ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

  1. May 13

    លោក​ដូណាល់ត្រាំ​ផ្តើម​ទស្សនកិច្ច​នៅចិន ក្នុង​ជំហរ​ចាញ់​​ប្រៀប​​លោក​ស៊ីជីនពីង?

    បន្ទាប់​ពី​លើក​ពេល​ម្តង​កាលពី​ខែមីនា​ លោកប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ បានអញ្ជើញទៅ​ដល់ប្រទេស​ចិន​នៅរសៀល​​​​ថ្ងៃពុធ​ទី ១៣​ឧសភា​នេះ ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ រហូត​ដល់​ថ្ងៃ​ទី​១៥​ឧសភា ២០២៦។ ជា​ទស្សនកិច្ច​ដែល​គ្រប់​គ្នា​ទន្ទឹងតាម​ដាន​​បំផុត ព្រោះមហាអំណាច​​ទាំងពីរ ត្រូវ​ប្រឹងស្វះស្វែងស្ថាបនា​​​​​ទំនាក់ទំនងប្រាកដ​ប្រជា​មួយ​ ​​ក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជកម្មផង ​បញ្ហា​តៃវ៉ាន់​ផង និង​សង្គ្រាមនៅ​អ៊ីរ៉ង់ទៀត។ នេះជា​លើក​ទី​មួយ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក ដែល​ប្រធានាធិបតី​អាមេរិក​​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន និង​ទទួល​ស្វាគមន៍​ដោយ​ប្រធានាធិបតី​ចិន លោក​ស៊ីជីនពីង។ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​​របស់​លោក​ត្រាំ​នៅ​ចិន នៅ​លើក​នេះ ខុស​ពី​ទស្សនកិច្ច​របស់​លោក​ត្រាំ កាលពី​១០​ឆ្នាំមុន ព្រោះ ភាព​ជឿជាក់​លើ​​អាមេរិក​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ត្រាំ​ ហាក់​កំពុង​ប្រលាក់​ប្រលូសនៅលើ​ឆាក​អន្តរជាតិ។ ​​ស្ថានភាព​​ពិភពលោក​មាន​សភាព​តាន​តឹង និងអ័ព្ទអួរ​​ខ្លាំង ដោយ​ហេតុ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​ផង និង​សង្គ្រាម​ប្រដាប់​​អាវុធ​ អម​ដោយ​ការ​បិទ​ខ្ទប់​ប្រភព​ថាមពល​ប្រេង​និង​ឧស្ម័ន​នៅ​អ៊ីរ៉ង់ផង។ តាម​ការ​ពិត​ ទស្សនកិច្ច​របស់លោកប្រធានាធិបតី​អាមេរិក​ គ្រោង​ប្រព្រឹត្ត​ទៅនៅ​​ខែ​មីនា តែ​ត្រូវ​លោក​ត្រាំ​ប្រកាស​លើក​ពេល​ទៅវិញ​ ជា​ហេតុ​ធ្វើ​ឱ្យ​ភាគី​ចិនភ្ញាក់ផ្អើល​ខ្លាំង។ ចិន​មិន​ចូល​ចិត្ត​ប្តូរ​ផ្លាស់​កម្មវិធី​ដែល​រំខាន​​​ពិធីការ​ផ្លូវការ​ទេ តែ​ព្រម​សម្រប​ខ្លួន​តាម ​ព្រោះ​មិន​ចង់​ទទួល​ប្រធានាធិបតី​អាមេរិក ក្នុង​​ពេល​សង្គ្រាម​ដែល​ចិន​​បរិហារ កំពុង​ផ្ទុះយ៉ាង​ពេញ​ទំហឹង។ លោក​ត្រាំទៅ​បបួល​ចិនឱ្យ​ចូល​រួម​ក្នុង​ប្រតិបត្តិការ​បើក​ច្រក​អកមូហ្ស? ១០​សប្តាហ៍​ក្រោយ សង្គ្រាម​បាន​ស្ងប់​ស្ងាត់​មែន ប៉ុន្តែ​មិន​ទាន់ចប់​ទេ។ លោក​ដូណាល់​ត្រាំ​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន ចំពេល​​អាមេរិក​​កំពុង​រិះ​រក​ច្រកដើរ​​ចេញ​ពីវិបត្តិ នៅ​ច្រក​សមុទ្ទអកមូហ្ស។ វ៉ាស៊ីនតោន​បាន​ចាត់​ទុក​ទស្សនកិច្ច​នេះ​ ថា​ជា​ឱកាស​ លើក​យក​សម្ពាធ​ទៅ​ដាក់​លើ​ប៉េកាំង​ ដោយ​ចង់​ទាញ​ចំណេញ​ពី​ឥទ្ធិ​ពល​ដែល​ចិន​មាន​​លើ​អ៊ីរ៉ង់។ យុទ្ធសាស្ត្រ​របស់​លោក​ត្រាំ​មាន​តែ​មួយ​​គឺ​ប្រើ​អាវុធ​ពាណិជ្ជកម្ម។ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ នៅថ្ងៃ​ទី​៨​ឧសភា ដាក់ទណ្ឌកម្ម​លើ៩​ក្រុមហ៊ុនចិនព្រម​ទាំង​ពលរដ្ឋ​​​ចិន​​ (នៅ​លើ​ដីគោក​ចិន និង​នៅ​​​ហុងកុង) មួយ​ចំនួន ក្រោម​បទ​ចោទ​ប្រកាន់​ ថា​បាន​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ជាសមាស​ធាតុ​ផ្សំ​​សម្រាប់​ឱ្យ​ធ្វើមីស៊ីល និង​បាន​ផ្តល់​រូបភាព​ផ្កាយ​រណប​ដល់​អ៊ីរ៉ង់។ នៅពេល​ជួប​ជាមួយសមភាគី​ចិន លោក​ស៊ីជីនពីង ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ នឹងជជែក​អំពី​សង្គ្រាម​នៅអ៊ីរ៉ង់​នេះ ដោយ​ខាន​មិន​បាន និង​ដោយ​ចង់​សុំ​ចិន​ជួយ​ដោះស្រាយ​វិបត្តិ​ដែល​លោក​ត្រាំ​ខ្លួន​ឯង​ជាអ្នក​បង្កើត​ឡើង។ សំណើសុំ​របស់​អាមេរិក​នោះ គឺ​ ចង់​ជំរុញ​ចិន​ឱ្យ​ចូល​​រួម​ក្នុង​ប្រតិបត្តិការ​អន្តរជាតិ ដើម្បី​រំដោះ ឬ​បើក​ច្រក​សមុទ្ទ​អកមូហ្ស​ឱ្យ​នាវា​ពាណិជ្ជកម្ម​អាច​ធ្វើ​ចរាចរណ៍​ឡើងវិញ​បាន។ នេះ​បើតាម​សំដី​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​Scott Bessent។ ប៉ុន្តែ​ក្នុង​ក្រសែ​ភ្នែក​ប៉េកាំង ការ​បិទបញ្ចប់​សង្គ្រាម​នៅអ៊ីរ៉ង់​ជា​ទំនួល​ខុស​ត្រូវ​របស់​អាមេរិក។ ថ្វីបើ​ចិន​​បា​ន​លួច​បញ្ចុះ​បញ្ចូល​​អ៊ីរ៉ង់​ដោយ​ស្ងាត់ៗ ឱ្យព្រម​ចរចាសន្តិភាព​​ជាមួយ​អាមេរិក​ កាលពី​ខែ​មុន​មែន តែ​អ្នក​វិភាគ​​គិត​ថា​រដ្ឋាភិបាល​ចិន​​មិន​ចង់​ក្លាយ​ជា​អ្នក​បោស​សម្អាត​បញ្ហា​​បង្ក​ឡើង​ដោយ​លោក​ត្រាំ​ឡើយ។ ប៉េកាំង​នឹង​បញ្ជាក់ជំហរ​ស្មើភាព​ប្រកប​ដោយ​តុល្យភាព​របស់​ចិន ដោយ​ចង្អុល​មុខ​ដោយ​ផ្ទាល់​​ថា​អាមេរិក​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា។ សុន្ទរកថា​របស់​​​ចិន នឹង​ផ្តោត​ទៅ​លើ​ភាព​សំខាន់​នៃ​ការ​បើក​​ច្រក​អកមូហ្ស​ឱ្យ​បាន​ឆាប់​រហ័ស​ ពោល​គឺ​ជាទម្រង់​ដដែល​ដែល​ចិន​បាន​ប្រើ​តាំងពី​ពីរ​ខែមក។ ធ្វើ​ដូច្នេះ ចិន​នឹង​អាច​រក្សា​ទំនាក់ទំនង​​ល្អ​ជាមួយភាគី​ជម្លោះ​ទាំង​សង​ខាង​។ ការ​​ទទួល​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់នៅប៉េកាំង​​​កាលពី​ថ្ងៃ ទី​៦​ឧសភា​ ជា​សារ​បញ្ជាក់​ឱ្យ​ឃើញ​​ថា​ចិន​ចង់​​ធានា​ក្រុងតេហេរ៉ង់​ មុន​នឹង​ទទួល​

    6 min
  2. Apr 8

    សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ ប្រកាស​ជោគជ័យ​រៀងៗ​ខ្លួន ក្រោយ​សម្រេចបាន​​បទ​ឈប់​បាញ់

    សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ប្រកាស​សម្រេច​បាន “​បទ​ឈប់​បាញ់​​” រយៈ​ពេល​ពីរ​សប្តាហ៍ ជា​ថ្នូរ​នឹង​ការ​បើក​​ច្រក​សមុទ្ទ​អកមូហ្ស​ឡើង​វិញនៅ​​ថ្ងៃ​ពុធ​ទី​៨មេសា​ ​​​មុន​ផុត​ឱសានវាទរបស់​លោក​ត្រាំដែល​គំរាម​កម្ទេច​អ៊ីរ៉ង់​និង​អរិយធម៌​ពែក្សឱ្យ​ខ្ទេចបន្តិច។ ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ក៏​បាន​បញ្ជាក់​អំពី​ការព្រមព្រៀង​ឈប់​បាញ់ និង​ការ​​ធានា​សុវត្ថិភាព​ចរាចរណ៍​នៅ​ច្រក​អកមូហ្ស​ ដែល​ជា​ប្រភព​ឆ្លង​កាត់​ប្រេង​ឆៅ​២០%​​នៃ​សេចក្តី​ត្រូវ​ការ​ពិភពលោក កាលពី​ពេល​មុន​សង្គ្រាម។ តើ​បទ​ឈប់​បាញ់​​នេះ​ជា​ជោគជ័យ​របស់​នរណា? ជាង​៥​សប្តាហ៍​នៃ​ការ​វាយប្រហារ​ឥត​ស្រាកស្រាន្ត​លើ​អ៊ីរ៉ង់ និង​នៅ​៩០​នាទី មុន​ផុត​ឱសានវាទ ដែលគំរាម​កម្ទេច​អ៊ីរ៉ង់ឱ្យ​ខ្ទេចខ្ទី​នោះ​​ លោក​ត្រាំ​​បាន​ប្រកាស​រក​ឃើញ​កិច្ចព្រមព្រៀង​ឈប់​បាញ់ សម្រាប់​រយៈ​ពេល​ពី​រ​សប្តាហ៍។ បើតាម​សំដី​លោក​ត្រាំ អ៊ីស្រាអែលក៏​​ទទួល​យក​បទ​ឈប់​បាញ់​ជាមួយ​អ៊ីរ៉ង់​ដែរ ​តែ​​មិនព្រម​​បញ្ឈប់​សកម្មភាព​វាយប្រហារ​លើ​​ចលនា​ហេសបូឡា​លីបង់ ​​នៅលីបង់​ទេ។ ជា​ថ្នូរ​មក​វិញ អ៊ីរ៉ង់សុខ​ចិត្ត​​​បើក​ច្រកសមុទ្ទ​អកមូហ្ស​ទាំង​ស្រុង​​ឡើង​វិញ និង​ភ្លាមតែ​ម្តង​ ​ហើយ​ការពារ​សុវត្ថិភាព​ចរាចរណ៍​កាត់​តាម​ច្រកយុទ្ធសាស្ត្រ​នេះ​ទៀត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​ដូណាល់​ត្រាំ​ដដែល ដោយ​បញ្ជាក់​ថា​ បទ​ឈប់​បាញ់​ប្រសូត​ចេញ​បាន ក្រោយ​មាន​ជំនួប​សន្ទនាជាមួយ​ប្រមុខ​ដឹកនាំ​ប៉ាគីស្ថាន។ ​ ប៉ាគីស្ថាន​ជាប្រទេស​​អន្តរការី​ បាន​បញ្ជាក់​អំពី​ដំណើរ​ការ​​ចរចា​ ​អាមេរិក-អ៊ីរ៉ង់​​​ ដែល​នឹង​ចាប់ផ្តើម នៅ​​ថ្ងៃ​សុក្រ​ទី​១០​មេសា នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ។ ការ​ចរចា​ត្រូវ​ធ្វើ​ដោយ​​ផ្អែក​លើ​សំណើ​​១០​ចំណុច​របស់​អ៊ីរ៉ង់ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​សង្គ្រាម​។ ​សំណើ​១០​ចំណុច​របស់​អ៊ីរ៉ង់ បើ​តាម​​សារព័ត៌មាន​ផ្លូវការ​និង​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់ ឧត្តម​​ក្រុម​ប្រឹក្សា​សន្តិសុខ​​នៃ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ បាន​ស្នើ​ទៅ​សហរដ្ឋ​អាមេរិក​នូវ​ផែនការ​១០​ចំណុច ដោយ​តម្រូវ​ឱ្យ​៖ -សហរដ្ឋ​អាមេរិក​ ​ព្រម​ទទួល​យក និង​ធានាគោរព​ គោលការណ៍​​មិន​ឈ្លានពាន​អ៊ីរ៉ង់ -អ៊ីរ៉ង់​​បន្ត​គ្រប់គ្រង​ច្រក​សមុទ្ទ​អកមូហ្ស -អាមេរិក​ត្រូវ​ព្រម​​ឱ្យ​អ៊ីរ៉ង់​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម -លើកទណ្ឌកម្ម​ទាំងអស់​ចេញ​ពីអ៊ីរ៉ង់ ទណ្ឌកម្ម​ដំបូង និង​ទណ្ឌកម្ម​បន្ទាប់​បន្សំ -រំសាយ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ -រំលាយ​គ្រប់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អភិបាល -សង​ថ្លៃ​ខូចខាតឱ្យ​​ប្រទេស​អ៊ីរ៉ង់ - ដក​កងទ័ព​ប្រយុទ្ធ​របស់អាមេរិក​ទាំង​អស់​ចេញ​ពី​តំបន់​ -បញ្ឈប់​សង្គ្រាម​ប្រឆាំង​នឹងអ៊ីរ៉ង់​លើ​គ្រប់​សមរភូមិ​រាប់​ទាំងសង្គ្រាម​ប្រឆាំង​នឹង​ចលនា​តស៊ូ​អ៊ីស្លាម​នៅ​លីបង់។ សំណើ​១០ចំណុច​របស់​​អ៊ីរ៉ង់នេះដែល​ធ្លាប់​ខ្ទាស់​នៃ​ការចរចា​លើក​មុន ត្រូវ​បាន​លោក​ត្រាំ​ ​ចាត់​ទុកនៅថ្ងៃនេះ​ថា​​ជា​ផែនការគ្រឹះ​នៃ​កិច្ច​ចរចា​ដែល​​អាច​សម្រេច​បាន នៅ​​​ពីរ​សប្តាហ៍នៃ​ការ​ចរចា​នៅ​ប៉ាគីស្ថាន។ លោក​ដូណាល់ត្រាំ​ និងអ៊ីរ៉ង់​​ ​​ប្រកាស​ ជោគជ័យ រៀង​ៗ​ខ្លួន ក្រោយ​ប្រកាសបទ​​ឈប់​បាញ់ ភាគី​ទាំងពីរបានលើក​ឡើង​អំពី​​ជោគជ័យ​ ​រៀង​ៗខ្លួន។ លោក​ត្រាំ​បានស្រែក​ថានៅក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ង់ លោកបាន​ទទួល​​ “ជោគជ័យ​ទាំង​ស្រុង និង​យ៉ាង​ពេញ​លេញ” ដោយ​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​​​ភាគី​អ៊ីរ៉ង់​ព្រម​ទទួល​យក​។ សម្រាប់​លោក​ត្រាំ ដែល​បាន​ប្តូរ​សំឡេង​ពីការ​គំរាម​កម្ទេច​អរិយធម៌​អ៊ីរ៉ង់ឱ្យ​ខ្ទេច​នៅ​ថ្ងៃ​ម្សិលមិញ មក​ជា​ការ​ប្រកាស​បទ​ឈប់​បាញ់​និង​ការ​ចរចា​ គឺ​ជា​ជោគជ័យ ​ព្រោះ​ លោក​មិន​បាន​បញ្ចប់​ឱសានវាទ​ដោយ​ដៃ​ទទេ​ ហើយ​ក៏​មិន​បាន​បន្ត​ជម្លោះ​តាម​ទំនើង​ដោយ​គ្មានយុទ្ធសាស្ត្រ​ ​ទៀត​ដែរ។ តែ​លោកប្រធានាធិបតី​អាមេរិក​​បាន​រក​ឃើញ​ច្រក​ចេញ​ និង​អាច​ដើរ​ចេញ​ពី​សង្គ្រាមនៅ​អ៊ីរ៉ង់​​បាន។ តាមរយៈ​​បទ​ឈប់​បាញ់ លោក​ត្រាំ​អាច​បន្ត​អួត​អាង​បាន​ថា យុទ្ធសាស្ត្រ​ប្រើ​ឱសានវាទ គំរាម បាន​ធ្វើ​ឱ្យ​អ៊ីរ៉ង់​ខ្លាច​ ព្រម​ចុះ​ចាញ់ ព្រម​ចូល​ចរចា ព្រម​បើក​ច្រក​សមុទ្ទ​អកមូហ្ស។ ប៉ុន្តែ​ពាក្យ​គំរាម​កម្ទេច​អ៊ីរ៉ង់​ឱ្យ​រលត់​រលាយ​មិន​បាន​សម្រេច​ទេ។ ទោះ​បី​បាញ់​ប្លោង​លើ​អ៊ីរ៉ង់​អស់​ដល់​ទៅម៉ឺន​គ្រាប់​ក៏​ដោយ ក៏​អ

    4 min
  3. Feb 24

    អ៊ុយក្រែន​រៀបចំពិធី​បុណ្យរំឭក​វិញ្ញាណក្ខន្ធ​​ គម្រប់​​​ខួប​៤ឆ្នាំ នៃ​​សង្គ្រាម​ឈ្លាន​

    ថ្ងៃទី​២៤កុម្ភៈ សង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន បាន​គ្រប់​៤ឆ្នាំ​ហើយ​។ ជាសង្គ្រាម​ដែលបានធ្វើ​ឲ្យ​ប្រែប្រួល​ទាំងស្រុង ដល់​កត្តាសន្តិសុខ និង​នយោបាយ​ការបរទេស​​​អឺរ៉ុប ក៏ដូចជា​ក្នុងពិភពលោក​ទាំងមូល​។ ខុសពី​ការមាក់ងាយ​របស់​លោកពូទីន ដែល​ថារុស្ស៊ីនឹង​​វាយផ្តួលរំលំ​អ៊ុយក្រែន​ក្នុងរយៈពេល​តែ​៣ថ្ងៃ​ តែ​៤ឆ្នាំមកនេះ ​អ៊ុយក្រែន​បាន​តស៊ូ​យ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដី​និងអធិបតេយ្យភាពរបស់ខ្លួន​។​ តែទន្ទឹមនឹងនេះ នៅក្នុង​សង្គ្រាម​៤ឆ្នាំមកនេះ ប្រជាជន​អ៊ុយក្រែន​បានរស់រងទុក្ខវេទនា​ ស្លាប់ និងរបួសច្រើនម៉ឺននាក់​។ ដូចឆ្នាំមុនៗ ថ្នាក់ដឹកនាំ​ស្ថាប័នសហភាពអឺរ៉ុប និង​ថ្នាក់ដឹកនាំប្រទេសសមាជិក​អឺរ៉ុបច្រើននាក់ បានធ្វើដំណើរទៅទីក្រុង​កៀ​វ ដោយជិះរថភ្លើងចេញពីប្រទេសប៉ូឡូញ ដើម្បីចូលរួម​ពិធីបុណ្យ​ខួប​គម្រប់​៤ឆ្នាំ​ នៃ​សង្គ្រាមឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន​។ វាគឺជាឱកាស ដែល​អឺរ៉ុបចង់បញ្ជាក់ប្រាប់អ៊ុយក្រែនថាអឺរ៉ុបនៅតែបន្តគាំទ្រ ជួយអ៊ុយក្រែន​ជានិច្ច​ មិនថាសង្គ្រាមនេះ​អូសបន្លាយយូរប៉ុណ្ណា។ អឺរ៉ុបប្តេជ្ញាបន្ត​ជួយអ៊ុយក្រែន​ ចាប់តាំងពីលោកដូណាល់ ត្រាំ បានត្រឡប់ចូលមក​កាន់អំណាច គឺសហរដ្ឋអាមេរិក​លែងជួយ​អ៊ុយក្រែនទៀតហើយ។ អ្វីដែលលោកដូណាល់ ត្រាំ ជួយគឺបានត្រឹមតែ​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារជាតិអាមេរិក លក់គ្រឿងសព្វាវុធនិងសម្ភារៈយោធាខ្លះ ដែល​អឺរ៉ុបគឺជាអ្នកចេញប្រាក់ទិញ​។ បច្ចុប្បន្ននេះ គឺអឺរ៉ុប​ដែលជាអ្នកផ្តល់ជំនួយថវិកាសឹងតែទាំងស្រុង​​ ទៅ​ឲ្យអ៊ុយក្រែន​​ ដើម្បីប្រយុទ្ធ​តតាំងនឹង​ការឈ្លានពាន​របស់រុស្ស៊ី​។ អឺរ៉ុបជួយ​អ៊ុយក្រែនដោយ​ក្តីអាណិតអាសូរពិតមែនហើយ តែអឺរ៉ុប​ក៏ចង់អរគុណអ៊ុយក្រែនដែរ ព្រោះ​អ៊ុយក្រែនជាអ្នកច្បាំង​ទប់រុស្ស៊ី​ មិន​ឲ្យរុលចូល​មកឈ្លានពាន​ទ្វីបអឺរ៉ុបទាំងមូល​។ សូមបញ្ជាក់ថា ផ្អែកតាម​តួលេខរបស់វិទ្យាស្ថាន Kiel នៅអាល្លឺម៉ង់ ៤ឆ្នាំមកនេះ អឺរ៉ុប​បានចំណាយ​​ប្រាក់ជួយអ៊ុយក្រែន តាមរយៈការទិញគ្រឿងសព្វាវុធនិងចំណាយ​ផ្សេងៗ ប្រមាណ​ ២០១ពាន់​លានអឺរ៉ូ​រួចហើយ។ ហើយ បច្ចុប្បន្ននេះ អឺរ៉ុបបានសន្យាជួយផ្តល់ប្រាក់ ចំនួន​១៧៨​ពាន់លានអឺរ៉ូថែមទៀត។​ លោក​ហ្សេឡេនស្គី៖ "ពូទីន​មិនបានឈ្នះសង្គ្រាមទេ!"  ព្រឹកថ្ងៃទី​២៤កុម្ភៈ នៅទីក្រុងកៀវ លោក​ប្រធានាធិបតី​អ៊ុយក្រែន បានទទួលស្វាគមន៍​ថ្នាក់ដឹកនាំអឺរ៉ុប នៅ​ក្នុងពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធ​ទាហានពលី និង​ជនស៊ីវីលអ៊ុយក្រែន ដែលបាន​ស្លាប់ដោយសារ​តែ​សង្គ្រាម​​ឈ្លានពាន​​របស់រុស្ស៊ី​។ កាលពីល្ងាចថ្ងៃទី​២៣កុម្ភៈ​ លោក​ប្រធានាធិបតី​ហ្សេឡេនស្គី បានបង្ហោះសារជាវីដេអូមួយ​ ដែល​លោក​បានថ្លែងកោតសរសើរ និងអរគុណចំពោះវីរភាពរបស់យុទ្ធជនអ៊ុយក្រែន ក៏ដូចជាទឹកចិត្តតស៊ូរបស់ប្រជាជនអ៊ុយក្រែនគ្រប់ៗរូប​។ ជាការតស៊ូដ៏អង់អាចក្លាហាន ពុះពារ​ជំនះគ្រប់ការលំបាក ទោះសត្រូវខំប្រឹងវាយបំបាក់យ៉ាងណា​។ កាលពី​៤ឆ្នាំមុន ពូទីន​បាន​ប្រកាស​អះអាងថា នឹងផ្តួលរំលំ​​រដ្ឋធានី​​កៀវក្នុងរយៈពេល តែ​​៣ថ្ងៃ​។ ដូច្នេះ​យើងឃើញហើយ ថា​ការតស៊ូរបស់យើងរឹងមាំកម្រិតណា ​​ព្រោះ៤ឆ្នាំមកនេះ​យើងនៅតែឈរដដែល​​ ​។ នៅពីក្រោយ​ពាក្យ​ពេចន៍ទាំងនេះ គឺមានជនរួមជាតិ​យើងរាប់​លាននាក់ ​ដែល​មានសេចក្តីប្តេជ្ញា​​ក្លាហានដ៏ធំធេង និង​ការពុះពារ​ជំនះ​តស៊ូ មិនថាលំបាកវេទនាកម្រិតណា​។ យើង​បាន​ការពារឯករាជ្យរបស់ជាតិយើង យើងមិនបានបាត់បង់អធិបតេយ្យភាពរបស់យើងទេ។ ចំណែក​ពូទីនវិញ ក៏មិនបាន​សម្រេច​កម្មវត្ថុ​របស់ខ្លួនដែរ។ រុស្ស៊ី​មិនអាចបំបាក់​កម្លាំង​សាមគ្គីតស៊ូរបស់ប្រជាជាតិអ៊ុយក្រែនបានឡើយ​។​ រុស្ស៊ី​មិនបានឈ្នះសង្គ្រាមទេ ព្រោះយើងបាន​រក្សាការពារ​អ៊ុយក្រែន​រហូតមក​​។ យើងនឹងបន្តតស៊ូដល់ដង្ហើមចុងក្រោយ ដើម្បី​កសាងសន្តិភាព​ឡើងវិញ ហើយ​ស្វែងរកយុត្តិធម៌ជូនជាតិយើង​។ អ៊ុយក្រែនស្លាប់ជនស៊ីវីល​​ ​១៥០០០នាក់ និងទាហានយ៉ាងហោច​ ៥៥០០០នាក់​ ផ្អែកតាមតួលេខចុងក្រោយ​ ប្រមូលដោយ​អង្គការសហប្រជាជាតិ សង្គ្រាម៤ឆ្នាំមកនេះ បានផ្តាច់ជីវិតប្រជាជនស៊ីវីល​អ៊ុយក្រែន ចំនួន​​១៥០០០នាក់ និង​របួស​ពិការ​ ចំនួនប្រមាណ​​ ៤០៦០០នាក់។  តែតួលេខជាក់ស្តែង ត្រូវគេជឿថាអាចមានច្រើនលើសនេះ ព្រោះថា​មានតំបន់ច្រើនទៀតដែលនៅក្នុងសមរភូមិ ឬស្ថិតក្នុងដៃគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី ដែលគេមិនអាចទៅស្រង់ស្ថិតិបាន​។ ប្រជាជនអ៊ុយក្រែន ប្រមាណ​៦លាននាក់ បានភៀសខ្លួនទៅជ្រកនៅប្រទេសផ្សេងៗ។ ចំណែក​ខា

    8 min
  4. Feb 9

    ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជន​ថៃ​បោះឆ្នោតជ្រើសរើស​​បក្សភូមិចៃថៃរបស់លោក​អនុធិន ឆាន

    មួយថ្ងៃក្រោយ​លទ្ធផលឆ្នោត​បឋម​បង្ហាញថា គណបក្ស​ភូមិចៃថៃរបស់​លោក​ទទួលជ័យជំនះ​ នៅក្នុង​ការបោះឆ្នោត​សភា​ថៃ ​កាលពី​អាទិត្យ​ទី ៨​កុម្ភៈ​ ​លោកអនុធិន ឆានវីរៈគូន​ នៅថ្ងៃចន្ទនេះ​បាន​ប្រកាស​ថា គណបក្ស​ភូមិចៃថៃ​ត្រៀម​ខ្លួន​រួចហើយ​ដើម្បីចាប់ដៃ​ជាមួយគណបក្ស​ដទៃទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ បើតាមលទ្ធផល​ឆ្នោត​បឋម​ប្រកាស​ដោយ​គណៈកម្មការជាតិ​រៀបចំការបោះឆ្នោត នៅយប់​ថ្ងៃអាទិត្យ គណបក្ស​ភូមិចៃថៃ​របស់​លោក​អនុធិន ឆានវីរៈគូន​​ទទួលអាសនៈ ជិត​២០០ នៅ​រដ្ឋសភា ដោយ​នាំមុខ​ដាច់ឆ្ងាយ គណបក្ស​ប្រាឆាឈុន ដែលជា​គណបក្ស​ចម្រើននិយម​របស់​លោក​ណាថាភុង រឿងបញ្ញាវុធ។ ជ័យជំនះ​របស់​គណបក្ស​ភូមិចៃថៃ គឺ​ជារឿង​ដែល​គេមិន​នឹកស្មានដល់ បើគេ​មើល​ទៅលើការព្យាករ និង​ការស្ទង់មតិ​កន្លងមក។ ទទួល​អាសនៈ​ប្រមាណ ១៩៣ ក្នុងចំណោម​អាសនៈសរុប​របស់​សភាចំនួន ៥០០ គណបក្ស​ភូមិចៃថៃ របស់លោកអនុធិន ឆានវីរៈគូន​ទទួលបាន​​សំឡេងឆ្នោតច្រើន នាំមុខគូប្រជែង ជាពិសេស​គណបក្ស​ប្រាឆាឈុន។ ​​គណបក្ស​ភូមិចៃថៃ​ទទួលបាន​លទ្ធផល​ល្អខ្លាំង មិនធ្លាប់មាន​ គិត​ចាប់តាំង​ពីគណបក្សនេះ ​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៨។  នៅ​ក្នុងការបោះឆ្នោត​មុនៗ ដូចជា​នៅ​ឆ្នាំ ​២០២៣ បក្ស​ភូមិចៃថៃបានទទួលតែ​​៧១។ ដោយសារតែ​គណបក្ស​ភូមិចៃថៃ​របស់​លោក​បានសំឡេង​តិច ​លោកអនុធិន​ធ្លាប់ត្រូវ​គេ​ប្រៀបប្រដូចទៅ​នឹង​សត្វបង្គួយ ប្តូរពណ៌ ព្រោះតែចង់បាន​​តំណែង​រដ្ឋមន្រ្តី​របស់​ក្រសួង ក្នុង​រដ្ឋាភិបាលចម្រុះ ដែល​បក្សភូមិចៃថៃបាន​ចូលរួម​ជាមួយគណបក្ស​ធំៗ ដូចជា គណបក្ស​ភឿថៃជាដើម។ ប៉ុន្តែ លើកនេះ គណបក្ស​ភូមិចៃថៃ​តែម្នាក់​ឯង ទទួលបាន​អាសនៈច្រើនជាងគេ ជិត​២០០ និង​មានអំណាច​ទៅជ្រើសរើស​បក្ស​ផ្សេង​ឲ្យមកបង្កើតរដ្ឋាភិបាលចម្រុះជាមួយខ្លួន។ បក្ស​ភូមិចៃថៃ ទទួលបានសំឡេង​ឆ្នោតច្រើនយ៉ាងដូច្នេះ ក៏ព្រោះតែ គណបក្ស​នេះ​ចេះបត់បែន​តាមកាលៈទេសៈ ដូច​ជា​​លោកអនុធិនអីចឹង។ ធ្លាប់តែ​មានជំហរ​កណ្តាល គណបក្សភូមិចៃថៃ​បាន​ងាក​ទៅចាប់ដៃ​ជាមួយ​អ្នកនយោបាយ​អភិរក្ស​និយម គាំទ្រ​ក្រុមយោធា និង​ចេញមុខ​ ការពារ​ព្រះរាជបល្ល័ង្ក ប្រឆាំង​ដាច់ខាត​រាល់ការប៉ុនប៉ង​ធ្វើកំណែទម្រង់​ច្បាប់ជេរប្រមាថព្រះមហាក្សត្រ​ជាដើម។ មួយវិញទៀត ការផ្ទុះសង្រ្គាម​ជាមួយ​កម្ពុជា ក៏ជា​ហេតុផល​មួយដែលរុញច្រាន​ឲ្យ​បក្ស​ភូមិចៃថៃ​របស់​អនុធិន​ឈ្នះឆ្នោតលើកនេះដែរ។ នៅក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោតកន្លង លោកអនុធិន បានលើកយក​​បញ្ហា​សន្តិសុខ ការការពារ​បូរណភាពទឹកដី មក​បញ្ចុះបញ្ចូល​ប្រជាជន។ លោកធ្លាប់បាន​និយាយ​ថា បើសិន​លោកឈ្នះឆ្នោត នោះលោក​នឹង​សាងសង់​ជញ្ជាំង​នៅព្រំដែន​ជាមួយកម្ពុជា និង​ផ្តល់​មធ្យោបាយ​គ្រប់បែបយ៉ាងទៅឲ្យកងទ័ព​ដើម្បី​ការពារ​ទឹកដីថៃ។ ​នៅក្នុងកាលៈទេសៈដែលប្រទេស​កំពុងមាន​បញ្ហា​ជម្លោះព្រំដែនជាមួយ​កម្ពុជា និង​យល់ថា បញ្ហា​សន្តិសុខ​នៅព្រំដែនជា​អាទិភាព​ចំបង​របស់ប្រជាជន លោក​អនុធិន​ចេះ​ច្បិច​យក​បញ្ហាជម្លោះព្រំដែនខ្មែរថៃធ្វើជាយុទ្ធសាស្រ្ត ទាក់ទាញ​អ្នកជាតិនិយមថៃ។ នៅក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃអាទិត្យម្សិលមិញ លោក​អនុធិន​និយាយ​ថា “ជាតិនិយម ស្ថិតនៅក្នុងបេះដូងរបស់​បក្ស​ភូមិចៃថៃ​ជានិច្ច”​​។​ ​​ បក្ស​ភូមិចៃថៃ របស់លោកអនុធិនទទួលបាន​អាសនៈ​​ច្រើននៅរដ្ឋសភា ​ក៏ព្រោះតែ​ ​​បក្ស​ភឿថៃធ្លាក់ចុះខ្សោយ។ ដោយសារ​តែរឿងអាស្រូវ​ដែលមាន​ជាប់ពាក់ព័ន្ធគ្នា​រវាង​គ្រួសារ​របស់​លោកថាក់ស៊ីន និងអតីតនាយករដ្ឋមន្រ្តីកម្ពុជា​ លោកហ៊ុន សែន​​ បក្ស​ភឿថៃ​ ធ្លាក់​​ចុះខ្សោយ បាត់​បង់ប្រជាប្រិយភាព​ខ្លាំង។ លទ្ធផល​ឆ្នោត​បង្ហាញថា នៅតំបន់​ភាគខាងជើង​ប្រទេស​ ដែលសំបូរដោយ​ក្រុមអាវក្រហម គាំទ្រ​បក្ស​ភឿថៃរបស់​លោក​ថាក់ស៊ីន ឥលូវនេះ បាន​ប្រែក្លាយទៅជា​ក្រុមអាវខៀវ របស់​គណបក្ស​ភូមិចៃថៃ។ គណបក្ស​ប្រាឆាឈុន ត្រូវ​បរាជ័យ បះជើង ព្រោះតែ​នយោបាយ​កំណែទម្រង់មិនចំកាលៈទេសៈ ជាមួយសន្ទុះគាំទ្រ​ និងភាពស្វាហាប់​របស់​ចលនា​យុវជន​របស់ខ្លួន ដែលចង់ឲ្យមានការផ្លាស់ប្តូរក្នុងសង្គម​ថៃ បក្ស​ប្រាឆាឈុន​ធ្លាប់​មាន​ទំនុកចិត្ត​ថា នឹង​ទទួលជ័យជំនះ​ដូចលើកមុនៗ ឬ​បានសំឡេងឆ្នោត​ច្រើន​ ផ្តាច់មុខ​ទៀតផងដើម្បី​បង្កើត​រដ្ឋាភិបាល​តែម្នាក់ឯង។ ប៉ុន្តែ គណបក្ស​ប្រាឆាឈុន​ត្រូវ​ខកចិត្ត ព្រោះ​ថា លទ្ធផល​ឆ្នោត​លើកនេះមិនល្អទាល់តែសោះ។ បក្ស​ប្រាឆាឈុន​ទទួល​បាន​១១៨អាសនៈ តិចជាង​បក្ស​ភូមិចៃថៃ សឹង​ពាក់កណ្តាល។ បក្ស​ភូមិចៃថៃ​ឈ្នះឆ្នោត ក៏ព្រោះត

    7 min
  5. 11/22/2025

    ជំនួបកំពូលហ្សេ២០ ប្រព្រឹត្តទៅជាលើកទីមួយនៅអាហ្វ្រិក ដោយគ្មានអាមេរិក

    ជំនួបកំពូលហ្សេ២០ ថ្ងៃ​ទី ២២-២៣​វិច្ឆិកាឆ្នាំ​២០២៥ ប្រព្រឹត្ត​ទៅ​ ជា​លើក​ទីមួយ នៅលើ​ដែន​ដី​ទ្វីប​អាហ្វ្រិក។ ​​ប្រទេស​អាហ្វ្រិក​ខាងត្បូង ជា​ប្រធាន​ផ្លាស់​វេន​ហ្សេ​២០ ចង់ឱ្យ​​ជំនួប​កំពូល ដែលធ្លាប់​ជា​ឱកាស​ជួបជុំ​មេដឹកនាំកំពូលៗ​នៅ​លើ​ពិភពលោក ​​ក្លាយ​​ជា​ជោគជ័យ​ការទូត​និង​ពហុភាគីនិយម។ ​អាកាសធាតុ ហិរញ្ញវត្ថុ​ និង​ភូមិសាស្ត្រ​នយោបាយ​ ជា​សំណុំ​រឿងដែល​ក្រុមហ្សេ២០​ត្រូវ​លើក​មក​ជជែក​គ្នាដោះ​ស្រាយ​​ ប៉ុន្តែប្រធានាធិបតីអាមេរិក​​លោក​ដូណាល់ត្រាំ​ បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ទេ។ តាំងពី​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៩ ​ហ្សេ២០​ ដែល​ជាក្រុម​​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្លាំង​កំពូល​គេ​ចំនួន ១៩ នៅលើ​ពិភពលោក ព្រមទាំង​សហភាពអឺរ៉ុប​និង​សហភាព​អាហ្វ្រិក បាន​បើក​ជំនួប​កំពូល​ ​ជា​លើក​ទីមួយនៅ​ថ្ងៃសៅរ៍​នេះ នៅ​ទ្វីបអាហ្វ្រិក។ ​ជំនួប​កំពូល​ប្រកប​ដោយ​និម្មិត្តរូបនេះ ​ក៏​ជា​ការ​បិទ​បញ្ចប់​វគ្គ​ហ្សេ២០​មាន​ប្រធានផ្លាស់វេន ​​ជា​ក្រុមប្រទេសខាង​ត្បូង​​ទើប​លូត​លាស់​ខ្លាំង បន្ត​បន្ទាប់​គ្នា៖ ​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០២២ ឥណ្ឌា​២០២៣ ប្រេស៊ីល​២០២៤ និង​អាហ្វ្រិក​ខាង​ត្បូង​២០២៥។ នៅ​ឆ្នាំ​២០២៦ ដល់​វេន​សហរដ្ឋ​អាមេរិក​ម្តង។ អាមេរិក​ធ្វើ​ពហិការ​ជំនួប​ហ្សេ​២០​នៅអាហ្វ្រិកខាងត្បូង ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ ​មិន​បាន​មក​ចូល​រួមជំនួប​កំពូល​នេះ​​ទេ​។ លោក ស៊ីរីល រ៉ាម៉ាហ្វូហ្សា (Cyril Ramaphosa) ប្រធានាធិបតី​អាហ្វ្រិកខាង​ត្បូង​​ បាន​ត្រឹម​​សោកស្តាយ​ចំពោះ​អវត្តមាន​របស់​ភាគី​អាមេរិក​​។ លោករ៉ាម៉ាហ្វូហ្សា​​បាន​ប្រឹង​ប្រែង​ប្រើ​គ្រប់​អស់​សិល្ប៍វិធី​ និង​ល្បិច​ដើម្បី​ល្បួង​លោក​ត្រាំ​​ឱ្យ​មក​ចូល​រួម​ដែរ​ តែ​មិន​​សម្រេច។ នៅ​ទី​បំផុត​កៅអី​សម្រាប់​សហរដ្ឋ​អាមេរិក ក្នុងពិធី​​ប្រគល់​ភារកិច្ច​​​បន្ត​វេន​ដឹកនាំ​ហ្សេ២០ ត្រូវ​នៅ​ទំនេរ។ ​អវត្តមាន​របស់​​អាមេរិក​ ​សឱ្យ​ឃើញ​អំពី​ភាពតាន​តឹងខ្លាំង​​រវាង​ប្រទេស​ទាំងពីរ។ មាន​ហេតុផល​ច្រើន ដែល​ជំរុញឱ្យ​​អាមេរិក​និង​អាហ្វ្រិក​ខាងត្បូង​មើលមុខ​គ្នា​មិន​សូវ​ចំ។ ទីមួយ ក្នុង​នាម​ជា​ប្រទេស​គាំទ្រ​នយោបាយ​ពហុនិយម​ខ្លាំងដ៏​មុះមុត អាហ្វ្រិក​ខាង​ត្បូង​បាន​ជ្រើសរើស​​ប្រធានបទ​នៃ​ជំនួបហ្សេ២០​នៅអាហ្វ្រិក​​ថា “សាមគ្គីភាព សមភាព​ និរន្តរភាព”។ សេតវិមាន​មិន​ពេញ​ចិត្ត​ពាក្យ​ស្លោក​នេះ​ទេ ហើយ​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ជំនួប​កំពូលហ្សេ​២០​តែម្តង។ ម្យ៉ាង​ទៀត តាំង​ពី​លោក​ត្រាំ​ត្រលប់​មក​ដឹកនាំ​សហអាមេរិក​ជា​ថ្មី រដ្ឋបាល​អាមេរិក​បាន​ដៅ​វាយប្រហារ​លើ​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​រហូត ព្រោះ​អាហ្វ្រិក​ខាង​ត្បូង​មាន​ជំហរ​អព្យាក្រឹត្យ គាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន ជា​មិត្ត​នឹង​អ៊ីរ៉ង់ ហើយ​មាន​ជម្រើស​នយោបាយ​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​លោក​ត្រាំ​ក្តៅ​ក្រហាយ។ ក្រៅ​ពី​លោក​ត្រាំ ប្រធានាធិបតី​រុស្ស៊ីដែល​ជាប់​ដីកាអន្តរជាតិ ក៏​អវត្តមាន​ដែរ។ ​ប្រធានាធិបតី​​ចិនស៊ីជីនពីងបាន​បញ្ជូន​នាយករដ្ឋមន្ត្រីមក​ជា​តំណាង។ អាហ្វ្រិក​ខាង​ត្បូងតាំងជំហរ​ពហុភាគី​និយម ទោះបី​ជា​លោកត្រាំ​របស់​អាមេរិក​​អវត្តមាន​ក៏​ដោយ​ ក៏​លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​​​មិន​ចុះ​ញ៉ម មិន​បន្ទន់​ជំហរ​ មិន​ប្តូរ​កម្មវត្ថុ​ជា​អាទិភាព​​សម្រាប់​ជំនួប​កំពូល​នេះទេ។ លោក​បាន​តាំង​ចិត្ត​ប្រែក្លាយ​ជំនួប​នេះ​ជា​ជោគជ័យ​ការទូត​និង​ពហុភាគី​និយម។ ​ ក្រៅ​អំពី​សំណុំ​រឿង​អ៊ុយក្រែន ដែល​មិនអាច​​រំលង​បាន​ ហ្សេ២០​អាហ្វ្រិក​បានផ្តល់​អាទិភាព​​ទីមួយ​ ទៅ​លើ​​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​ធម្មជាតិ​។ អាហ្វ្រិក​ខាង​ត្បូង​ចង់​ប្រមូល​ហិរញ្ញវត្ថុ​វិនិយោគថ្មីៗ និង​ឱ្យ​បាន​ច្រើន​ជាង​មុន ​ដើម្បីការពារ​ប្រទេស​ងាយ​រងគ្រោះខ្លាំង និង​ដើម្បី​ធ្វើ​អន្តរកម្ម​ថាមពល ជា​ប្រយោជន៍​អាកាសធាតុ​។ អាហ្វ្រិក​ខាង​ត្បូងមិន​ត្រូវការ​ខ្ចី​លុយ​បែប​ធម្មតា​ទេ តែ​ចង់​បាន​​ប្រាក់​ឧបត្ថម្ភ​ និង​កម្ចី​ក្នុង​អត្រាការ​ប្រាក់ដ៏​ទាប​បំផុត ទើប​ពិភពលោក​អាច​ឆ្លង​អន្តរកាល​ប្រកប​ដោយសមធម៌​បាន។​ បំណុល​របស់​ក្រុមប្រទេស​ចាប់​លូតលាស់​ ជា​អាទិភាព​មួយ​ទៀត​ដែល​ត្រូវ​ពិភាក្សា​ដោះស្រាយ​ដែរ។ ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង បាន​លើក​សំណើ​សុំ​ឱ្យ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​លក់​មាសក្នុង​ស្តុក​​ខ្លះ​ដើម្បី​ជួយ​ដោះបំណុល​ប្រទេស​

    5 min
  6. 11/13/2025

    ១០​ឆ្នាំ​ក្រោយ​ភេរវកម្ម១៣វិច្ឆិកា២០១៥​ បារាំង​ប្រឈម​​នឹង​ការ​គំរាម​ភេវកម្ម​​​ក្នុង​ទម

    ១៣​វិច្ឆិកា​២០១៥-១៣​វិច្ឆិកា​២០២៥ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​១០​ឆ្នាំ​ នៃ​​ភេរវកម្ម​ដ៏​មហា​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង។ ភេរវកម្ម​​បានផ្តាច់​ជីវិត​មនុស្ស​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ នា​ឱកាស​នេះ បារាំង​សូម​​រំឭកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ថ្នាក់​ជាតិ​ ដោយ​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។ ​​ថ្ងៃ​នេះ ជា​គម្រប់​ខួប​១០​ឆ្នាំ​គត់​ នៃភេរវកម្ម​ថ្ងៃ​ទី​១៣​វិច្ឆិកា​២០១៥ ដែល​ប្រទេស​បារាំង​ទាំងមូល​មិនអាច​បំ​ភ្លេចបាន។ ភេរវកម្ម​​បានផ្តាច់​ជីវិតមនុស្ស​​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង នឹងធ្វើ​ដំណើរ​ទៅ​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​រង​ភេរវកម្ម​ ទាំង​បី មុន​នឹង​ផ្តើម​កម្មវិធី​​​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។ “សួន​នៃ​ការ​ចង​ចាំ” មាន​ទីតាំង​នៅ​ក្រោយ​សាលាក្រុង​ប៉ារីស ត្រង់​កន្លែង​ដែល​ប្រជាពលរដ្ឋ​បានមក​ប្រជុំ​​គ្នា ដោយ​ឥត​ព្រាង​ទុក ​ ​ដាក់​ ​ផ្កា​ អុជទៀន និង​សារ​រំលែក​ទុក្ខ​នានា ក្រោយថ្ងៃ​រង​ភេរវកម្ម​រួច​ភ្លាម។ ពិធី​រំឭកខួប​ប្រព្រឹត្តទៅក្រោម​ប្រធានបទ​ រួបរួម​គ្នា​ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ដើម្បី​ជា​កម្លាំង​សាធារណរដ្ឋ​ និង​ដើម្បីការពារ​​វប្បធម៌។ ភេរវជន​មិន​អាច​យក​ឈ្នះ​សេរីភាព​បាន​ទេ។ កម្មវិធីរំឭកខួប​នេះ​មាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តែ​ម្តង​តាមកញ្ចក់​ទូរទស្សន៍ និង​អេក្រង់​យក្ស​នៅ​ទីលាន​République​។ តួអេហ្វែល​តំណាង​ប្រទេស​បារាំង​ក៏​បាន​ប្រែពណ៌លម្អ​ ខៀវ​ស​ក្រហម ជាពណ៌​ទង់​ជាតិ​បារាំងដែរ។ បើ​តាមការ​ស្ទង់​មតិ ពលរដ្ឋ​នៅ​ក្រុង​ប៉ារីស​៦០%​ ចង​ចាំ​យ៉ាង​ច្បាស់​ ហេតុការណ៍​ភេរវកម្ម​នោះ​។ ដើម្បី​​ការចងចាំ បារាំង​នឹង​មាន​​សារមន្ទីរ​នៃការ​ចងចាំ​ភេរវកម្ម ​ដែល​នឹង​បើក​សម្ពោធ​នៅ​រវាង​ឆ្នាំ​២០២៩​ ឬ​២០៣០។ យប់​ថ្ងៃទី ១៣​វិច្ឆិកា​២០១៥ នៅ​​យប់​ថ្ងៃទី​១៣​វិច្ឆិកា​២០១៥ ភេរវជន​ដែល​មាន​បី​ក្រុម។ មួយ​ជា​ក្រុម​អត្តឃាតជនបំពាក់​ពេញ​ខ្លួន​​ទៅ​ដោយ​ខ្សែ​ក្រវ៉ាត់​គ្រាប់​បែក បាន​ទៅ​បំផ្ទុះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​បារាំង ដែល​កំពុង​មាន​កម្មវិធី​ប្រកួត​កីឡាបាល់​ទាត់ ហើយប្រធានាធិបតីបារាំង​កាលណោះ​គឺ​លោក ហ្វ្រង់ស័រ​ហូឡង់ ​កំពុង​ចូល​រួម​ទស្សនាផង។   ក្រុមទីពីរ បាន​ទៅ​ធ្វើ​សកម្មភាព​នៅ​សាល​ប្រគុំ​តន្ត្រី​​បាតាក្លង់។ ភេរវជន​មាន​គ្នា​បី​ឬ​បួន​នាក់មាន​ពាក់​ខ្សែ​ក្រវ៉ាត់​គ្រាប់​បែក និង​កាន់​កាំភ្លើង​អាកា​គ្រប់​ដៃ។ ចំណែក​​ក្រុម​ទីបី មាន​គ្នា​ពីរ​ឬ​បី​នាក់ដែរ ក្នុង​នោះ​ម្នាក់​ជា​មេក្លោង​មាន​ឈ្មោះ​ Salah Abdeslam គឺ​ក្រុម​បាញ់​ប្រហារសម្លាប់​មនុស្ស​​ តាម​បណ្តោយ​ផ្លូវ ដោយ​បាញ់​លើ​​ភោជនីយដ្ឋាន និង​ ហាង​កាហ្វេ ជា​បន្ត​បន្ទាប់ មាន​ជា​អាទិ៍​ភោជនីដ្ឋាន​ខ្មែរ Le petit Cambodge, Le Carillon, La bonne Bière, Le comptoir Voltaire, La Belle Equipe។ ភ្នាក់ងារ​បារាំង​បាន​កម្ចាត់​ភេរវជន​ដៃដល់​ទាំងអស់​លើក​លែង​តែ​មេកើយ​ម្នាក់​ដែល​​​រត់​គេច​ខ្លួនបាន ក្នុងពេលកើត​ហេតុ។ អត្តឃាត​ជនទាំង​នោះ​ ​ខ្លះ​ជា​ភេរវជន​ដែល​បន្លំ​ខ្លួន​ចូល​មក​អឺរ៉ុប តាម​រយៈ​លំហូរ​អន្តោប្រវេសន៍។ ក្រុមអង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ជា​អ្នកនៅ​ពីក្រោយ​ភេរវកម្ម​ទាំង​បី​កន្លែង​នៅក្រុង​ប៉ារីស ក្រោម​ហេតុផល​ថា​បារាំង​បាន​ជេរ​ប្រមាថ​ព្រះ​ក្នុង​សាសនា​អ៊ីស្លាម។ មេ​ដឹកនាំ​ធ្វើ​ភេរវកម្ម​ Salah Abdeslam ដែល​មាន​កំណើត​នៅ​ក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក និង​ដែល​ប៉ូលិស​ចាប់​ខ្លួន​បាន នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ​ត្រូវ​បាន​​តុលាការ​បារាំង​កាត់​ទោស ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​មិន​អាច​កែសម្រួល​​បាន ​នៅ​ប្រទេស​បារាំង។ មុន​ថ្ងៃ​​ខួប​១០​ឆ្នាំបន្តិច​ មេធាវី​របស់​សាឡា អាប់ដេស្លាម អះអាង​ថា ភេរវជន​ចង់​ជួប​ជាមួយ​គ្រួសារជន​រងគ្រោះ ដើម្បី​បក​ស្រាយ​និង​ផ្សះផ្សា។ ក្រុមគ្រួសារជន​រងគ្រោះ​ខ្លះ​ត្រៀម​លក្ខណៈ​ចូល​ចរចា​ក្នុង​សំណុំ​បែប​បទ​សុំជួប​នេះ។ ១០​ឆ្នាំក្រោយ តើ​បារាំងមាន​ស្ថានភាព​យ៉ាង​ណា​ដែរ​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ភេរវកម្ម​ ? ១០​ឆ្នាំ ក្រោយ​មហាភេរវកម្ម បារាំង​មាន​សមត្ថភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទង្វើ​ភេរវកម្ម។ ប៉ុន្តែ​ការ​គំរាមកំហែង​ភេរវកម្ម​នៅ​តែខ្ពស់​ខ្លាំង​ដដែល គ្រាន់​តែ​ក្នុង​ទម្រង់​ខុស​កាល​ពី ១០​ឆ្នាំ។ គ្ម

    5 min

About

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like