ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីក្រសួងយុត្តិធម៌បញ្ជាឲ្យប្តឹងឧទ្ធរណ៍លើករណីអតីតមន្ត្រីនគរបាលជាន់ខ្ពស់ លោក ហ៊ុន ហ

នៅ​ថ្ងៃ​ទី​១៦ ​ខែ​តុលា ​ឆ្នាំ​២០២៥ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ចេញ​អធិ​បញ្ជាឲ្យ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាល​ក្រម​កាត់​ទោស​ ​លោក ​ហ៊ុន​ ហេង​ អតីត​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ម្នាក់​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ដែល​បាន​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​បុក​មនុស្ស​ស្លាប់​ម្នាក់​ និង​បង្ក​ឲ្យ​របួស​ជាច្រើន​នាក់​ផ្សេង​ទៀត​។​ បទ​បញ្ជា​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​កើត​ឡើង​ ក្រោយ​ពី​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ថា​ ទោស​ទណ្ឌ​លើ ​លោក ហ៊ុន ហេង ​មាន​កម្រិត​ស្រាល​ បើ​ធៀប​នឹង​ទង្វើ​របស់​គាត់​។​ គួរ​ជ្រាប​ថា​ លោក ​ហ៊ុន ​ហេង ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ តែ​ត្រូវ​អនុវត្ត​ទោស​ជាប់​ពន្ធនា​គារ​តែ​ ១​ឆ្នាំ​ប៉ុណ្ណោះ​។​ ការណ៍​នេះ​បាន​ញ៉ាំង​ឲ្យ​មហាជន​ផ្ទុះ​ការ​រិះ​គន់​ថា ​មាន​ភាព​អយុត្តិធម៌​។​ អយុត្តិ​ធម៌​ដែល​អ្នក​រិះគន់​បាន​ប្រៀប​ធៀប​ជា​មួយ​ករណី​អ្នក​នយោ​បាយ​ប្រឆាំង​ និង​សកម្ម​ជនខ្លះ​ដែល​ទទួល​ទោស​ធ្ងន់​ធ្ងរ​ ដោយ​គ្រាន់​តែ​បញ្ចេញ​មតិ​៕