ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌ ​មកធ្វើការ​​ពន្យល់​ បំភ្លឺ ​និង​វិភាគ ជូន​លោក​អ្នក​ស្តាប់។ ​ជា​ការពន្យល់​​បកសា្រយ​ហេតុផល​នៃ​ព្រឹត្តិការណ៍ តាម​លក្ខណៈ​សត្យានុម័ត​និង​អព្យាក្រឹត។

  1. 4 DAYS AGO

    តើពលករខ្មែរគួរត្រលប់មកស្រុកវិញឬយ៉ាងណា អំឡុងពេលតានតឹងរឿងព្រំដែនខ្មែរ-ថៃ?

    ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ តាមរយៈជម្លោះព្រំដែននេះ ក្រុមអ្នកជាតិនិយមថៃបានបង្ហាញពីការប្រមាថ និងចង់ឲ្យមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ។ ស្របពេលគ្នានេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាក៏បានរុញទូកបណ្តោយទឹក ដោយអំពាវនាវឲ្យពលករខ្មែរត្រលប់មកប្រទេសកំណើតវិញ និងប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ផ្តល់ការងារជូនជាច្រើនកន្លែង និងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានកើតឡើងកាលពីចុងខែឧសភា ឆ្នាំ២០២៥ បានជះឥទ្ធិពលទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងខ្លាំង។ ភាពតានតឹងនៃប្រទេសទាំងពីរបានជំរុញឲ្យពលករចំណាកស្រុកខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃគ្មានភាពនឹងនរ និងបានវិលត្រលប់មកកាន់ប្រទេសកំណើតវិញជាបន្តបន្ទាប់។ ស្ថាប័នអន្តោប្រវេសន៍ខ្មែរនៅមិនទាន់បានបញ្ចេញតួលេខផ្លូវការនៅឡើយទេ ថាតើមានពលករខ្មែរប៉ុន្មាននាក់ ក្នុងចំណោមពលករស្របច្បាប់ និងខុសច្បាប់រាប់លាននាក់ ដែលធ្វើការនៅក្នុងប្រទេសថៃ ហើយដែលបានវិលត្រលប់មកប្រទេសខ្លួនវិញ អំឡុងពេលដែលមានភាពតានតឹង និងឈានទៅដល់ការបិទបើកច្រកព្រំដែនកម្ពុជា-ថៃ ខុសពីប្រក្រតី។ ទោះជាយ៉ាងនេះក្តី មេដឹកនាំកម្ពុជារួមមានប្រធានព្រឹទ្ធសភា ក៏ដូចជានាយករដ្ឋមន្ត្រី ក៏បានផ្ញើសារអំពាវនាវឲ្យពលករខ្មែរត្រលប់មកប្រទេសកំណើតវិញ ដោយប្រាប់ឲ្យអាជ្ញាធរត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីទទួលពលករខ្មែរចាប់តាំងពីច្រកព្រំដែន ត្រៀមផ្តល់ស្បៀងអាហារ ការដឹកជញ្ជូន ផ្តល់ការងារ និងត្រៀមសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកសម្រាប់ពលករដែលជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ។ នៅក្នុងស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃពេលនេះ តើជាឱកាសឬ ជាសម្ពាធសម្រាប់ពលករខ្មែរចំណាកស្រុកនៅពេលពួកគេសម្រេចចិត្តវិលមកប្រទេសកំណើតវិញ? ជាការពិតក្រសួងការងារកម្ពុជាបានប្រកាសថាកម្ពុជានៅខ្វះកម្លាំងពលកម្មរាប់ម៉ឺនកន្លែង និងត្រៀមផ្តល់ជូនដល់ពលករ ដែលត្រលប់មកពីប្រទេសថៃជាពិសេស។ ក្រសួងការងារបានដាក់ក្រុមការងារចល័តជាច្រើនទីតាំងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលពលករខ្មែរ ដែលត្រលប់មកពីថៃ។ ក្រៅពីផ្តល់ការងារភ្លាមៗ ក្រសួងការងារក៏ផ្តល់នូវជំនាញវិជ្ជាជីវៈដល់ពលករ ដែលមិនមានជំនាញផងដែរ តាមរយៈយន្តការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់។ ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិលមើលឃើញថាការយកចិត្តទុកដាក់ទទួលពលករខ្មែរពីប្រទេសថៃពេលនេះ គឺជាឱកាសសម្រាប់ពលករច្រើនជាងការប្រឈម។ ជាឱកាសគឺដោយសារពលករអាចមកបំរើការងារនៅស្រុកកំណើតរបស់ខ្លួន ដោយចៀសវាងការធ្វើចំណាកស្រុកឆ្លងប្រទេស ដែលលាយឡំទៅដោយបញ្ហាប្រឈមផ្សេងៗ។ វត្តមានរបស់ពលករខ្មែរ ដែលបំរើការងារនៅក្នុងស្រុក ធ្វើឲ្យចរន្តប្រាក់ចរាចរណ៍នៅក្នុងប្រទេស ដែលចំណុចនេះជាផ្នែកមួយជួយរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ទោះយ៉ាងណា ការវិលមកធ្វើការនៅក្នុងប្រទេសរបស់ពលករចំណាកស្រុកខ្មែរពីប្រទេសថៃ ត្រូវអ្នកតាមដានសង្គមមើលឃើញថា ទំនងជាមិនអាចធ្វើទៅបានទាំងស្រុងនោះទេ ប្រសិនបើមើលទៅលើចំណុចមួយចំនួន។ ចំណុចទាំងនោះគឺភាពខុសគ្នានៃប្រាក់ឈ្នួល អតិផរណា ភាពសម្បូរបែបនៃការងារ ទម្លាប់ និងបរិយាកាស​ស៊ីវីល័យរវាងប្រទេសថៃ និងប្រទេសកម្ពុជាជាដើម។ ក៏ប៉ុន្តែ នៅក្នុងស្ថានភាពប្រឈមមុខដាក់គ្នារវាងថៃ និងកម្ពុជា នៅក្នុងលក្ខខណ្ឌ ដែលមានការប្រមាថមើលងាយពីសំណាក់ក្រុមជ្រុលនិយមថៃ និងប្រសិនបើប្រាក់ឈ្នួលការងារនៅក្នុងប្រទេសថៃ និងកម្ពុជាប្រហាក់ប្រហែលគ្នា ពលករគួរតែជ្រើសរើសយកជម្រើសការងារនៅក្នុងប្រទេសកំណើតខ្លួនឯង ជាជាងទៅផ្ញើវាសនានៅក្នុងប្រទេសគេ។ នេះជាការមើលឃើញជាទូទៅពីមជ្ឈដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថាតាមតួលេខផ្លូវការរបស់ក្រសួងការងារកម្ពុជា មានពលករខ្មែរប្រមាណ ១,២លាននាក់ កំពុងធ្វើការងារនៅក្នុងប្រទេសថៃ។ ពលករទាំងនេះ បានផ្ញើថវិកាត្រលប់មកប្រទេសកម្ពុជាវិញ ជាមធ្យមជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ នេះមិនទាន់គិតដល់ពលករចំណាកស្រុកដែលមិនស្របច្បាប់៕

    4 min
  2. 2 JUN

    ឯកភាពជាតិគឺជាកត្តាចាំបាច់ក្នុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង?

    ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក កម្ពុជា និងថៃ បានបង្ហាញនូវភាពតានតឹងនឹងគ្នាឡើងវិញរឿងព្រំដែន។ ភាពតានតឹងនេះ ត្រូវរដ្ឋាភិបាលកម្ពុជាលើកឡើងថាបណ្តាលមកពីទាហានថៃ ដែលបានលួចវាយឆ្មក់នៅចំណុចព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ បណ្តាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។ ដើម្បីបញ្ចប់​វិវាទព្រំដែនជាមួយថៃ ដែលជាបញ្ហាដ៏រុាំរ៉ៃ កម្ពុជាចាំបាច់ត្រូវប្រកាន់យកដំណោះស្រាយតាមរូបភាព មួយចំនួន ក្នុងនោះការឯកភាពជាតិ ក៏ជាកត្តាដ៏សំខាន់ផងដែរ។ ផ្តើមចេញពីការលួចវាយឆ្មក់របស់កងទ័ពថៃនៅតំបន់មុំបី ក្នុងទឹកដីខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥  ដែលបណ្តាលឲ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានកក្រើកឡើងជាថ្មី។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ក្រោយព្រឹត្តិការណ៍ផ្ទុះអាវុធនេះថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល។ លោកនាយករដ្ឋមន្ត្រីពន្យល់ថាលោកបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC)កម្ពុជាគឺទី១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ទី២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) តែម្ដង។ ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព។ ក្រៅពីការបញ្ជាក់ច្បាស់ៗពីប្រមុខរដ្ឋាភិបាល យន្តការផ្សេងៗទៀតក៏ត្រូវគេមើលឃើញថាមានភាពចាំបាច់ដែរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដូចជាតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ ដែលមានថៃជាប្រទេសហត្ថលេខីផងនោះ។ មួយវិញទៀត បញ្ហាឯកភាពជាតិត្រូវបានចាត់ទុកថាជារឿងសំខាន់ នៅក្នុងដំណោះស្រាយជម្លោះអធិបតេយ្យភាពជាមួយប្រទេសជិតខាង ដោយសារឯកភាពជាតិគឺជាខែលការពារជាតិដ៏រឹងមាំ។ តើខ្មែរអាចរួបរួមគ្នាដើម្បីជាតិកំរិតណានៅពេលប្រទេសកំពុងប្រឈមនឹងជម្លោះព្រំដែនជាមួយថៃពេលនេះ? ឯកភាពជាតិពិតប្រាកដត្រូវគេមើលឃើញថានៅឆ្ងាយនៅឡើយ ខណៈដែលប្រទេសកំពុងប្រឈមជាក់ស្តែងជាមួយថៃរឿងព្រំដែនជាច្រើនចំណុចចាប់តាំងពីតំបន់មុំបីរហូតដល់ប្រាសាទ តាមាន់ តាក្របី និងកោះគុតជាដើម។ ការដែលខ្មែរមិនមានឯកភាពជាតិគ្នាបានពេលនេះ ដោយយោងទៅលើហេតុផលថា វប្បធម៌សន្ទនារវាងអ្នកនយោបាយ ដែលមាននិន្នាការផ្ទុយគ្នា ត្រូវបានលុបចោលទាំងស្រុងចាប់តាំងពីឆ្នាំ២០១៤មក។ ក្រុមអ្នកវិភាគនយោបាយកម្ពុជាយល់ឃើញថាកង្វះឯកភាពជាតិជាហេតុធ្វើឲ្យសត្រូវមើលងាយ បាត់បង់ផលប្រយោជន៍រួម និងអាចធ្វើឲ្យប៉ះពាល់ដល់ការដាក់បណ្តឹងទៅកាន់តុលាការអន្តរជាតិ។ គួរបញ្ជាក់ដែរថាកាលពីឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ ICJ នាទីក្រុងឡាអេ ប្រទេសហូឡង់ បានកាត់ក្តីឲ្យកម្ពុជាឈ្នះក្តីរឿងប្រាសាទព្រះវិហារ ពីការឈ្លានពានរបស់ថៃ។ នេះក៏ដោយសារពេលនោះ ត្រូវគេមើលឃើញថាកម្ពុជាមានឯកភាពជាតិរឹងមាំ។ ទោះយ៉ាងណា សំណុំរឿងជម្លោះព្រំដែនជាមួយថៃនាពេលនេះ ត្រូវអ្នកនយោបាយខ្មែរបដិបក្ខនឹងគ្នា បានបង្ហាញនូវចំណុចរួមមួយ គឺគាំទ្រឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ ICJ ដើម្បីបញ្ចប់នូវវិវាទព្រំដែនដ៏រុាំរ៉ៃជាមួយថៃ តាមលំនាំឆ្នាំ១៩៦២៕

    4 min
  3. 26 MAY

    គ្រោះធម្មជាតិរន្ទះបាញ់នៅរមណីយដ្ឋានអង្គរជាមេរៀនដែលត្រូវប្រុងប្រយ័ត្នសម្រាប់កម្ពុជា?

    នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានណែនាំឲ្យក្រសួងវប្បធម៌ និងសមត្ថកិច្ចពាក់ព័ន្ធសិក្សាឡើងវិញ និងពង្រីកបន្ថែមនូវប្រព័ន្ធការពាររន្ទះនៅក្នុងរមណីយដ្ឋានអង្គរ។ ការណែនាំរបស់នាយករដ្ឋមន្ត្រីធ្វើឡើង បន្ទាប់ពីមានហេតុការណ៍រន្ទះបាញ់នៅប្រាសាទអង្គរវត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងវប្បធម៌ដែលមានអាជ្ញាធរជាតិអប្សរាជាសេនាធិការសហការជាមួយអាជ្ញាធរខេត្តសៀមរាបក្នុងការសិក្សាឡើងវិញអំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមនូវប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ពិសេសរមណីយដ្ឋានអង្គរដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរចំពោះគ្រោះធម្មជាតិ ដូចជារន្ទះជាដើមដែលកាន់តែមានសភាពខ្លាំងជាងមុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ការណែនាំរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើងតែ១សប្តាហ៍ ក្រោយហេតុការណ៍រន្ទះបាញ់មួយនៅក្នុងបរិវេណរមណីយដ្ឋានអង្គរដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសមួយចំនួន។ បាតុភូតរន្ទះបាញ់នៅប្រាសាទអង្គរវត្តមួយនេះត្រូវបានមហាជនបង្ហាញចេញនូវភាពចម្រូងចម្រាសមតិគ្នាជាមួយនឹងមន្ត្រី និងអ្នកគាំទ្ររដ្ឋាភិបាលដែលមិនចង់ឲ្យមានការផ្សព្វផ្សាយព័ត៌មានបាតុភូតធម្មជាតិនេះ។ តែមហាជនខ្មែរមួយចំនួនទៀតចង់ឲ្យអាជ្ញាធរទទួលស្គាល់ការពិត ជាជាងលាក់លៀម។ ទោះយ៉ាងណា រន្ទះបាញ់នៅអង្គរបានបង្កើតជាសំណួរ និងចម្ងល់នៅក្នុងចំណោមមហាជនដែលថា តើតំបន់ប្រាសាទអង្គរមានបានដាក់ប្រព័ន្ធការពាររន្ទះ ឬក៏មិនមាន?។ តែតាមរយៈការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីបានឆ្លុះបញ្ជាំងថា កន្លងទៅ ស្ថាប័នអាជ្ញាធរជាតិអប្សរា រួមទាំងក្រសួងវប្បធម៌ក៏មានការរៀបចំប្រព័ន្ធការពារគ្រោះធម្មជាតិគ្រប់ប្រភេទដែរ តែគ្រាន់នៅមានចន្លោះប្រហោង។ ជាការពិត មិនមានអ្វីល្អឥតខ្ចោះទេនៅលើលោកនេះ។ តែអ្វីដែលសំខាន់ គឺការហ៊ានទទួលស្គាល់ការពិតនៅចំពោះហេតុការណ៍ដែលបានកើតឡើងដោយអចេតនា និងដែលជាគ្រោះធម្មជាតិមិនអាចគេចបាន។ ដូច្នេះ បញ្ហារន្ទះបាញ់នៅតំបន់អង្គរ គឺជាមេរៀនដែលអាជ្ញាធរត្រូវយកជាបទពិសោធន៍ក្នុងស្មារតីការពារជាមុន ប្រសើរជាងការព្យាបាលជាក្រោយ។ ជាការកត់សម្គាល់ គ្រោះធម្មជាតិរន្ទះបាញ់ដ៏កម្រនៅក្នុងប្រាសាទអង្គរពេលនេះបានឆ្លុះបញ្ចាំងពីកង្វះខាតនៅក្នុងការប៉ាន់ស្មានស្ថានការណ៍ជាមុន ខណៈអ្នកធ្វើការងារលើវិស័យទេសចរណ៍នានាកំពុងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាអង្គរវត្តដូចមុនផ្ទុះវិបត្តិជំងឺកូវីដ១៩។ សូមរម្លឹកជូនថា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដែលជាសេនាធិការរបស់ក្រសួងវប្បធម៌ រមណីយដ្ឋានអង្គរដែលមានទំហំ ៤០០គីឡូម៉ែត្រការ៉េត្រូវបានអភិវឌ្ឍន៍ អភិរក្ស និងកែលម្អឲ្យប្រសើរឡើងជាបន្តបន្ទាប់។ អាជ្ញាធរជាតិអប្សរាបាន និងបន្តធ្វើការងារសំខាន់ៗជាច្រើនដូចជា ការជួសជុលប្រាសាទ ជួសជុលរូបចម្លាក់ និងស្ពានហាល ការស្តារស្រះ ការស្រាវជ្រាវបុរាណវិទ្យា ការថែទាំដើមឈើ និងព្រៃ បង្កើតភ្នាក់ងារសង្គ្រោះបឋម និងការបង្កើតសេវាធ្វើដំណើរកម្សាន្តសប្បាយផ្សេងៗនៅក្នុងតំបន់អង្គរជាដើម។ ទោះជាយ៉ាងនេះក្តី រន្ទះបាញ់នៅប្រាសាទអង្គរថ្មីៗកន្លងទៅអាចចាត់ទុកជាភាពចន្លោះប្រហោង និងជាមេរៀនដែលត្រូវមានការប្រុងប្រយ័ត្នជាមុន ពិសេសទាក់ទងទៅនឹងបញ្ហាសន្តិសុខ និងសុវត្ថិភាព មិនចំពោះតែនៅតំបន់អង្គរតែមួយនោះទេ។ មួយវិញទៀត ការបង្ហាញពីតម្លាភាពចំពោះភាពចន្លោះប្រហោងដោយអចេតនា គឺជាការទទួលខុសត្រូវមួយប្រកបដោយកិត្តិយសដើម្បីបង្កើតឲ្យមានទំនុកចិត្តពីមហាជន ក៏ដូចពីទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីតំបន់អង្គរ ទីកន្លែងផ្សេងដែលមហាជនចង់ឃើញមានស្វ័យការពារសុវត្ថិភាពពីគ្រោះធម្មជាតិដែរនោះ គឺកន្លែងកម្សាន្ត រមណីយដ្ឋាន ឬទីប្រជុំជនផ្សេងៗទៀត ដោយមិនចាំបាច់មានអនុសាសន៍ពីនាយករដ្ឋមន្ត្រី៕

    4 min
  4. 19 MAY

    ទិវាជាតិនៃការចងចាំ ២០ឧសភានិង១៧មេសា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏អាក្រក់ដូចគ្នាសម្រាប់កម្ព

    ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកជា«ទិវាជាតិនៃការចងចាំ»។ ទិវាជាតិនៃការចងចាំនេះត្រូវបានរដ្ឋាភិបាល និងអាជ្ញាធរដែនដីរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធដល់ប្រជាជនខ្មែរជិត ២លាននាក់ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត។ រដ្ឋាភិបាល និងគណបក្សប្រជាជនបានឲ្យតម្លៃថ្ងៃ២០ ឧសភា ជាថ្ងៃដែលត្រូវចងកំហឹងឈឺចាប់ធំជាងថ្ងៃ១៧ មេសា ដែលពួកខ្មែរក្រហមឡើងកាន់អំណាច។ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ រដ្ឋសភានៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា«ទិវាចងកំហឹង» ចំពោះបនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផនដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនខ្មែរ ហើយទិវាមួយនេះត្រូវបានប្រារព្ធធ្វើចាប់តាំងពីឆ្នាំ ១៩៨៤ មក។ តែនៅក្រោយឆ្នាំ ១៩៩៣ រដ្ឋាភិបាលកម្ពុជាបានប្តូរពី «ទិវាចងកំហឹង» ទៅជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ និងក្រោយមកទៀតបានប្តូរទៅជា « ទិវាជាតិនៃការចងចាំ »។ នៅក្នុងសារលិខិតមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញផ្សាយនាថ្ងៃទី១៩ ខែឧសភានេះ ការកំណត់យកថ្ងៃទី២០ ឧសភា ជាទិវាជាតិនៃការចងចាំមានចំណុចពីរសំខាន់ ទី១ ថ្ងៃទី២០ ឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើត «សហករណ៍» ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គីដោយលុបបំបាត់កម្មសិទ្ធិឯកជននៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។ គោលនយយោបាយនេះត្រូវបានចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ចំណុចសំខាន់ទី២ មុនពេលឈានដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេដឹកនាំខ្មែរក្រហម ប៉ុល ពត និងនួន ជា បានរៀបចំផែនការ និងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ក្នុងនោះមានការជម្លៀសមនុស្សដោយបង្ខំពីទីក្រុង ធ្វើការដោយបង្ខំ និងការធ្វើបាបនៅតាមការដ្ឋានការងារ និងសហករណ៍ ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃជាដើម។ ប្រជាជនស្លូតត្រង់ប្រមាណជិត ២លាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។ ផ្ទុយពីរដ្ឋាភិបាល និងមេដឹកនាំគណបក្សកាន់អំណាច សកម្មជន និងអ្នកនយោបាយប្រឆាំង ពិសេសអ្នកនៅក្រៅប្រទេសបានចាត់ទុកថ្ងៃទី១៧ មេសា ដែលពួកខ្មែរក្រហមឡើងកាន់អំណាចជាថ្ងៃសំខាន់ដែលត្រូវរំលឹក និងចងចាំ។ នៅចំពោះមុខស្តូបតម្កល់លលាដ៍ឆ្អឹងជនរងគ្រោះជាង ២ម៉ឺននាក់ដែលត្រូវបានសម្លាប់នៅវាលពិឃាតបឹងជើងឯកក្នុងសម័យខ្មែរក្រហម គណបក្សប្រឆាំងក៏ធ្លាប់បានរៀបចំពិធីជួបជុំ បង្សុកូល និងរាប់បាត្រ ឧទ្ធិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែរ។ ទន្ទឹមគ្នានេះ គណបក្ស និងអ្នកនយោបាយប្រឆាំងមិនភ្លេចរម្លឹកដល់ព្រឹត្តិការណ៍ថ្ងៃ១៧ មេសា ១៩៧៥ ដែលជាថ្ងៃខ្មែរក្រហមឡើងកាន់អំណាច និងក៏ជាថ្ងៃផ្តើមឲ្យមានការធ្វើទារុណកម្ម និងការសម្លាប់ជីវិតពលរដ្ឋខ្មែរយ៉ាងរង្គាលអស់ជិត ២លាននាក់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ កន្លងមក អ្នកនយោបាយរបស់គណបក្សកាន់អំណាចក៏ធ្លាប់បានរំលឹកព្រឹត្តិការណ៍ថ្ងៃ១៧ មេសាដែរ គ្រាន់តែមិនមានរៀបចំពិធី ឬមិទ្ទិញអ្វីផ្លូវការក្រៅពីការលើកឡើងតាមរយៈបណ្តាញសង្គមពីអនុស្សាវរីយ៍ដ៏ជូរចត់ដែលបានឆ្លងកាត់ក្នុងរបបដ៏ព្រៃផ្សៃដឹកនាំដោយ ប៉ុល ពត ទេ។ សម្រាប់ថ្ងៃ២០ ឧសភា ថ្នាក់ដឹកនាំ និងអ្នកនយោបាយគណបក្សប្រជាជនកម្ពុជាតែងបានគូសបញ្ជាក់ថាជាថ្ងៃដែលគេត្រូវរៀបចំពិធីរំលឹកដោយមិនអាចបំភ្លេចបាន។ ជារៀងរាល់ឆ្នាំ ទោះតូច ឬធំក្តី គណបក្សកាន់អំណាចតែងរៀបចំពិធីនេះដោយចាត់ទុកជាថ្ងៃកាន់ទុក្ខជាប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងនេះក្តី ថ្ងៃ១៧ មេសា និងថ្ងៃ២០ ឧសភា ត្រូវបានគ្រប់គ្នាចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រដូចគ្នា ព្រោះវាបានធ្វើឲ្យប្រទេស និងប្រជាជនកម្ពុជាក្រឡាប់ចក្រ វិនាសព្រាត់ប្រាស់ បាត់បង់អាយុជីវិត និងត្រូវហែលនៅក្នុងសោកនាដកម្មដ៏ខ្លោចផ្សារជាទីបំផុត៕

    4 min
  5. 12 MAY

    ហេតុអ្វីបញ្ហាព្រំដែននឹងបន្តក្លាយជារបៀវារៈក្តៅទាំងបច្ចុប្បន្ន និងទៅអនាគត?

    នៅក្នុងចំណោមប្រធានរឿងដ៏រសើបនៅក្នុងនយោបាយខ្មែរ បញ្ហាព្រំដែនគឺជាចំណុចក្តៅមួយដែលអ្នកនយោបាយ និងសកម្មជនលើកយកមកធ្វើជាអាវុធសម្រាប់វាយប្រហារគ្នា ពិសេសការដាក់បន្ទុករបស់ក្រុមអ្នកនយោបាយប្រឆាំងទៅលើរដ្ឋាភិបាល។ តែប្រធានបទព្រំដែននេះអាចនឹងធូរស្រាលវិញរវាងខ្មែរ និងខ្មែរ ប្រសិនបើរដ្ឋាភិបាលកម្ពុជាអាចសម្រេចបាននូវលទ្ធផលជាវិជ្ជមានជាមួយប្រទេសជិតខាង។ ជាទូទៅ បញ្ហាព្រំដែនទាំងព្រំដែនកម្ពុជាជាមួយវៀតណាម និងជាមួយថៃបានក្លាយជាប្រធានបទនយោបាយដ៏សកម្មនៅក្នុងប្រទេសកម្ពុជា។ ស្ងប់ស្ងាត់បន្តិចទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាមតាមរយៈតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) តែកំពុងពុះកញ្ជ្រោលនៅព្រំដែនភាគខាងលិចរវាងកម្ពុជា និងថៃ។ ព្រំដែនកម្ពុជា-ថៃដែលមានប្រវែងជាង ៨០០គីឡូម៉ែត្រ និងដែលនៅមានចំណុចសំខាន់ៗមួយចំនួនត្រូវបានអ្នកនយោបាយលើកយកមកធ្វើជារបៀបវារៈក្នុងការស្អំកម្តៅនោះ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ដែនទឹកត្រួតស៊ីគ្នា និងកោះគុត។ កោះគុតអាចជាប្រធានបទដំបូងដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ២០២៤ បន្ទាប់ពីបញ្ហាព្រំដែនត្រូវបានបង្វែរពីតំបន់ CLV-DTA ជាប់វៀតណាម។ អ្នកនយោបាយប្រឆាំង និងពលរដ្ឋខ្មែរជាតិនិយមខ្លះបានលើកយកបច្ចុប្បន្នភាពនៃកោះគុតមកចោទសួរ និងផុសតាមបណ្តាញសង្គម។ ចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ មក ប្រាសាទតាមាន់ធំបានក្លាយជាចំណុចចាប់អារម្មណ៍ថ្មីមួយទៀត ក្រោយមានការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ និងទាហានថៃបន្ទាប់ពីទាហានថៃបានហាមឃាត់ពលរដ្ឋខ្មែរមិនឲ្យច្រៀងចម្រៀងជាតិនៅលើប្រាសាទតាមាន់ធំ។ តែកាលពីពេលថ្មីៗនេះ ប្រាសាទតាមាន់ធំហាក់បានវិលមករកស្ថានភាពដើមវិញ តាមរយៈការសម្រួលឲ្យមានទាហានឈរជើងនៅទីនោះពីភាគីកម្ពុជា និងថៃម្ខាងៗ ៥នាក់។ សំណុំរឿងព្រំដែនធំៗជាមួយថៃទាំងនេះជាឱកាសផ្តល់ឲ្យអ្នកនយោបាយ ក៏ដូចជាអ្នកជាតិនិយមខ្មែរ និងថៃមិនទុកចិត្តលើមេដឹកនាំនៃប្រទេសទាំងពីរទាក់ទងនឹងដំណោះស្រាយដែលពួកគេចង់ឲ្យរដ្ឋាភិបាលទាញយកឈ្នះរៀងៗខ្លួន។ តែគេបានសង្កេតឃើញថា របៀបរបបនៃការធ្វើការរបស់កម្ពុជាលើកិច្ចការព្រំដែនជាមួយប្រទេសជិតខាងហាក់ត្រូវបានអនុវត្តខុសពីលើកមុន។ ខុសពីមុនដោយសាររដ្ឋាភិបាលមិនបានបញ្ចេញព័ត៌មានច្រើនដែលជាការវិវត្តន៍ថ្មីៗបំផុតពីដំណោះស្រាយព្រំដែនឲ្យសារធារណជនបានដឹង ពិសេសជាមួយថៃរឿងកោះគុត និងរឿងប្រាសាទតាមាន់ធំ។ ចំណែកនៅខាងថៃ មេដឹកនាំតែងបានបញ្ជាក់តាមប្រព័ន្ធផ្សព្វផ្សាយពីស្ថានភាពច្បាស់លាស់នៃតំបន់ជម្លោះជាមួយកម្ពុជាដែលធ្វើឲ្យអ្នកជាតិនិយម និងអ្នកនយោបាយប្រឆាំងថៃមានការស្ងប់ចិត្ត។ រីឯនៅកម្ពុជា អ្នកនយោបាយ និងអ្នកជាតិនិយមខ្មែរមួយចំនួនមិនទាន់ស្ងប់ចិត្តដូចថៃនៅឡើយ ព្រោះពួកគេចង់ស្តាប់ការបញ្ជាក់ច្បាស់ៗចេញពីមាត់មេដឹកនាំខ្មែរដូចដែលមេដឹកនាំថៃបានថ្លែងប្រាប់ពលរដ្ឋខ្លួន។ ចំណុចនេះធ្លាប់ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត រិះគន់ក្រុមប្រឆាំង ពិសេសអ្នកនៅក្រៅប្រទេសថាបានតែមាត់ និងតាំងខ្លួនជាអ្នកស្នេហាជាតិ ដោយចង់រុញឲ្យផ្ទុះសង្គ្រាមរវាងកម្ពុជា និងថៃ នៅចំណុចព្រំដែនដូចជាប្រាសាទតាមាន់ធំជាដើម។ ទោះយ៉ាងណារដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីរូបភាពនៃការប្រឹងប្រែងរបស់ខ្លួនដែរ។ តាមរយៈពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថាកម្ពុជានឹងប្រើប្រាស់គ្រប់មធ្យោបាយជាមួយថៃ ប្រសិនបើមានការបំពានណាមួយដោយប្រដាប់អាវុធមកលើបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការប្រើប្រាស់កម្លាំងយោធាផង។ តាមរយៈការដំឡើងសំឡេងខ្លាំងៗរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាជាសាធារណៈដូច្នេះត្រូវបានគេមើលឃើញថា គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មេដឹកនាំខ្មែរក្នុងការទទួលស្គាល់អធិបតេយ្យភាពនៃទឹកដីរបស់ខ្លួននៅតំបន់ជម្លោះជាមួយថៃ គ្រាន់តែថាមិនបានបញ្ជាក់ចំៗឈ្មោះ និងទីតាំងប៉ុណ្ណោះ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ សំណុំរឿងកោះគុតត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអះអាងថា គឺនៅតែបន្តចរចា ពោលមិនទាន់មានការឯកភាពគ្នានៅឡើយទេ។ លើសពីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាក៏បានបង្ហាញពីការងារសកម្មភាពរបស់ខ្លួន ដោយចុះទៅតាមបន្ទាត់ព្រំដែន និងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC)រវាងកម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ព

    6 min
  6. 15/10/2024

    ទោះបីមានអ្នកដឹកនាំថ្មី តែបន្ទាត់នយោបាយកម្ពុជាបន្តគូសវាសដោយលោកហ៊ុន សែន?

    បន្ទាប់ពីទទួលបានជ័យជំនះភ្លូកទឹក ភ្លូកដីនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ លោកហ៊ុន ម៉ាណែតត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ជាង ១ឆ្នាំមកហើយដែលលោកហ៊ុន ម៉ាណែតបានដឹកនាំប្រទេស តែក្នុងក្រសែភ្នែករបស់កាសែតបរទេស ទោះបីជាកម្ពុជាមានលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេនដែលទទួលបានការរៀនសូត្រជ្រៅជ្រះពីលោកខាងលិចក៏ដោយក៏លោកហ៊ុន សែនដែលជាឪពុកនៅតែមានឥទ្ធិពលខ្លាំងក្លានៅក្នុងនយោបាយកម្ពុជា។ ក្រោយឈ្នះការបោះឆ្នោតឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានប្រកាសតែងតាំងលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេនពីឪពុក គឺលោកហ៊ុន សែនដែលបានកាន់អំណាចនៅកម្ពុជាជិត ៤០ឆ្នាំ។ ក្នុងនាមជាអ្នកបន្តវេនដែលទទួលបានការសិក្សា រៀនសូត្រជ្រៅជ្រះពីលោកខាងលិច លោកហ៊ុន ម៉ាណែតជាក្តីសង្ឃឹមថ្មីមួយសម្រាប់ការដឹកនាំប្រទេសកម្ពុជានៅក្នុងសម័យទំនើប។ តែក្រោមក្រសែភ្នែករបស់ក្រុមអ្នកប្រឆាំង រួមទាំងកាសែតបរទេសមួយចំនួន លោកហ៊ុន សែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាឪពុកនៅតែមានឥទ្ធិពល និងនៅជាអ្នកដែលកំពុងបន្តគូសវាសខ្សែបន្ទាត់នយោបាយរបស់កម្ពុជាដដែល។ តាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានបារាំង AFP ថ្ងៃទី១៤តុលា លោកហ៊ុន ម៉ាណែតនៅតែស្ថិតនៅក្រោមការចង្អុលបង្ហាញរបស់ឪពុក។ ការហ៊ានលើកឡើងយ៉ាងដូច្នេះដោយ AFP ដោយសំអាងថា ក្នុងរយៈពេល ១៤ខែនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី លោកហ៊ុន ម៉ាណែតនៅមិនទាន់បានធ្វើសន្និសីទកាសែតជាចំហរ នៅមិនទាន់បានដោះស្រាយបញ្ហាប្រឈមដែលកម្ពុជាកំពុងពើបប្រទះ ពិសេសពីការរក្សាតុល្យភាពអំណាចចិន និងលោកខាងលិច។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានកត់សម្គាល់ឃើញទៀតថា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវថ្មីៗនេះ នាយករដ្ឋមន្រ្តីវ័យក្មេងរបស់កម្ពុជាមានចេតនាមិនចង់បង្ហាញមុខមាត់ ឬកិត្តិនាមរបស់ខ្លួនដោយគេចវេសមិនធ្វើអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយណាទាំងអស់ មិនថាទាក់ទងនឹងជំនួបក្នុងក្របខណ្ឌអាស៊ាន ឬក្រៅក្របខណ្ឌអាស៊ាន។ ផ្ទុយទៅវិញ និងបើតាម AFP ដដែល ឪពុកលោកហ៊ុន ម៉ាណែត គឺលោកហ៊ុន សែនបែរជាសកម្មក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្ហាញការខ្វល់ខ្វាយទៅលើគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាទៅវិញ។ ទន្ទឹមគ្នានោះ លោកហ៊ុន សែនក៏បានបញ្ចេញប្រតិកម្មតបចំៗទៅលើសំឡេងប្រឆាំងក្នុងសំណុំរឿងដ៏ចម្រូ​ងចម្រាសស្តីពីគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណន និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA រួមទាំងបានចង្អុលឱ្យមានការអនុវត្តទោសទណ្ឌទៅលើអ្នកប្រឆាំងជាចំហទៀតផង។ គួរបញ្ជាក់ថា ក្រោយពីបានផ្ទេរអំណាចទៅឱ្យ​កូនកាលពីជាង ១ឆ្នាំមុន លោកហ៊ុន សែនដែលបានកាច់ចង្កូតប្រទេសកម្ពុជាជិត ៤ទសវត្សរ៍កំពុងកាន់តំណែងជាប្រធានព្រឹទ្ធសភា។ សម្រាប់អ្នកវិភាគនយោបាយមួយចំនួន ការចាកចេញពីតំណែងនាយករដ្ឋមន្រ្តីទៅដឹកនាំស្ថាប័នព្រឹទ្ធសភារបស់លោកហ៊ុន សែន គឺដើម្បីការពារសុវត្ថិភាពនៃការកាន់អំណាចរបស់កូន គឺលោកហ៊ុន ម៉ាណែត។ តើអ្វីដែលក្រុមអ្នកប្រឆាំង រួមទាំងអ្នកវិភាគនយោបាយបានលើកឡើង និងការចុះផ្សាយរបស់កាសែតបរទេសមួយចំនួនពេលនេះ ជារឿងគួរឱ្យ​ចំឡែក និងជារឿងគួរឱ្យ​ឆ្ងល់ដែរ ឬទេ?។ សម្រាប់លោកប៉ែន បូណាដែលជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា គឺជារឿងធម្មតាដែលមិនគួរឱ្យឆ្ងល់សោះឡើយចំពោះការដែលលោកហ៊ុន ម៉ាណែតដើរតាមបន្ទាត់គោលនយោបាយដែលគូសវាសដោយលោកហ៊ុន សែន។ ជារឿងធម្មតា និងមិនគួរឱ្យឆ្ងល់ដោយលោកប៉ែន បូណាពន្យល់ថា លោកហ៊ុន ម៉ាណែតគឺជាអ្នកបន្តវេនចេញពីគណបក្សប្រជាជនកម្ពុជាដែលមានលោកហ៊ុន សែនជាប្រធានបក្ស។ តាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះដដែល លោកហ៊ុន ម៉ាណែតមិនមែនជាមនុស្សកំណាញ់សម្តីទេ ពោលគឺជាមេដឹកនាំបើកចំហដែលតែងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋជាប់ជាប្រចាំស្តីពីបញ្ហាក្នុងស្រុក ឬបញ្ហាអន្តរជាតិនានា។ លោកប៉ែន បូណាបានបន្ថែមថា គ្មាននរណាអាចធ្វើបានដូចនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នទេ បើនិយាយពីការថ្លែងសារជាសាធារណៈ ក្នុងនោះក៏មានសារជាសំឡេង និងសារជាសំណេរនៅតាមបណ្តាញទំនាក់ទំនងសង្គម។ ពិតណាស់ ក្រោមភ្នែកចម្រុះរបស់ក្រុមអ្នកប្រឆាំង អ្នកវិភាគនយោបាយខ្លះ និងកាសែតបរទេសមួយចំនួន ការផ្ទេរអំណាចពីឪពុកទៅកូន និងការដែលកូនដើរតាមបន្ទាត់គោលនយោបាយដែលគូសវាសដោយឪពុកជារឿងដែលមិនគួរមាន និងពិបាកទទួលយក។ តែគេមិនត្រូវភ្លេចចោទជាសំណួរត្រឡប់វិញថា តើវាមិនមែនជារឿងល្អទៅវិញទេឬដែលមានឪពុកជួយគូសវាស និងតម្រែតម្រង់ផ្លូវឱ្យ​កូនដើរនោះ?។ ចូរកុំ

    6 min
  7. 29/08/2022

    នៅពេលជំនឿអរូបិយដែលគ្មានឫសគល់និងគ្មានមូលដ្ឋាន ក្លាយជាហានិភ័យសម្រាប់សង្គមខ្មែរ

    ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​ ព្រម​ទាំង​ជំនឿ​លើ​លទ្ធិ​ឥត​មូលដ្ឋាន​ផ្សេង​ៗ​ទៀត​។ នេះ​ជា​ទំនៀម​ទម្លាប់​ដែលដូន​តា​ខ្មែរ​បន្សល់​ទុក​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ប៉ុន្តែពលរដ្ឋ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ព្រោះ​ជំនឿ​អរូបិយដែល​គ្មាន​ឫស​គល់ និង​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ច្បាស់​លាស់ គឺ​ជា​ហានិភ័យ​មួយ សម្រាប់ពលរដ្ឋ និង​សង្គម​ជាតិ ប្រសិន​​បើ​ការ​ជឿ​នោះ ​មិន​បានឆ្លង​កាត់​ការ​​​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​ទេ​នោះ​។  ជំនឿ​អរូបិយ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ពោល​គឺ​យូរ​ជាងការ​ចូល​មក​ដល់​នៃ​ព្រហ្មញ្ញ​សាសនា និង ព្រះ​ពុទ្ធ​សាសនា​ទៅ​ទៀត​។ ជន​ជាតិ​ខ្មែរ​ដើម មាន​ជំនឿ​លើ​កម្លាំង​ក្រៅ​ធម្មជាតិ និង កម្លាំង​ក្រៅ​ខ្លួន ​ដែល​ជាទូទៅ​គោរព​បូជា​វត្ថុ​អរូប​ដូច​ជា អាទិទេព ទេវតា អារុក្ខ​អារក្ស និង​អ្នក​តា​នានា​។ អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​កន្លង​ទៅ​នេះ ជំនឿ​អរូបិយ​នៅ​ក្នុង​សង្គម​ខ្មែរ​មិន​ធ្លាប់​ឃ្លាត​ចាក​ទៅ​ណា​ទេ​។ ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​នៅ​តាម​ជនបទ ​នៅ​តែ​មាន​ជំនឿ​លើ​រឿង​អរូបិយ​ដដែល​។ សត្វ​ជ្រូក​ជើង​ប្រាំ សត្វ​គោ​ក្បាល​ពីរ និង​ភាព​មិន​ប្រក្រតី​ខុស​ធម្មជាតិ​ផ្សេង​ៗ អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ផ្អើល​អុជ​ទៀន​ធូប​គោរព​បូជា​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ករណី​ខ្លះ​ថែម​ទាំង​ត្រូវ​បាន​យក​ទៅ​ចុះ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ទៀត​ផង​។ សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​រឿង​អរូបិយ ករណី​ចម្លែក​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​បារមី​​​សក្តិសិទ្ធ​ខ្លាំង​ពូកែ​ចូល​សន្ធិត។ ហើយ​ការ​អុជទៀន​ធូប​គោរព​បូជា​នានា នឹង​នាំ​មក​នូវ​លាភ​សំណាង​ដល់​ពួក​គេ​។ នេះ​ជា​រឿង​មួយ។ ក្រៅ​ពី​ជំនឿ​លើ​ភាព​មិន​ប្រក្រតី​នៃ​ធម្មជាតិ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ថែម​ទាំង​មាន​ជំនឿ​លើ​​​អាគម​អរូបិយ និង​សិល្ប៍​សាស្ត្រវិទ្យាការ​ផ្សេង​ៗ​​ទៀត​ផង​។ ជំនឿ​នេះ​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ទៅ​រក​គ្រូ​ទាយ៖ ខ្លះ​ដើម្បី​ជោគ​សំណាងក្នុង​ការងារ​មុខ​របរ ខ្លះ​ដើម្បី​រំដោះ​គ្រោះ​អាក្រក់ ហើយ​ខ្លះ​ទៀត​ទៅ​រក​គ្រូ​ទាយ ដើម្បី​ភាព​សម​បំណង​ក្នុង​រឿង​ស្នេហា​ជា​ដើម​។ ជា​ការ​កត់​សម្គាល់ ជំនឿ​លើ​រឿង​អរូបិយ បារមី​សក្តិសិទ្ធ​អស់​ទាំង​នេះ មិន​មែន​មាន​តែនៅ​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​តាម​ជនបទ ដែល​មាន​ចំណេះដឹង​ទាប ខ្វះទី​ពឹង​ពំនាក់​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយនោះ​ទេ ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជា​អ្នក​មាន​ទ្រព្យ​ធន ជាពិសេស​អ្នក​ដែល​ប្រកប​មុខ​របរ​រក​ស៊ី អ្នក​នយោបាយ និង​មន្ដ្រី​អ្នក​មុខ​អ្នក​ការ​ដែល​មាន​តំណែង​ខ្ពស់​មួយ​ចំនួន ក៏​ជឿ​លើ​រឿង​ទាំង​នេះ​ដែរ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ការ​​​ជឿជាក់​ទៅ​​​​លើ​អារុក្ខ​អារក្ស​អ្នក​តា ឬ​ដាក់​ចិត្ត​ដាក់​ថ្លើម​ជឿ​ទៅ​លើ​គ្រូ​បារ្យ​អាចារ្យ​ណា​មួយ គឺ​ជា​ជំនឿ​ដូច​គ្នា​នឹង​ការ​បូជា​ចំពោះ​ព្រះ​ព្រហ្ម ព្រះ​សិវៈ និង​ព្រះ​វិស្ណុ​នៅ​ក្នុង​ព្រហ្មញ្ញ​សាសនា ឬ​ការ​គោរព​បូជា​ព្រះ​ពុទ្ធសាសនា​ដូច្នោះ​ដែរ​។ ការ​មិន​ជឿ​លើ​សាសនា ឬ លទ្ធិ​ណា​មួយ​សោះ ក៏​ជា​សិទ្ធិ និង​ជា​ជំនឿ​មួយ​ប្រភេទ​ដែរ​។ បើ​ទោះ​បី​ជា​វា​ជា​សិទ្ធិ​សេរីភាពរៀង​​ៗខ្លួន​​ក៏​ដោយ ក៏​ពលរដ្ឋ​​ម្នាក់​ៗ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ដោយ​ចំពោះ​ជំនឿ​អរូបិយ​តែ​ម្ដង ព្រោះ​ខុស​ពី​សាសនា​ផ្សេង​ៗ ជំនឿ​អរូបិយ​ជា​ទូទៅ​ត្រូវ​បាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​តាម​រយៈ​បុគ្គល​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ក្បួន​ខ្នាត​ច្បាស់​លាស់ ដើម្បី​​វាស់ស្ទង់​​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុវត្ត​ឡើយ​។ ភាព​មិន​ច្បាស់​លាស់​ និង​ជំនឿ​ងប់​ងល់​របស់​ពលរដ្ឋ ផ្ដល់​ឱកាស​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​អាជីវកម្ម​បោក​បញ្ឆោត​របស់​បុគ្គល​មួយ​ចំនួន​។ នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​ជឿ​លើ​វោហាសាស្ត្រ​របស់​អតីត​អ្នក​នយោបាយ​មួយ​រូប ប្រជាពលរដ្ឋ​ជា​ច្រើន ទាំង​នៅ​ក្រៅ​ស្រុក និង​ជា​ពិសេស​បង​ប្អូន​ខ្មែរ​ដែល​ធ្វើ​

    7 min
  8. 22/08/2022

    «វៀតណាម» នៅក្នុងទស្សនៈជនជាតិខ្មែរ

    ប្រតិកម្ម​ចម្រុះ​ធ្លាក់​មក​ព្រោង​ព្រាត ក្រោយ​ពី​កម្ពុជា​សម្រេច​បង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមនៅលើទឹកដីខ្មែរ។ ជា​ការ​ចាក់​សាំង​ថែម​ពី​លើ​ភ្លើង អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន បាន​យក​រឿង​នេះ ទៅ​ភ្ជាប់​ជាមួយ​សំណុំ​រឿង​ការ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​និង​កោះ​ត្រល់​ទៅឲ្យ​វៀតណាម ហើយ​​បង្កទៅ​​ជា​ការ​ជជែក​ស្រួចស្រាល់​លើ​បណ្ដាញ​សង្គម​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ សិក្សា​ពី​ទំនាក់​ទំនងរវាង​ជនជាតិ​ខ្មែរ​និង​វៀតណាម។ តើ​ហេតុ​អ្វី​បាន​ជា​​ជន​ជាតិ​ខ្មែរ​ខ្លះ មិន​ទុក​ចិត្ត​វៀតណាម ហើយ​ចាត់​ទុក​ប្រទេស​វៀតណាម​និង​ជនជាតិ​វៀតណាម ​ថា​​ជាចោរ​លួច​ទឹក​ដី​ខ្មែរ​? ទស្សនៈ «ស្អប់» វៀតណាម គឺ​ជា​ជំងឺ​ត​ជំនាន់​នៅ​ក្នុង​សង្គម​ខ្មែរ ហើយ​ជំងឺ​នេះ ទំនង​ជា​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​បាន​ឡើយ​។ នៅ​ក្នុង​ទស្សនៈ​របស់​ជនជាតិ​ខ្មែរ​មួយ​ចំនួន វៀតណាម ឬ យួន កំពុង​តែ​លេប​ត្របាក់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បញ្ជូន​ប្រជាពលរដ្ឋ​វៀតណាម​មក​រស់​នៅ រកស៊ី​ដោយ​ខុស​ច្បាប់​នៅ​ស្រុក​ខ្មែរ​ និង​ការ​វាត​យក​ទឹក​ដី​ខ្មែរ​នៅ​តាម​ខ្សែ​ព្រំដែន​។ ទស្សនៈ​នេះ​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ផ្នត់​គំនិត​មនុស្ស​ខ្មែរ គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ រាប់​ចាប់​តាំង​ពី​​ប្រជាពលរដ្ឋ​ធម្មតា អ្នក​នយោបាយ និង​បណ្ឌិត​ផង​ដែរ​។ គំនិត​អគតិ​របស់​ពលរដ្ឋ​ខ្មែរ​ចំពោះ​ជនជាតិ​វៀតណាម​ដូច្នេះ មិន​មែន​ជា​រឿង​ថ្មី​​ឡើយ​។ មិន​ថ្មី​​ព្រោះ​ខ្មែរ​និង​វៀតណាម មាន​ប្រវត្តិ​ជូរ​ចត់​រួម​គ្នា​ជា​ច្រើន​ជំនាន់​មក​ហើយ គឺ​​ចាប់​តាំង​ពី​​ពាក់​កណ្ដាល​សតវត្សរ៍​ទី​១៥ ដែល​ដែន​ដី​ខ្មែរត្រូវ​​លេប​ត្របាក់ដោយ​​សៀម​នៅ​ខាង​លិច និង​អាណ្ណាម នៅ​ខាង​កើត ដែល​បច្ចុប្បន្ន​ជា​ប្រទេស​វៀតណាម។ នៅ​អំឡុង​សតវត្សរ៍​ទី​១៩ នគរ​អាណ្ណាម បាន​កាត់​យក​ទឹក​ដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម​ពី​ខ្មែរ និង​​បាន​លើក​បន្តុប​ក្សត្រិយ អង្គម៉ី ឲ្យ​ឡើង​គ្រង​រាជ្យ​ជា​មហាក្សត្រ​ខ្មែរ​។ ក្រោម​ខ្សែ​ញាក់​របស់​នគរ​អាណ្ណាម ក្សត្រិយ អង្គម៉ី បាន​ព្យាយាម​បំបាត់ប្រពៃណី ទំនៀមទម្លាប់ សាសនា និង​របៀបរបប​គ្រប់គ្រង​រដ្ឋបាល​ពី​បុរាណ​របស់​នគរ​ខ្មែរ។ ខេត្ត​របស់​ខ្មែរ ដែល​មាន ៥៦ ត្រូវ​បានកាត់បន្ថយ​មក​នៅ​ត្រឹម ៣៣ ហើយ​ត្រូវ​ប្តូរឈ្មោះ​​ហៅ​តាម​ភាសាវៀតណាម​វិញ ហើយ​គ្រប់​ចៅហ្វាយខេត្ត​ទាំងអស់​នេះ ត្រូវ​មាន​ជំនាញការ​វៀតណាម​ម្នាក់​មក​ត្រួតពីលើ។ ដោយទ្រាំ​មិនបាន​នឹង​ទង្វើ​​នេះ ប្រជារាស្រ្ត​ខ្មែរ​ក៏​បាន​នាំគ្នា​ងើបឡើង​បះបោរ ធ្វើការ​វាយឆ្មក់ កាប់ស្លាប់​ទាហាន និង​ប្រជាជន​អាណ្ណាម​ដោយ​ឥតរើសមុខ​។ ​ការ​បះបោរ​ប្រឆាំង​អាណ្ណាម ឬ វៀតណាម​លើក​នោះ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ចាប់​តាំង​ពី​ពេល​នោះ មក អំពើ​ហិង្សា និង​ការ​លាប​ពណ៌ ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​កើត​មាន​ជា​បន្ត​បន្ទាប់និងខ្លាំង​ឡើង​ៗ រាប់​ចាប់​តាំង​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ សម័យ​រដ្ឋ​កម្ពុជា និង​សម័យ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទី​២​សព្វ​ថ្ងៃ​។ សម្រាប់​ជន​ជាតិ​ខ្មែរ​មួយ​ចំនួន ប្រទេស​វៀតណាម​និង​ជនជាតិ​វៀតណាម ​នៅ​តែ​​ជាសភាវៈ​អាក្រក់ ជា​ចោរ​លួច​ទឹក​ដី​ខ្មែរ ហើយ​ព្យាយាម​ដាក់​អាណានិគម​លើ​ប្រទេស​​ខ្មែរ​​។ វៀតណាម​គឺ​ជា​មូលហេតុ​ដែល​ទឹក​ដី​ខ្មែរ​រួម​តូច​ដូច​សព្វ​ថ្ងៃ​។ ជនជាតិ​វៀតណាម​គឺជា​មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​គ្មាន​ការងារ​ធ្វើ ហើយ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​បរទេស​។ ពលរដ្ឋ​ខ្មែរ​ធ្លាក់​ខ្លួនឈឺ​ច្រើន ក៏​ដោយ​សារ​តែ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​។ ចំណែក​ជន​ជាតិ​ខ្មែរ​ដែល​មិន «អគតិ» ជាមួយ​ជនជាតិ​វៀតណាម ជា​រឿយ​ៗ ​ត្រូវ​បាន​លាបពណ៌​ថា​ជា​ជនជាតិ​វៀតណាម​ដែរ​។ ទស្សនៈ​អគតិ​ចំពោះ​ជនជាតិ​​វៀតណាម គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ ដែល​កម្ពុជា​​ត្រូវ​ដោះ​ស្រាយ មុន​ពេល​វា​វិវត្ត​ក្លាយ​ទៅ​ជា​ការ​រើស​អើង​​ប្រឆាំង​ពូជ​សាសន៍​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាងទស្សនៈ​អគតិ​ចំពោះ​ជនជាតិ​វៀតណាម គឺការ​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​ថា​ជា​វៀតណាម​។ តើ​មិន​មែន​ដោយ​សារ​តែ​ការ​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​នេះ​ទេ​ឬ ដែល​ធ្វើ​ឲ្យ​ខ្មែរបែក​បាក់​​គ្នា ​គុំ​គួន​សង​សឹក​គ្នា មើល​មុខ​គ្នា​មិន​ត្រង់ និង​បាត់​បង់

    5 min

About

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌ ​មកធ្វើការ​​ពន្យល់​ បំភ្លឺ ​និង​វិភាគ ជូន​លោក​អ្នក​ស្តាប់។ ​ជា​ការពន្យល់​​បកសា្រយ​ហេតុផល​នៃ​ព្រឹត្តិការណ៍ តាម​លក្ខណៈ​សត្យានុម័ត​និង​អព្យាក្រឹត។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada