ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាងកងទ័ពឥណ្ឌានិងប៉ាគីស្ថាន នៅតំបន់កាស្មៀរ

ដូចអ្វីដែលគេបានព្រួយបារម្ភប៉ុន្មានថ្ងៃមកនេះ ទីបំផុតកងទ័ពឥណ្ឌា និងប៉ាគីស្ថាន បានផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី៧ឧសភានេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្សស្លាប់ជាង៣០នាក់ និងរបួសជិត១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល។ សហគមន៍អន្តរជាតិ បានចេញមុខអំពាវនាវជាបន្តបន្ទាប់ ឲ្យភាគីជម្លោះទាំង២ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវតែខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំបញ្ឆេះសង្គ្រាមថែមមួយទៀត ព្រោះថាពិភពលោកបច្ចុប្បន្ននេះ មានភាពវឹកវរដោយសារសង្គ្រាមច្រើនរួចទៅហើយ។
នៅវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ កងទ័ពឥណ្ឌាបានចាប់ផ្តើមបើកការវាយប្រហារ ដោយបានបាញ់ប្លោងគ្រាប់មីស៊ីល ជាច្រើនគ្រាប់ ទៅលើទីក្រុងចំនួន៦របស់ប៉ាគីស្ថាន ស្ថិតនៅតំបន់កាស្មៀរ និងខេត្តពិនចាប់ផងដែរ។ គិតត្រឹមព័ត៌មានចុងក្រោយព្រឹកថ្ងៃពុធទី៧ឧសភា គ្រាប់មីស៊ីលរបស់ឥណ្ឌាទាំងនេះ បានបណ្តាលឲ្យស្លាប់ប្រជាជនស៊ីវីលប៉ាគីស្ថានចំនួន២៦នាក់ ក្នុងនោះមានកុមារអាយុ ៣-៤ឆ្នាំ៣នាក់ដែរ ហើយនិងរបួសមនុស្សយ៉ាងហោច៤៦នាក់។ នេះបើផ្អែកតាមប្រភពពីអ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន។
ខាងឥណ្ឌា គេបានអះអាងថា គេបើកការវាយប្រហារនេះប្រកបដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នបំផុត ដោយគេវាយតែទៅលើទីទាំងរបស់ក្រុមភេរវកម្មប៉ាគីស្ថានប៉ុណ្ណោះ មិនបានវាយទៅលើទីតាំងរបស់កងទ័ពប៉ាគីស្ថាន។ ក្នុងសន្និសីទកាសែតព្រឹកមិញនេះ អ្នកនាំពាក្យកងទ័ពឥណ្ឌាបានបញ្ជាក់ថា ប្រតិបត្តិការវាយប្រហាររបស់ឥណ្ឌា គឺបានសំដៅទៅលើទីតាំងលាក់ខ្លួន ជំរំហ្វឹកហាត់ របស់ក្រុមជីហាតប៉ាគីស្ថាន២ក្រុម គឺក្រុម Jaish-e-Mohammed និងក្រុម Laskhar-e-Taiban។
តែយ៉ាងណា អាជ្ញាធប៉ាគីស្ថានអះអាងថា គ្រាប់មីស៊ីលរបស់ឥណ្ឌាបានធ្វើឲ្យខូចខាតយ៉ាងដំណំ ទៅលើទំនប់វារីអគ្គិសនីមួយកន្លែងនៅតំបន់កាស្មៀរប៉ាគីស្ថាន។ ខាងកងទ័ពប៉ាគីស្ថានគេបានអះអាងថា គេសូមរក្សាសិទ្ធិឆ្លើយតបវិញ ទល់ការវាយប្រហារឈ្លានពានរបស់ឥណ្ឌានេះ។
មិនបង្អង់យូរ កងទ័ពប៉ាគីស្ថានបានបាញ់ប្លោងគ្រាប់ ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួន៥គ្រឿង។ កងទ័ពឥណ្ឌាអះអាងថា ប៉ាគីស្ថានបានប្រើកាំភ្លើងធំ បាញ់ប្លោងគ្រាប់ចូលមកខាងតំបន់កាស្មៀររបស់ឥណ្ឌា។ មន្ត្រីមូលដ្ឋានឥណ្ឌានៅកាស្មៀរ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាមានស្លាប់មនុស្សយ៉ាងហោច៨នាក់ និងរបួសប្រមាណ៣០នាក់ទៀត។
របួសដំបៅចាស់ “កាស្មៀរ”
ការផ្ទុះអាវុធលើកនេះ គឺមានលក្ខណៈធ្ងន់ធ្ងរ អាចក្លាយជាសង្គ្រាមយ៉ាងចំហរ រវាងប៉ាគីស្ថាននិងឥណ្ឌា ដែលសុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរ។ ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន មិនទៅណាឆ្ងាយពីតំបន់កាស្មៀរនោះទេ។ ដូចយើងបានដឹងខ្លះៗហើយ ថាឥណ្ឌានិងប៉ាគីស្ថាន ពីមុនជាប្រទេសតែមួយស្ថិតក្រោមនឹមអាណានិគមចក្រភពអង់គ្លេស។ លុះដល់ឆ្នាំ១៩៤៧ ទើបអង់គ្លេសចាកចេញទៅ ហើយក៏បានសម្រេចពុះផ្តាច់ដែនដីខាងលិច បង្កើតជាប្រទេសប៉ាគីស្ថាន ប្រមូលផ្តុំអ្នកកាន់សាសនាឥស្លាមទាំងអស់ទៅរស់នៅទីនោះ។ ធ្វើបែបនេះ គឺគេជឿថានឹងបញ្ចៀសបញ្ហាជម្លោះសាសនា រវាងពួកហិណ្ឌូនិងពួកឥស្លាម។
តែដោយឡែក តំបន់កាស្មៀរមានលក្ខណៈពិសេស ព្រោះកាលនោះសំបូរអ្នកកាន់សាសនាឥស្លាមរស់នៅមែន តែមានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូ។ ម្លោះហើយក៏សម្រេចមិនចេញ កើតជាជម្លោះដណ្តើមគ្នាតែម្តងទៅ។ តំបន់កាស្មៀរដែលជាតំបន់ភ្នំខ្ពស់នៃជួរភ្នំហិមាល័យ ត្រូវពុះចែកជា២ជាមួយនឹងបន្ទាត់ព្រំដែនប្រវែង៧៧០គីឡូម៉ែត្រ ដីទំហំ៣៥%បានទៅខាងប៉ាគីស្ថាន និង៦៣%បានមកខាងឥណ្ឌា។ ខាងឥណ្ឌាតែងតែចោទថា ប៉ាគីស្ថានបានទំនុកបម្រុងក្រុមភេរវកម្ម ឬក្រុមឯករាជ្យនិយមឲ្យបះបោរ បង្ករអស្ថិរភាពនៅខាងតំបន់កាស្មៀររបស់ឥណ្ឌា។
ការវាយប្រហារភេរវកម្ម នាំអុជឲ្យផ្ទុះជម្លោះ
ទាក់ទិននឹងប្រភពបញ្ហា បណ្តាលឲ្យផ្ទុះការប្រយុទ្ធគ្នានៅពេលនេះ គឺដោយសារកាលពីថ្ងៃទី២២មេសា មានក្រុមភេរកម្មមួយក្រុម បានចូលមកវាយប្រហារនៅខាងឥណ្ឌា សម្លាប់មនុស្ស២៦នាក់ ភាគច្រើនសុទ្ធតែមនុស្សប្រុសកាន់សាសនាហិណ្ឌូ។ ឥណ្ឌាបានចោទភ្លាមថាជាស្នាដៃរបស់ក្រុមភេរវកម្ម ក្រោមការផ្ចុងផ្តើមជួយពីរដ្ឋាភិបាលប៉ាគីស្ថាន ។ ឥណ្ឌាបានដាក់ការសង្ស័យទៅលើក្រុមជីហាតឥស្លាម Lashkar-e-Taiba ដែលធ្លាប់វាយប្រហារម្តងហ
信息
- 节目
- 频道
- 频率一日一更
- 发布时间2025年5月7日 UTC 11:35
- 长度6 分钟
- 分级儿童适宜