នាទីសុខភាពនិងអនាម័យ

ម្សៅកូនក្មេង មានគុណសម្បត្តិ​និង​គុណវិបត្តិ​ចំពោះ​​សុខភាព​យ៉ាងណា?

ម្សៅ​កូនក្មេង ហុយៗ​ពណ៌ស ក្រអូប​ឈ្ងុយ​ ដែល​មាន​ប្រើ​ស្ទើរ​គ្រប់​ផ្ទះ សម្រាប់​លាប​លើ​ស្បែក​ទារក​បង្ការ​ភាព​រលាក ឬ​សម្រាប់​លើក​សម្ផស្ស​ការពារ​ស្បែក​ចំពោះមនុស្ស​ធំ ឬសម្រាប់​​លាប​ដៃរបស់​អ្នក​កីឡាលើក​អាល់ទែ ។ល។ និង​។ល។ ជា​អ្វី?  តើ​ម្សៅដែល​យើង​ទម្លាប់​ហៅ​ថា​ម្សៅ​​កូន​ក្មេង​នេះ​ មានអត្ថប្រយោជន៍ និង​គ្រោះ​ថ្នាក់​យ៉ាងណា​​សម្រាប់​សុខភាព?

លោក​អ្នក​ប្រហែល​នៅ​ចាំ​បាន ការ​ផ្សាយ​ពាណិជ្ជកម្ម​ម្សៅ​កូនក្មេង​ កាលពី​ប្រមាណ​១០​-២០​ឆ្នាំ​មុន។ ពេល​នោះ​ ម្សៅ​កូនក្មេង ពណ៌​ស ក្រអូប​ឈ្ងុយ​ សឹងអា​ច​ចាត់​ទុកថា​ជា​របស់​មិន​អាច​ខ្វះ​បាន នៅក្នុងគ្រប់​​ផ្ទះ មិនមែន​ត្រឹម​តែ​នៅ​​ផ្ទះ​ដែល​មានកូន​ទើប​នឹង​កើតទេ។ មនុស្ស​ចាស់ មនុស្សធំ ក៏ធ្លាប់​និងនៅ​បន្ត​​ប្រើ​ម្សៅ​នេះ​ច្រើនដែរ។ តើ​ម្សៅ​នេះ​ជា​អ្វី? ​

​ផ្សំឡើង​ដោយ​សមាសធាតុ​​​ស៊ីលីកាត ដឺ​ម៉ាញេស្យូម (​រ៉ែ​ក្នុង​ចង្កោមគ្រួសារ​ដីឥដ្ឋ) ម្សៅ​កូនក្មេង​ ឬម្សៅ​Talc បើ​ហៅ​តាម​​ភាសាបារាំង មានប្រើ​តាំងពីបុរណបុរាណកាលដ៏​យូរលង់​មកហើយ នៅទូទាំង​ពិភពលោក​ មិនថា​នៅប្រទេសបារាំង ​នៅ​ប្រទេស​ផ្សេង​ឬកម្ពុជា​ទេ។ ម្សៅ​Talc មាន​គុណសម្បត្តិ​ពិសេស ខាង​ស្រូប​ជាតិ​សើម និង​បំបាត់​ក្លិន បំបាត់សំណើម ប្រឆាំង​នឹង​ភាព​កកិត ព្រមទាំង​ជួយ​ស្បែក​ឱ្យមាន​ភាពទន់ល្មើយទៀត។ ​គេសង្កេត​ឃើញ​មានការប្រើប្រាស់​ម្សៅ​នេះ​ជា​ពិសេស ចំពោះ​ក្មេង​តូច ទើប​ខ្មែរ​ប្រើ​ពាក្យ​ថា​ម្សៅ​កូន​ក្មេង សម្រាប់​រោយ​លាប​នៅ​លើ​កំប៉េះគូថ​កូន​ងារ តាម​គន្លាក់​ដៃគន្លាក់​ជើង តាម​ផ្នត់​ស្បែក ក្រលៀន​ ក្រោម​ឃ្លៀក​របស់​ទារក ដើម្បី​កុំ​ឱ្យមាន​សំណើម និង​ភាព​ស្អិត​ និង​ដើម្បី​បញ្ចៀស​គ្រោះ​រលាក​តាម​ស្នាមភ្លីស្បែកទាំងអស់​នោះ។ ខ្លះ​ទៀត បានយកម្សៅកូនក្មេង​​នេះទៅ​ចាក់​​ក្នុង​ស្បែកជើង លាប​ជើង​ដើម្បី​បំបាត់​ក្លិន ឬដើម្បី​សម្អាត ​បំបាត់​ស្នាម ដោយ​ចាក់​ម្សៅ​លើ​ក្រណាត់ប្រលាក់​​សារធាតុ​​ខ្លាញ់។ល។ និង​។ល។

និយាយ​ជា​រួម ក្រៅ​អំពី​បម្រើ​នៅក្នុង​ផ្ទះ​ ជា​ប្រចាំ​ថ្ងៃ ម្សៅ​តាល់ ក៏​ជា​គ្រឿង​ផ្សំ​សម្រាប់​លើ​ក​សម្រស់ ជា​គ្រឿង​សំអាង បន្ទន់​ស្បែក ឱ្យ​ឡើង​រលោង ទន់​ល្អ ដូច​ស្បែកកូន​ក្មេង និង​សាប៊ូ​កក់​សក់​ស្ងួត ​សម្រាប់​ប្រឆាំង​នឹង​អាការៈ​ឡើង​ខ្លាញ់សេប៊ុម​នៅ​ក្បាល និង​សម្រាប់​បង្កើនទម្ងន់​សក់​ ដោយ​យក​ម្សៅ​នេះ​ទៅ​ដាក់​រោយ​លាប​តាម​ជើង​សក់​ រួច​ច្របាច់​ស្បែក​ក្បាល​ឱ្យ​សព្វ​ដោយ​ឱន​ក្បាល រួច​ងើប​រលាស់​ឡើង​វិញ​ជា​ការ​ស្រេច។​  វិស័យ​​ឧស្សាហកម្ម ក៏​មាន​ប្រើ​ម្សៅ​តាក់នេះច្រើន​ដែរ។

ប៉ុន្តែម្សៅ​កូនក្មេង​នេះក៏​មានគុណវិបត្តិ​ច្រើន​ដែរ និង​​ធ្លាប់ឆ្លងកាត់​រឿង​អាស្រូវ​ម្តង​ជា​ពីរ​ម្តង។ នៅ​ទសវត្សរ៍​ឆ្នាំ១៩៧០ ឆ្នាំ​ដែល​មានប្រើម្សៅ​កូនក្មេង​​ច្រើនខ្លាំង និង​យ៉ាង​ពេញ​និយម​បំផុតនៅ​លើ​ពិភពលោក​នោះ ក៏ជា​ឆ្នាំ​ដែលផ្ទុះ​រឿង​អាស្រូវ និយាយ​ជា​លើក​ទីមួយ អំពី​គ្រោះ​ថ្នាក់​​នៃ​ផលិតផល​​​ម្សៅ​តាល់ចំពោះ​សុខភាព។ កាលណោះ​ម្សៅ​តាល់​ជាប់​ចោទ​ ថាមានផ្ទុក​បាក់តេរី​កំណាចចម្លង​ទៅ​ទារក​ដែល​ប្រើ​​ម្សៅ​តាល់ ឱ្យ​មាន​ជំងឺក្បាល​ធំ និង​ស្លាប់​អស់​ជា​ច្រើននាក់។  នៅ​ឆ្នាំ​១៩៨២ ក្រុមហ៊ុន​ឱសថ​អាមេរិក Johnson & Johnson បាន​ទទួល​ស្គាល់​

ជា​លើក​ទីមួយ​ដែរ អំពី​គ្រោះ​ថ្នាក់​នៃ​ផលិតផលម្សៅ​តាល់ ចំពោះ​សុខភាព​ទារក​ ​នៅ​ពេល​ប្រើមិន​ត្រឹម​ត្រូវ​ តាម​តំបន់​រសើបៗ​ងាយ​រងគ្រោះ។ នៅពេល​នោះ ក្រុមហ៊ុន​និង​អាជ្ញាធរ​បាន​ពន្យល់​ថា ​គ្រោះ​ថ្នាក់​មិនមែនបង្ក​ឡើង​​ដោយ​សារធាតុ​រ៉ែតាល់ទេ គឺមកពីមានដី​នៅ​តំបន់​ជីក​យក​រ៉ែ​តាល់នោះ​ ​ជាតិ​ពុល​ផ្សេង​ទៀត ដូច​យ៉ាង​សារធាតុ អាមីញង់ ហើយ​ដោយ​​ជាប់​មក​​ជាមួយ ទើប​ម្សៅ​តាល់​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព។ ដូច្នេះគេ​នៅ​តែ​អាច​បន្ត​ប្រើ​​ម្សៅ​តាល់​បាន​ ប្រសិន​បើ​គេ​ដឹង​ប្រភព​ច្បាស់​លាស់​នៃ​រ៉ែ​តាល់ ដែល​បើ​សុទ្ធ​ល្អ​​ជា​តាល់១០០%  មិន​ជីក​ចេញ​ពី​​​ទីតាំង​ភូមិសាស្ត្រមាន​ជាតិ​ពុលផ្សេង​ទេ នឹងគ្មានគ្រោះថ្នាក់​ឡើយ។ ប៉ុន្តែតើ​ធ្វើ​ម្តេច​នឹងដឹង​ថាម្សៅ​កូនក្មេង​នោះ ធ្វើ​រ៉ែ​តាល់​សុទ្ធ​គ្មានប្រលាក់​ប្រលូសជាតិ​ពុលផ្សេង?! នេះហើយ​ជាបញ្ហា។

នៅ​ឆ្នាំ​២០២៤ រឿង​អាស្រូវ​តាល់​បាន​ផ្ទុះ​ឡើង​កាន់​តែ​ធំ ជា​ថ្មីម្តង​ទៀត។ ការសិក្សារបស់​ក្រុមអ្នកជំនាញ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺមហារីកអន្តរជាតិ ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សុខភាព​