ឆុងបរិភោគបានភ្លាម មិនថ្លៃ ហើយឆ្ងាញ់ ប៉ុន្តែមីកញ្ចប់មានឈ្មោះមិនសូវល្អទេ។ តើមីកញ្ចប់នេះមានផ្ទុកសារធាតុអ្វីខ្លះ ? តើគេអាចបរិភោគមីកញ្ចប់នេះដោយគ្មានបារម្ភ គិតដល់ហានិភ័យសម្រាប់សុខភាពដែរឬទេ?
មិនថាជាផលិតផលរបស់ចិន វៀតណាម ជប៉ុន កូរ៉េ ឬថៃទេ មីកញ្ចប់អាចជាអាហារសម្រន់ អាហារថ្ងៃត្រង់ ឬល្ងាច យ៉ាងស្រួលសម្រាប់អ្នកមានការងាររវល់ច្រើន ឬសម្រាប់អ្នកខ្សត់លុយកាក់។ ថែមតែទឹកក្តៅដាំពុះហើយរង់ចាំពីរបីនាទីជាការស្រេច !
ប៉ុន្តែក្នុងសម័យដែលគេចាប់ផ្តើមយល់ និងគិតគូរដល់គុណភាពអាហារ ដើម្បីផ្តល់លំនឹងល្អដល់សុខភាព ដោយផ្តល់តម្លៃដល់អាហារបែបធម្មជាតិ ឬអាហារសរីរាង្គ១០០% មីកញ្ចប់ដែលមានលក់ពេញពិភពលោក ក្នុងទម្រង់និងរសជាតិផ្សេងៗច្រើនយ៉ាងនោះ កំពុងក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់ក្រុមអ្នកការពារគុណភាពនិងសុវត្ថិភាពចំណីអាហារ យ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង។ តាមទស្សនៈនេះ មីកញ្ចប់ត្រូវបានគេចាត់ទុកជាអាហារដ៏គ្រោះថ្នាក់ ដោយសារមូលហេតុច្រើនយ៉ាង។
នៅលើកញ្ចប់ បើតាមរូប និងការរាយឈ្មោះបញ្ជីគ្រឿងផ្សំ គេសង្កេតឃើញថា មីមួយកញ្ចប់អាចបរិភោគជាអាហារបានមួយពេលប្រកបដោយលំនឹង ព្រោះមានផ្ទុកជាតិក្លុយស៊ីត ដែលផ្តល់ដោយសរសៃមី និងប្រូតេអ៊ីន ផ្តល់ដោយសាច់ ដូចជាមីសាច់ជ្រូក សាច់មាន់ ឬសាច់គោ។ ប៉ុន្តែបើគេវិភាគឱ្យបានល្អិតល្អន់ និងមើលតារាងអាហារូបត្ថម្ភលើកញ្ចប់មីវិញ គឺខុសគ្នាស្រលះ។ ជាឧទាហរណ៍ មីឆុងមួយកំប៉ុង រសជាតិសាច់គោ ម៉ាក Teppanyaki របស់ជប៉ុន មានផ្ទុកជាតិក្លុយស៊ីតតែ ១០ក្រាម ប្រូតេអ៊ីន ១,៩ក្រាម សម្រាប់សាច់មីក្រៀម១០០ក្រាម។ នៅពេលចាក់ទឹកក្តៅចូលទៅ មីរីកឆ្អិន អាចទទួលទានបាន ជាតិក្លុយស៊ីតបានឡើងដល់៣៦ក្រាម និង៧ក្រាមប្រូតេអ៊ីន តែប៉ុណ្ណោះ។ ជាការប្រៀបធៀប ញ៉ាំមីឆុងមួយកញ្ចប់ គឺស្មើនឹងបរិភោគនំប៉័ងមួយដុំ៨០ក្រាម ហើយស្ទើរគ្មានជាតិប្រូតេអ៊ីនសម្រាប់ចិញ្ចឹមសរីរាង្គកាយសោះ។ ចំណែកបន្លែវិញ កញ្ចប់មីខ្លះគ្មានជាតិបន្លែសោះ មីម៉ាកខ្លះមានដាក់បន្លែការ៉ុតមួយភាគរយ ឬស្លឹកខ្លឹម០,៤% ដែលបើគិតជាក្រាម គឺ ការ៉ុត៣,៦ក្រាម ស្លឹកខ្ទឹម១,៤ក្រាម។ កាន់តែអាក្រក់ខ្លាំងទៅទៀត បន្លែដ៏តិចតួចបំផុតនេះ មានទម្រង់ជាបន្លែសម្ងួតដែលបាត់បង់ស្ទើរអស់វីតាមីន និងអាហារូបត្ថម្ភ។
ដូច្នេះមីកញ្ចប់មិនមែនជាអាហារប្រកបដោយលំនឹង អាចជំនួសបាយម្ហូបមួយពេលបានទេ។ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបារាំង បានហៅមីឆុងថាជាអាហារដែលផ្តល់កាឡូរីប្រហោង បរិភោគចូលទៅឆ្អែតពេញពោះតែគ្មានផ្តល់ជីវជាតិ គ្មានវីតាមីន អាហារចិញ្ចឹមទេ។ ងាយស្រួលធ្វើមែន តែមីឆុងជាផលិតផលអាហារដែលគួរជ្រើសរើសទទួលទាន ដោយប្រុងប្រយ័ត្នបំផុត ព្រោះគ្មានគុណភាពផ្នែកអាហារូបត្ថម្ភហើយ មានបង្កប់គុណវិបត្តិជាច្រើនផ្សេងទៀតណាស់។
គ្រឿងផ្សំជាសារធាតុគីមីគ្រោះថ្នាក់
គ្មានវីតាមីន គ្មានជីវជាតិផ្នែកអាហារូបត្ថម្ភទេ ប៉ុន្តែតើលោកអ្នកមានចាប់អារម្មណ៍ទេ ថាហេតុអ្វីបានជាមីកញ្ចប់មានរសជាតិឆ្ងាញ់ ឆ្ងាញ់ជាប់មាត់យ៉ាងចម្លែក បានញ៉ាំម្តងហើយហាក់ចង់ញ៉ាំទៀត សឹងដូចញៀន?! នេះគឺបណ្តាលមកពីមីកញ្ចប់ភាគច្រើន មានផ្ទុកសារធាតុគីមីសិប្បនិម្មិតសម្រាប់លើកក្លិននិងដំឡើងរសជាតិ ឱ្យកាន់តែឆ្ងាញ់ខ្លាំង ដោយទៅភ្ញោចប្រព័ន្ធប្រសាទអារម្មណ៍ឱ្យចង់តែបរិភោគ។ ដើម្បីឱ្យមីកញ្ចប់ មានរសជាតិដូចអាហារជប៉ុនពិតៗ អ្នកផលិតបានដាក់បន្ថែមនូវ រសជាតិ ក្លិនសិប្បនិម្មិត។ ហើយម៉ាកខ្លះ ខំអួតអាងថាគ្មានប្រើសារធាតុគីមី Monosodium de glutamate ប៊ីចេងទេ តែបែរជាប្រើសារធាតុគីមីលើករសជាតិម្យ៉ាងទៀត មិនសូវល្បីឈ្មោះ 5’-ribonucléotide disodique ដែលខ្លាំងជាងប៊ីចេងធម្មតា (Glutamate)ដល់ទៅ៤ទៅ១០ដង។ បើតាមវេបសាយលក់ផលិតផលគីមី សារធាតុផ្សំបន្ថែមដាក់ក្នុងមីកញ្ចប់ 5’-ribonucléotide disodique ត្រូវបានគេចាត់ទុកជារសជាតិទី៥ គឺរសជាតិ Umami។ រសជាតិដើមដែលមនុស្សលោកស្គាល់កន្លងមកគឺ ប្រៃ ផ្អែម ជូរ និងចត់ឬល្វីង។
資訊
- 節目
- 頻道
- 頻率每週更新
- 發佈時間2025年4月23日 上午11:02 [UTC]
- 長度10 分鐘
- 年齡分級兒少適宜