ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កាលបរិច្ឆេទសំខាន់ៗនៃជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន​ គិតចាប់ពីផែនការពុះចែកទឹកដី​ឆ្នាំ​១៩

ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជាជម្លោះដ៏រ៉ាំរ៉ៃអូសបន្លាយ​សឹងមួយ​សតវត្សរ៍​មកហើយ​។ នៅក្នុង​រយៈពេលមួយ​​នៃប្រវត្តិសាស្ត្រ​ គិតចាប់ពី​ការប្រកាសផែនការពុះចែកដែន​ដីប៉ាឡេស្ទីន​ជា​២នៅ​​​ឆ្នាំ​១៩៤៧ អ៊ីស្រាអែលនិងប៉ាឡេស្ទីនបាន​ខិតចូលចាប់ដៃគ្នាឈានទៅដោះស្រាយ​បញ្ហា តែពេលខ្លះ ក៏ឃ្លាតឆ្ងាយពីគ្នាវិញ ព្រោះតែ​​​ប្រការផ្សេងៗ ដែលមក​រារាំង មិន​ឲ្យ​ប្រជាជាតិទាំង២កសាងសន្តិភាពនឹងគ្នាបាន។ ហេតុការណ៍​វាយប្រហារ​​យ៉ាងសាហាវព្រៃផ្សៃរបស់ក្រុមហាម៉ាស​ប៉ាឡេស្ទីន កាលពីថ្ងៃទី​៧តុលាឆ្នាំ​២០២៣ នៅក្នុងទឹកដីអ៊ីស្រាអែល គឺជាចំណុចចាប់ផ្តើមនៃទំព័រប្រវត្តិសាស្ត្រដ៏សែនខ្លោចផ្សារបំផុត​ សម្រាប់ប្រជាជនប៉ាឡេស្ទីន​ ហើយដែលបានធ្វើ​ឲ្យក្តីសង្ឃឹម​នៃសន្តិភាព កាន់តែរសាត់ឆ្ងាយ​។

ឆ្នាំ​១៩៤៧៖ បែង​ចែកទឹកដី​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល

ថ្ងៃទី​២៩​ វិច្ឆិកា​​ ១៩៤៧ អង្គមហាសន្និបាតនៃអង្គការសហប្រជាជាតិ បាន​បោះឆ្នោត​អនុម័តសេចក្តីសម្រេចចិត្តលេខ ១៨១ ដែល​ចែងកំណត់ពុះចែកដែនដី​ប៉ាឡេស្ទីនជារដ្ឋចំនួន​២។ មួយជារដ្ឋអារ៉ាប់ មានផ្ទៃដីប្រមាណ​៤៥% និង​មួយ​ទៀតជារដ្ឋ​ជ្វីហ្វ មានផ្ទៃដី​ប្រមាណ​៥៥%។ ចំណែកទីក្រុងហ្សេរុយសាឡិម ត្រូវដាក់ឲ្យស្ថិតនៅ​ក្រោម​ការគ្រប់គ្រងអន្តរជាតិ​។

គួររំលឹកថា ការពិតទៅគំនិត​ចង់បង្កើត​រដ្ឋជ្វីហ្វ នៅលើដែនដី​ដែលធ្លាប់ជាស្រុកកំណើតរបស់ប្រជាជនជ្វីហ្វតាំងពីច្រើនពាន់ឆ្នាំមកហើយនោះ បាន​ផុសផុលឡើងជាយូរមកហើយ​។ គឺនៅឆ្នាំ​១៨៩៥ លោក Theodor Herzl បិតានៃចលនា​Sionisme បានសរសេរសៀវភៅមួយ មានចំណងជើងថា “រដ្ឋជ្វីហ្វ” ដែលក្នុងសៀវភៅនោះ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជនជ្វីហ្វទូទាំងពិភពលោក ​ត្រឡប់ទៅរស់នៅ​ប៉ាឡេស្ទីន​។ បន្ទាប់មកទៀត នៅឆ្នាំ​១៩១៧ ក៏មានសេចក្តីប្រកាស​Balfour ដែលបានបើកផ្លូវ ​ឲ្យ​មាន​ការចាប់ផ្តើមតាំងទីលំនៅរបស់ជនជាតិជ្វីហនៅប៉ាឡេស្ទីន​។ ចាប់តាំងពីឆ្នាំ​១៩២០ ពោលគឺក្រោយ​ការដួលរំលំ​ទៅនៃ​អាណាចក្រអូតូម៉ង់ អង្គការសង្គមប្រជាជាតិ បានចាត់តាំង​ឲ្យអង់គ្លេសមានតួនាទី គ្រប់ដែនដីប៉ាឡេស្ទីន។ ផែនការពុះចែកដែនដី​ប៉ាឡេស្ទីនជារដ្ឋ២ ម្ខាងជ្វីហ្វ ម្ខាងអារ៉ាប់ នៅឆ្នាំ​១៩៤៧ ត្រូវបានបណ្តាប្រទេសអារ៉ាប់នៅតំបន់ដើមបូព៌ាសឹងតែទាំងអស់ បដិសេធមិនទទួលយក​។​ ការបដិសេធដែលបាន​​ចិញ្ចឹមបញ្ហាជម្លោះនេះ ឲ្យ​នៅរ៉ាំ​រ៉ៃរៀង​​រហូតមក​។

ឆ្នាំ​១៩៤៨៖ ការប្រកាសឯករាជ្យ​នៃរដ្ឋអ៊ីស្រាអែល​

ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងអ៊ីស្រាអែល បានចាប់ផ្តើមផ្ទុះឡើង​ ចាប់តាំងពី​ការប្រកាស​ផែនការ​ពុះចែកទឹកដី​ជា​២​នៅឆ្នាំ​១៩៤៧​។​ ស្របពេលដែលក្រុមប្រទេសប្រទេសអារ៉ាប់ មិនព្រមទទួលយកផែនការនេះ​ ហើយ​មិនព្រមប្រកាសរដ្ឋប៉ាឡេស្ទីន អ៊ីស្រាអែលឯនោះ បានសម្រេចប្រកាស​ឯករាជ្យ នៅថ្ងៃទី​​១៤​ឧសភា​​ឆ្នាំ​១៩៤៨។ គឺលោក​ David Ben Gourion នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ដំបូងគេបង្អស់​ ដែលបានប្រកាសឯករាជ្យ​នៅ​ទីក្រុងទែលអាវីវ។​

សង្គ្រាមរវាងអ៊ីស្រាអែល និង​ក្រុមប្រទេស​អារ៉ាប់ ​បាន​ផ្ទុះឡើងក្រោយ​ការប្រកាសឯករាជ្យ​នេះ​។ ជំនាន់នោះ ត្រូវគេហៅថាជាជំនាន់ Nakba ជាភាសាអារ៉ាប់ ដែល​ប្រែមកថា “គ្រោះមហន្តរាយ” ឬបរាជ័យដ៏ឈឺចាប់ របស់ប្រជាជនអារ៉ាប់​​។ យ៉ាងហោចណាស់ មានប្រជាជនប៉ាឡេស្ទីនប្រមាណ ៨សែននាក់ក្នុងចំណោម​៩សែននាក់​ ដែលត្រូវបាន​គេបណ្តេញចេញពីផ្ទះសម្បែង ព្រោះថា​ចាប់ពីនេះទៅ ផ្ទះរបស់ពួកគេស្ថិតនៅក្នុង​ទឹកដីរបស់អ៊ីស្រាអែល។ ភូមិអារ៉ាប់​ប្រមាណ​៤០០ទីតាំងត្រូវបានឈូសរំលើងចោល​។

ជនភៀសខ្លួន​ប៉ាឡេស្ទីន​ច្រើនម៉ឺននាក់ បានធ្វើដំណើរទៅតាំងទីលំនៅ​ នៅតំបន់ហ្កាហ្សា នៅតំបន់ស៊ីហ្សកដានី និងខ្លះទៀតបានភៀសខ្លួនទៅប្រទេសក្បែរខាង។ នៅក្នុង​សង្គ្រាមទី១នេះ អ៊ីស្រាអែលប្រទេសថ្មីទើបតែប្រកាសឯករាជ្យ បាន​យក​​​ជ័យជំនះ​ លើក្រុមកងទ័ព​ប្រទេសអារ៉ាប់រួមគ្នា ដែលមាន​អេហ្ស៊ីប ស៊ីរី លីបង់ និង​អ៊ីរ៉ាក់ជាដើម​។ ជ័យជំនះ​នេះ បានធ្វើ​ឲ្យអ៊ីស្រាអែល​ ឈានទៅ​ដណ្តើមបានដែនដី​មួយចំនួនធំ​។ ចាប់ពីពេលនេះហើយ ដែលជាការចាប់ផ្តើមនៃការតស៊ូ​​របស់ប្រជាជនប៉ាឡេស្ទីនដើម្បីដណ្តើមទឹកដី​មកវិញ​។

ឆ្នាំ​១៩៦៧៖ សង្គ្រាម៦ថ្ងៃ​

អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអេហ្ស៊ីប នៅថ្ងៃទី​៥​មិថុនា​១៩៦៧។ រយៈពេលតែ​៦ថ្ងៃ អ៊ីស្រាអែល​បានដណ្តើមបាន​ដែនដីជាច្រើន ក្នុងនោះមាននៅ​​​តំបន់ហ្កាហ្សា ស៊ីហ្សកដានី តំបន់ខ្ពង់រាបហ្គោឡាន ហ្សេរុយសាឡិមខាងកើត ព្រមទាំង​តំបន់ស៊ីណៃ​​ស