ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

  1. FEB 24

    អ៊ុយក្រែន​រៀបចំពិធី​បុណ្យរំឭក​វិញ្ញាណក្ខន្ធ​​ គម្រប់​​​ខួប​៤ឆ្នាំ នៃ​​សង្គ្រាម​ឈ្លាន​

    ថ្ងៃទី​២៤កុម្ភៈ សង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន បាន​គ្រប់​៤ឆ្នាំ​ហើយ​។ ជាសង្គ្រាម​ដែលបានធ្វើ​ឲ្យ​ប្រែប្រួល​ទាំងស្រុង ដល់​កត្តាសន្តិសុខ និង​នយោបាយ​ការបរទេស​​​អឺរ៉ុប ក៏ដូចជា​ក្នុងពិភពលោក​ទាំងមូល​។ ខុសពី​ការមាក់ងាយ​របស់​លោកពូទីន ដែល​ថារុស្ស៊ីនឹង​​វាយផ្តួលរំលំ​អ៊ុយក្រែន​ក្នុងរយៈពេល​តែ​៣ថ្ងៃ​ តែ​៤ឆ្នាំមកនេះ ​អ៊ុយក្រែន​បាន​តស៊ូ​យ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដី​និងអធិបតេយ្យភាពរបស់ខ្លួន​។​ តែទន្ទឹមនឹងនេះ នៅក្នុង​សង្គ្រាម​៤ឆ្នាំមកនេះ ប្រជាជន​អ៊ុយក្រែន​បានរស់រងទុក្ខវេទនា​ ស្លាប់ និងរបួសច្រើនម៉ឺននាក់​។ ដូចឆ្នាំមុនៗ ថ្នាក់ដឹកនាំ​ស្ថាប័នសហភាពអឺរ៉ុប និង​ថ្នាក់ដឹកនាំប្រទេសសមាជិក​អឺរ៉ុបច្រើននាក់ បានធ្វើដំណើរទៅទីក្រុង​កៀ​វ ដោយជិះរថភ្លើងចេញពីប្រទេសប៉ូឡូញ ដើម្បីចូលរួម​ពិធីបុណ្យ​ខួប​គម្រប់​៤ឆ្នាំ​ នៃ​សង្គ្រាមឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន​។ វាគឺជាឱកាស ដែល​អឺរ៉ុបចង់បញ្ជាក់ប្រាប់អ៊ុយក្រែនថាអឺរ៉ុបនៅតែបន្តគាំទ្រ ជួយអ៊ុយក្រែន​ជានិច្ច​ មិនថាសង្គ្រាមនេះ​អូសបន្លាយយូរប៉ុណ្ណា។ អឺរ៉ុបប្តេជ្ញាបន្ត​ជួយអ៊ុយក្រែន​ ចាប់តាំងពីលោកដូណាល់ ត្រាំ បានត្រឡប់ចូលមក​កាន់អំណាច គឺសហរដ្ឋអាមេរិក​លែងជួយ​អ៊ុយក្រែនទៀតហើយ។ អ្វីដែលលោកដូណាល់ ត្រាំ ជួយគឺបានត្រឹមតែ​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារជាតិអាមេរិក លក់គ្រឿងសព្វាវុធនិងសម្ភារៈយោធាខ្លះ ដែល​អឺរ៉ុបគឺជាអ្នកចេញប្រាក់ទិញ​។ បច្ចុប្បន្ននេះ គឺអឺរ៉ុប​ដែលជាអ្នកផ្តល់ជំនួយថវិកាសឹងតែទាំងស្រុង​​ ទៅ​ឲ្យអ៊ុយក្រែន​​ ដើម្បីប្រយុទ្ធ​តតាំងនឹង​ការឈ្លានពាន​របស់រុស្ស៊ី​។ អឺរ៉ុបជួយ​អ៊ុយក្រែនដោយ​ក្តីអាណិតអាសូរពិតមែនហើយ តែអឺរ៉ុប​ក៏ចង់អរគុណអ៊ុយក្រែនដែរ ព្រោះ​អ៊ុយក្រែនជាអ្នកច្បាំង​ទប់រុស្ស៊ី​ មិន​ឲ្យរុលចូល​មកឈ្លានពាន​ទ្វីបអឺរ៉ុបទាំងមូល​។ សូមបញ្ជាក់ថា ផ្អែកតាម​តួលេខរបស់វិទ្យាស្ថាន Kiel នៅអាល្លឺម៉ង់ ៤ឆ្នាំមកនេះ អឺរ៉ុប​បានចំណាយ​​ប្រាក់ជួយអ៊ុយក្រែន តាមរយៈការទិញគ្រឿងសព្វាវុធនិងចំណាយ​ផ្សេងៗ ប្រមាណ​ ២០១ពាន់​លានអឺរ៉ូ​រួចហើយ។ ហើយ បច្ចុប្បន្ននេះ អឺរ៉ុបបានសន្យាជួយផ្តល់ប្រាក់ ចំនួន​១៧៨​ពាន់លានអឺរ៉ូថែមទៀត។​ លោក​ហ្សេឡេនស្គី៖ "ពូទីន​មិនបានឈ្នះសង្គ្រាមទេ!"  ព្រឹកថ្ងៃទី​២៤កុម្ភៈ នៅទីក្រុងកៀវ លោក​ប្រធានាធិបតី​អ៊ុយក្រែន បានទទួលស្វាគមន៍​ថ្នាក់ដឹកនាំអឺរ៉ុប នៅ​ក្នុងពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធ​ទាហានពលី និង​ជនស៊ីវីលអ៊ុយក្រែន ដែលបាន​ស្លាប់ដោយសារ​តែ​សង្គ្រាម​​ឈ្លានពាន​​របស់រុស្ស៊ី​។ កាលពីល្ងាចថ្ងៃទី​២៣កុម្ភៈ​ លោក​ប្រធានាធិបតី​ហ្សេឡេនស្គី បានបង្ហោះសារជាវីដេអូមួយ​ ដែល​លោក​បានថ្លែងកោតសរសើរ និងអរគុណចំពោះវីរភាពរបស់យុទ្ធជនអ៊ុយក្រែន ក៏ដូចជាទឹកចិត្តតស៊ូរបស់ប្រជាជនអ៊ុយក្រែនគ្រប់ៗរូប​។ ជាការតស៊ូដ៏អង់អាចក្លាហាន ពុះពារ​ជំនះគ្រប់ការលំបាក ទោះសត្រូវខំប្រឹងវាយបំបាក់យ៉ាងណា​។ កាលពី​៤ឆ្នាំមុន ពូទីន​បាន​ប្រកាស​អះអាងថា នឹងផ្តួលរំលំ​​រដ្ឋធានី​​កៀវក្នុងរយៈពេល តែ​​៣ថ្ងៃ​។ ដូច្នេះ​យើងឃើញហើយ ថា​ការតស៊ូរបស់យើងរឹងមាំកម្រិតណា ​​ព្រោះ៤ឆ្នាំមកនេះ​យើងនៅតែឈរដដែល​​ ​។ នៅពីក្រោយ​ពាក្យ​ពេចន៍ទាំងនេះ គឺមានជនរួមជាតិ​យើងរាប់​លាននាក់ ​ដែល​មានសេចក្តីប្តេជ្ញា​​ក្លាហានដ៏ធំធេង និង​ការពុះពារ​ជំនះ​តស៊ូ មិនថាលំបាកវេទនាកម្រិតណា​។ យើង​បាន​ការពារឯករាជ្យរបស់ជាតិយើង យើងមិនបានបាត់បង់អធិបតេយ្យភាពរបស់យើងទេ។ ចំណែក​ពូទីនវិញ ក៏មិនបាន​សម្រេច​កម្មវត្ថុ​របស់ខ្លួនដែរ។ រុស្ស៊ី​មិនអាចបំបាក់​កម្លាំង​សាមគ្គីតស៊ូរបស់ប្រជាជាតិអ៊ុយក្រែនបានឡើយ​។​ រុស្ស៊ី​មិនបានឈ្នះសង្គ្រាមទេ ព្រោះយើងបាន​រក្សាការពារ​អ៊ុយក្រែន​រហូតមក​​។ យើងនឹងបន្តតស៊ូដល់ដង្ហើមចុងក្រោយ ដើម្បី​កសាងសន្តិភាព​ឡើងវិញ ហើយ​ស្វែងរកយុត្តិធម៌ជូនជាតិយើង​។ អ៊ុយក្រែនស្លាប់ជនស៊ីវីល​​ ​១៥០០០នាក់ និងទាហានយ៉ាងហោច​ ៥៥០០០នាក់​ ផ្អែកតាមតួលេខចុងក្រោយ​ ប្រមូលដោយ​អង្គការសហប្រជាជាតិ សង្គ្រាម៤ឆ្នាំមកនេះ បានផ្តាច់ជីវិតប្រជាជនស៊ីវីល​អ៊ុយក្រែន ចំនួន​​១៥០០០នាក់ និង​របួស​ពិការ​ ចំនួនប្រមាណ​​ ៤០៦០០នាក់។  តែតួលេខជាក់ស្តែង ត្រូវគេជឿថាអាចមានច្រើនលើសនេះ ព្រោះថា​មានតំបន់ច្រើនទៀតដែលនៅក្នុងសមរភូមិ ឬស្ថិតក្នុងដៃគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី ដែលគេមិនអាចទៅស្រង់ស្ថិតិបាន​។ ប្រជាជនអ៊ុយក្រែន ប្រមាណ​៦លាននាក់ បានភៀសខ្លួនទៅជ្រកនៅប្រទេសផ្សេងៗ។ ចំណែក​ខា

    8 min
  2. FEB 9

    ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជន​ថៃ​បោះឆ្នោតជ្រើសរើស​​បក្សភូមិចៃថៃរបស់លោក​អនុធិន ឆាន

    មួយថ្ងៃក្រោយ​លទ្ធផលឆ្នោត​បឋម​បង្ហាញថា គណបក្ស​ភូមិចៃថៃរបស់​លោក​ទទួលជ័យជំនះ​ នៅក្នុង​ការបោះឆ្នោត​សភា​ថៃ ​កាលពី​អាទិត្យ​ទី ៨​កុម្ភៈ​ ​លោកអនុធិន ឆានវីរៈគូន​ នៅថ្ងៃចន្ទនេះ​បាន​ប្រកាស​ថា គណបក្ស​ភូមិចៃថៃ​ត្រៀម​ខ្លួន​រួចហើយ​ដើម្បីចាប់ដៃ​ជាមួយគណបក្ស​ដទៃទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ បើតាមលទ្ធផល​ឆ្នោត​បឋម​ប្រកាស​ដោយ​គណៈកម្មការជាតិ​រៀបចំការបោះឆ្នោត នៅយប់​ថ្ងៃអាទិត្យ គណបក្ស​ភូមិចៃថៃ​របស់​លោក​អនុធិន ឆានវីរៈគូន​​ទទួលអាសនៈ ជិត​២០០ នៅ​រដ្ឋសភា ដោយ​នាំមុខ​ដាច់ឆ្ងាយ គណបក្ស​ប្រាឆាឈុន ដែលជា​គណបក្ស​ចម្រើននិយម​របស់​លោក​ណាថាភុង រឿងបញ្ញាវុធ។ ជ័យជំនះ​របស់​គណបក្ស​ភូមិចៃថៃ គឺ​ជារឿង​ដែល​គេមិន​នឹកស្មានដល់ បើគេ​មើល​ទៅលើការព្យាករ និង​ការស្ទង់មតិ​កន្លងមក។ ទទួល​អាសនៈ​ប្រមាណ ១៩៣ ក្នុងចំណោម​អាសនៈសរុប​របស់​សភាចំនួន ៥០០ គណបក្ស​ភូមិចៃថៃ របស់លោកអនុធិន ឆានវីរៈគូន​ទទួលបាន​​សំឡេងឆ្នោតច្រើន នាំមុខគូប្រជែង ជាពិសេស​គណបក្ស​ប្រាឆាឈុន។ ​​គណបក្ស​ភូមិចៃថៃ​ទទួលបាន​លទ្ធផល​ល្អខ្លាំង មិនធ្លាប់មាន​ គិត​ចាប់តាំង​ពីគណបក្សនេះ ​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៨។  នៅ​ក្នុងការបោះឆ្នោត​មុនៗ ដូចជា​នៅ​ឆ្នាំ ​២០២៣ បក្ស​ភូមិចៃថៃបានទទួលតែ​​៧១។ ដោយសារតែ​គណបក្ស​ភូមិចៃថៃ​របស់​លោក​បានសំឡេង​តិច ​លោកអនុធិន​ធ្លាប់ត្រូវ​គេ​ប្រៀបប្រដូចទៅ​នឹង​សត្វបង្គួយ ប្តូរពណ៌ ព្រោះតែចង់បាន​​តំណែង​រដ្ឋមន្រ្តី​របស់​ក្រសួង ក្នុង​រដ្ឋាភិបាលចម្រុះ ដែល​បក្សភូមិចៃថៃបាន​ចូលរួម​ជាមួយគណបក្ស​ធំៗ ដូចជា គណបក្ស​ភឿថៃជាដើម។ ប៉ុន្តែ លើកនេះ គណបក្ស​ភូមិចៃថៃ​តែម្នាក់​ឯង ទទួលបាន​អាសនៈច្រើនជាងគេ ជិត​២០០ និង​មានអំណាច​ទៅជ្រើសរើស​បក្ស​ផ្សេង​ឲ្យមកបង្កើតរដ្ឋាភិបាលចម្រុះជាមួយខ្លួន។ បក្ស​ភូមិចៃថៃ ទទួលបានសំឡេង​ឆ្នោតច្រើនយ៉ាងដូច្នេះ ក៏ព្រោះតែ គណបក្ស​នេះ​ចេះបត់បែន​តាមកាលៈទេសៈ ដូច​ជា​​លោកអនុធិនអីចឹង។ ធ្លាប់តែ​មានជំហរ​កណ្តាល គណបក្សភូមិចៃថៃ​បាន​ងាក​ទៅចាប់ដៃ​ជាមួយ​អ្នកនយោបាយ​អភិរក្ស​និយម គាំទ្រ​ក្រុមយោធា និង​ចេញមុខ​ ការពារ​ព្រះរាជបល្ល័ង្ក ប្រឆាំង​ដាច់ខាត​រាល់ការប៉ុនប៉ង​ធ្វើកំណែទម្រង់​ច្បាប់ជេរប្រមាថព្រះមហាក្សត្រ​ជាដើម។ មួយវិញទៀត ការផ្ទុះសង្រ្គាម​ជាមួយ​កម្ពុជា ក៏ជា​ហេតុផល​មួយដែលរុញច្រាន​ឲ្យ​បក្ស​ភូមិចៃថៃ​របស់​អនុធិន​ឈ្នះឆ្នោតលើកនេះដែរ។ នៅក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោតកន្លង លោកអនុធិន បានលើកយក​​បញ្ហា​សន្តិសុខ ការការពារ​បូរណភាពទឹកដី មក​បញ្ចុះបញ្ចូល​ប្រជាជន។ លោកធ្លាប់បាន​និយាយ​ថា បើសិន​លោកឈ្នះឆ្នោត នោះលោក​នឹង​សាងសង់​ជញ្ជាំង​នៅព្រំដែន​ជាមួយកម្ពុជា និង​ផ្តល់​មធ្យោបាយ​គ្រប់បែបយ៉ាងទៅឲ្យកងទ័ព​ដើម្បី​ការពារ​ទឹកដីថៃ។ ​នៅក្នុងកាលៈទេសៈដែលប្រទេស​កំពុងមាន​បញ្ហា​ជម្លោះព្រំដែនជាមួយ​កម្ពុជា និង​យល់ថា បញ្ហា​សន្តិសុខ​នៅព្រំដែនជា​អាទិភាព​ចំបង​របស់ប្រជាជន លោក​អនុធិន​ចេះ​ច្បិច​យក​បញ្ហាជម្លោះព្រំដែនខ្មែរថៃធ្វើជាយុទ្ធសាស្រ្ត ទាក់ទាញ​អ្នកជាតិនិយមថៃ។ នៅក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃអាទិត្យម្សិលមិញ លោក​អនុធិន​និយាយ​ថា “ជាតិនិយម ស្ថិតនៅក្នុងបេះដូងរបស់​បក្ស​ភូមិចៃថៃ​ជានិច្ច”​​។​ ​​ បក្ស​ភូមិចៃថៃ របស់លោកអនុធិនទទួលបាន​អាសនៈ​​ច្រើននៅរដ្ឋសភា ​ក៏ព្រោះតែ​ ​​បក្ស​ភឿថៃធ្លាក់ចុះខ្សោយ។ ដោយសារ​តែរឿងអាស្រូវ​ដែលមាន​ជាប់ពាក់ព័ន្ធគ្នា​រវាង​គ្រួសារ​របស់​លោកថាក់ស៊ីន និងអតីតនាយករដ្ឋមន្រ្តីកម្ពុជា​ លោកហ៊ុន សែន​​ បក្ស​ភឿថៃ​ ធ្លាក់​​ចុះខ្សោយ បាត់​បង់ប្រជាប្រិយភាព​ខ្លាំង។ លទ្ធផល​ឆ្នោត​បង្ហាញថា នៅតំបន់​ភាគខាងជើង​ប្រទេស​ ដែលសំបូរដោយ​ក្រុមអាវក្រហម គាំទ្រ​បក្ស​ភឿថៃរបស់​លោក​ថាក់ស៊ីន ឥលូវនេះ បាន​ប្រែក្លាយទៅជា​ក្រុមអាវខៀវ របស់​គណបក្ស​ភូមិចៃថៃ។ គណបក្ស​ប្រាឆាឈុន ត្រូវ​បរាជ័យ បះជើង ព្រោះតែ​នយោបាយ​កំណែទម្រង់មិនចំកាលៈទេសៈ ជាមួយសន្ទុះគាំទ្រ​ និងភាពស្វាហាប់​របស់​ចលនា​យុវជន​របស់ខ្លួន ដែលចង់ឲ្យមានការផ្លាស់ប្តូរក្នុងសង្គម​ថៃ បក្ស​ប្រាឆាឈុន​ធ្លាប់​មាន​ទំនុកចិត្ត​ថា នឹង​ទទួលជ័យជំនះ​ដូចលើកមុនៗ ឬ​បានសំឡេងឆ្នោត​ច្រើន​ ផ្តាច់មុខ​ទៀតផងដើម្បី​បង្កើត​រដ្ឋាភិបាល​តែម្នាក់ឯង។ ប៉ុន្តែ គណបក្ស​ប្រាឆាឈុន​ត្រូវ​ខកចិត្ត ព្រោះ​ថា លទ្ធផល​ឆ្នោត​លើកនេះមិនល្អទាល់តែសោះ។ បក្ស​ប្រាឆាឈុន​ទទួល​បាន​១១៨អាសនៈ តិចជាង​បក្ស​ភូមិចៃថៃ សឹង​ពាក់កណ្តាល។ បក្ស​ភូមិចៃថៃ​ឈ្នះឆ្នោត ក៏ព្រោះត

    7 min
  3. 11/22/2025

    ជំនួបកំពូលហ្សេ២០ ប្រព្រឹត្តទៅជាលើកទីមួយនៅអាហ្វ្រិក ដោយគ្មានអាមេរិក

    ជំនួបកំពូលហ្សេ២០ ថ្ងៃ​ទី ២២-២៣​វិច្ឆិកាឆ្នាំ​២០២៥ ប្រព្រឹត្ត​ទៅ​ ជា​លើក​ទីមួយ នៅលើ​ដែន​ដី​ទ្វីប​អាហ្វ្រិក។ ​​ប្រទេស​អាហ្វ្រិក​ខាងត្បូង ជា​ប្រធាន​ផ្លាស់​វេន​ហ្សេ​២០ ចង់ឱ្យ​​ជំនួប​កំពូល ដែលធ្លាប់​ជា​ឱកាស​ជួបជុំ​មេដឹកនាំកំពូលៗ​នៅ​លើ​ពិភពលោក ​​ក្លាយ​​ជា​ជោគជ័យ​ការទូត​និង​ពហុភាគីនិយម។ ​អាកាសធាតុ ហិរញ្ញវត្ថុ​ និង​ភូមិសាស្ត្រ​នយោបាយ​ ជា​សំណុំ​រឿងដែល​ក្រុមហ្សេ២០​ត្រូវ​លើក​មក​ជជែក​គ្នាដោះ​ស្រាយ​​ ប៉ុន្តែប្រធានាធិបតីអាមេរិក​​លោក​ដូណាល់ត្រាំ​ បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ទេ។ តាំងពី​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៩ ​ហ្សេ២០​ ដែល​ជាក្រុម​​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្លាំង​កំពូល​គេ​ចំនួន ១៩ នៅលើ​ពិភពលោក ព្រមទាំង​សហភាពអឺរ៉ុប​និង​សហភាព​អាហ្វ្រិក បាន​បើក​ជំនួប​កំពូល​ ​ជា​លើក​ទីមួយនៅ​ថ្ងៃសៅរ៍​នេះ នៅ​ទ្វីបអាហ្វ្រិក។ ​ជំនួប​កំពូល​ប្រកប​ដោយ​និម្មិត្តរូបនេះ ​ក៏​ជា​ការ​បិទ​បញ្ចប់​វគ្គ​ហ្សេ២០​មាន​ប្រធានផ្លាស់វេន ​​ជា​ក្រុមប្រទេសខាង​ត្បូង​​ទើប​លូត​លាស់​ខ្លាំង បន្ត​បន្ទាប់​គ្នា៖ ​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០២២ ឥណ្ឌា​២០២៣ ប្រេស៊ីល​២០២៤ និង​អាហ្វ្រិក​ខាង​ត្បូង​២០២៥។ នៅ​ឆ្នាំ​២០២៦ ដល់​វេន​សហរដ្ឋ​អាមេរិក​ម្តង។ អាមេរិក​ធ្វើ​ពហិការ​ជំនួប​ហ្សេ​២០​នៅអាហ្វ្រិកខាងត្បូង ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ ​មិន​បាន​មក​ចូល​រួមជំនួប​កំពូល​នេះ​​ទេ​។ លោក ស៊ីរីល រ៉ាម៉ាហ្វូហ្សា (Cyril Ramaphosa) ប្រធានាធិបតី​អាហ្វ្រិកខាង​ត្បូង​​ បាន​ត្រឹម​​សោកស្តាយ​ចំពោះ​អវត្តមាន​របស់​ភាគី​អាមេរិក​​។ លោករ៉ាម៉ាហ្វូហ្សា​​បាន​ប្រឹង​ប្រែង​ប្រើ​គ្រប់​អស់​សិល្ប៍វិធី​ និង​ល្បិច​ដើម្បី​ល្បួង​លោក​ត្រាំ​​ឱ្យ​មក​ចូល​រួម​ដែរ​ តែ​មិន​​សម្រេច។ នៅ​ទី​បំផុត​កៅអី​សម្រាប់​សហរដ្ឋ​អាមេរិក ក្នុងពិធី​​ប្រគល់​ភារកិច្ច​​​បន្ត​វេន​ដឹកនាំ​ហ្សេ២០ ត្រូវ​នៅ​ទំនេរ។ ​អវត្តមាន​របស់​​អាមេរិក​ ​សឱ្យ​ឃើញ​អំពី​ភាពតាន​តឹងខ្លាំង​​រវាង​ប្រទេស​ទាំងពីរ។ មាន​ហេតុផល​ច្រើន ដែល​ជំរុញឱ្យ​​អាមេរិក​និង​អាហ្វ្រិក​ខាងត្បូង​មើលមុខ​គ្នា​មិន​សូវ​ចំ។ ទីមួយ ក្នុង​នាម​ជា​ប្រទេស​គាំទ្រ​នយោបាយ​ពហុនិយម​ខ្លាំងដ៏​មុះមុត អាហ្វ្រិក​ខាង​ត្បូង​បាន​ជ្រើសរើស​​ប្រធានបទ​នៃ​ជំនួបហ្សេ២០​នៅអាហ្វ្រិក​​ថា “សាមគ្គីភាព សមភាព​ និរន្តរភាព”។ សេតវិមាន​មិន​ពេញ​ចិត្ត​ពាក្យ​ស្លោក​នេះ​ទេ ហើយ​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ជំនួប​កំពូលហ្សេ​២០​តែម្តង។ ម្យ៉ាង​ទៀត តាំង​ពី​លោក​ត្រាំ​ត្រលប់​មក​ដឹកនាំ​សហអាមេរិក​ជា​ថ្មី រដ្ឋបាល​អាមេរិក​បាន​ដៅ​វាយប្រហារ​លើ​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​រហូត ព្រោះ​អាហ្វ្រិក​ខាង​ត្បូង​មាន​ជំហរ​អព្យាក្រឹត្យ គាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន ជា​មិត្ត​នឹង​អ៊ីរ៉ង់ ហើយ​មាន​ជម្រើស​នយោបាយ​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​លោក​ត្រាំ​ក្តៅ​ក្រហាយ។ ក្រៅ​ពី​លោក​ត្រាំ ប្រធានាធិបតី​រុស្ស៊ីដែល​ជាប់​ដីកាអន្តរជាតិ ក៏​អវត្តមាន​ដែរ។ ​ប្រធានាធិបតី​​ចិនស៊ីជីនពីងបាន​បញ្ជូន​នាយករដ្ឋមន្ត្រីមក​ជា​តំណាង។ អាហ្វ្រិក​ខាង​ត្បូងតាំងជំហរ​ពហុភាគី​និយម ទោះបី​ជា​លោកត្រាំ​របស់​អាមេរិក​​អវត្តមាន​ក៏​ដោយ​ ក៏​លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​​​មិន​ចុះ​ញ៉ម មិន​បន្ទន់​ជំហរ​ មិន​ប្តូរ​កម្មវត្ថុ​ជា​អាទិភាព​​សម្រាប់​ជំនួប​កំពូល​នេះទេ។ លោក​បាន​តាំង​ចិត្ត​ប្រែក្លាយ​ជំនួប​នេះ​ជា​ជោគជ័យ​ការទូត​និង​ពហុភាគី​និយម។ ​ ក្រៅ​អំពី​សំណុំ​រឿង​អ៊ុយក្រែន ដែល​មិនអាច​​រំលង​បាន​ ហ្សេ២០​អាហ្វ្រិក​បានផ្តល់​អាទិភាព​​ទីមួយ​ ទៅ​លើ​​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​ធម្មជាតិ​។ អាហ្វ្រិក​ខាង​ត្បូង​ចង់​ប្រមូល​ហិរញ្ញវត្ថុ​វិនិយោគថ្មីៗ និង​ឱ្យ​បាន​ច្រើន​ជាង​មុន ​ដើម្បីការពារ​ប្រទេស​ងាយ​រងគ្រោះខ្លាំង និង​ដើម្បី​ធ្វើ​អន្តរកម្ម​ថាមពល ជា​ប្រយោជន៍​អាកាសធាតុ​។ អាហ្វ្រិក​ខាង​ត្បូងមិន​ត្រូវការ​ខ្ចី​លុយ​បែប​ធម្មតា​ទេ តែ​ចង់​បាន​​ប្រាក់​ឧបត្ថម្ភ​ និង​កម្ចី​ក្នុង​អត្រាការ​ប្រាក់ដ៏​ទាប​បំផុត ទើប​ពិភពលោក​អាច​ឆ្លង​អន្តរកាល​ប្រកប​ដោយសមធម៌​បាន។​ បំណុល​របស់​ក្រុមប្រទេស​ចាប់​លូតលាស់​ ជា​អាទិភាព​មួយ​ទៀត​ដែល​ត្រូវ​ពិភាក្សា​ដោះស្រាយ​ដែរ។ ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង បាន​លើក​សំណើ​សុំ​ឱ្យ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​លក់​មាសក្នុង​ស្តុក​​ខ្លះ​ដើម្បី​ជួយ​ដោះបំណុល​ប្រទេស​

    5 min
  4. 11/13/2025

    ១០​ឆ្នាំ​ក្រោយ​ភេរវកម្ម១៣វិច្ឆិកា២០១៥​ បារាំង​ប្រឈម​​នឹង​ការ​គំរាម​ភេវកម្ម​​​ក្នុង​ទម

    ១៣​វិច្ឆិកា​២០១៥-១៣​វិច្ឆិកា​២០២៥ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​១០​ឆ្នាំ​ នៃ​​ភេរវកម្ម​ដ៏​មហា​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង។ ភេរវកម្ម​​បានផ្តាច់​ជីវិត​មនុស្ស​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ នា​ឱកាស​នេះ បារាំង​សូម​​រំឭកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ថ្នាក់​ជាតិ​ ដោយ​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។ ​​ថ្ងៃ​នេះ ជា​គម្រប់​ខួប​១០​ឆ្នាំ​គត់​ នៃភេរវកម្ម​ថ្ងៃ​ទី​១៣​វិច្ឆិកា​២០១៥ ដែល​ប្រទេស​បារាំង​ទាំងមូល​មិនអាច​បំ​ភ្លេចបាន។ ភេរវកម្ម​​បានផ្តាច់​ជីវិតមនុស្ស​​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង នឹងធ្វើ​ដំណើរ​ទៅ​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​រង​ភេរវកម្ម​ ទាំង​បី មុន​នឹង​ផ្តើម​កម្មវិធី​​​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។ “សួន​នៃ​ការ​ចង​ចាំ” មាន​ទីតាំង​នៅ​ក្រោយ​សាលាក្រុង​ប៉ារីស ត្រង់​កន្លែង​ដែល​ប្រជាពលរដ្ឋ​បានមក​ប្រជុំ​​គ្នា ដោយ​ឥត​ព្រាង​ទុក ​ ​ដាក់​ ​ផ្កា​ អុជទៀន និង​សារ​រំលែក​ទុក្ខ​នានា ក្រោយថ្ងៃ​រង​ភេរវកម្ម​រួច​ភ្លាម។ ពិធី​រំឭកខួប​ប្រព្រឹត្តទៅក្រោម​ប្រធានបទ​ រួបរួម​គ្នា​ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ដើម្បី​ជា​កម្លាំង​សាធារណរដ្ឋ​ និង​ដើម្បីការពារ​​វប្បធម៌។ ភេរវជន​មិន​អាច​យក​ឈ្នះ​សេរីភាព​បាន​ទេ។ កម្មវិធីរំឭកខួប​នេះ​មាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តែ​ម្តង​តាមកញ្ចក់​ទូរទស្សន៍ និង​អេក្រង់​យក្ស​នៅ​ទីលាន​République​។ តួអេហ្វែល​តំណាង​ប្រទេស​បារាំង​ក៏​បាន​ប្រែពណ៌លម្អ​ ខៀវ​ស​ក្រហម ជាពណ៌​ទង់​ជាតិ​បារាំងដែរ។ បើ​តាមការ​ស្ទង់​មតិ ពលរដ្ឋ​នៅ​ក្រុង​ប៉ារីស​៦០%​ ចង​ចាំ​យ៉ាង​ច្បាស់​ ហេតុការណ៍​ភេរវកម្ម​នោះ​។ ដើម្បី​​ការចងចាំ បារាំង​នឹង​មាន​​សារមន្ទីរ​នៃការ​ចងចាំ​ភេរវកម្ម ​ដែល​នឹង​បើក​សម្ពោធ​នៅ​រវាង​ឆ្នាំ​២០២៩​ ឬ​២០៣០។ យប់​ថ្ងៃទី ១៣​វិច្ឆិកា​២០១៥ នៅ​​យប់​ថ្ងៃទី​១៣​វិច្ឆិកា​២០១៥ ភេរវជន​ដែល​មាន​បី​ក្រុម។ មួយ​ជា​ក្រុម​អត្តឃាតជនបំពាក់​ពេញ​ខ្លួន​​ទៅ​ដោយ​ខ្សែ​ក្រវ៉ាត់​គ្រាប់​បែក បាន​ទៅ​បំផ្ទុះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​បារាំង ដែល​កំពុង​មាន​កម្មវិធី​ប្រកួត​កីឡាបាល់​ទាត់ ហើយប្រធានាធិបតីបារាំង​កាលណោះ​គឺ​លោក ហ្វ្រង់ស័រ​ហូឡង់ ​កំពុង​ចូល​រួម​ទស្សនាផង។   ក្រុមទីពីរ បាន​ទៅ​ធ្វើ​សកម្មភាព​នៅ​សាល​ប្រគុំ​តន្ត្រី​​បាតាក្លង់។ ភេរវជន​មាន​គ្នា​បី​ឬ​បួន​នាក់មាន​ពាក់​ខ្សែ​ក្រវ៉ាត់​គ្រាប់​បែក និង​កាន់​កាំភ្លើង​អាកា​គ្រប់​ដៃ។ ចំណែក​​ក្រុម​ទីបី មាន​គ្នា​ពីរ​ឬ​បី​នាក់ដែរ ក្នុង​នោះ​ម្នាក់​ជា​មេក្លោង​មាន​ឈ្មោះ​ Salah Abdeslam គឺ​ក្រុម​បាញ់​ប្រហារសម្លាប់​មនុស្ស​​ តាម​បណ្តោយ​ផ្លូវ ដោយ​បាញ់​លើ​​ភោជនីយដ្ឋាន និង​ ហាង​កាហ្វេ ជា​បន្ត​បន្ទាប់ មាន​ជា​អាទិ៍​ភោជនីដ្ឋាន​ខ្មែរ Le petit Cambodge, Le Carillon, La bonne Bière, Le comptoir Voltaire, La Belle Equipe។ ភ្នាក់ងារ​បារាំង​បាន​កម្ចាត់​ភេរវជន​ដៃដល់​ទាំងអស់​លើក​លែង​តែ​មេកើយ​ម្នាក់​ដែល​​​រត់​គេច​ខ្លួនបាន ក្នុងពេលកើត​ហេតុ។ អត្តឃាត​ជនទាំង​នោះ​ ​ខ្លះ​ជា​ភេរវជន​ដែល​បន្លំ​ខ្លួន​ចូល​មក​អឺរ៉ុប តាម​រយៈ​លំហូរ​អន្តោប្រវេសន៍។ ក្រុមអង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ជា​អ្នកនៅ​ពីក្រោយ​ភេរវកម្ម​ទាំង​បី​កន្លែង​នៅក្រុង​ប៉ារីស ក្រោម​ហេតុផល​ថា​បារាំង​បាន​ជេរ​ប្រមាថ​ព្រះ​ក្នុង​សាសនា​អ៊ីស្លាម។ មេ​ដឹកនាំ​ធ្វើ​ភេរវកម្ម​ Salah Abdeslam ដែល​មាន​កំណើត​នៅ​ក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក និង​ដែល​ប៉ូលិស​ចាប់​ខ្លួន​បាន នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ​ត្រូវ​បាន​​តុលាការ​បារាំង​កាត់​ទោស ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​មិន​អាច​កែសម្រួល​​បាន ​នៅ​ប្រទេស​បារាំង។ មុន​ថ្ងៃ​​ខួប​១០​ឆ្នាំបន្តិច​ មេធាវី​របស់​សាឡា អាប់ដេស្លាម អះអាង​ថា ភេរវជន​ចង់​ជួប​ជាមួយ​គ្រួសារជន​រងគ្រោះ ដើម្បី​បក​ស្រាយ​និង​ផ្សះផ្សា។ ក្រុមគ្រួសារជន​រងគ្រោះ​ខ្លះ​ត្រៀម​លក្ខណៈ​ចូល​ចរចា​ក្នុង​សំណុំ​បែប​បទ​សុំជួប​នេះ។ ១០​ឆ្នាំក្រោយ តើ​បារាំងមាន​ស្ថានភាព​យ៉ាង​ណា​ដែរ​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ភេរវកម្ម​ ? ១០​ឆ្នាំ ក្រោយ​មហាភេរវកម្ម បារាំង​មាន​សមត្ថភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទង្វើ​ភេរវកម្ម។ ប៉ុន្តែ​ការ​គំរាមកំហែង​ភេរវកម្ម​នៅ​តែខ្ពស់​ខ្លាំង​ដដែល គ្រាន់​តែ​ក្នុង​ទម្រង់​ខុស​កាល​ពី ១០​ឆ្នាំ។ គ្ម

    5 min
  5. 10/30/2025

    លោកដូណាល់ត្រាំ ថាជំនួបជាមួយលោកស៊ីជីនពីង បានទទួលជោគជ័យធំ

    ​ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែលពិភពលោករង់ចាំតាមដានបំផុតទទួលបានជោគជ័យយ៉ាងធំធេង។ នេះបើតាមប្រសាសន៍របស់លោកដូណាល់ត្រាំ ដោយប្រកាសគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមេសា ឆ្នាំ២០២៦ ខាងមុខ។ តែអ្វីជាការកត់សម្គាល់ ប្រមុខដឹកនាំទាំងពីរមិនធ្វើបានសេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបទេ។ នៅថ្ងៃព្រហស្បតិ៍ ទី៣០ តុលានេះ គ្រប់ចក្ខុកំពុងសំឡឹងទៅប្រទេសកូរ៉េខាងត្បូង មិនមែនព្រោះមានជំនួបកំពូល APEC មួយមុខទេ តែក៏ដើម្បីតាមដានព្រឹត្តិការណ៍ក្រៅក្របខ័ណ្ឌអាប៉ិច ពិសេសជាងគេមួយ គឺជំនួបរវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងសមភាគីចិន លោក ស៊ីជីនពីង។ មេដឹកនាំមហាអំណាចទាំងពីរនេះអាក់ខាន មិនបានជួបគ្នាដោយផ្ទាល់អស់៦ឆ្នាំ និងទើបបានចាប់ដៃគ្នាជាថ្មីនៅថ្ងៃនេះម្តងទៀត នៅក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែជា​កត់សម្គាល់សម្រាប់ជំនួបលើកនេះ បានប្រព្រឹត្តទៅនៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម ដំឡើងពន្ធគយដ៏ខ្លាំងក្លាដែលរញ្ជួយដល់ពិភពលោកទាំងមូល។ កិច្ចសន្ទនារវាងលោកត្រាំ និងលោកស៊ីជីនពីងមានរយៈពេល១ម៉ោង និង​៤០នាទី។ ជជែកគ្នាចប់ភ្លាម លោកត្រាំឡើងយន្តហោះត្រឡប់ទៅវ៉ាស៊ីនតោនភ្លាម ដោយប្រកាសគ្រោងបំពេញទស្សនកិច្ចនៅចិននាខែមេសា ឆ្នាំ ២០២៦ តែគ្មានចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់អំពីលទ្ធផលនៃការចរចាជិត ២ម៉ោងនោះទេ។ សំណុំរឿងពន្ធគយ រ៉ែកម្រ និងគ្រឿងញៀន ប៉ុន្តែពីលើយន្តហោះ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានប្រកាសចាត់ទុកជំនួបជាមួយសមភាគីដ៏ប៉ិនប្រសព្វផ្នែកចរចា ស៊ីជីនពីង ថាជាជោគជ័យដ៏ធំធេងខ្លាំងណាស់ ដោយបានរកឃើញកិច្ចព្រមព្រៀងជាច្រើនចំណុច។ ទីមួយ គឺការរកឃើញកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំក្នុងសំណុំរឿងផ្គត់ផ្គង់រ៉ែកម្រ។ គ្រប់គ្រងទីផ្សាររ៉ែក្រមស្ទើរដាច់មុខតែម្នាក់ឯង ចិនបានព្រមព្រៀងផ្អាកវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្ររយៈពេលមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកត្រាំ ហើយភាគីចិន ក៏បានបញ្ជាក់តាមក្រោយ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម ដោយលម្អិតថា ចិនផ្អាកវិធានការត្រួតពិនិត្យការនាំចេញរ៉ែកម្រមួយឆ្នាំ ហើយសិក្សា និងសម្រេចសម្រួចផែនការជាពិសេសនេះឡើងវិញ។ សូមរំឭកថា ដោយហេតុតែវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រចេញថ្ងៃទី៩តុលានេះហើយទើបអាមេរិករបស់លោកត្រាំផ្ទុះកំហឹង ស្រែកដំឡើងពន្ធគយលើគ្រប់ផលិតផលដល់១០០% ចាប់ពីថ្ងៃទី១ វិច្ឆិកា ២០២៥ ទៅ។ ឥលូវមានកិច្ចព្រមព្រៀង ផលិតផលចិននឹងត្រូវជាប់រនាំងពន្ធត្រឹម៤៧%ប៉ុណ្ណោះ។ ជាថ្នូរមកវិញ លោកស៊ីជីនពីងបានយល់ព្រមចាត់វិធានការទប់ស្កាត់លំហូរគ្រឿងញៀន Fentanyl ថ្នាំញៀនដ៏គ្រោះថ្នាក់ដល់ជីវិតដែលផលិតនៅចិន តែបានសម្លាប់ពលរដ្ឋអាមេរិករាប់ពាន់នាក់។ ជាងនេះទៅទៀត បើតាមលោកដូណាល់ត្រាំដដែល ចិននឹងទិញគ្រាប់ធញ្ញជាតិសណ្តែក ព្រមទាំងផលិតផលកសិកម្មជាច្រើនទៀតពីអាមេរិកក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់។ ខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងបញ្ជាក់នៅពេលក្រោយ ហើយការចុះហត្ថលេខានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ ព្រោះប្រធានាធិបតីទាំងពីរបានជំនះឧបសគ្គធំៗជិតអស់ហើយ។ នៅសល់តែសំណុំរឿងសឺមឺកុងឌុចទ័រដែលទំនងមិនទាន់ជ្រះស្រឡះ។ កិច្ចព្រមព្រៀងនេះបានបន្ធូរបន្ថយសម្ពាធតានតឹងខ្លះ តែមិនអាចដោះស្រាយជម្លោះពាណិជ្ជកម្ម និងយុទ្ធសាស្ត្រឱ្យដល់ឫសគល់បានទេ។ លោកត្រាំនៅ​តែ​សំឡក់ចិនដែលកំពុងចងសម្ព័ន្ធជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចចាប់លូតលាស់ខ្លាំង និងជាមួយរុស្ស៊ី។ សំណុំរឿងអ៊ុយក្រែន និងតៃវ៉ាន់ ក្នុងសំណុំរឿងនយោបាយ និងអន្តរជាតិ លោកត្រាំថា មិនបានជជែកអំពីបញ្ហាតៃវ៉ាន់ទេ។ តែសមភាគីទាំងពីរ បានពិភាក្សាគ្នាច្រើនក្នុងសំណុំរឿងអ៊ុយក្រែន។ ប៉េកាំងបានប្រកាសជំហរអព្យាក្រឹត្យក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន តែចិនមិនដែលថ្កោលទោសទង្វើឈ្លានពាន​របស់រុស្ស៊ីលើអ៊ុយក្រែនទេ។ ពេលនេះ និងបើតាមសំដីលោកត្រាំដដែល ចិន និងអាមេរិកបានព្រមព្រៀងធ្វើការរួមគ្នា។ លោកស៊ីជីនពីងថានឹងជួយអាមេរិកធ្វើការជាមួយអាមេរិក ក្រែងអាចសម្រេចការណ៍បានខ្លះ។ តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកជាថ្មី លោកត្រាំបានសាកល្បងជាបឋម និយាយល្អជាមួយប្រធានាធិបតីរុស្ស៊ីពូទីន តែគ្មានបានផល ក៏ងាកទៅប្រើធម៌សំឡុត និងចាប់ផ្តើមផ្តល់ជំនួយអាវុធយុទ្ធភ័ណ្ឌឱ្យអ៊ុយក្រែន។ ស្នៀតគំរាមដំឡើងសាច់ដុំ ក៏បានបញ្ចេញជាថ្មីនៅថ្ងៃព្រហស្បតិ៍ ទី ៣០តុលានេះ។ នៅមុនជំនួបជ

    5 min
  6. 05/07/2025

    ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាង​​កងទ័ព​​ឥណ្ឌានិង​ប៉ាគីស្ថាន​ នៅតំបន់កាស្មៀរ

    ដូចអ្វីដែល​គេបានព្រួយបារម្ភ​ប៉ុន្មានថ្ងៃមកនេះ ទីបំផុត​កងទ័ពឥណ្ឌា និង​ប៉ាគីស្ថាន ​បាន​ផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី​៧ឧសភា​នេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្ស​ស្លាប់​ជាង​៣០នាក់​​ និងរបួស​ជិត​១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល​។ សហគមន៍អន្តរជាតិ បាន​ចេញ​មុខអំពាវនាវជាបន្តបន្ទាប់ ឲ្យ​ភាគីជម្លោះទាំង២ដែលសុទ្ធតែមាន​អាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវ​តែ​ខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំ​បញ្ឆេះសង្គ្រាមថែមមួយទៀត​ ព្រោះថាពិភពលោក​បច្ចុប្បន្ននេះ មានភាពវឹកវរដោយសារ​សង្គ្រាម​ច្រើនរួចទៅហើយ​។ នៅវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ កងទ័ពឥណ្ឌាបាន​ចាប់ផ្តើមបើកការវាយប្រហារ ដោយ​បានបាញ់ប្លោងគ្រាប់មីស៊ីល ជាច្រើនគ្រាប់ ទៅលើទីក្រុង​ចំនួន​៦របស់ប៉ាគីស្ថាន ស្ថិតនៅតំបន់​កាស្មៀរ និង​ខេត្តពិនចាប់ផងដែរ​។ គិតត្រឹមព័ត៌មានចុងក្រោយ​ព្រឹកថ្ងៃពុធទី​៧ឧសភា​ គ្រាប់មីស៊ីលរបស់ឥណ្ឌាទាំងនេះ​​ បាន​បណ្តាល​ឲ្យ​ស្លាប់​ប្រជាជនស៊ីវីល​ប៉ាគីស្ថានចំនួន​២៦នាក់ ក្នុងនោះ​មានកុមារអាយុ ៣-៤ឆ្នាំ៣នាក់ដែរ ហើយ​និងរបួសមនុស្ស​យ៉ាងហោច​៤៦នាក់។ នេះបើផ្អែកតាមប្រភពពីអ្នកនាំពាក្យ​កងទ័ពប៉ាគីស្ថាន​។ ខាងឥណ្ឌា គេបានអះអាងថា គេបើកការវាយប្រហារនេះប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រុងប្រយ័ត្នបំផុត ដោយ​គេវាយតែទៅលើទីទាំង​របស់​ក្រុមភេរវកម្ម​ប៉ាគីស្ថានប៉ុណ្ណោះ មិនបានវាយ​ទៅលើទីតាំងរបស់កងទ័ព​ប៉ាគីស្ថាន​។ ក្នុងសន្និសីទកាសែតព្រឹកមិញនេះ អ្នកនាំពាក្យ​កងទ័ពឥណ្ឌាបានបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារ​របស់ឥណ្ឌា គឺបានសំដៅទៅលើទីតាំងលាក់ខ្លួន ជំរំហ្វឹកហាត់ ​របស់​ក្រុមជីហាតប៉ាគីស្ថាន២ក្រុម គឺក្រុម Jaish-e-Mohammed និង​ក្រុម​ Laskhar-e-Taiban។ តែយ៉ាងណា អាជ្ញាធប៉ាគីស្ថានអះអាងថា គ្រាប់មីស៊ីលរបស់ឥណ្ឌាបានធ្វើឲ្យខូចខាតយ៉ាងដំណំ ទៅលើទំនប់វារីអគ្គិសនីមួយកន្លែងនៅតំបន់កាស្មៀរប៉ាគីស្ថាន​។ ខាងកងទ័ព​ប៉ាគីស្ថានគេបានអះអាងថា គេសូមរក្សាសិទ្ធិឆ្លើយតបវិញ ទល់​ការវាយប្រហារឈ្លានពាន​របស់ឥណ្ឌានេះ​។ មិនបង្អង់យូរ កងទ័ពប៉ាគីស្ថាន​បានបាញ់ប្លោងគ្រាប់ ទម្លាក់​យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួន៥គ្រឿង។ កងទ័ពឥណ្ឌាអះអាងថា ប៉ាគីស្ថាន​បានប្រើកាំភ្លើងធំ បាញ់​ប្លោងគ្រាប់ចូលមកខាងតំបន់​កាស្មៀររបស់ឥណ្ឌា។ មន្ត្រីមូលដ្ឋាន​ឥណ្ឌានៅកាស្មៀរ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាមានស្លាប់មនុស្ស​យ៉ាងហោច​​​៨នាក់ និងរបួស​ប្រមាណ​៣០នាក់ទៀត​។ របួសដំបៅចាស់ “កាស្មៀរ” ​ការផ្ទុះអាវុធលើកនេះ គឺមានលក្ខណៈធ្ងន់ធ្ងរ អាចក្លាយជាសង្គ្រាម​យ៉ាងចំហរ រវាងប៉ាគីស្ថាននិង​ឥណ្ឌា ដែលសុទ្ធតែជាមហាអំណាច​នុយក្លេអ៊ែរ​។ ជម្លោះ​រវាងឥណ្ឌានិង​ប៉ាគីស្ថាន មិនទៅណាឆ្ងាយ​ពីតំបន់កាស្មៀរនោះទេ។ ដូចយើងបានដឹងខ្លះៗហើយ ថាឥណ្ឌានិង​ប៉ាគីស្ថាន​ ពីមុនជាប្រទេសតែមួយស្ថិតក្រោមនឹមអាណានិគមចក្រភព​អង់គ្លេស។ លុះដល់ឆ្នាំ​១៩៤៧ ទើបអង់គ្លេសចាកចេញទៅ ហើយ​ក៏បាន​សម្រេចពុះផ្តាច់ដែនដី​ខាងលិច​​ បង្កើតជាប្រទេសប៉ាគីស្ថាន ​ប្រមូលផ្តុំ​អ្នកកាន់សាសនាឥស្លាមទាំងអស់ទៅរស់នៅទីនោះ។ ធ្វើបែបនេះ គឺគេជឿថានឹង​បញ្ចៀសបញ្ហាជម្លោះសាសនា រ​វាងពួកហិណ្ឌូនិងពួកឥស្លាម​។ តែដោយឡែក តំបន់កាស្មៀរមានលក្ខណៈពិសេស ព្រោះកាលនោះសំបូរអ្នកកាន់សាសនាឥស្លាមរស់នៅមែន តែមានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូ។ ម្លោះហើយក៏សម្រេចមិនចេញ កើតជាជម្លោះ​ដណ្តើមគ្នាតែម្តងទៅ។ តំបន់កាស្មៀរដែលជាតំបន់ភ្នំខ្ពស់​នៃ​ជួរភ្នំហិមាល័យ ត្រូវពុះចែកជា​២ជាមួយនឹង​បន្ទាត់ព្រំដែនប្រវែង​៧៧០គីឡូម៉ែត្រ ដីទំហំ​៣៥%បានទៅខាងប៉ាគីស្ថាន និង​៦៣%បានមកខាង​ឥណ្ឌា​។ ខាងឥណ្ឌាតែងតែចោទថា ប៉ាគីស្ថានបានទំនុក​បម្រុង​ក្រុមភេរវកម្ម ឬក្រុម​ឯករាជ្យនិយមឲ្យ​បះបោរ បង្ករអស្ថិរភាពនៅខាងតំបន់កាស្មៀរ​របស់ឥណ្ឌា​។​ ការវាយប្រហារភេរវកម្ម នាំអុជឲ្យផ្ទុះជម្លោះ​ ទាក់ទិននឹង​ប្រភពបញ្ហា​ បណ្តាល​ឲ្យ​​ផ្ទុះការប្រយុទ្ធគ្នានៅពេលនេះ គឺដោយ​សារ​កាលពីថ្ងៃទី​២២មេសា មានក្រុមភេរកម្មមួយក្រុម បានចូល​មកវាយ​ប្រហារនៅខាងឥណ្ឌា សម្លាប់​មនុស្ស​២៦នាក់ ភាគច្រើនសុទ្ធតែមនុស្ស​ប្រុសកាន់សាសនាហិណ្ឌូ។ ឥណ្ឌាបានចោទភ្លាម​ថាជាស្នាដៃរបស់ក្រុមភេរវកម្ម​ ក្រោមការផ្ចុងផ្តើមជួយពីរដ្ឋាភិបាលប៉ាគីស្ថាន ។ ឥណ្ឌាបានដាក់ការសង្ស័យទៅលើ​ក្រុមជីហាតឥស្លាម Lashkar-e-Taiba ដែលធ្លាប់វាយប្រហារម្តងហើយ​ នៅទីក្រុងបុមបៃឥណ្ឌា ស្លាប់​

    6 min
  7. 04/17/2025

    បន្ទាប់ពីវៀតណាម និងម៉ាឡេស៊ី ប្រមុខរដ្ឋចិន លោកស៊ី ជីងពីនផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្

    ប្រធានាធិបតីចិន លោក ស៊ី ជីងពីនបានផ្តើមទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់លោកស៊ីនៅកម្ពុជាពេលនេះធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនេះនៅក្នុងប្រទេសអាស៊ានចំនួន ៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាដែលជាប្រទេសចុងក្រោយ។ អ្វីជាការកត់សម្គាល់ វត្តមានរបស់លោកស៊ីនៅវៀតណាម ម៉ាឡេស៊ី និងកម្ពុជាធ្វើឡើងចំពេលដែលប្រទេសអាស៊ីទាំង ៣ កំពុងប្រឈមនឹងការដំឡើងពន្ធពីសហរដ្ឋអាមេរិក។ មួយវិញទៀត កម្ពុជាកំពុងស្វះស្វែងរកការចរចាជាមួយអាមេរិកដើម្បីសម្រួលការដំឡើងពន្ធនេះ។ ជុំវិញសំណុំរឿងនេះ យើងមានបទអន្តរាគមន៍ផ្ទាល់របស់ ស៊ឹម ចាន់សំណាង៖

    8 min

About

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like