ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 8h ago

    តើការសាងសង់សំណង់សិល្បៈនៅតាមបណ្តាខេត្តឆ្លុះបញ្ចាំងអត្ថន័យយ៉ាងណា?

    រដ្ឋបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ បានដាក់សម្ពោធរូបចម្លាក់សត្វបង្កងយក្ស និងអនុញ្ញាតឲ្យពលរដ្ឋចូលទស្សនាកម្សាន្ត ថតរូបអនុស្សាវរីយ៍ ព្រមទាំងបង្ហោះតាមបណ្តាញសង្គមព្រោងព្រាត។ រូបចម្លាក់សត្វបង្កងនេះ ជាសមិទ្ធផលថ្មីមួយរបស់ខេត្តតាកែវ និងក៏ជាអត្តសញ្ញាណរបស់ខេត្ត ដែលសម្បូរដោយសត្វបង្កងទឹកសាបនេះដែរ។ សំណង់រូបសត្វបង្កងរបស់ខេត្តតាកែវ កើតឡើងបន្ទាប់ពីសំណង់សេះសមុទ្របាញ់ទឹក សំណង់បាតដៃ នៅក្នុងខេត្តកំពត និងសំណង់សិល្បៈ ក្នុងខេត្តមួយចំនួនទៀត។ អ្នកតាមដានសង្គមនានាយល់ឃើញថា ការសង់សំណង់សិល្បៈថ្មីៗ នៅតាមបណ្តាខេត្ត ជាការខិតខំលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស។ តែពួកគេក៏ចង់ឃើញមន្ត្រីរដ្ឋាភិបាលពង្រឹងគុណភាពនៃការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត ដែលមានចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ដែរ៕

  2. 1d ago

    តើការបង្ហោះទិន្នន័យដែលពលរដ្ឋចូលកាតព្វកិច្ចយោធា អាចប្រឈមហានិភ័យសុវត្ថិភាពកម្រិតណា?

    ទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋជាយុវជនចូលបំពេញកាតព្វកិច្ចយោធា ត្រូវបានអង្គភាព និងស្ថាប័នមួយចំនួន យកទៅបង្ហោះចែកចាយជាសាធារណៈនៅលើបណ្តាញសង្គម។ ទិន្នន័យដែលត្រូវបានផ្សព្វផ្សាយនោះ បានបង្ហាញឈ្មោះ លេខអត្តសញ្ញាណបណ្ណ លេខទូរស័ព្ទ ទីតាំងស្នាក់នៅ និងលេខកូដសម្គាល់របស់យុវជនដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា។ ករណីនេះត្រូវបានអ្នកជំនាញបច្ចេកវិទ្យា ព្រមានពីហានិភ័យដល់ឯកជនភាព និងសុវត្ថិភាពរបស់ម្ចាស់ទិន្នន័យ។ មួយវិញទៀត អ្នកជំនាញក៏ព្រួយបារម្ភដែរថា ការចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់ឯកជនដោយគ្មានការបិទបាំង អាចធ្វើឱ្យព័ត៌មានទាំងនោះ ត្រូវបានជនអនាមិក យកទៅប្រើប្រាស់សម្រាប់ការឆបោក និងក្លែងបន្លំអត្តសញ្ញាណជនរងគ្រោះ។ តើការបង្ហោះទិន្នន័យពលរដ្ឋដែលចូលកាតព្វកិច្ចយោធា ជាសាធារណៈអាចប្រឈមហានិភ័យសុវត្ថិភាពកម្រិតណា?

  3. 3d ago

    តើ​កម្ពុជា​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ជួយ​អ្នកដំណើរ​លើ​នាវា Villa Vie Odyssey ?

    ថ្មីៗនេះ​ នាវា​ឈ្មោះ Villa Vie Odyssey បាន​សម្រេច​ចិត្ត​ចូលចត និង​បង្ខំ​ឱ្យ​អ្នកដំណើរ​ចុះ​ពី​លើ​នាវា​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ក្រោមហេតុផល​អស់​លទ្ធភាព​ផ្គត់ផ្គង់​ប្រេង។ មាន​អ្នកដំណើរ​ទាំងអស់​ចំនួន ២០៣នាក់ ក្នុងនោះ ១៥៩នាក់​ជាជនជាតិអាមេរិក។ ភ្លាមៗ អាជ្ញាធរ​កម្ពុជា​បាន​ចុះ​ទៅ​ជួយ​សម្របសម្រួល​បញ្ហា​នេះ។ គេ​ធា្លប់​បាន​ឃើញ​រូបភាព​ស្រដៀង​នេះ​អំឡុង​ពេល​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ ក្នុង​ឆ្នាំ២០២០ ដែល​កម្ពុជា​បាន​ជួយ​នាវាទេសចរណ៍​ខ្នាតយក្ស MS Westerdam ឲ្យ​ចូលចត​នៅ​ខេត្តព្រះសីហនុ។ អ្នកជំនាញ​ផ្នែក​ទេសចរណ៍​ខ្លះ​យល់​ឃើញ​ថា ការ​ជួយ​អ្នកដំណើរ​លើ​នាវា Villa Vie Odyssey ពេល​នេះ​ជា​ឱកាស​វិជ្ជមាន​សម្រាប់​វិស័យទេសចរណ៍ និង​ក៏​ជា​ការ​យក​ចិត្តទុក​ដាក់​ផ្នែក​មនុស្សធម៌​របស់​កម្ពុជា​ដែរ។ តើ​កម្ពុជា​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ជួយ​អ្នកដំណើរ​លើ​នាវា Villa Vie Odyssey?

  4. 4d ago

    តើ​ការ​បន្ថែម​ម៉ោង​រៀន​សម្រាប់​ថ្នាក់​បឋមសិក្សា​ហុច​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វី​ខ

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់​ជា​ថ្មី​នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ​ថាសិស្ស​ថ្នាក់បឋមសិក្សា​នឹង​ត្រូវ​រៀន​ចំនួន ៦ម៉ោង ​ក្នុងមួយថ្ងៃ​ ដើម្បី​ឲ្យ​សិស្ស​មាន​លទ្ធភាព​រៀន​បាន​ច្រើន និង​សួរ​គ្រូបាន​ច្រើន​នៅ​ក្នុង​ថ្នាក់។ បើ​តាម​លោក ហ៊ុន ម៉ាណែត ការ​បន្ថែម​ម៉ោង​រៀន​នេះ ​រួម​ចំណែក​កាត់បន្ថយ​ការ​ចំណាយពេល​វេលា​ឥត​ប្រយោជន៍​របស់​សិស្ស។ អ្នក​តាមដាន​វិស័យអប់រំ​នៅ​កម្ពុជា​យល់​ឃើញ​ថា ការ​បន្ថែម​ម៉ោង​បង្រៀន​ជា​រឿង​វិជ្ជមាន តែ​ពួក​គេ​ក៏​ចង់​ឲ្យ​មាន​ការ​បំពាក់​ឧបករណ៍​សិក្សា​ទាន់សម័យ​នៅ​តាម​សាលារៀន និង​ឃើញ​ជីវភាព​គ្រូបង្រៀន​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ដែរ។ តើ​ការ​បន្ថែម​ម៉ោង​រៀន​សម្រាប់​ថ្នាក់​បឋមសិក្សា​ហុច​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វី​ខ្លះ?

  5. 5d ago

    តើក្រុមបក្សប្រឆាំងចាប់ផ្តើមទទួលរងការធ្វើទុក្ខបុកម្នេញនៅមុនការបោះឆ្នោត ឬយ៉ាងណា?

    គណបក្ស​ភ្លើងទៀន និងគណបក្ស​ឆន្ទៈខ្មែរ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ទទួល​ស្គាល់​ការ​បន្ត​ចង​សម្ព័ន្ធភាព​នឹង​គ្នា។ ចំណែក​អង្គការសង្គមស៊ីវិល​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​គណបក្សកម្លាំងជាតិ​ដើម្បី​ទាមទារ​ឲ្យ​គណបក្សប្រឆាំង​មួយ​នេះ​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​លោក សម រង្ស៊ី។ ក្រុម​អ្នកនយោបាយ​ជំទាស់​ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​គណបក្សប្រឆាំង​នៅ​មុន​ការ​បោះឆ្នោតឃុំ -សង្កាត់​ឈាន​មក​ដល់។ តែ​គណបក្ស​កាន់អំណាច​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ។ តើ​ក្រុម​បក្សប្រឆាំង​ចាប់​ផ្តើម​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​មុន​ការ​បោះឆ្នោត ឬយ៉ាងណា?

  6. 6d ago

    តើ​កិច្ចព្រមព្រៀង​សន្តិភាព​គូឡាឡាំពួ​នៅ​តែ​មាន​តម្លៃ​ក្នុង​ជម្លោះព្រំដែន​កម្ពុជា-ថៃ ដ

    ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ គឺ​ជា​ខួបមួយឆ្នាំ​នៃ​ការ​ចុះ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុង​គូឡា​ឡាំពួ»​រវាងកម្ពុជា និង​ថៃ​នៅ​ប្រទេស​ម៉ាឡេស៊ី។ កាល​ពី​ថ្ងៃទី២៥ តុលា រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នេះ​ថា​ជា​សមិទ្ធផល​ការទូត​ដ៏​សំខាន់​មួយ​ដែល​កើត​ចេញ​ពី​ភាព​ជា​អ្នកដឹកនាំ​ប្រកប​ដោយ​ការ​សម្រេចចិត្ត​ច្បាស់លាស់ និង​ការ​ប្តេជ្ញាចិត្ត​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ចំពោះ​សន្តិភាព។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ និង​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រនយោបាយ​បន្ត​មើល​ឃើញ​ពី​សារសំខាន់​នៃ​កិច្ចព្រមព្រៀង​មួយ​នេះ ព្រោះ​វា​បាន​រួមចំណែក​ដល់​ការ​កសាង​សន្តិភាព​នៅ​តាម​ខ្សែបន្ទាត់ព្រំដែន​កម្ពុជា និង​ថៃ៕

  7. Oct 25

    ហេតុអ្វីបានជាការចុះបញ្ជីអត្រានុកូលដ្ឋាននៅតែមានកំហុសច្រើន?

    នាប៉ុន្មានថ្ងៃមកនេះ មានការចែកចាយវីដេអូរបស់ពលរដ្ឋម្នាក់ ដែលខុសឈ្មោះគ្នារវាងសំបុត្រកំណើត អត្តសញ្ញាណបណ្ណ និងសៀវភៅស្នាក់នៅ ដែលធ្វើឱ្យរូបគេខកខានចូលបម្រើការងារ។ អ្នកតាមដានសង្គមមួយចំនួន លើកឡើងថា បញ្ហាខុសឈ្មោះក្នុងបញ្ជីអត្រានុកូលដ្ឋាន បានកើតមានឡើងជាច្រើនករណី ដែលបង្កការលំបាក ជាពិសេសត្រូវចំណាយពេលវេលា និងប្រាក់ ដើម្បីកែតម្រូវឡើងវិញ។ ក្នុងន័យនេះ អ្នកតាមដានសង្គមស្នើឱ្យមានការកែតម្រូវឯកសារបញ្ជីអត្រានុកូលដ្ឋានរបស់ពលរដ្ឋត្រូវធ្វើនៅតាមឃុំ-សង្កាត់ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញនានា។ ហេតុអ្វីបានជាការចុះបញ្ជីអត្រានុកូលដ្ឋាននៅតែមានកំហុសច្រើន?

About

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like