នាទីសុខភាពនិងអនាម័យ

ស្រុត​ស្បូន​​ មិន​​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ​តែកុំ​ប្រហែស

មានអារម្មណ៍​ថាធ្ងន់​ស្រយ៉ុងនៅ​ផ្នែក​ខាងក្រោម​នៃពោះ ... នេះអាច​ជា​អាការៈ​ស្រុត​សរីរាង្គ​ណាមួយ​នៅអាង​ត្រគៀក។ សម្រាប់​ស្ត្រី សរីរាង្គ​ដែល​ងាយ​ស្រុត​និងលូន​ចេញ​មក​ក្រៅ​ជាង​គេ គឺ​ស្បូន​។ ហេតុ​អ្វី​សរីរាង្គ​ទាំងនេះ​ស្រុត​ ? តើ​មាន​មធ្យោបាយ​ទប់​ស្កាត់​ និង​ព្យាបាល​យ៉ាងណា?

ស្រុត​សរីរាង្គ ជា​អាការៈ​ចុះខ្សោយខុស​ប្រក្រតី​​នៃសរីរាង្គ​ណាមួយ​នៅ​តំបន់​អាង​ត្រគៀក​ ដូច​ជា​ប្លោកនោម ស្បូន ឬពោះវៀនទ័ល (ថង់​លាមក) ដែល​​តម្រៀ​ប​ត​គ្នា​ជា​ថ្នាក់ៗនាំ​ឆ្ពោះ​ទៅទ្វារ​តូច (រន្ធនោម) រន្ធ​ភេទ​សម្រាប់​រួម​រក្ស​និង​បង្កើត​កូន និង​រន្ធ​លាមក (ទ្វារធំ)​។ មាន​ទម្ងន់​គួរ​សម តាមធម្មតា សរីរាង្គនៅក្នុង​​អាង​ត្រគៀក អាចឈរ​ជាប់​ដោយ​មានសរសៃ​​​សាច់​ដុំ​និង​​សរសៃពួរ​ខាង​ក្នុង នៅ​បាត​​អាង​ត្រគៀក​ ចង​ប្រទាក់​គ្នា​ជាទម្រ​​​​។

ប៉ុន្តែ​នៅពេល​ សរសៃ​ចង និង​ប្រព័ន្ធ​សាច់​ដុំ​ក្នុង​អាង​ត្រគៀកនោះ​ យារ រលា​ ឬ​ចុះ​ខ្សោយ សរីរាង្គ​ទាំងនោះ​ មិន​អាច​នៅ​​ជាប់​ត្រង់​កន្លែង​ដើម​​ដ៏​ត្រឹមត្រូវ​ទេ ដោយបាតុភូត​នៃ​ទំនាញ​ផែនដី វាត្រូវ​តែ​​ធ្លាក់​​ចុះ​មក​ក្រោម។ ដូច្នេះ​ហើយ​ទើប​គេ​ប្រើ​ពាក្យ​ថា ស្រុតសរីរាង្គ ឬ prolapsus ជា​ភាសាបារាំង។ ស្បូន ​ប្លោកនោម ​ពោះ​វៀន​ទ័ល ជា​សរីរាង្គងាយ​ស្រុត​ជាង​គេ។ ផ្នែក​វេជ្ជសាស្ត្រ បែង​ចែង​​ការស្រុត​សរីរាង្គជា​បួន​ដំណាក់កាល។ ទីមួយ​ ជា​ការ​ស្រុត​ចុះ​​ខុស​កន្លែង​ដើម តែ​នៅ​ក្នុងអាង​ត្រគៀក​ដដែល​ និង​ទីបួន ជា​​ករណី​ធ្ងន់ធ្ងរខ្លាំង​ សរីរាង្គ​ដូច​យ៉ាង​ ស្បូន ​អាចស្រុត​​ធ្លាក់​ខ្លាំង រហូត​រុល​​ចេញ​មក​ផ្នែក​ខាង​ក្រៅ​តែម្តង​ផង ដែល​បណ្តាជន​ខ្មែរ​មានទម្លាប់​​ហៅ​ថា​ស្បូន​លូន។

តាមការ​ពិត បុរស​ក៏​អាច​ជួប​ករណី​ស្រុត​សរីរាង្គ​នេះ​ដែរ តែការ​លូន​លៀន​​ចេញមក​ក្រៅ​​តាម​រន្ធគូថ និងជា​ករណី​កម្រ​ខ្លាំងណាស់។ ស្ត្រី​ទើប​​ជា​ជន​ងាយ​រងគ្រោះ​ខ្លាំង​ជាងគេ ​ ជា​ពិសេស​ស្ត្រី​ចាប់​ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ ព្រោះ​តែច្រក​​​ទ្វារមាស​​របស់​ស្ត្រី​ជា​​តំបន់​ខ្សោយ ងាយ​រង​គ្រោះ​។​ បើ​តាមការ​ចុះ​ផ្សាយ​ក្នុង​ទំព័រអ៊ីនធ័រនែតរបស់​​​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ស្ត្រី​ខ្មែរ​ប្រមាណ​៣០% ជួប​បញ្ហា​ស្រុត​ស្បូន នៅ​ពេល​ចូល​វ័យ​ចំណាស់​និង​អស់​រដូវ។ អត្រាស្ត្រី​មាន​វិបត្តិ​ស្រុត​ស្បូន បាន​ឡើងដល់​៤៩,៧%​ នៅ​​អាយុចាប់​ពី​៨០​ឆ្នាំ​ឡើង​ទៅ ​ និង​ប្រមាណ​ដល់​ទៅ​ ៩,៧%​ដែរ​ ចំពោះ​ស្ត្រី​វ័យ​ក្មេង​ចន្លោះ​ពី​២០ទៅ​៣០​ឆ្នាំ​។ នេះ​បើ​តាមតួលេខ​របស់​​មន្ទីរពេទ្យកាល់ម៉ែត្រ​ដដែល។

ហេតុអ្វី​ស្បូន​ស្រុត?

សរសៃ​និង​សាច់​ដុំ​នៃ​តំបន់​អាង​ត្រគៀកដែល​មានភារៈ​ទ្រទ្រង់​សរីរាង្គ​​ក្នុង​អា​ង​ត្រគៀក ដូច​យ៉ាង​ស្បូន​​ជា​ដើម​នេះ អាច​នឹង​យារ ឬ​រលា​ ហើយ​ចុះ​ខ្សោយ ដោយ​ហេតុ បាន​ជួប​បាតុភូត ប្រឹង​​ប្រើ​កម្លាំងខ្លាំង​​ ​ដោយ​បញ្ហា​អរម៉ូន ឬ​ដោយ​ការលើក​ដាក់រុញ​របស់​ធ្ងន់ ដែលមាន​​សម្ពាធ​ខ្លាំងសង្កត់​​លើ​ផ្នែក​ខាង​ក្រោមនៃ​​ពោះ លើ​ប្រព័ន្ធ​អាង​ត្រគៀក ​ញឹកញាប់ពេក។

ក្នុង​ន័យ​នេះ  ការ​ពរពោះ មាន​កូន​ច្រើន ហើយ​​ប្រសូតបុត្រ​​តាម​ផ្លូវ​ធម្មជាតិ (តាម​ទ្វារមាស) ច្រើន​ដង​ ជា​មូលហេតុ​ចម្បង​ទីមួយនៃការ​ស្រុត​សរីរាង្គ។ នៅ​ពេល​ឆ្លង​ទន្លេ (សម្រាលកូន) ស្ត្រី​ជា​ម្តាយ​ត្រូវ​ប្រឹង​ខ្លាំង​ណាស់ ដែល​ជា​ហេតុ​ធ្វើ​សរសៃ​សរសូង ក្នុង​តំបន់​អាង​ត្រគៀក ជា​អ្នក​ទ្រ​ទ្រង់​សរីរាង្គ​ស្បូន ប្លោកនោម​... ត្រូវ​​គ្រាំ ឬ​របួស​ស្នាម​តិច​តួច ដោយ​កម្លាំង​ប្រឹង​​បង្កើត​កូន។ ករណី​ខ្លះ ទារកក្នុង​ផ្ទៃ​ធំ​ពេក ការប្រសូត​ត្រូវ​ជួប​ការ​លំបាក​ខ្លាំង និង​ត្រូវ​មាន​ជំនួយ​ពី​ផ្នែក​វេជ្ជសាស្ត្រ​ ដូច​ជា​ការ​បូម ការ​គាប​ទាញទារក ក៏​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​អាង​ត្រគៀក​របស់​ស្ត្រី​ដែរ។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅស្រុក​បារាំង គ្រូពេទ្យ​តែង​ណែនាំ​ឱ្យ​ស្ត្រី​ធ្វើ​លំហាត់​ពង្រឹង​សាច់ដុំ​និង​ប្រព័ន្ធ​អាង​ត្រគៀក​ឡើង​វិញ នៅ​ក្រោយ​ពេល​ឆ្លង​​ទន្លេ​រួច ដើម្បី​បញ្ចៀស​​ផលវិបាកនៃ​ការ​ស្រុត​សរីរាង្គ​ស្រុត​ស្បូន​ នៅ​ជា​ច្រើន​ឆ្នាំ​ក្រោយ​។

ក្រៅ​អំពី​មូលហេតុ​ឆ្លង​ទន្លេ ក្អក​រ៉ាំរ៉ៃ ធាត់​ជ្រុល​ចុក​ខ្លាញ់​ក្នុង​ពោះ​ ឧស្សាហ៍ទល់​លាមក ធ្លាប់​ឆ្លងកាត់​ការ​វះកាត់​ធំតូច​ណាមួយ​ត្រង់​តំបន់​អាង​ត្រគៀក ក៏​ជា​​កត្តា​​​ដែល​អាច​សម្រួល​ឱ្យ​​មាន​បញ្ហា​ស្រុត​សរីរាង្គដែរ។

ថ្វី​បើ​ជំងឺ​ស្រុត​ មាន​ពាក់​ព័