ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ប្រវត្តិលោក ចេន ហ្ស៊ី និងក្រុមហ៊ុន Prince Holding Group

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើលោក ចេន ហ្ស៊ី(Chen Zhi) ដែលជាពាណិជ្ជករកម្ពុជា ដើមកំណើតចិនក្រោមបទចោទប្រកាន់ធ្វើប្រតិបត្តិការបើកមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដែលរកចំណូលបានរាប់ពាន់លានដុល្លារ និងបង្កឲ្យមានជនរងគ្រោះយ៉ាងច្រើននៅជុំវិញពិភពលោក។ លោក ចេន ហ្ស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលបាន និងកំពុងធ្វើប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។

Prince Holding Group គឺជាក្រុមហ៊ុនធំជាងគេមួយរបស់កម្ពុជាដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ៣០ លើវិស័យអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងទំនិញប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១៥មក។ វិសាលភាពអាជីវកម្មរបស់ Prince Holding Group គ្របដណ្តប់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលមានទឹកប្រាក់វិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន ២ពាន់លានដុល្លារ រួមទាំងផ្សារទំនើប​ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ គឺព្រីនស៍ផ្លាហ្សា។ លោក ចេន ហ្ស៊ី ដែលបច្ចុប្បន្នមានអាយុ ៣៧ឆ្នាំ បានកើតនៅក្នុងប្រទេសចិន តែលោកបានបោះបង់សញ្ជាតិកំណើត និងទទួលបានសញ្ជាតិខ្មែរ អង់គ្លេស និងស៊ីព។

បុរសវ័យក្មេងរូបនេះ គឺជាមហាសេដ្ឋី តែមានការលើកឡើងមួយចំនួនថា ប្រភពដើមនៃទ្រព្យសម្បត្តិរបស់គាត់នៅមានភាពមិនច្បាស់លាស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

លោក ចេន ត្រូវបានគេដឹងថា គឺជាអ្នកជំនួញម្នាក់ដ៏លេចធ្លោដោយលោកទទួលបានគោរមងារឧកញ៉ាកាលពីខែ កម្ភៈ ឆ្នាំ២០១៦ និងតមកទទួលបានគោរមងារខ្ពស់មួយកាំទៀតគឺ «អ្នកឧកញ៉ា» នៅអំឡុងខែកក្កដា ឆ្នាំ២០២០។

ក្រៅពីទទួលបានគោរមងារជាអ្នកឧកញ៉ា លោក ចេន ហ្ស៊ី ក៏ត្រូវបានតែងតាំងជាទីប្រឹក្សារបស់មេដឹកនាំជាន់ខ្ពស់កម្ពុជាមួយចំនួនដែលមានឋានៈស្មើ«រដ្ឋមន្ត្រី» ដូចជាទីប្រឹក្សាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ហេង សំរិន និងលោក ស ខេង អំឡុងពេលដែលលោក ហេង សំរិន និងលោក ស ខេង នៅធ្វើជាប្រធានរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

តាមរយៈ AFP អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ លោក ហ្សាកុប ស៊ីម(Jacob Sims) បានឲ្យដឹងថា លោក ចេន គឺជាតួអង្គម្នាក់ដែលបង្កប់ខ្លួនយ៉ាងជ្រៅនៅក្នុងរដ្ឋអំណាចកម្ពុជា។ តាមអ្នកជំនាញរូបនេះ ឥទ្ធិពលរបស់លោក ចេន ហ្ស៊ី បានលាតសន្ធឹងលើគ្រប់កម្រិតនៃរដ្ឋាភិបាល ហើយព្រីនស៍ គ្រុប ដែលបានដំណើរការជាយូរយារណាស់មកហើយនោះបានដើរតួនាទីជាអង្គការឧបត្ថម្ភដ៏ចម្បងមួយសម្រាប់គណបក្សកាន់អំណាច។

ក៏ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នេះ ក៏បានដកស្រង់ការអះអាងរបស់ ព្រីនស៍ គ្រុប មកបញ្ជាក់ដែរថា សេចក្តីថ្លែងការណ៍ស្រដៀងគ្នាដែលធ្វើឡើងនៅក្នុងរបាយការណ៍មួយ ដោយលោក ស៊ីម និងដែលបានផ្សព្វផ្សាយនៅឆ្នាំ២០២៥ គឺជាការអះអាងដែលបង្ខូចកេរ្តិ៍ឈ្មោះ គ្មានភស្តុតាង និងការសម្រេចរបស់តុលាការ។

សូមបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប របស់លោក ចេន ហ្ស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗ ជាច្រើននៅកម្ពុជាដូចជាក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management និង ក្រុមហ៊ុន Awesome Global Investment Group។

នៅក្នុងប្រទេសកម្ពុជា មហាសេដ្ឋីវ័យ៣៧ឆ្នាំ ចេន ហ្ស៊ី រូបនេះ បានបរិច្ចាកថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈមេដឹកនាំកម្ពុជា ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិត ការបរិច្ចាកដល់កាកបាទក្រហម និងការផ្តល់ជំនួយទិញវ៉ាក់សាំងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ជាដើម។

ក៏ប៉ុន្តែនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុន Prince Group រួមទាំងបណ្តាញអង្គភាពទីផ្សារងងឹតសរុបចំនួន ១៤៦ផ្សេងទៀតដែលពាក់ព័ន្ធនឹងឧស្សាហកម្មឆបោក​អនឡាញ។

សហរដ្ឋអាមេរិក តាមរយៈតុលាការសហព័ន្ធទីក្រុង Brooklyn បានដាក់ពាក្យបណ្តឹងរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុន Prince Group របស់អ្នកឧកញ៉ាខ្មែរ ដើមកំណើតចិន ចេន ហ្ស៊ី ប្រមាណ ១៥ពាន់លានដុល្លារ។ ចំណែករដ្ឋាភិបាលអង់គ្លេសវិញបានដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែលរងការចោទថាជាមេបណ្តាញ​ឧក្រិដ្ឋកម្មអនឡាញមួយនេះប្រមាណ ១៧៦លានដុល្លារ។ ចំណាត់ការរបស់អាមេរិក និងអង់គ្លេសមកលើសេដ្ឋីខ្មែរដើមកំណើតចិនរូបនេះ ធ្វើឡើងដោយយោងទៅលើហេតុផលថា លោក ចេន ហ្ស៊ី បានប្រមូលប្រាក់ពីឧស្សាហកម្មឆបោកអនឡាញ យកទៅសូកប៉ាន់មន្ត្រ