ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌ ​មកធ្វើការ​​ពន្យល់​ បំភ្លឺ ​និង​វិភាគ ជូន​លោក​អ្នក​ស្តាប់។ ​ជា​ការពន្យល់​​បកសា្រយ​ហេតុផល​នៃ​ព្រឹត្តិការណ៍ តាម​លក្ខណៈ​សត្យានុម័ត​និង​អព្យាក្រឹត។

  1. 2D AGO

    ឯកភាពជាតិពិតជាកត្តាចាំបាច់ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ?

    អំឡុងពេលនៃការផ្ទុះសង្គ្រាមតាមព្រំដែនជាមួយថៃលើកទី២ ដែលចាប់ផ្តើម កាលពីថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា បាននិងកំពុងផ្តោតទៅលើសកម្មភាពរួម នោះគឺការគាំទ្រដល់យុទ្ធជនសមរភូមិមុខ។ ជាការកត់សម្គាល់ទាំងអ្នកនយោបាយនៅក្នុងជួររដ្ឋាភិបាល និងអ្នកនយោបាយនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល បានបង្ហាញសាររំលែកទុក្ខដល់គ្រួសារយុទ្ធជនពលី ចូលរួមថវិកា និងធ្វើសកម្មភាពដោយផ្ទាល់ផ្តល់ជំនួយដល់យុទ្ធជននៅសមរភូមិ និងជនភៀសសឹកកម្ពុជា។ ចាប់តាំងពីមានការវាយប្រហារសាជាថ្មីពីសំណាក់កងទ័ពថៃ មកលើកងទ័ពកម្ពុជាជាច្រើនចំណុចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការប្រយុទ្ធតបតវិញរបស់កម្ពុជា គេសង្កេតឃើញពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានបានបង្ហាញការគាំទ្រយ៉ាងសកម្ម តាមរយៈការបរិច្ចាគថវិកា សម្ភារៈ និងម្ហូបអាហារដល់កងទ័ពនៅសមរភូមិមុខ និងជនភៀសសឹក។ អ្វីដែលជាកាកត់សម្គាល់នោះគឺ អ្នកនយោបាយមកពីបក្សប្រឆាំង ឬគណបក្សក្រៅរដ្ឋាភិបាល ក៏បានបង្ហាញសកម្មភាពរបស់ខ្លួន តាមរយៈការគាំទ្រជាទឹកចិត្ត ការចូលរួមជាថវិកាទៅតាមលទ្ធភាព ដែលជាផ្នែកមួយជួយទ្រទ្រង់ដល់យុទ្ធជនសមរភូមិមុខ និងជនភៀសសឹក។ កាយវិកានេះ ឆ្លុះបញ្ចាំងឲ្យឃើញថា នៅពេលប្រទេសមានសង្គ្រាមជាមួយបរទេស អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗគ្នាក៏មែនពិត តែពួកគេមានបុព្វហេតុជាតិ និងសត្រូវរួមគ្នា។ យ៉ាងណាក៏ដោយ ក៏មិនទាំងអស់ទេ ព្រោះថា នៅមានអ្នកនយោបាយខ្មែរខ្លះ ដែលនៅតែបន្តប្រើសេរីភាពបញ្ចេញមតិ ក្នុងរូបភាពជាទស្សនៈវាយប្រហារ ឌឺដង ផ្ចាញ់ផ្ចាល ខណៈដែលអ្នកនយោបាយនៃបក្សកាន់អំណាចកំពុងជាប់ដៃ ទប់ទល់នឹងការវាយប្រហាររបស់ថៃ។ ជាគោលការណ៍ ការប្រើសេរីភាព ក្នុងការរិះគន់នៅក្នុងសង្គមប្រជាធិបតេយ្យ មិនមែនជារឿងខុសទាស់នោះទេ។ ក៏ប៉ុន្តែ ការខ្វែងគំនិតគ្នាស្រួចស្រាល់ និងការប្រឆាំងគ្នាផ្កាប់មុខ នៅក្នុងកាលៈទេសៈខ្លះ ដូចជាអំឡុងពេលកំពុងមានសង្គ្រាមតាមព្រំដែនជាមួយថៃជាដើម ចង់មិនចង់ វានឹងធ្វើឲ្យប៉ះពាល់ដល់ឯកភាពជាតិ និងជាការរុញឲ្យខ្មែរ និងខ្មែរកាន់តែបែកបាក់ និងមិនអាចមានឱកាសផ្សះផ្សារគ្នាបាន។ ប្រវត្តិសាស្ត្រ បានបង្រៀនប្រទេសកម្ពុជាជាច្រើនជំនាន់មកហើយថា ការបាត់បង់ឯកភាពជាតិធ្វើឲ្យប្រទេសនេះ ចុះខ្សោយ ទឹកដីកាន់តែរួមតូច ប្រជាជនកាន់តែក្រីក្រ សត្រូវកាន់តែមើលងាយ និងប្រទេសងាយធ្លាក់ទៅក្នុងភយន្តរាយ។ នៅក្នុងពិធីជាសាធារណៈមួយកាលពីខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យមានឯកភាពជាតិ ពង្រឹងអត្តសញ្ញាណជាតិ ចៀសវាងការបែកបាក់។ ចំណុចនេះ ក៏ធ្លាប់បានឮចេញពីមាត់អ្នកនយោបាយប្រឆាំងផងដែរ។ តែឯកភាពជាតិពិតប្រាកដមិនត្រូវបានគេមើលឃើញនៅឡើយ។ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានកត់សម្គាល់ថា អ្នកនយោបាយខ្មែរបានមូលមតិគ្នាក្នុងការប្រឆាំងនឹងការឈ្លានពានរបស់ថៃ តែពួកគេនៅមិនទាន់មូលមតិគ្នាក្នុងរឿងនយោបាយផ្ទៃក្នុង ឬទំលាក់ចោលការគុំគួនគ្នា។ សរុបមក នៅក្នុងកាលៈទេសៈ ដែលប្រទេសកំពុងប្រឈមមុខខាងយោធាជាមួយថៃយ៉ាងដូច្នេះ ការរួបរួមគ្នា ឯកភាពគ្នារវាងខ្មែរ និងខ្មែរ គឺជារឿងសំខាន់ និងចាំបាច់បំផុត។ សំខាន់ និងចាំបាច់ ព្រោះកម្ពុជាត្រូវការកសាងប្រទេស ដើរឲ្យទាន់ស្ថានភាពតំបន់ និងពិភពលោក ចៀសវាងឧបសគ្គដែលបណ្តាលមកពីជម្លោះផ្ទៃក្នុង និងការរំខានពីសត្រូវខាងក្រៅ ដូចជាករណីបង្កហេតុពីសំណាក់ប្រទេសថៃនៅពេលនេះជាដើម៕

    3 min
  2. NOV 28

    តើពិតជាមានការបន្តបំផ្លាញធនធានធម្មជាតិនៅខេត្តក្រចេះឬយ៉ាងណា?

    អគ្គបញ្ជាការរងនៃកងទ័ពជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីស្រាវជ្រាវបាតុភាពមិនប្រក្រតីដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ក្រុមការងារចំពោះកិច្ចនេះត្រូវបានបង្កើតឡើង ក្រោយមានការផ្សព្វផ្សាយពីសំណាក់សកម្មជនការពារធនធានធម្មជាតិ និងការរិះគន់ធ្ងន់ៗរបស់អ្នកកាសែតម្នាក់នៅកម្ពុជាទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ ភ្លាមៗ ក្រោយមានការរិះគន់ដោយប្រើសម្តីធ្ងន់ៗទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះថា មានភាពអសកម្មក្នុងការបង្ក្រាបបទល្មើសព្រៃឈើ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីស៊ើបអង្កេតជុំវិញភាពមិនប្រក្រតី ដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ក្រុមការងារចំពោះកិច្ចដែលមានសមាសភាពមន្ត្រីកងរាជអាវុធហត្ថចំនួន ៨រូប មានភារកិច្ចធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី ភារកិច្ចរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានគូសបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបន្ថែមថា មន្រ្តីណាដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ គឺត្រូវតែបង្រ្កាបដាច់ខាត ហើយជនណា ដែលជេរប្រមាថស្ថាប័នជាតិក៏ត្រូវតែផ្តន្ទាទោសតាមច្បាប់ដែរ។ ជុំវិញបញ្ហានេះ គេសង្កេតឃើញថា លោក តាន់ គឹមសួរដែលគេស្គាល់ជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គមមួយរូប និងដែលកំពុងដើរតួនាទីជាសកម្មជនការពារធនធានធម្មជាតិ និងបរិស្ថានបានរងនូវការសួរដេញដោលរកលិខិតបេសកម្មដោយមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការសួរនាំនេះត្រូវបានលោក តាន់ គឹមសួរ សង្ស័យថាជារូបភាពដើម្បីរកហេតុផលដាក់បន្ទុកលើលោក។ នៅក្នុងកិច្ចសន្ទនាតាមរយៈឃ្លីបវីដេអូ លោក តាន់ គឹមសួរ បានលើកឡើងពីកាតព្វកិច្ចរបស់លោកក្នុងនាមជាប្រជាពលករដ្ឋម្នាក់ដែលមានសិទ្ធិការពារ និងទប់ស្កាត់បទស្មើសព្រៃឈើ ដែលជាទ្រព្យសម្បត្តិរបស់លោក និងរបស់ពលរដ្ឋខ្មែរទាំងអស់។ ហេតុការណ៍ដែលបានកើតឡើងនៅស្រុកសំបូរ ខេត្តក្រចេះនេះត្រូវបានលោក ផែង វណ្ណៈ ដែលជាអ្នកកាសែតអនឡាញម្នាក់ក្នុងប្រទេសកម្ពុជាលើកយកទៅផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុករបស់លោកដោយធ្វើការរិះគន់ធ្ងន់ៗទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ ការរិះគន់នេះបានធ្វើឲ្យកងរាជអាវុធហត្ថទូទាំងប្រទេសចេញញត្តិប្រតិកម្ម និងថ្កោលទោសលោក ផែង វណ្ណៈ ពីគ្រប់ទិសទី។ រឿងរ៉ាវដ៏កក្រើកបណ្តាញសង្គមមួយនេះនាំឲ្យមានការលើកឡើងថា តើការដែលសមត្ថកិច្ចមិនអើពើនេះជាការបង្ហាញពីការបន្តកើតមានបទល្មើសនៃការបំផ្លាញធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា ឬយ៉ាងណា? បញ្ហានេះបានបំផុសឲ្យមានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួនគឺ ការថតបង្ហាញពីសកម្មភាពទប់ស្កាត់បទល្មើសព្រៃឈើជាបន្តបន្ទាប់តាមបណ្តាញសង្គមរបស់សកម្មជនការពារធនធានធម្មជាតិលោក តាន់ គីមសួរ ការលើកឡើងរបស់សហគមន៍ការពារព្រៃឈើមួយចំនួនជាបន្តបន្ទាប់ និងលទ្ធផលនៃការស៊ើបអង្កេតលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ សូមរម្លឹកថា កាលពីខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមានសមាសភាពចម្រុះមកពីកងរាជអាវុធហត្ថ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ហើយដែលដឹកនាំដោយលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងទ័ពជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សូមរម្លឹកដែរថា បញ្ហាបំផ្លាញធនធានធម្មជាតិនេះ ត្រូវបានបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួនលើកឡើងកាលពីឆ្នាំ២០២៣ថា កម្ពុជាបានបាត់បង់ព្រៃឈើអស់ជាង ១២ម៉ឺនហិកតា ក្នុងនោះមានជាងពាក់កណ្តាលជាព្រៃឈើ ដែលស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់។ តែមន្ត្រីកម្ពុជាតែងច្រានចោលនូវការលើកឡើងនេះ និងថា កម្ពុជាមានតំបន់ការពារធម្មជាតិសរុប ៧៣កន្លែងដែលមានផ្ទៃដីទំហំជាង ៧លានហិចតា ស្មើនឹងជាង៤០% នៃផ្ទៃដីប្រទេស។ ទន្ទឹមគ្នានេះ កម្ពុជាមានគោលការណ៍ដាំដើមឈើឲ្យច្រើនជាងការកាប់ ដែលជាទិសដៅអាទិភាពបង្កើនគម្របព្រៃឈើកម្ពុជាឲ្យបាន ៦០% នៅឆ្នាំ២០៥០៕

    4 min
  3. OCT 31

    លោក ប៉ាង លីដា ត្រូវបានចាត់ទុកជានិមិត្តរូបនៃមន្ត្រីគំរូនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

    អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា ត្រូវបានមហាជន និងថ្នាក់ដឹកនាំប្រទេសចាត់ទុកថាជាមន្ត្រីគំរូ ដែលមានសកម្មភាពរស់រវើក ក្នុងការបំពេញភារកិច្ចបម្រើប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន។ កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់អភិបាលរងខណ្ឌរូបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា លើកយកមកនិយាយយ៉ាងព្រោងព្រាត នៅពេលដែល លោក ប៉ាង លីដា ត្រូវបានអនុញ្ញាតឲ្យជួបផ្ទាល់ ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទទួលបានការកោតសរសើរ និងលើកទឹកចិត្តជាសាធារណៈ។ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញ ត្រូវបានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ទទួលជួបផ្ទាល់នៅក្រសួងមហាផ្ទៃ។ មហាជនមានការភ្ញាក់ផ្អើល ចំពោះជំនួបនេះ និងកាន់តែភ្ញាក់ផ្អើលទៅទៀត នៅពេលដែលដឹងថាជាជំនួប ដើម្បីសម្តែងការកោតសរសើរ និងលើកទឹកចិត្ត ដោយសារតែលោក ប៉ាង លីដា បានបំពេញតួនាទីជាមន្ត្រីគំរូនៅក្នុងមូលដ្ឋានរបស់លោក។ ជាការកត់សម្គាល់ លោក ប៉ាង លីដា អភិបាលរងខណ្ឌទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់សាធារណៈ និងដែលគេតែងហៅលោកថា ជាអភិបាលរងទទួលបន្ទុកលូ និងសំរាមនោះបានដឹកនាំមន្ត្រីដោយផ្ទាល់ចុះរៀបចំចញ្ចើមផ្លូវ មូរជើងខោលាត់ដៃអាវ ចុះកាយលូ និងសំរាម ទាំងក្រោមដំណក់ទឹកភ្លៀង។ ការងារប្រកបដោយឆន្ទៈនេះ ត្រូវគេសម្គាល់ឃើញថា ធ្វើឡើងចាប់តាំងពីមន្ត្រីរងខណ្ឌរូបនេះ ចូលបំពេញការងារនាគ្រាដំបូងមកម្ល៉េះ។ នេះបើតាមបណ្តាញសង្គម និងតាមសារព័ត៌មានក្នុងស្រុកជាច្រើន រួមនឹងការលើកឡើងពីពលរដ្ឋនានាក្នុងខណ្ឌពោធិ៍សែនជ័យ។ នៅក្នុងការបញ្ចេញមតិតាមបណ្តាញសង្គមវិញ លោក ប៉ាង លីដា ត្រូវបានមហាជនចាត់ទុកថាជាមន្ត្រីដ៏កម្រដែលប្រជាជនផ្តល់ទំនុកចិត្ត។ ស្ទើរ ១០០%នៃអ្នកសម្តែងមតិជាច្រើនពាន់នាក់លើបណ្តាញសង្គម គាំទ្រឲ្យមានមន្ត្រីដូចលោក ប៉ាង លីដា កាន់តែច្រើន ដោយសារសកម្មភាពរបស់លោកឆ្លើយតបទៅនឹងអ្វីដែល ពលរដ្ឋនៅតាមមូលដ្ឋានចង់បាន នោះគឺឆន្ទៈនៃការរៀបចំឲ្យមូលដ្ឋាន ឬសហគមន៍មួយ មានសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន។ ដោយឡែក នៅក្នុងជំនួបផ្ទាល់ និងកម្រជាមួយលោក ស សុខា លោករដ្ឋមន្ត្រីបានស្នើឲ្យលោក ប៉ាង លីដាត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ។ លោក ស សុខា បានបង្ហាញអារម្មណ៍ថា លោកមិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដាដែលត្រូវបានមហាជន ស្គាល់ថាជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឲ្យពលរដ្ឋចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។ លោករដ្ឋមន្ត្រីបន្តលើកសរសើរទៀតថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាននឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង លីដា កាន់តែច្រើន។ តាមរយៈការបង្ហាញមន្ត្រីគំរូជាសាធារណៈដោយមិនបារម្ភពីមន្ត្រីឯទៀតច្រណែននៅពេលនេះ បានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង និងអាចជាសូចនាករមួយក្នុងការវាស់វែងពីឆន្ទៈបំពេញការងាររបស់មន្ត្រីជាទូទៅ នៅក្នុងប្រទេសកម្ពុជា។ ជាការពិត ប្រទេសជាតិមួយដែលរីកចម្រើន និងមានសណ្តាប់ធ្នាប់ គឺផ្តើមចេញពីមូលដ្ឋានថ្នាក់ក្រោមជាតិ។ ប្រជាពលរដ្ឋពិតជាគាំទ្រដោយឥតងាករេ ប្រសិនបើមានមន្ត្រីមូលដ្ឋានមានឆន្ទៈបំរើពួកគាត់ពិតប្រាកដ តួយ៉ាងដូចជាអភិបាលរងខណ្ឌពោធិ៍សែនជ័យខាងលើ ដែលទាំងអស់គ្នាត្រូវទទួលស្គាល់ការពិតក្នុងសង្គមខ្មែរបច្ចុប្បន្ន។ ផ្ទុយទៅវិញ ប្រសិនបើមន្ត្រីមូលដ្ឋាន មិនស្គាល់ពីតួនាទីរបស់ខ្លួន គាបសង្កត់ពលរដ្ឋគ្រប់រូបភាព ប្រព្រឹត្តអំពើពុករលួយ អសកម្ម និងខ្វះឆន្ទៈក្នុងការបំរើរាស្ត្រនោះ អាជ្ញាធរទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិមិនអាចឆក់យកបេះដូងពលរដ្ឋបានជាដាច់ខាត។ ជាលទ្ធផល រដ្ឋបាលថ្នាក់កណ្តាល និងរដ្ឋាភិបាលទាំងមូលនឹងរងនូវការខាតបង់ បាត់ទំនុកចិត្ត ដោយសារតែមន្ត្រីថ្នាក់ក្រោមជាតិមិនអាចបម្រើរាស្ត្របានល្អ។ ក៏ប៉ុន្តែ បញ្ហានេះក៏វាអាស្រ័យទៅលើការអនុវត្តយន្តការវិមជ្ឈការឲ្យបានម៉ឺងម៉ាត់ និងមន្ត្រីថ្នាក់កណ្តាលត្រូវធ្វើជាគំរូល្អដល់ថ្នាក់ក្រោមជាតិផងដែរ។ សរុបមក ដើម្បីឲ្យប្រទេសជាតិជឿនលឿនឆ្ពោះទៅរកភាពស៊ីវីល័យ កម្ពុជាគួរតែបន្តផ្តល់តម្លៃ និងលើកទឹកចិត្តដល់មន្ត្រីសកម្ម មានឆន្ទៈក្នុងការងារ បើក​បេះដូង​ឲ្យទូលាយទទួលយកការពិតទាំងអស់គ្នា ពោលមន្ត្រីធ្វើការល្អ ត្រូវសរសើរ មន្ត្រីអសកម្ម ត្រូវដាក់ទោស ដោយចៀសវាងការអនុវត្តស្តង់ដារពីរ ដែលធ្វ

    4 min
  4. OCT 17

    ប្រវត្តិលោក ចេន ហ្ស៊ី និងក្រុមហ៊ុន Prince Holding Group

    សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើលោក ចេន ហ្ស៊ី(Chen Zhi) ដែលជាពាណិជ្ជករកម្ពុជា ដើមកំណើតចិនក្រោមបទចោទប្រកាន់ធ្វើប្រតិបត្តិការបើកមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដែលរកចំណូលបានរាប់ពាន់លានដុល្លារ និងបង្កឲ្យមានជនរងគ្រោះយ៉ាងច្រើននៅជុំវិញពិភពលោក។ លោក ចេន ហ្ស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលបាន និងកំពុងធ្វើប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។ Prince Holding Group គឺជាក្រុមហ៊ុនធំជាងគេមួយរបស់កម្ពុជាដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ៣០ លើវិស័យអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងទំនិញប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១៥មក។ វិសាលភាពអាជីវកម្មរបស់ Prince Holding Group គ្របដណ្តប់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលមានទឹកប្រាក់វិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន ២ពាន់លានដុល្លារ រួមទាំងផ្សារទំនើប​ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ គឺព្រីនស៍ផ្លាហ្សា។ លោក ចេន ហ្ស៊ី ដែលបច្ចុប្បន្នមានអាយុ ៣៧ឆ្នាំ បានកើតនៅក្នុងប្រទេសចិន តែលោកបានបោះបង់សញ្ជាតិកំណើត និងទទួលបានសញ្ជាតិខ្មែរ អង់គ្លេស និងស៊ីព។ បុរសវ័យក្មេងរូបនេះ គឺជាមហាសេដ្ឋី តែមានការលើកឡើងមួយចំនួនថា ប្រភពដើមនៃទ្រព្យសម្បត្តិរបស់គាត់នៅមានភាពមិនច្បាស់លាស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ លោក ចេន ត្រូវបានគេដឹងថា គឺជាអ្នកជំនួញម្នាក់ដ៏លេចធ្លោដោយលោកទទួលបានគោរមងារឧកញ៉ាកាលពីខែ កម្ភៈ ឆ្នាំ២០១៦ និងតមកទទួលបានគោរមងារខ្ពស់មួយកាំទៀតគឺ «អ្នកឧកញ៉ា» នៅអំឡុងខែកក្កដា ឆ្នាំ២០២០។ ក្រៅពីទទួលបានគោរមងារជាអ្នកឧកញ៉ា លោក ចេន ហ្ស៊ី ក៏ត្រូវបានតែងតាំងជាទីប្រឹក្សារបស់មេដឹកនាំជាន់ខ្ពស់កម្ពុជាមួយចំនួនដែលមានឋានៈស្មើ«រដ្ឋមន្ត្រី» ដូចជាទីប្រឹក្សាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ហេង សំរិន និងលោក ស ខេង អំឡុងពេលដែលលោក ហេង សំរិន និងលោក ស ខេង នៅធ្វើជាប្រធានរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ តាមរយៈ AFP អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ លោក ហ្សាកុប ស៊ីម(Jacob Sims) បានឲ្យដឹងថា លោក ចេន គឺជាតួអង្គម្នាក់ដែលបង្កប់ខ្លួនយ៉ាងជ្រៅនៅក្នុងរដ្ឋអំណាចកម្ពុជា។ តាមអ្នកជំនាញរូបនេះ ឥទ្ធិពលរបស់លោក ចេន ហ្ស៊ី បានលាតសន្ធឹងលើគ្រប់កម្រិតនៃរដ្ឋាភិបាល ហើយព្រីនស៍ គ្រុប ដែលបានដំណើរការជាយូរយារណាស់មកហើយនោះបានដើរតួនាទីជាអង្គការឧបត្ថម្ភដ៏ចម្បងមួយសម្រាប់គណបក្សកាន់អំណាច។ ក៏ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នេះ ក៏បានដកស្រង់ការអះអាងរបស់ ព្រីនស៍ គ្រុប មកបញ្ជាក់ដែរថា សេចក្តីថ្លែងការណ៍ស្រដៀងគ្នាដែលធ្វើឡើងនៅក្នុងរបាយការណ៍មួយ ដោយលោក ស៊ីម និងដែលបានផ្សព្វផ្សាយនៅឆ្នាំ២០២៥ គឺជាការអះអាងដែលបង្ខូចកេរ្តិ៍ឈ្មោះ គ្មានភស្តុតាង និងការសម្រេចរបស់តុលាការ។ សូមបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប របស់លោក ចេន ហ្ស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗ ជាច្រើននៅកម្ពុជាដូចជាក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management និង ក្រុមហ៊ុន Awesome Global Investment Group។ នៅក្នុងប្រទេសកម្ពុជា មហាសេដ្ឋីវ័យ៣៧ឆ្នាំ ចេន ហ្ស៊ី រូបនេះ បានបរិច្ចាកថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈមេដឹកនាំកម្ពុជា ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិត ការបរិច្ចាកដល់កាកបាទក្រហម និងការផ្តល់ជំនួយទិញវ៉ាក់សាំងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ជាដើម។ ក៏ប៉ុន្តែនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុន Prince Group រួមទាំងបណ្តាញអង្គភាពទីផ្សារងងឹតសរុបចំនួន ១៤៦ផ្សេងទៀតដែលពាក់ព័ន្ធនឹងឧស្សាហកម្មឆបោក​អនឡាញ។ សហរដ្ឋអាមេរិក តាមរយៈតុលាការសហព័ន្ធទីក្រុង Brooklyn បានដាក់ពាក្យបណ្តឹងរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុន Prince Group របស់អ្នកឧកញ៉ាខ្មែរ ដើមកំណើតចិន ចេន ហ្ស៊ី ប្រមាណ ១៥ពាន់លានដុល្លារ។ ចំណែករដ្ឋាភិបាលអង់គ្លេសវិញបានដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែលរងការចោទថាជាមេបណ្តាញ​ឧក្រិដ្ឋកម្មអនឡាញមួយនេះប្រមាណ ១៧៦លានដុល្លារ។ ចំណាត់ការរបស់អាមេរិក និងអង់គ្លេសមកលើសេដ្ឋីខ្មែរដើមកំណើតចិនរូបនេះ ធ្វើឡើងដោយយោងទៅលើហេតុផលថា លោក ចេន ហ្ស៊ី បានប្រមូលប្រាក់ពីឧស្សាហកម្មឆបោកអនឡាញ យកទៅសូកប៉ាន់មន្ត្រីមួយចំនួន និងយកទៅល

    6 min
  5. OCT 10

    តើចិនកំពុងមានជំហរមិនច្បាស់លាស់នៅក្នុងជម្លោះកម្ពុជា-ថៃ ឬយ៉ាងណា?

    ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វេនប៊ីន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា «ប្រទេសចិនគាំទ្រកម្ពុជាយ៉ាងមុតមាំ ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ និងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍របស់កម្ពុជា»។ សារខ្លីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ធ្វើឲ្យពលរដ្ឋ និងរដ្ឋាភិបាលថៃមានមន្ទិល និងបានសុំការបញ្ជាក់ពីឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងបាងកក ទាក់ទងនឹងការលើកឡើងរបស់តំណាងចិននៅកម្ពុជា។ ចម្លើយរបស់តំណាងចិនប្រចាំប្រទេសថៃគឺ ចិនឈរនៅអព្យាក្រឹតក្នុងជម្លោះកម្ពុជា-ថៃ។ «ប្រទេសចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ និងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍របស់កម្ពុជា»។ សារខ្លីប្រវែងពីរបន្ទាត់នៅលើហ្វេសប៊ុករបស់លោក វ៉ាង វេនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្រាប់ពលរដ្ឋ និងបញ្ញវន្តកម្ពុជា គឺមានន័យពេញលេញ និងគ្រប់គ្រាន់ថា ជាសារមួយដែលអាចទុកចិត្ត និងជឿជាក់បាន។ ប៉ុន្តែសម្រាប់ពលរដ្ឋ និងរដ្ឋាភិបាលថៃវិញ សាររបស់លោក វ៉ាង វេនប៊ីន បានធ្វើឲ្យរំជើបរំជួលនៅកណ្តាលទីក្រុងបាងកក។ រំជើបរំជួលដោយសារពលរដ្ឋ និងមន្ត្រីថៃបានយល់ឃើញថា សាររបស់តំណាងទីក្រុងប៉េកាំងប្រចាំកម្ពុជា ហាក់លម្អៀង ពីព្រោះវាបង្ហាញនូវការគាំទ្រត្រង់ៗមកលើភាគីកម្ពុជា នៅក្នុងជម្លោះកម្ពុជា-ថៃ ខណៈថៃ និងកម្ពុជា សុទ្ធសឹងជាមិត្តជិតស្និទ្ធរបស់ចិនដូចគ្នា។ ជាការកត់សម្គាល់ នៅក្រោយសាររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្រសួងការបរទេសថៃបានកោះហៅសាកសួរឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងបាងកក។ នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ និងលោក ចាង ចៀនវៃ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃទី៩ ខែតុលាម្សិលមិញ លោក ចាង បានបញ្ជាក់ប្រាប់ប្រមុខការទូតថៃជាថ្មីថា ជំហររបស់ចិនចំពោះជម្លោះកម្ពុជា-ថៃ គឺអព្យាក្រឹត ដោយចិនប្រកាន់ខ្ជាប់នូវគោលនយោបាយជាប់លាប់របស់ខ្លួន ហើយមិនផ្គត់ផ្គង់អាវុធដល់ភាគីជម្លោះណាមួយឡើយ។ ចិនសង្ឃឹមថា ប្រទេសថៃ និងកម្ពុជានឹងដោះស្រាយបញ្ហារវាងគ្នា ដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី ហើយប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីស្ថាបនា និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងជម្លោះកម្ពុជា-ថៃនេះ។ នេះបើតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វេនប៊ីន មិនបានអត្ថាធិប្បាយបន្ថែម ឬឆ្លើយតបណាមួយ ទៅនឹងមន្ទិលសង្ស័យរបស់រដ្ឋាភិបាលទីក្រុងបាងកក ទៅលើសាររបស់លោក ជុំវិញជំហររបស់ចិនសម្រាប់កម្ពុជានោះទេ។ លោកបណ្ឌិត ស៊ឺន សំ អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា មើលឃើញថា សារបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ ហាក់មិនមានអ្វីខុសគ្នានោះទេ។ លោកបណ្ឌិតបានលើកហេតុផលថាតំណាងចិនប្រចាំកម្ពុជាបានបង្ហាញនូវការការពារភាពស្របច្បាប់របស់កម្ពុជា និងមិនបានបញ្ជាក់ពីការប្រឆាំងចំពោះប្រទេសណាមួយនោះទេ។ បើតាមបណ្ឌិត ស៊ឺន សំ ប្រតិកម្មរបស់ពលរដ្ឋថៃ និងបញ្ញវន្តថៃខ្លះ ដែលមិនពេញចិត្តនឹងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏ដូចជាទូតចិននៅបាងកក គ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះ។ ទោះយ៉ាងណា កម្ពុជាតែងប្រកាន់ខ្ជាប់នូវដំណោះស្រាយជម្លោះទៅតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងផ្សេងៗរវាងប្រទេសទាំងពីរ។ នេះបើតាមលោកបណ្ឌិត សឺន សំ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកនៃឧទ្យាននវានុវត្តន៍សង្គមអង្គរ (ASIP)បានយល់ឃើញដែរថា ចិនតែងព្យាយាមឈរនៅចំណុចកណ្តាល មិនចំពោះតែជម្លោះកម្ពុជា-ថៃ នោះទេ ពោលគឺខុសពីអាមេរិក។ តាមលោកបណ្ឌិត ភាគីកម្ពុជាគួរទទួលស្គាល់ការពិតដែរថា ចិនបានដើរតួនាទីសំខាន់នៅក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់តាមរយៈការជំរុញឲ្យមានដំណោះស្រាយដោយសន្តិវិធី នៅក្នុងជម្លោះរវាងកម្ពុជា និងថៃ តែមិនលូកចូលជ្រៅដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗឡើយ។ ជាសរុបមក សាររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាត្រូវពលរដ្ឋកម្ពុជាមើលឃើញថា ជាសំណេរមួយដ៏វិជ្ជមានសម្រាប់កម្ពុជា និងដែលត្រូវបានសាទរ។ ផ្ទុយទៅវិញសាររបស់តំណាងចិននៅកម្ពុជានេះ នៅតែជាមន្ទិលចំពោះទីក្រុងបាងកក ប្រសិនបើប្រជាជន និងរដ្ឋាភិបាលថៃប្រកាន់គំនិតជាតិនិយមជ្រុល និងមានមហិច្ឆតាចង់វាតទីយកដីប្រទេសជិតខា

    4 min
  6. SEP 26

    តើសមយុទ្ធរួមគ្នា និងការទិញ លក់សព្វាវុធរវាងថៃ-ចិនរំខានដល់ទំនាក់ទំនងកម្ពុជា-ចិនដែរឬទេ?

    ភាពតានតឹងរវាងកម្ពុជា និងថៃបានកើតឡើង បន្ទាប់ពីកងទ័ពនៃប្រទេសទាំងពីរបានវាយប្រយុទ្ធគ្នាអស់រយៈពេល៥ថ្ងៃកាលពីចុងខែកក្កដា ឆ្នាំ២០២៥។ ស្របពេលជាមួយគ្នានេះ ទំនាក់ទំនងរវាងថៃ និងចិនហាក់រំលេចឡើងតាមរយៈលំហាត់សឹកកងទ័ពអាកាស និងការចុះកិច្ចសន្យាទិញនាវាមុជទឹកពីចិនរបស់ថៃនាអំឡុងខែកញ្ញានេះ។ រូបភាពទាំងអស់នេះត្រូវគេមើលឃើញថាអាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិនដែលជាមិត្តដែកថែប បើទោះបីជាចិនអះអាងថា មិត្តភាពរវាងកម្ពុជា និងចិននៅបន្តរឹងមាំដូចថ្មក៏ដោយ។ អំឡុងពេលដែលកម្ពុជា និងថៃកំពុងតានតឹងលើជម្លោះព្រំដែន ចិន និងថៃបានធ្វើលំហាត់សឹកទ័ពអាកាសរួមគ្នានៅក្នុងខែកញ្ញានេះដែលមានឈ្មោះថា «Falcon Strike-2025»។ នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ដដែលនេះ ចិនក៏បានចុះកិច្ចព្រមព្រៀងសំខាន់មួយទៀតក្នុងការលក់នាវាមុជទឹកទៅឲ្យថៃ។ ចំណុចសំខាន់ៗខាងលើនេះបានធ្វើឲ្យមហាជន និងបញ្ញវន្តនៅក្នុងប្រទេសកម្ពុជាមានការភ្ញាក់ផ្អើល បើទោះជាផែនការសមយុទ្ធទ័ពអាកាស និងការលក់សព្វាវុធយុទ្ធសាស្ត្ររបស់ចិនទៅឲ្យថៃត្រូវបានគ្រោងទុកជាយូរមកហើយក៏ដោយ។ បញ្ញវន្តក៏ដូចជាមហាជនខ្មែរមួយចំនួនមើលឃើញស្របគ្នាលើចំណុចមួយចំនួនដែលថា កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិនហាក់ស្មើនឹងក្រដាស១សន្លឹកប៉ុណ្ណោះ ពោលពុំមានអត្ថន័យធំធេងអ្វីទេ។ ចំណែកផែនការសមយុទ្ធយោធាជើងអាកាសរវាងចិន និងថៃ ហើយកិច្ចព្រមព្រៀងលក់នាវាមុជទឹកចិនឲ្យថៃក៏ត្រូវបានគេមើលឃើញថាអាចមានលទ្ធភាពពន្យារពេលបាន ដើម្បីទប់សភាពការណ៍ដែលកំពុងក្តៅរវាងកម្ពុជា និងថៃលើបញ្ហាព្រំដែន។ លោកបណ្ឌិត យ៉ង ពៅ អ្នកជំនាញខាងភូមិសាស្ត្រនយោបាយម្នាក់យល់ឃើញថា ចិន និងថៃ បានយកប្រយោជន៍សេដ្ឋកិច្ច និងយុទ្ធសាស្ត្រជាធំ ជាជាងគុណធម៌មិត្តភក្តិ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ ចំណុចនេះក៏ត្រូវបានលោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិលើកឡើងថា ផលប្រយោជន៍ជាតិនីមួយៗជារឿងសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ និងថា ផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិនជាមួយថៃធំជាងច្រើនជាមួយកម្ពុជា។ តែទាំងលោកបណ្ឌិត យង់ ពៅ និងលោក សេង វណ្ណលី បានបញ្ជាក់ជារួមថា កម្ពុជាមិនអាចហាមឃាត់ការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសនានាបានទេ ព្រោះវាជាសិទ្ធិអធិបតេយ្យរបស់ប្រទេសរៀងៗខ្លួនក្នុងការធ្វើជំនួញរវាងគ្នា។ សម្រាប់កម្ពុជា ចំណុចនេះគឺជាមេរៀនដែលខ្លួនត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពសម្រាប់ថ្ងៃអនាគត។ ទោះជាយ៉ាងណា និងសម្រាប់អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា ចិនមានសិទ្ធិធ្វើជំនួញ។ តែក្នុងនាមជាមិត្តភាពដែកថែបជាមួយកម្ពុជា ចិនគួរតែយោគយល់ និងពន្យារពេលលក់សព្វាវុធ និងធ្វើលំហាត់យោធារួមជាមួយថៃ។ លោក សេង វណ្ណលី បានមើលឃើញដោយត្រង់ៗថា សមយុទ្ធរួមគ្នា និងការលក់សព្វាវុធរបស់ចិនទៅឲ្យថៃបានបង្កឲ្យមានការមិនពេញចិត្តក្នុងចំណោមមហាជនខ្មែរ និងប៉ះពាល់ដល់ប្រទេសកម្ពុជា ខណៈចិន និងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមិត្តភាពដែកថែបរវាងគ្នា។ ទាក់ទងនឹងវិស័យសន្តិសុខក៏មិនខុសគ្នាពីសេដ្ឋកិច្ចដែរ អ្នកជំនាញខាងភូមិសាស្ត្រនយោបាយខ្មែរលើកឡើងដូចៗគ្នាដោយស្នើឲ្យកម្ពុជាពង្រឹងខ្លួនឯងជាជាងពឹងផ្អែកតែទៅលើប្រទេសណាមួយ។ ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងពីគុណធម៌របស់កម្ពុជាក្នុងការជួយលើកស្ទួយមុខមាត់របស់ចិននៅលើឆាកអន្តរជាតិចាប់តាំងពីជំនាន់អតីតព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ ដោយបានបោះឆ្នោតដកតៃវ៉ាន់ពីកៅអីអង្គការសហប្រជាជាតិ។ អំឡុងពេលរាតត្បាតជំងឺកូវីដ១៩ ពេញទំហឹង មេដឹកនាំខ្មែរលោក ហ៊ុន សែន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបញ្ចប់ភាពឯកោរបស់ចិន។ កម្ពុជាក៏ត្រូវគេមើលឃើញថា ជាទីតាំងមួយដែលចិនចាប់យកដើម្បីជួយរក្សាតុល្យភាពភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិក។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វេនប៊ីនបានសរសេរនៅលើបណ្តាញសង្គមរបស់លោកក្នុងខែកញ្ញានេះថា កងទ័ពចិន និងកម្ពុជាបានរៀបចំសមយុទ្ធរួមគ្នា «នាគមាស ២០២៥» ដោយជោគជ័យ ហើយមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ក៏ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ លោក វ៉ាង បញ្ជាក់ថា ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជារឹងមាំដូចថ្ម។ ជាសរុបមក ការធ្វើសមយុទ្ធទ័ពអាកាសរួមគ្នារវាងចិន និងថៃ និងការដែលចិនលក់សព្វាវុធយុទ្ធសាស្ត្រឲ្យថៃក្នុងអំឡុងពេលថៃ និងកម្ពុជាកំពុងមានជម្លោះព្

    5 min
  7. SEP 19

    បាក់ឌុប៖ បេក្ខជនប្រឡងជាប់៨៥%​ គឺជាលទ្ធផលប្រកបដោយគុណភាព ឬយ៉ាងណា?

    ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសលទ្ធផលសង្ខេបនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា ចំនួនសិស្សដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០២៥នេះ បានកើនដល់ ៨៥% ធៀបនឹងឆ្នាំ ២០២៤កន្លងទៅ ដែលមានត្រឹម ៧៩%។ ដោយឡែកចំនួនសិស្សដែលទទួលបាននិទ្ទេស A វិញក៏មានការកើនឡើងច្រើនដែរគឺជាង ៣ ០០0នាក់ លើសពីឆ្នាំ២០២៤ ជិត១ ០០០នាក់។ លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០២៥នេះ មែនទែនទៅត្រូវប្រកាសពិស្តារ និងព្រមគ្នានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ។ ក៏ប៉ុន្តែនៅថ្ងៃទី១៩ ខែកញ្ញានេះ ក្រសួងអប់រំគ្រាន់តែប្រកាសបឋមជារួមថាចំនួនសិស្ស ដែលប្រលងជាប់សញ្ញាបត្របាក់ឌុបនៅឆ្នាំនេះ មានការកើនឡើងធៀបនឹងឆ្នាំកន្លងទៅ។ សេចក្តីប្រកាសលទ្ធផលដោយសង្ខេបរបស់ក្រសួងអប់រំបង្ហាញថា បេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ១២២ ៤៧៣នាក់ ត្រូវជា ៨៤,​៥៦% នៃចំនួនបេក្ខជនសរុបចំនួន ១៤៦ ៧២០នាក់ ក្នុងនោះស្រី ៨១ ៤៤២នាក់។​ ជាមួយគ្នានេះ ចំនួនសិស្សដែលទទួលបាននិទ្ទេស A ក៏មានការកើនឡើងច្រើនដែរ គឺកើន រហូតដល់ ៣ ០០៣នាក់ ខណៈឆ្នាំ២០២៤ សិស្សនិទ្ទេស A មានត្រឹម ២ ២១៦នាក់។ ដោយឡែកសិស្សដែលប្រលងជាប់និទ្ទេស B កើនឡើងតិចតួច និទ្ទេស C និងD ក៏មានការកើនឡើងដែរ តែនិទ្ទេស E ទាបជាងឆ្នាំ២០២៤បន្តិច។ តាមរយៈលទ្ធផលនេះ សបញ្ជាក់ជាទូទៅថាការសិក្សារបស់សិស្សថ្នាក់បាក់ឌុប ក្នុងឆ្នាំ២០២៥ មានភាពវិជ្ជមាន។ ក៏ប៉ុន្តែនៅពីក្រោយនៃលទ្ធផលប្រកបដោយមោទនភាពនេះ ក៏មានសំណួរចោទសួរដែរថា តើកំណើននៃការប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ ជាលទ្ធផលដែលប្រកបដោយគុណភាព ឬយ៉ាងណា? តាមរយៈដំណើរការនៃការប្រលងបាក់ឌុប កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមសង្កេតការណ៍ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ផងនោះ បង្ហាញថាការប្រលងបានប្រព្រឹត្តិទៅ ដោយមិនមានបាតុភាពអវិជ្ជមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ជាការពិតក្រោយការប្រលង គេនៅចាំថា មានការលេចចេញនូវព័ត៌មានតាមបណ្តាញសង្គម ស្តីពីបាតុភាពដ៏អាក្រក់មួយ ដែលថាមានការបែកធ្លាយវិញ្ញាសាគណិតវិទ្យា អំឡុងនៃសម័យប្រលងបាក់ឌុបឆ្នាំ២០២៥នេះ។ ក៏ប៉ុន្តែតាមរយៈលទ្ធផលនៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ បង្ហាញថា​វិញ្ញាសាគណិតវិទ្យា មិនមែនបែកធ្លាយមុនម៉ោងប្រឡងនោះទេ។ ក្រៅពីនេះ ការរំខានផ្សេងៗនៅមុន និងក្នុងអំឡុងនៃការប្រលងបាក់ឌុប ដូចជាការផ្ទុះអាវុធនៅតាមខេត្តជាប់ព្រំដែនជាមួយថៃ ស្ថានភាពនៃការភៀសសឹករបស់ប្រជាជន និងសិស្សានុស្សិសមួយចំនួនជាដើម ទាំងអស់នេះ មិនត្រូវបានក្រសួងអប់រំ ចាត់ទុកថាជាឧបសគ្គធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រលងទេ។ តែរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានបង្ហើបនៅមុនការប្រលងបាក់ឌុបថា ក្រសួងនឹងមាន វិធានការពិសេសលើកទឹកចិត្តចំពោះបេក្ខជន ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារជិត ៤ពាន់នាក់។ ទោះយ៉ាងនេះក្តី ក្រសួងអប់រំនៅតែប្រកាន់ជំហរដូចឆ្នាំកន្លងទៅដែរថាគោលការណ៍«អ្នកចេះគឺជាប់» នៅតែត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់ ដើម្បីធានាគុណភាព​សិស្សនៅក្នុងការប្រលងបាក់ឌុបឆ្នាំនេះ។ ដោយឡែក ការដែលមានបេក្ខជនប្រលងជាប់សញ្ញាបត្រដល់ទៅជាង ៨០% ត្រូវគេមើលឃើញថា ជាអត្រាមួយដ៏ខ្ពស់ ដែលបង្ហាញពីបរិមាណដ៏ច្រើន។ ជាសរុបមក ប្រសិនបើគុណភាព មិនរងនូវការរិះគន់ពីភាពមិនប្រក្រតីណាមួយទេ នោះបេក្ខជនដែលប្រលងជាប់បាក់ឌុបដ៏ច្រើនសន្ធឹកសន្ធាប់នៅឆ្នាំ២០២៥នេះ នឹងក្លាយជាធនធានមនុស្សដ៏មានសមត្ថភាពរបស់កម្ពុជាទៅថ្ងៃអនាគត។ ជាធនធាន ដែលប្រទេសកម្ពុជា ត្រូវការចាំបាច់ នៅក្នុងដំណើរការអភិវឌ្ឍប្រទេស អំឡុងពេលដែលពិភពលោក និងតំបន់មានការប្រកួតប្រជែងគ្នាខ្លាំង ជាពិសេសវិស័យបច្ចេកវិទ្យា៕

    4 min
  8. SEP 13

    ការផ្តល់សេវាធ្វើដំណើរដោយមិនបង់ប្រាក់អំឡុងភ្ជុំបិណ្ឌជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រ?

    ដូចកាលពីឆ្នាំកន្លងទៅដែរ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលបានត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានាដោយមិនបង់ប្រាក់។ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជាការទទួលខុសត្រូវមួយរបស់រដ្ឋ ចំពោះពលរដ្ឋ ដែលមិនមានលទ្ធភាពធ្វើដំណើរអំឡុងពេលបុណ្យធំៗ។ រថយន្តក្រុងចំណុះពី ២៥ដល់ ៤០កៅអី​ចំនួន ៤៩៧គ្រឿង ត្រូវបានរដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញប្រកាសដាក់ឲ្យពលរដ្ឋជិះពីភ្នំពេញទៅកាន់បណ្តាខេត្តនានានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងត្រឡប់មកភ្នំពេញវិញដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២០​ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥។​ តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ រថយន្តក្រុងទាំងជិត៥០០គ្រឿងនេះ ត្រូវបានបែងចែកជាខ្សែររត់ធំៗចំនួន ៧គោលដៅ ឆ្ពោះទៅកាន់ខេត្តទាំង២៤ និងមានផ្តល់ជូនទឹកសុទ្ធដល់អ្នកជិះដោយឥតគិតថ្លៃផងដែរ។ ការផ្តល់ជូនសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរបស់រដ្ឋដូចនេះ ត្រូវគេមើលឃើញថាជាដំណោះស្រាយមួយដ៏ល្អក្នុងការជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋខ្មែរ ដែលឡើងមកស្នាក់នៅ និងធ្វើការនៅភ្នំពេញបានមួយកំរិត។ តាមធម្មតានៅពេលមានបុណ្យទានធំៗម្តងៗ ដូចជាបុណ្យភ្ជុំបិណ្ឌនេះជាដើម ពលរដ្ឋខ្មែរចំណាកស្រុកភាគច្រើនមកធ្វើការនៅភ្នំពេញ តែងនាំគ្នាត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ តាមរយៈមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនខ្លះ និងតាមរថយន្តឈ្នួល ភាគច្រើនសម្រាប់អ្នករស់នៅតាមខេត្តឆ្ងាយៗ។ ទោះជិត ឬក៏ឆ្ងាយ ពលរដ្ឋចំណាកស្រុកទាំងនោះ ចាំបាច់ត្រូវចំណាយថវិកាផ្ទាល់ខ្លួន តាមរយ ៈការចាយវាយទៅលើថ្លៃប្រេងឥន្ធនៈ និងការចំណាយលើសពីប្រក្រតីទៅលើរថយន្តឈ្នួល។ តែសម្រាប់ការធ្វើដំណើរតាមរយៈរថយន្តក្រុង ដែលអាជ្ញាធរជួយដឹកជញ្ជូនដោយមិនគិតថ្លៃ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្របានមួយគ្រាហ៍ៗដែរ។ ក្នុងន័យនេះ ថវិកាដែលពលរដ្ឋត្រូវចំណាយរាប់ម៉ឺនរៀលក្នុងម្នាក់ៗ ទៅលើមធ្យោបាយធ្វើដំណើរកន្លងទៅតាមរថយន្តតាក់ស៊ី ពេលនេះបានសល់ក្នុងហោប៉ៅ និងអាចយកថវិកានេះ ទៅចំណាយនៅក្នុងការធ្វើបុណ្យទាន ចំណាយលើគ្រួសារ និងមានលទ្ធភាពចែកចាយដល់ញាតិមិត្ត និងមនុស្សវ័យចំណាស់ដែលនៅចាំផ្ទះផងដែរ។ ដោយឡែកការចូលរួមពិធីបុណ្យភ្ជុំបិណ្ឌរបស់ពលរដ្ឋវិញ ក៏ជាការចូលរួមប្រកបដោយទឹកមុខរីករាយ ដោយមិនខ្វាយខ្វល់ច្រើន ពីរឿងខ្វះខាតក្រោយបុណ្យភ្ជុំបិណ្ឌ។ លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានយល់ឃើញពីចំណុចវិជ្ជមានចំពោះការរៀបចំរថយន្តក្រុងដឹកពលរដ្ឋពីភ្នំពេញទៅកាន់បណ្តាខេត្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ។ តាមលោក យង់ គិមអេង សកម្មភាពនេះ គឺជាការបង្ហាញពីការទទួលខុសត្រូវរបស់អាជ្ញាធរ ក្នុងការជួយផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ដែលក្រីក្រ ជាពិសេសអ្នកដែលមិនមានលទ្ធភាពធ្វើដំណើរត្រឡប់ទៅស្រុកកំណើតអំឡុងពេលបុណ្យធំៗកន្លងទៅ។ លោកថា ដើម្បីឲ្យពលរដ្ឋមានជំនឿជឿជាក់កាន់តែខ្លាំង គប្បីរដ្ឋត្រូវធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ពួកគេមានភាពប្រសើរឡើងបន្ថែមទៀត។ គេនៅចាំបានថា រយៈពេល ៦ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ ២០២៤ មាន​ប្រជាពលរដ្ឋ​សរុប​ជាង ៧ម៉ឺននាក់​ បាន​ទទួល​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត។ សូមបញ្ជាក់ថា តាមជំរឿនប្រជាជនឆ្នាំ២០២៤ រាជធានីភ្នំពេញ នៅតែជាទីតាំងប្រកបដោយសក្តានុពល ក្នុងចំណោម ២៥រាជធានី ខេត្ត ដែលមានប្រជាជនរស់នៅច្រើនជាងគេប្រមាណ ២,៣លាននាក់ ស្មើនឹង ១៣,៦% នៃប្រជាជនទូទាំងប្រទេសជាង ១៧លាននាក់។ កំណើនប្រជាជននៅរាជធានីភ្នំពេញ គឺដោយសារកំណើនសិស្ស និស្សិត​ ឡើង​មករៀន​បន្ត​នៅ​តា​ម​សាកល​វិទ្យា​ល័យ​​នានា ការបម្លាស់ទីរបស់អាជីវករ ពាណិជ្ជករ ​ពីខេត្តមករាជធានី និងការ​ធ្វើ​ចំណាកស្រុករបស់ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​មក​រក​ការ​ងារ​ធ្វើ​នៅ​ភ្នំពេញដូចជា​កម្មករ​ កម្មការិនីរោងចក្រជាដើម៕

    4 min

About

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌ ​មកធ្វើការ​​ពន្យល់​ បំភ្លឺ ​និង​វិភាគ ជូន​លោក​អ្នក​ស្តាប់។ ​ជា​ការពន្យល់​​បកសា្រយ​ហេតុផល​នៃ​ព្រឹត្តិការណ៍ តាម​លក្ខណៈ​សត្យានុម័ត​និង​អព្យាក្រឹត។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like