត ជា​ករណី​ភាគ​តិច ក្នុង​ចំនួន​​ប្រមាណ​តែ​៥,៦%​ប៉ុណ្ណោះ។ ជា​សរុប​ ៣,៩%​នៃ​ប្រជាជន​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន មានបាក់​ស្បាត។ នេះ​បើ​តាម​របាយការណ៍​អង្គការ​សុខភាពពិភពលោក​ដដែល ដោយ​លម្អិត​ថា ការ​ធ្លាក់​ខ្លួន​មាន​វិបត្តិ​បាក់​ស្បាត អាស្រ័យ​ទៅ​លើ​ប្រភេទ​ព្រឹត្តិការណ៍ដែល​គេ​បាន​ឆ្លង​កាត់។ បើ​ជា​ជម្លោះ​ហិង្សា​ឬ​សង្គ្រាម នោះ​ប្រូបាប៊ីលីតេធ្លាក់​ខ្លួន​មាន​ជំងឺ​បាក់ស្បាត​ ​កើន​ឡើង​ខ្ពស់​ដល់​ទៅ​បី​ដង​ និង​ខ្ពស់​ខ្លាំង​មែនទែន ចំពោះ​ជន​រងគ្រោះ​អំពើ​ហិង្សារំលោភ​បំពាន​​ផ្លូវ​ភេទ។

ថ្វីបើ​ស្ត្រី​ងាយ​រងគ្រោះ​ធ្លាក់​​បាក់​ស្បាត​ជាង​បុរស។ ទាហានធ្លាប់​ប្រឡូក​ក្នុង​​សមរភូមិ​សង្គ្រាម​ ក៏ប្រឈម​ខ្លាំង​នឹង​គ្រោះ​​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ និង​ជំងឺ​បាក់ស្បាត​ដែរ នៅ​ពេល​ត្រលប់​មក​វិញ។ ជា​ឧទាហរណ៍​ជាក់ស្តែង នៅ​ប្រទេស​អ៊ីស្រាអែល បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​បារាំង តាំង​ពី​ផ្ទុះ​សង្គ្រាម​នៅ​ហ្កាហ្សា​មក មាន​ទាហាន​អ៊ីស្រាអែល​យ៉ាង​ហោច​៤២​នាក់ បាន​ធ្វើ​អត្តឃាត ដោយ​មាន​ជំងឺ​ផ្លូវ​ចិត្ត ស្លុត​ បាក់​ស្បាត។ ក្នុង​ពេល​កំពុង​ធ្វើ​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន មាន​ទាហាន​អាមេរិក​សម្លាប់​ខ្លួន​ស្ទើរ​ជារៀង​រាល់​ថ្ងៃ (ជា​មធ្យម​ម្នាក់​​ក្នុង​មួយ​ថ្ងៃ​)នៅ​ឆ្នាំ​២០១២ ។ ​ទាហានអាមេរិក​​មាន​បញ្ហា​ផ្លូវ​ចិត្ត ដែល​បាន​​បញ្ជូន​ត្រលប់​មក​ស្រុក​កំណើត​វិញ មាន​ចំនួន​ច្រើន​ជាង​ទាហាន​រង​របួសដល់​ទៅ​ពីរ​ដង​នៅ​គ្រា​នោះ។ ​អ្នក​ជំនាញ​សុខភាព​បាន​យល់​យ៉ាង​ច្បាស់​អំពី​ផល​ប៉ះពាល់​នៃ​​សង្គ្រាមទៅ​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​សាធារណជន​ ក៏​ដូច​ជាទាហាន។

​លោកសាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត Patrick Clervoy គ្រូពេទ្យ​ឯកទេស​ចិត្តវិទ្យា នៅ​មន្ទីរ​ពេទ្យ​យោធា ក្រុង​ទូឡុង​ប្រទេស​បារាំង​ ៖ “សង្គ្រាម​គឺ​ជា​អ្វី​ដែលធ្វើ​ឱ្យ​ឡើង​​ស្ត្រេស​ខ្លាំងបំផុត ហើយ​ជា​ការ​ប្រឈម​ដ៏​យូរនឹង​​​​ស្ត្រេស​ ដែល​ផ្លូវ​ចិត្ត​ឬ​​ខួរ​ក្បាល​របស់​យើង​ពិបាក​ទ្រាំណាស់។ ​​ខួរក្បាលមនុស្ស​​ម្នាក់ៗ​សុទ្ធ​តែ​មាន​កំរិតសមត្ថភាព​របស់​ខ្លួន ក្នុង​ការយល់ដឹង​ វិភាគ ​ពិចារណា​ និង​​បញ្ចេញ​ប្រតិកម្ម​ល្អ​ត្រឹម​ត្រូវ សមស្រប​ទៅ​តាម​កាល។ តែ​នៅ​ពេល​ឡើង​ស្ត្រេស​ដល់​កំរិតកំពូល​​ណា​មួយ ខួរក្បាល​លែង​មា